ភ្នំពេញៈ តាមរយៈ​ការធ្វើ​ទំនើប​កម្ម​លើ​បច្ចេកទេស​កសិកម្ម​ជាប​ន្ត​បន្ទាប់​ដើម្បី​លើកតម្កើង​ទិន្នផល​និង​ធ្វើយ៉ាងណា​ឱ្យមាន​សន្តិ​សុខ​ស្បៀង​ចាប់តាំងពី​ដំណាក់​កាល​ដំបូង​ក្រោយពី​កម្ពុជា​ឈប់​ធ្វើ​ក្រុមសាមគ្គី​បង្កបង្កើនផល វិស័យ​កសិកម្ម​កម្ពុជា​មានការ​រីក​ចម្រើន​ឥតឈប់ឈរ​រហូត​ទទួលបាន​ទិន្នផល​ស្រូវ​ច្រើន ធានាបាន​នូវ​សន្តិសុខ​ស្បៀង និង​ថែមទាំង​អាចធ្វើ​ការនាំចេញ​បាន​ទៅ​ក្រៅប្រទេស​ទៀតផង​។​


​ប៉ុន្តែ​យ៉ាងណាក៏ដោយ វិស័យ​កសិកម្ម​កម្ពុជា នៅតែមាន​បញ្ហា​ប្រឈម​មួយចំនួន​ដូចជា កង្វះ​ទី​​ផ្សារ និង​ហានិភ័យ​នៃ​ការធ្លាក់​ថ្លៃ​កសិផល​ក្នុង​រដូវ​ប្រមូល​ផល កង្វះ​បច្ចេកទេស​កសិកម្ម​នៅតាម​មូល​ដ្ឋា​ន ដែលនាំឱ្យ​ការដាំដុះ​មិន​ទទួលផល​ជា​អតិបរមា កង្វះ​ទុនវិនិយោគ និង​ទុន​បង្វិល​ដើម្បី​កែច្នៃ​ផលិតផល​កសិកម្ម ហានិភ័យ​នៃ​បម្រែបម្រួល​អាកាសធាតុ​និង​បញ្ហា​ថ្លៃដើម​ផលិតកម្ម​ខ្ពស់​ជា​​ដើម​។ 

​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនេះ រាជរដ្ឋាភិបាល បានប្រកាស​ដាក់ចេញ​នូវ​គោល​នយោបាយ​អាទិភាព​ទី​​ ៥ និង​ទី ​៦ សម្រាប់​វិស័យ​កសិកម្ម ដោយ​ផ្តោតលើ​ការលើកស្ទួយ​ផលិតកម្ម​កសិកម្ម រក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល តាមរយៈ​កម្ម​​វិធី​ហិរញ្ញប្បទាន ព្រមទាំង​ដាក់ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ និង​អភិវឌ្ឍន៍​សហគម​ន៍ក​សិ​កម្ម​ទំនើប​។​


​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ ម៉ា​ណែ​ត ​ថ្លែងថា គោ​លន​យោ​បាយ​អាទិភាព​ទី​៥ និង​ទី​៦ ​នេះ​គឺ​សំដៅ​ពង្រឹង​បន្ថែម និង​សម្រួច​បន្ថែម​ទៅលើ​ការជួយ​ដល់​សក្ដា​​នុព​ល​កសិកម្ម​កម្ពុជា​បន្ថែមទៀត ធ្វើយ៉ាងណា​ឱ្យ​កសិករ​ធ្វើ​ស្រូវ​បាន​ផល​ច្រើន​។ កសិកម្ម​មិន​សំខាន់​ប៉ុន្មាន ចំពោះ​អ្វីដែល​កសិករ​ដាក់​ដាំ ឬ​ចិញ្ចឹម​នោះទេ សំខាន់​អ្វីដែល​បានដាក់​ដាំ ឬ​ចិញ្ចឹម​នោះ មាន​ទីផ្សារ ហើយ​ប្រមូល​ផល​បាន​ចំណូល​ច្រើន​សម្រាប់​ពួកគាត់​។ 

​លោក​បញ្ជាក់ថា​៖ «​គាត់​ដាំ​អី​ក៏ដោយ ចិញ្ចឹម​អី​ក៏ដោយ សំខាន់​មាន​ទីផ្សារ​បាន​ចំណូល​ឱ្យ​គាត់ ជីវភាព​រស់នៅ​របស់​កសិករ គឺជា​គោលដៅ​ធំ​។ នេះ​គឺ​អ្វី​ជា​ទិសដៅ នៅក្នុង​ការ​ដាក់ចេញ​គោលនយោបាយ​របស់​យើង ធ្វើ​ម៉េច​ឱ្យ​ចំណូល​គាត់ បាន​ច្រើន ហើយ​ពេលដែល​ចំណូល​បាន​ច្រើន​គាត់​ចាប់​ផ្តើមធ្វើ​ក្លាយជា​កម្លាំង​រួម​ហើយ ក​សិ​-​ឧស្សាហកម្ម និង​ភាព​ប្រកួត​​ប្រជែង​យើង​នឹង​ទៅ​ឯង​»​។​


​គោលនយោបាយ​អាទិភាព​ទី​៥ និង​ទី​៦ សម្រាប់​វិស័យ​ក​សិ​​កម្ម ត្រូវបាន​លោកនាយក​រដ្ឋ​​មន្ត្រី ប្រកាស​ដាក់ចេញ​នៅ​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី​ ២០ ខែវិច្ឆិកា​ឆ្នាំ ២០២៣​។​

​លោក​ឌិ​ត ទីណា​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ថ្លែងថា ក្នុង​គោលនយោបាយ​នេះ​ចំណុច​អាទិភាព​ដំបូង​គឺ​ការផ្តល់​ហិរញ្ញប្បទាន​ដើម្បី​ទ្រទ្រង់​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​កសិកម្ម ធ្វើយ៉ាងណា​ជួយ​រក​ទីផ្សារ​និង​ពិនិត្យ​ស្ថិរភាព​ថ្លៃ​កសិផល​។​

​ចំណុច​មួយទៀត​គឺ​ការដាក់​ពង្រាយ​មន្ត្រី​ជំនាញ​កសិកម្ម​ឃុំ សង្កាត់ ដែល​ក្រសួងកសិកម្ម បានកំណត់​ទិសដៅ​ឃុំ សង្កាត់ ដែលមាន​ការងារ​កសិក​ម្ម​ចំនួន ១ ៥៥២ ឃុំ​-​សង្កាត់ ដោយ​ត្រូវ​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​តម្រូវ​ទៅតាម​ស្ថានភាព​នៃ​មូលដ្ឋាន​កសិកម្ម សរុប​ចំនួន ១ ៦០០ ​នាក់ រួមទាំង​អ្នក​ជាប់​បម្រុង​។

​លោក​រដ្ឋមន្ត្រី​បញ្ជាក់ថា មូល​ហេតុ​នៃ​ការដាក់​ពង្រាយ​មន្ត្រី​ជំនាញ​កសិកម្ម​ឃុំ ជាក់ស្តែង​ដោយសារ​ការ​ស្តាប់​នូវ​សំណូម​ពរ និង​បញ្ហា​ប្រឈម​របស់​ប្រជា​​ពលរដ្ឋ​។ ទោះបីជា​ការផ្សព្វផ្សាយ​ពី​បច្ចេកទេស​ដាំ​ដុះ ប្រមូល​ផល​កសិកម្ម បាន​ជួយ​ដល់​ប្រជាកសិករ​អាច​ដាំ​ដុះ​បាន​ផល​ល្អប្រសើរ​ជាង​មុន ក្រសួងកសិកម្ម​នៅតែ​ត្រូវ​ការផ្តល់​បច្ចេកទេស​ដាំ​ដុះ​ឱ្យ​កាន់តែ​មុត​ស្រួច​បន្ថែមទៀត​ សម្រាប់​ប្រជាពលរដ្ឋ ដើម្បីឱ្យ​កសិករ​ទទួលបាន​ប្រាក់​ចំ​ណេ​ញ​ច្រើនជាង​មុន តាមរយៈ​ការកាត់បន្ថយ​ថ្លៃដើម​។​

​លោក​ថ្លែងថា​៖«​នៅពេលដែល​យើង​មាន​មន្ត្រីឃុំ ការងារ​មួយចំនួន​ចាប់ផ្តើម យើង​ហៅថា កាត់​អាវ​តម្រូវ​តាម​រាង អ៊ីចឹង​កន្លែង​ហ្នឹង​ស្ថានភាព​យ៉ាងម៉េច មន្ត្រី​កសិកម្ម​ឃុំ​មានលទ្ធភាព និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ផ្តល់ព័ត៌មាន​ត្រឡប់មកវិញ ដើម្បី​យើង​វិភាគ​ថា តើ​បច្ចេកទេស​ដែល​គួរប្រើ​ក្នុង​កម្រិតណា​ដើម្បី​កាត់បន្ថយ​ថ្លៃដើម​»​។ 

​លោក​ ឌិ​ត ទីណា ​បន្ថែមថា មិនតែប៉ុណ្ណោះ​កំណែទម្រង់​វិស័យ​កសិកម្ម មិនមែន​មានតែ​ការដាក់​ពង្រាយ​មន្ត្រី​ជំនាញ​កសិកម្ម​តាម​ឃុំ​នោះទេ ចំណុច​សំខាន់​ជា​អាទិភាព​មួយទៀត នៃ​គោលនយោបាយ​នេះ គឺ​ការកសាង​សហគមន៍​កសិកម្ម​ទំនើប ដែលជា​កំណែទម្រង់​វិស័យ​កសិកម្ម​ដ៏​ធំ​មួយ​នាំមក​នូ​វក​សិ​កម្ម​ទំនើប មាន​សេដ្ឋកិច្ច​មាត្រ​​ដ្ឋា​ន​អាច​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​បាន​។​

​លោក​ថ្លែងថា​៖«​ឥឡូវនេះ​យើង​នាំគ្នា​ធ្វើ​កសិកម្ម​លើ​ផ្ទៃដី​តូចៗ ការចំណាយ​នៅតែមាន​ច្រើន ទោះបី​មាន​មន្ត្រី​កសិកម្ម​ទៅ​ជួយ​ពន្យល់​របៀប​ធ្វើ​យ៉ាងណាក៏ដោយ តែ​ការកាត់បន្ថយ​ចំណាយ​ថ្លៃដើម​នេះ ​កាត់​បានតែ​មួយចំណែក ប៉ុន្តែ​មួយចំណែក​ទៀត​លែង​បញ្ចុះ​បាន​ទៀតហើយ ប៉ុន្តែ​បើសិន​ជាមាន​សហគមន៍​កសិកម្ម​ដែល​អាចមាន​ផ្ទៃដី​ដាំ​ដុះ​ធំ ពេលនោះ​ការវិនិយោគ​លើ​ផលិតកម្ម​កសិកម្ម​កាន់​តែមាន​តម្លៃថោក​»​។​

​លោក​ យង់ ពៅ​ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​លើកឡើងថា គោលនយោបាយ​ដែល​រាជរដ្ឋាភិបាល​ដាក់ចេញ ជាពិសេស​គឺ​គោលនយោបាយ​អាទិភាព​ក្នុង​វិស័យ​កសិកម្ម ជា​គោលនយោបាយ​មួយ​ល្អ សម​ស្របតាម​សម័យកាល​បច្ចុប្បន្ន​ដែល​កម្ពុជា​កំពុង​ជួបប្រទះ និង​កំពុង​ត្រូវការ​ដំណោះស្រាយ​។ យ៉ាងណាក៏ដោយ លោក​បញ្ជាក់ថា​ការអនុវត្ត​ក្នុង​រយៈពេល​កន្លងមក​នេះ​ នៅ​មិនទាន់មាន​លទ្ធផល​គួរឱ្យកត់សម្គាល់​នោះទេ ដោយ​សារ​គោល​យោ​បាយ​ដែល​ដាក់ចេញ​ថ្មីៗ​ទើបតែ​ដំណើរការ ហេតុនេះ​គេ​ត្រូវ​នៅ​បន្ត​ចាំមើល​បន្ថែម​។

​លោក​ថ្លែងថា​៖«​ការផ្តល់​ជំនាញ​ដល់​យុវជន​ ១ ​លាន​ ៥ ​សែន​នាក់ ការដាក់​ពង្រាយ​មន្ត្រី​កសិកម្ម ជាដើម​ទាំងអស់នេះ​សុទ្ធតែ​ទើប​ចាប់ផ្តើម អ៊ីចឹង​កាលណា​ទើប​ចាប់​ផ្តើមធ្វើ​ដូច្នេះ​លទ្ធផល​មិនទាន់​មើលឃើញ​ទេ អ៊ីចឹង​យើង​ត្រូវ​រង់ចាំ​បន្តទៀត​»​។

​លោក យ៉ង សាំង​កុមារ រដ្ឋ​លេ​​ខា​ធិ​ការ​ក្រសួងកសិកម្ម បានឱ្យដឹងថា កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​ ៥ សម្រាប់​វិស័យ​កសិកម្ម​រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​កញ្ចប់​ថវិកា​ជាក់លាក់ ដោយ​ចាប់ផ្តើម​ពី ១០០ លាន​ដុល្លារ​អាមេរិក ដើម្បី​ធ្វើ​អន្តរាគមន៍​ឱ្យបាន​ទាន់ពេល ក្នុង​ការទិញ​កសិផល​ពី​ប្រជាកសិករ ជាមួយនឹង​គោលដៅ​រក្សា​ស្ថិរភាព​ថ្លៃ​ស្រូវ​នៅ​រាល់​រដូវ​ប្រមូល​ផល ជាពិសេស​លើ​ផលិតផល​ក​សិ​កម្ម​មួយចំនួន ដូចជា​ស្រូវ ស្វាយ​កែវ​រមៀត មៀន​ប៉ៃលិន ស្វាយ​ចន្ទី ដំឡូង ពោត និង​ផលិតផល​ផ្សេងៗ​ទៀត តាម​ការចាំបាច់​។ យ៉ាងណាក្តី​កញ្ចប់​ថវិកា​នេះ អាច​វិភា​ជ​ថវិកា​បន្ថែម ប្រសិនបើ​មាន​តម្រូវការ​ចាំបាច់​។​

​លោក​បញ្ជាក់ថា​៖ «​វិធានការ​ជាក់លាក់​នឹងត្រូវ​ដាក់ចេញ​តាម​​រយៈ​វិធានការ​មួយចំនួន​ដោយ​ផ្តោតទៅលើ​ការទប់ស្កាត់ មិនឱ្យ​មានការ​ប្រែប្រួល​តម្លៃ​ខ្លាំង និង​វិធានការ​ខ្លះទៀត​ផ្តោតលើ​កិច្ច​​អ​ន្តា​គម​ន៍​នៅពេល​មានការ​ប្រែ​ប្រួល​ខ្លាំង កើតឡើង​»​។ វិធាន​ការ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​ទៅលើ​ថ្លៃ​កសិផល​គឺ​ការគ្រប់គ្រង​ការផ្គត់ផ្គង់​ឱ្យ​ឆ្លើយតប​ទៅនឹង​តម្រូវការ​។ ក្រៅពីនេះ​រដ្ឋ​អាច​រៀបចំ​ជា​ប្រព័ន្ធ​ស្តុក​បណ្តោះ​អា​​សន្ន សម្រាប់ធ្វើ​អន្តរាគមន៍​លើ​ថ្លៃ​កសិផល​ផ្ទាល់​ក្នុងករណី​ចាំ​​បាច់​។ បន្ថែម​លើ​នេះ​នៅមាន​វិធានការ​ផ្សេងៗ​ទៀត​ដូចជា ការអនុវត្ត​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម​ជាដើម​។

​ចំណែក​កម្មវិធី​គោលនយោបាយ​អាទិភាព​ទី​៦​ សម្រាប់​វិស័យ​ក​សិ​​កម្ម គឺ​ការដាក់​ពង្រាយ​មន្ត្រី​បច្ចេកទេស​កសិកម្ម​ទៅគ្រប់​ឃុំ​-​សង្កាត់ ដែលមាន​សកម្មភាព​ក​សិ​កម្ម នៅ​ទូទាំងប្រទេស​ដើម្បី​ជំរុញ​ការលើកកម្ពស់​ផលិតភាព​កសិកម្ម និង​ជួយ​ដល់​គ្រួសារ​កសិករ​ក្នុងការ​លើកស្ទួយ​ផលិត​ផល​កសិកម្ម និង​ប្រាក់ចំណូល​របស់ខ្លួន​។ នេះ​គឺជា​កិច្ចខិតខំ​ប្រឹង​ប្រែង​មួយទៀត​របស់​រាជ​រដ្ឋា​ភិ​បាល ក្នុងការ​បង្ខិត​សេវា​ឱ្យបាន​ទៅជិត​ប្រជាពលរដ្ឋ​មូលដ្ឋាន​។​

​លោក​ថ្លែងថា​៖«​នៅ​ទូទាំងប្រទេស​យើង​មាន​ឃុំ​ដែលមាន​សកម្មភាព​កសិក​ម្ម​ចំនួន ​១ ៥៥០ ក្នុងនោះ​ឃុំ​ភាគច្រើន ជា​ឃុំ​សម្បូរ​ផលិតកម្ម​ស្រូវ ប្រមាណ ១ ០០០​ ឃុំ ដែលមាន​ប្រជាក​សិ​​ករ​ប្រមាណ​ ២ ​លាន​គ្រួសារ​»​។​

​លោក​បន្ថែមថា មន្ត្រី​កសិកម្ម​ឃុំ សង្កាត់ មាន​កម្រិតវប្បធម៌​ចាប់ពី​ថ្នាក់​បរិញ្ញាបត្រ​ឡើងទៅ មាន​ទាំង​បទពិសោធន៍ លើ​ការ​ងារ​ជំនាញ​កសិកម្ម និង​ជំនាញ​ពាក់ព័ន្ធ ដែល​នឹង​ជួយ​ទៅដល់​អាជ្ញាធរ​មូលដ្ឋាន​ពិសេស​អាជ្ញាធរ​ឃុំ​ក្នុងការ​អនុវត្ត​សកម្មភាព​ចាំ​បាច់ ក្នុង​ការជួយ​ដល់​កសិករ និង​សហគមន៍​កសិករ ដោយ​ផ្សារ​ភ្ជាប់​នឹង​បណ្តាញ​ខ្សែ​ច្រវាក់​ផលិត​​កម្ម​ដើម្បី​បង្កើន​ប្រសិទ្ធភាព​សេដ្ឋ​​កិច្ច នៃ​ផលិតកម្ម កាត់បន្ថយ​ថ្លៃ​ដើម និង​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ សំដៅ​លើកកម្ពស់​ជីវភាព និង​ប្រាក់ចំណូល​កសិករ​។​

​បន្ថែម​លើ​នេះ ការអនុវត្ត​សហ​គម​ន៍​កសិកម្ម​ទំនើប ជា​ផ្នែក ​១​ នៃ​គោលនយោបាយ​អាទិភាព​ទី​ ៦ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម នៃ​សហគមន៍​កសិកម្ម​បច្ចុប្បន្ន​ដូចជា​ខ្វះ​ទុន​និង​ទុន​បង្វិល​សម្រាប់​អាជីវកម្ម​ខ្វះ​ធនធានមនុស្ស​ក្នុង​ការដឹកនាំ​គ្រប់គ្រង​ដោយ​វិជ្ជា​ជីវៈ និង​មាន​បច្ចេកទេស​ផលិតកម្ម​ខ្ពស់​មិនទាន់មាន​សមត្ថភាព​ចាប់យក​ឱកាស​ទីផ្សារ​និង​ឆ្លើយ​​តប​ទៅនឹង​តម្រូវការ​ទីផ្សារ​បាន​ទូលំទូលាយ​ដោយសារ បញ្ហា​បរិ​មាណ គុណភាព​និង​តម្លៃ ព្រមទាំង​ងាយ​រង​ហានិភ័យ នៃ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ជាដើម​។

​លោក​ យ៉ង សាំង​កុមារ​ បញ្ជាក់ទៀតថា សហគមន៍​កសិកម្ម​ទំនើប មាន​លក្ខណពិសេស​គឺ​តម្រូវឱ្យ​កសិករ​ជា​សមាជិក​ធ្វើ​ផលិតកម្ម​កសិកម្ម​រួមគ្នា​និង​មានការ​គ្រប់​គ្រង​រួម​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់ ដើម្បី​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ទាំង​ផ្នែក​បរិមាណ គុណភាព តម្លៃ និង​និរន្តរភាព​នៃ​ការផ្គត់ផ្គង់ ពោលគឺ​ទិញ​រួម ផលិត​រួម លក់​រួម គ្រប់គ្រង​រួម​ដោយ​សហគមន៍ មុននឹង​បែងចែក​ប្រាក់ចំណេញ​ទៅតាម​សមាមាត្រ នៃ​ភាគហ៊ុន​សមាជិក​ម្នាក់ៗ ហើយ​ការចូលរួម​គឺ​ឈរលើ​គោល​កា​រណ៍​ស្ម័គ្រចិត្ត បើកចំហ និង​គ្មាន​ការរើសអើង​។ 

​លោក​ប្រាប់ថា ការអនុវត្ត​សហគមន៍​កសិកម្ម​ទំនើប​មាន​ជម្រើស​ ២ ទី​១ ​គឺ សហគមន៍​កសិកម្ម​ទំនើប​ជួល​ដី​ផលិតកម្ម ឬ​ម៉ៅ​ដំណាំ​របស់​កសិករ​ជា​សមាជិក ដើម្បី​យកទៅ​ធ្វើ​ផលិតកម្ម​កសិកម្ម​រួមគ្នា ដោយ​កសិករ​ជា​សមាជិក​នឹង​ទទួលបាន​ចំណូល​ពី​ថ្លៃឈ្នួល​មូលដ្ឋាន នៃ​ការជួល​ដី ឬ​ចម្ការ​របស់ខ្លួន​ភាគ​លាភ​បន្ថែម​ពី​ប្រាក់ចំណេញ​របស់​សហគម​ន៍​និង​ប្រាក់កម្រៃ​បន្ថែម​ពី​ថ្លៃឈ្នួល​ពលកម្ម​ពី​សហគមន៍​។ 

​ចំណែក​ជម្រើស​ទី​ ២ កសិករ​ជា​សមាជិក​យក​ការប្រើប្រាស់​ដី​ផលិតកម្ម ឬ​ដំណាំ​របស់ខ្លួន ដាក់ចូល​ធ្វើជា​ភាគហ៊ុន​នៅក្នុង​សហ​គម​ន៍​កសិកម្ម​ទំនើប​ដើម្បី​យកទៅ​ធ្វើ​ផលិតកម្ម​កសិកម្ម​រួមគ្នា​ដោយ​កសិករ​ជា​សមាជិក នឹង​ទទួលបាន ភាគលាភ​ពី​ប្រាក់ចំណេញ​របស់​សហគម​ន៍​និង​ទទួលបាន​ប្រាក់កម្រៃ​បន្ថែម​ពី​ថ្លៃឈ្នួល​ពល​កម្ម​ពី​សហគមន៍​កសិកម្ម​ទំនើប​៕