ភ្នំពេញៈ មន្ត្រី​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី ​(ADB) ប្រចាំ​កម្ពុជា​បាន​កោតសរសើរ និង​សម្តែង​ការ​សាទរ​ចំពោះ​កម្មវិធី​របស់​រដ្ឋាភិបាល​លើ​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ​(TVET) សម្រាប់​គោលដៅ​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ចំនួន ១,៥ ​លាន​នាក់ ដែល​វគ្គ​បណ្តុះបណ្តាល​នោះ មាន​រយៈពេល ៤​ ខែ ​ឥតគិតថ្លៃ ព្រមទាំង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​វិញទៀត​ផង​។​


ការកោតសរសើរ​រប​ស់ម​ន្ត្រី ADB ដូច្នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក Anthony Gill នាយក​ស្តីទី​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) ប្រចាំ​នៅ​កម្ពុជា នៅ​ទីស្តីការក្រសួង​ការងារ នា​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៣​។ 

តាមរយៈ​ក្រសួង​ការងារ លោក Anthony Gill បាន​លើកឡើងថា​៖ «​សូម​អបអរសាទរ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ក្រសួង​ការងារ ចំពោះ​កម្មវិធី​ថ្នាក់ជាតិ​ស្តីពី​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​»​។ 


ជាមួយគ្នានេះដែរ លោក​ហេង សួរ បានលើកឡើង​ដែរ​ថា នេះ ជាការ​គិតគូរ​ល្អិតល្អន់​របស់​ប្រមុខ​រដ្ឋាភិបាល​ក្នុងការ​ផ្តល់​ជំនាញ​ជាក់លាក់​មួយ ព្រមទាំង​ឱកាស​ការងារ​សមរម្យ​សម្រាប់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ រហូត​កើតចេញ​ជា​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​កម្រិត​១ (C1) នេះ​។​

លោក​ក៏បាន​បង្ហាញ​ទៅកាន់​មន្ត្រី ADB បន្ថែម​ចំពោះ​កិច្ចខិតខំ​កន្លងមក​របស់​ក្រសួង​ការងារ ក្នុងការ​ធានា​ដល់​យុវជន​ដែលជា​សិក្ខាកាម​នៃ​វគ្គ​បណ្តុះបណ្តាល​ជំនាញ​ទាំងនោះ ដែល​នឹងមាន​ជំនាញ​ជាក់លាក់​មួយ ដែល​ប្រកបដោយ​ប្រសិទ្ធភាព ដោយមាន​ឱកាស​ចុះ​កម្មសិក្សា​ដែលជា​ការហាត់​ការជាក់ស្តែង​នៅតាម​រោងចក្រ​សហគ្រាស​ផង​។​


រដ្ឋមន្ត្រី​ការងារ ក៏​ឆ្លៀត​ថ្លែងអំណរគុណ​ដល់ ADB ដែល​កន្លងមក តែង​ជួយ​សហការ និង​ជំនួយ​ជាច្រើន​ដល់​ក្រសួង​ការងារ ដោយ​លោក​ក៏​រំពឹង​ផងដែរ​ថា ADB នឹង​បន្ត​ជួយ​គាំទ្រ​គម្រោង​នានា​បន្ថែមទៀត​។​

លោក ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​១២ ខែធ្នូ​ថា ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​នេះ គឺជា​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព ៦​ ចំណុច ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ឱ្យ​ដាក់ឱ្យអនុវត្ត​ជាបន្ទាន់​នៅ​ចុងឆ្នាំ​២០២៣​នេះ​។​

លោក​បាន​បញ្ជាក់ថា​៖ «​កម្មវិធី​នេះ​មាន​សារៈសំខាន់​ណាស់ ហើយ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នេះ បាន​ដោះស្រាយ​បញ្ហា​នេះ​ជូន​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ ដោយ​មិន​ទុកឱ្យ​កូនអ្នកក្រីក្រ​ណា​ម្នាក់ មិន​ទទួលបាន​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដោយសារ​គ្មាន​លុយ​បង់​សាលា​ឡើយ​»​។​

ជាមួយគ្នានេះដែរ លោក ឈ​ត ប៊ុន​ថង មន្ត្រី​ស្រាវជ្រាវ​ផ្នែក​ទំនាក់ទំនង វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ការ​សាទរ​ពី​សំណាក់​ធនាគារអភិវឌ្ឍន៍អាស៊ី គឺជា​ការលើកទឹកចិត្ត ក៏ដូចជា​ការគាំទ្រ​ដល់​ផែនការ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុងការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ​នេះ​។​

លោក​ថា អ្វី​ដែលជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ស្រប​នឹង​តម្រូវការ​កម្ពុជា​ខ្លួនឯង​ផង ហើយក៏​ស្រប​នឹង​គំនិត​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ចង់បាន​ដែរ ហើយ​ការបណ្តុះបណ្តាល​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់​សម្រាប់​យុវជន និង​សង្គម​ខ្មែរ​។​

លោក ឈ​ត ប៊ុន​ថង បាន​ថ្លែងថា​៖ «​កម្ពុជា យើង​មិនសូវមាន​អ្នក​ដែលមាន​ជំនាញ​ទេ គឺ​មានតែ​អ្នក​ដែលមាន​កម្លាំង​ភាគច្រើន ហើយ​ខ្ញុំ​គិតថា ចំនួន ១,៥​ លាន​នាក់​នេះ គឺ​មិនទាន់​គ្រប់គ្រាន់​ទេ តែ​ជា​យុទ្ធសាស្ត្រ​ជំហាន​ដំបូង​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ​នេះ​»​។​

​សូម​រំឭក​ដែរ​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្នុង​មុខព្រួញ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ និង​គោលនយោបាយ​អាទិភាព​ផ្តោតលើ​មនុស្ស សម្រេច​ដាក់ចេញ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ ដល់​យុវជន​មកពី​គ្រួសារ​ក្រីក្រ និង​ងាយ​រង​ហានិភ័យ​ចំនួន ១,៥​ លាន​នាក់ ឱ្យ​សិក្សា​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ ក្នុង​រយៈពេល ៤​ ខែ ដោយ​ឥតគិតថ្លៃ ព្រមទាំង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ចំនួន ២៨​ ម៉ឺន​រៀល បន្ថែម​ទៀតផង​៕