ភ្នំពេញៈ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងអះអាងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការប្រឆាំងដាច់ចំពោះអំពើជួញដូរមនុស្សគ្រប់ទម្រង់ ដោយបានចាត់ទុកអំពើជួញដូរមនុស្សនេះ គឺជាអំពើដ៏ឃោរឃៅ និងគួរឱ្យស្អប់ខ្ពើមបំផុត។
លោក ស សុខា បានថ្លែងអះអាងដូចនេះ នាទិវាជាតិប្រឆាំងការជួញដូរមនុស្ស១២ធ្នូ ដែលបានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នាសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រីបានថ្លែងថា៖«រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តប្តេជ្ញាចិត្ត ក្នុងការប្រឆាំងដាច់ខាត ចំពោះអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលតែងតែបាន និងកំពុងញាំញីបំផ្លិចបំផ្លាញដល់សង្គមជាតិ យ៉ាងធ្ងន់ធ្ងរ និងបានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូ ផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ»។
លោកបានបញ្ជាក់ថា អំពើជួញដូរមនុស្ស និងរំលោភសិទ្ធិមនុស្ស ដែលជាសេចក្តីថ្លៃថ្នូររបស់មនុស្ស ដែលបានធ្វើប៉ះពាល់ដល់កម្ពុជា និងពិភពលោក បានធ្វើឱ្យកម្ពុជា បានដើរតួយ៉ាងសំខាន់ក្នុងការលុបបំបាត់ ទប់ស្កាត់ ក៏ដូចជាការបង្ការអំពើជួយដូរមនុស្សទាំងនោះ។
លោករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូទាំងអស់ សហការជាមួយគ្នា ក្នុងការអនុវត្តការងារប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស ដែលបាននិងកំពុងកើតមាននាពេលបច្ចុប្បន្ន ជាពិសេសការជួញដូរដែលធ្វើឡើងតាមរយៈទេសន្តរប្រវេសន៍។
ជាមួយគ្នានោះដែរ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក៏បានលើកឡើងដែរថា ការប្រារព្វទិវានេះ គឺជាយុទ្ធនាការដ៏ធំប្រចាំឆ្នាំមួយ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ក្នុងគោលបំណងផ្សព្វផ្សាយការយល់ដឹងយ៉ាងទូលំទូលាយអំពីអំពើជួញដូរមនុស្ស កលល្បិច ជនល្មើស ស្ថានភាពបទល្មើស ដែលមានការវិវឌ្ឍកាន់តែស្មុគស្មាញ និងសាហាវឃោរឃៅ។
លោកស្រីបានបន្ថែមថា យុទ្ធនាការនេះ ក៏ជាការបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីបានជ្រួតជ្រាបកាន់តែទូលំទូលាយ និងចូលរួម សហការ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប ផ្តន្ទាទោស សង្គ្រោះជនរងគ្រោះ និងផ្តល់សេវាគាំពារ ដើម្បីកម្ពុជាគ្មានអំពើជួញដូរមនុស្ស។
លោកស្រី ជូ ប៊ុនអេង បានថ្លែងដូច្នេះថា៖«គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សង្ឃឹមថា គ្រប់ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានជាតិ និងអន្តរជាតិ នឹងចូលរួមសហការក្នុងការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា និងជាមធ្យោបាយក្នុងការបង្ការទប់ស្កាត់ ឈានទៅលុបបំបាត់អំពើជួញដូរមនុស្ស ការពារសុខសុវត្ថិភាព ប្រជាពលរដ្ឋគ្រប់ភេទ គ្រប់វ័យ គ្រប់ស្ថានភាព គ្រប់ពណ៌សម្បុរ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិកម្ពុជា»។
បើតាមរបាយការណ៍របស់លោកស្រី ជូ ប៊ុនអេង នៅក្នុងរយៈពេល ១៦ខែកន្លងមកនេះ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានទទួលសំណើ ចំនួន ១ ២៧៦ ករណី និងបានចេញធ្វើអន្តរាគមន៍ ស្រាវជ្រាវរុករកបទល្មើស បានរហូតដល់ ១ ២១៣ ករណី ស្មើទៅនឹង ៩៧,៧០ ភាគរយ។
របាយការណ៍បន្តថា ចំពោះសំណើសុំអន្តរាគមន៍ទាំង ១ ២៧៦ សំណើនេះ គឺទទួលបានតាមរយៈហ្វេសប៊ុក (Facebook page)លោក ស ខេង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងរាជរដ្ឋាភិបាលនីតិកាលទី៦ ក៏ដូចជា តាមប្រព័ន្ធផ្លូវការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
ឆ្លៀតឱកាសនោះដែរ លោកស្រី ជូ ប៊ុនអេង ក៏បានសង្កត់ធ្ងន់ថា៖«បេសកកម្មនៅតែបន្តដូចភ្លៀងរលឹម ដោយបានស្រាវជ្រាវ និងបង្ក្រាបទីតាំងបទល្មើស ផលិតរូបភាពអាសអាភាស និងចាប់ជនសង្ស័យបញ្ជូនទៅតុលាការជាបន្តបន្ទាប់។ នេះគឺជាលទ្ធផលជាក់ស្ដែង ដែលត្រូវបានរកឃើញក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងអាចបញ្ជាក់ជាភ័ស្តុតាងជាក់ស្ដែង ថាមិនមានជនរងគ្រោះ ដែលកំពុងជាប់ក្នុងការបង្ខាំង ឬបង្ខំធ្វើការខុសច្បាប់ តាមប្រព័ន្ធល្បែងឆបោក រហូតដល់ទៅ ១០០ ០០០ នាក់ ដូចការផ្សព្វផ្សាយចោទប្រកាន់ឡើយ»៕