ភ្នំពេញៈ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាមបានជួបពិភាក្សាក្នុងជំនួបដាច់ដោយឡែកពីមេដឹកនាំផ្សេងទៀត នៅទីក្រុងហាណូយ កាលពីរសៀលថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០២៣ អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ភាគីទាំង ២ បានព្រមព្រៀងគ្នានឹងបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗជាពិសេសយន្តការកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ខណៈមេដឹកនាំវៀតណាមបានសម្តែងការសាទរចំពោះវត្តមានទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោកហ៊ុន ម៉ាណែត នៅវៀតណាមក្នុងនាមនាយករដ្ឋមន្ត្រី។
យោងតាមខ្លឹមសារនៃលទ្ធផលជំនួបដែលបានផ្សព្វផ្សាយតាមរយៈតេឡេក្រាមរបស់លោក ហ៊ុន ម៉ាណែត នាយប់ថ្ងៃទី ១១ ខែធ្នូ បានឱ្យដឹងថា លោក វ៉ វ៉ាន់ធឿង បានស្វាគមន៍ចំពោះវត្តមានបំពេញទស្សនកិច្ចលើកដំបូងរបស់លោក ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ហើយលោកក៏សាទរចំពោះអង្គសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា លើកទី៤៤ ដែលបានបោះឆ្នោតជ្រើសតាំងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា។
តាមរយៈខ្លឹមសារដដែលនេះ លោកវ៉ វ៉ាន់ ធឿង បានថ្លែងថា៖ «ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ ជាការបង្ហាញច្បាស់ពីការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ឱ្យកាន់តែប្រសើរបន្ថែមទៀត ក្នុងស្មារតីសាមគ្គីភាពល្អរវាងប្រជាជនទាំង ២ និងរវាងប្រទេសទាំង ២»។
លោកបានបង្ហាញការជឿជាក់បន្តថា៖ «ក្រោមការដឹកនាំរបស់សម្តេចធិបតី និងថ្នាក់ដឹកនាំជំនាន់ក្រោយនេះ គឺកម្ពុជានឹងបន្តការអភិវឌ្ឍរបស់ខ្លួនកាន់ខ្លាំងក្លាទៅមុខបន្ថែមទៀត»។
ជាមួយគ្នានោះដែរ លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ប្រាប់សមភាគីវៀតណាមថាវៀតណាមជាប្រទេសទី ១ នៅក្នុងតំបន់អាស៊ាន ដែលលោកអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ ដែលជាការលើកកម្ពស់កម្រិតទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំង ២ ឱ្យកាន់តែជិតស្និទ្ធ។
លោកបញ្ជាក់ថា៖ «ប្រទេសទាំង ២ នឹងបង្កើនកិច្ចសហប្រតិបត្តិការគ្នានៅក្នុងវិស័យសំខាន់ៗជាច្រើន ជាពិសេសពាក់ព័ន្ធនឹងយន្តការកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យទេសចរណ៍ត្រីភាគីកម្ពុជា-ឡាវ-វៀតណាម «កញ្ចប់ទេសចរណ៍ប្រទេស ៣ គោលដៅតែ ១» (Three Countries One Destination Package)»។
ទន្ទឹមគ្នានេះដែរ នៅថ្ងៃដដែល លោកហ៊ុនម៉ាណែត ក៏បានជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាមលោក វឿង ឌិញហ្វេ (VuongDinh Hue) ដែលភាគីទាំង ២ ក៏បានសម្តែងការសាទរចំពោះវឌ្ឍនភាពទំនាក់ទំនងល្អជាប្រពៃណីនឹងគ្នារយៈពេល ៥៦ ឆ្នាំកន្លងទៅនេះ ក្នុងផ្លូវការទូត។
លោក វឿង ឌិញហ្វេ ចាត់ទុកដំណើរទស្សនកិច្ចនេះ ជាចំណែកពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រពៃណីកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនលូតលាស់លើគ្រប់វិស័យ ហើយបង្ហាញជំនឿថា កម្ពុជានឹងបោះជំហានទៅមុខ សម្រេចចក្ខុវិស័យជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។
នាពិធីលៀងសាយភោជន៍ស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការដែលរៀបចំដោយលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ៊ុន ម៉ាណែត បានថ្លែងសុន្ទរកថាសង្កត់ធ្ងន់ថា ទំនាក់ទំនងល្អជាប្រពៃណីរវាងកម្ពុជា និងវៀតណាម ដែលបានពូនជ្រំពីសម័យកាលដឹកនាំដោយព្រះបាទនរោត្តម សីហនុ ជាមួយថ្នាក់ដឹកនាំវៀតណាម តមកជំនាន់រដ្ឋបាលលោក ហ៊ុន សែន ហើយមកជំនាន់លោក។
លោកថា៖ «នេះជាសច្ចភាពប្រវត្តិសាស្ត្រដែលគ្មានកម្លាំងប្រតិកិរិយាណាអាចមកប្រែក្រឡាស់បានឡើយ ហើយជាទំនាក់ទំនងដែលត្រូវបណ្តុះស្មារតី និងទឹកចិត្តឱ្យអ្នកជំនាន់ក្រោយបានជ្រាប»។
លោក ស៊ឺន សម អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា ការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងវៀតណាមជារឿងសំខាន់ ខណៈកម្ពុជាមានខេត្តច្រើនជាប់ព្រំប្រទល់នឹងវៀតណាម ដូចជាត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងខេត្តកណ្តាលជាដើម ដែលទំនិញកសិផលខ្មែរដូចជា ស្រូវ ពោត ដំឡូង ច្រើនលក់នៅទីផ្សារវៀតណាមដំបូងគេ ហើយបន្លែ ត្រីសាច់វៀតណាម ក៏នាំចូលមកកម្ពុជាច្រើនដែរ។
លោកបានប្រាប់ថា៖ «ទោះបីមានភាពរកាំរកូសពីភាពមិនទុកចិត្តគ្នា ពីបញ្ហាព្រំដែន ពីបញ្ហាប្រវត្តិសាស្ត្រក្តី ក៏ទំនាក់ទំនងកម្ពុជា និងវៀតណាម ត្រូវតែមាន មិនអាចខ្វះបានឡើយ ដែលកម្ពុជាមិនអាចខ្វះវៀតណាម ហើយវៀតណាមក៏មិនអាចខ្វះកម្ពុជា ព្រោះប្រទេសទាំង ២ ជាប់គ្នា ដែលត្រូវធ្វើកិច្ចសហប្រតិបត្តិការ និងមានទំនាក់ទំនងល្អនឹងគ្នា»។
លោក ស៊ឺន សម បានបង្ហាញការសាទរចំពោះគម្រោងដែលកម្ពុជាចង់អនុវត្តជាមួយវៀតណាមពាក់ព័ន្ធវិស័យទេសចរណ៍ក្របខ័ណ្ឌរួមកម្ពុជា-វៀតណាម-ឡាវ ដែលត្រង់នេះ លោកស្នើឱ្យភាគីកម្ពុជាខ្លួនឯងពង្រឹងកិច្ចការផ្ទៃក្នុងជាមួយគោលដៅបង្កើនភ្ញៀវទេសចរនេះ ជាពិសេសទេសចរណ៍កែច្នៃ បញ្ហាសេវាកម្មទេសចរណ៍ ជាដើម។
លោកថា ទំនាក់ទំនងកម្ពុជា និងវៀតណាម នាពេលបច្ចុប្បន្នស្ថិតក្នុងស្ថានភាពប្រសើរ ដែលលោកកោតសរសើរការបត់បែនផ្នែកការទូតរបស់រដ្ឋាភិបាលកម្ពុជានៅចំពោះមុខឥទ្ធិពលប្រជែងគ្នារវាងចិន និងវៀតណាម ដែលកម្ពុជាអាចក្រសោបទាំង ២ ប្រទេស៕