ភ្នំពេញៈ លោកស្រី អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានជំរុញឱ្យគិលានុបដ្ឋាក និងឆ្មបទាំងអស់ត្រូវប្រកាន់ភ្ជាប់ពីក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ និងត្រូវគិតពីអាយុជីវិតរបស់អ្នកជំងឺជាកត្តាចាំបាច់បំផុត ព្រោះគិលានុបដ្ឋាកនិងឆ្មបជាអ្នកដែលអាចកែលម្អលទ្ធផលរបស់អ្នកជំងឺឱ្យកាន់តែប្រសើរឡើង។
ការជំរុញបែបនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពីការលើកកម្ពស់គុណភាពថែទាំ និងសុវតិ្ថភាពរបស់អ្នកជំងឺ តាមរយៈការពង្រឹងប្រព័ន្ធគ្រប់គ្រង ការបង្ការ និងត្រួតពិនិត្យការចម្លងរោគ ដែលប្រព្រឹត្តឡើងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៣ ដោយមានសិក្ខាកាមចូលរួមមកពីតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំង ២៥ រាជធានី-ខេត្ត។
លោកស្រី អ៊ឹម សិទ្ធិការ្យ បានថ្លែងក្នុងពិធីបើកសិក្ខាសាលាថា តួនាទីនិងភារកិច្ចចាំបាច់ដែលគិលានុបដ្ឋាកនិងឆ្មប ត្រូវអនុវត្តចាប់ពីពេលនេះទៅគឺការអនុវត្តប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ ការលើកកម្ពស់គុណភាពនៃការថែទាំនិងសុវត្ថិភាពរបស់អ្នកជំងឺដើម្បីធានាថា គុណភាពសេវាថែទាំត្រូវបានផ្តល់ជូនអ្នកជំងឺទាំងអស់។
លោកស្រីបន្តថា ក្រៅពីនេះ គិលានុបដ្ឋាកនិងឆ្មប ក៏មានតួនាទីពង្រឹងការស្រាវជ្រាវ និងពង្រឹងភាពជាអ្នកដឹកនាំ ដោយត្រូវរៀបចំឱ្យមានរចនាសម្ព័ន្ធថែទាំមានប្រធានថែទាំនិងអនុប្រធាននៅតាមមន្ទីរពេទ្យនីមួយៗនិងធ្វើការបែងចែកតួនាទីឱ្យបានច្បាស់លាស់ក៏ដូចជារៀបចំផែនការសម្រាប់អនុវត្តប្រចាំឆ្នាំដើម្បីពង្រឹងការងារថែទាំផងដែរ។
លោកស្រី អ៊ឹម សិទ្ធិការ្យ បានលើកឡើងទៀតថា៖ «គិលានុបដ្ឋាកនិងឆ្មបដើរតួនាទីយ៉ាងសំខាន់ដែលមានភារកិច្ចក្នុងការការពារសុខភាព ការលើកកម្ពស់សុខភាព ការបង្ការជំងឺនិងគ្រោះថ្នាក់ កាត់បន្ថយការឈឺចាប់ តាមរយៈការព្យាបាលនិងការជួយផ្តល់ប្រឹក្សាចំពោះបុគ្គលម្នាក់ៗគ្រួសារនិងសហគមន៍»។
ម្យ៉ាងវិញទៀត គិលានុបដ្ឋាក និងឆ្មប គឺជាកម្លាំងតែមួយគត់ដែលនៅជាប់ជាមួយអ្នកជំងឺ ២៤ ម៉ោង និងជាកម្លាំងចលកររបស់ក្រសួងសុខាភិបាលក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។
លោកស្រីបន្ថែមថា៖ «ភារកិច្ចទាំងនេះហើយយើងបានឃើញជាប្រាកដថា គិលានុបដ្ឋាក និងឆ្មប គឺជាអ្នកដែលអាចកែលម្អលទ្ធផលរបស់អ្នកជំងឺឱ្យកាន់តែប្រសើរឡើងដោយចៀសវាងការស្នាក់នៅក្នុងមន្ទីរពេទ្យយូរគ្រោះថ្នាក់ និងស្លាប់នៅក្នុងមន្ទីរពេទ្យ»។
ទិសដៅយុទ្ធសាស្ត្ររបស់គិលានុបដ្ឋាក និងឆ្មបសកល ២០២១-២០២៥ ដែលកំណត់ដោយអង្គការសុខភាពពិភពលោក ផ្តោតលើភាពជាអ្នកដឹកនាំ ការផ្តល់សេវាដែលមានប្រសិទ្ធភាព ការអភិវឌ្ឍធនធានគិលានុបដ្ឋាន និងឆ្មប ដើម្បីបណ្តុះបណ្ដាលបន្តការសិក្សាទៅរកបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ បណ្ឌិត ឱ្យកាន់តែច្រើន។
លោកស្រីបន្ថែមថា ខណៈដែលទិសដៅយុទ្ធសាស្ត្ររបស់គិលានុបដ្ឋាក និងឆ្មបក្នុងការលើកកម្ពស់គុណភាពថែទាំ និងសុវតិ្ថភាពរបស់អ្នកជំងឺ នៅឆ្នាំ ២០២៤ ខាងមុខគឺការអនុវត្តដោយផ្អែកលើភ័ស្តុតាងនិងគោលនយោបាយអាទិភាពដែលអាចធានាបាននូវការអនុវត្តរបស់គិលានុបដ្ឋាកនិងឆ្មបដើម្បីរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងក្នុងការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC) និងគោលដៅសុខភាពប្រជាពលរដ្ឋផ្សេងៗទៀត។
សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមក មានការពង្រីកតួនាទីគិលានុបដ្ឋាកពីបឋម មកបរិញ្ញាបត្ររង ឈានទៅកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងកម្រិតថ្នាក់បណ្ឌិតនៅទូទាំងពិភពលោក ក៏ដូចនៅប្រទេសកម្ពុជាផងដែរ។ នៅឆ្នាំ ២០២៣ នេះ គិលានុបដ្ឋាក និងឆ្មបមានចំនួនប្រហែលជា ៦០% បើប្រៀបធៀបទៅនឹងធនធានសុខាភិបាលទាំងមូល។
សូមរំឭកដែរថា នៅក្នុងទិវាឆ្មបជាតិ ៥ ឧសភា ២០២៣ លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បានអំពាវនាវចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការបុគ្គលិកសុខាភិបាល អ្នកផ្តល់សេវាទាំងអស់ ត្រូវចូលរួមគាំទ្រការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់និងអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់បន្តជួយវិនិយោគគាំទ្រដល់ការងារឆ្មបថែមទៀតដើម្បីសុខភាពប្រជាជនកម្ពុជា ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត៕