ភ្នំពេញៈ តំណាង​ផ្នែក​ឯកជន​កម្ពុជា មាន​សុទិដ្ឋិនិយម​ចំពោះ​ការប្តេជ្ញា​របស់​មេដឹកនាំ​នៃ​ប្រ​ទេស​ទាំង ២ កម្ពុជា​-​វៀតណាម ​ក្នុង​ការជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យសម្រេចបាន ២០ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំ​ខាងមុខ ស្រប​ពេលដែល​ការផ្លាស់ប្តូរ​ពាណិជ្ជ​​កម្ម​រវាង​ប្រទេសជិតខាង​នៅក្នុង​តំបន់​អាស៊ាន​នេះ នៅតែ​រក្សាបាន​កំណើន​ខ្ពស់ ទោះបី​មាន​ភាពមិនច្បាស់លាស់​នៃ​សេដ្ឋកិច្ចពិភពលោក​ក៏ដោយ​។​

​លោក ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​លោក Pham Minh Chinh នាយករដ្ឋមន្ត្រី​វៀតណាម កាលពី​ថ្ងៃទី ​១១ ខែ​​ធ្នូ បាន​ប្តេជ្ញា​ថា ស្រប​ពេលដែល​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​រវាង​ប្រ​ទេស​ទាំង​ ២ ទាំង​ផ្នែក​ន​យោ​បាយ និង​សេដ្ឋកិច្ច មេដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ បាន​សន្យាថា នឹង​បង្កើន​ការផ្លាស់ប្តូរ​ពាណិជ្ជ​​កម្ម​ទ្វេភាគី​ឱ្យសម្រេចបាន ២០​ ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​សារព័ត៌មាន​វៀតណាម ​(VoV)​ ចុះផ្សាយ​នៅ​ថ្ងៃទី​ ១២ ខែធ្នូ​។​


​យោងតាម VoV ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​វៀតណាម និង​កម្ពុជា​ដែល​កំពុង​កើនឡើង​ដែល​អត្រាកំណើន​ប្រចាំឆ្នាំ​លើសពី ២០ ​ភាគរយ​ចាប់ពី​ឆ្នាំ​ ២០១៥ ទៅដល់​ឆ្នាំ ​២០២០ និង​លើសពី​ចំនួន​កំណត់ ១០ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០២២ ដោយ​សម្រេចបាន​ចំនួន ១០,៥៧ ​ពាន់​លាន​ដុល្លារ កើនឡើង​ជិត ១១​ ភាគរយ​ធៀប​នឹង​ឆ្នាំមុនៗ​។​

​សារព័ត៌មាន​ខាងលើ​លើកឡើងថា​៖ «​ដើម្បី​សម្រេចបាន​គោលដៅ​ពា​ណិ​ជ្ជ​កម្ម​ចំនួន ២០​ ពាន់​លាន​ដុល្លារ​អា​​មេ​រិ​ក ភាគី​ទាំង​ ២​ បាន​ព្រមព្រៀងគ្នា​នាំយក​យន្តការ​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់​ពេញលេញ រួមទាំង​គណៈកម្មាធិកា​រ​រួម​ទទួលបន្ទុក​លើ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ និង​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​។​


​មេ​ដឹកនាំ​នៃ​ប្រទេស​ទាំង ​២ ក៏បាន​ប្តេជ្ញា​ពង្រឹង​ទំនាក់ទំនង​រវាង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ ២ ទាក់ទង​ទៅនឹង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ និង​ស្ថាប័ន និង​គោល​នយោបាយ ជំរុញ​ការផ្លាស់ប្តូ​រពា​ណិ​ជ្ជ​កម្ម​តាម​ព្រំដែន និង​ជួយ​សម្រួល​ដល់​ឱកាស​សហប្រតិបត្តិការ​របស់​សហ​គម​ន៍​ធុរកិច្ច​របស់​ពួកគេ​ផងដែរ​។​

​សភាពាណិជ្ជកម្ម​កម្ពុជា ​(CCC) និង​សភាពាណិជ្ជកម្ម​វៀតណាម កាលពី​ថ្ងៃទី​ ១១ ខែធ្នូ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ស្តី​ពី​កិច្ចសហ ប្រតិបត្តិការ​រ​វាង​សភា​ពា​ណិ​ជ្ជ​កម្ម​ទាំង​ ២ ដែលជា​វិធានការ​មួយ​ដើម្បី​ជំរុញ​ទំនាក់ទំនង​ជិតស្និទ្ធ​របស់​ធុរជន​រវាង​ប្រទេស​ទាំង​ ២​។​

​លោក លឹម ហេង អនុប្រធាន CCC ដែល​អមដំណើរ​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ទៅ​ប្រទេស​វៀតណាម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១២ ខែ​ធ្នូ​ថា ដោយមាន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​នយោបាយ​ដ៏​ល្អ​រវាង​ប្រ​​ទេស​ទាំង​ ២ ការប្តេជ្ញា​ដែល​ធ្វើឡើង​ដោយ​នាយករដ្ឋមន្ត្រី​ទាំង​ ២ គឺ​ពិតជា​អាចធ្វើ​ទៅបាន ខណៈ​ទំហំ​ពាណិជ្ជកម្ម​នៅតែ​បន្ត​កើន​ឡើងជា​រៀងរាល់ឆ្នាំ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា គោលដៅ​ដែល​បានកំណត់​ដោយ​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំង​ ២ នឹង​សម្រេចបាន​ក្នុងពេល​ឆាប់ៗ ដូចដែល​អ្នក​អាច​មើលឃើញថា ចំនួន​នៃ​ការ​ដោះដូរ​ពាណិជ្ជកម្ម​កំពុង​កើន​ឡើងជា​រៀងរាល់ឆ្នាំ​។ ទន្ទឹមនឹងនេះ វៀតណាម​គឺជា​ទីផ្សារ​ដ៏​សំខាន់​មួយ​របស់​យើង​សម្រាប់​ផលិតផល​កសិកម្ម​»​។​

​លោក​បាន​បន្តថា ក្រោម​ក្របខ័ណ្ឌ​អាស៊ាន ប្រទេស​ទាំង​ ២ អាចបំពេញ​បន្ថែម​ឱ្យ​គ្នា​ទៅវិញទៅមក​សម្រាប់​ការ​ជំរុញ​ការនាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ ខណៈ​វិនិយោគិន​វៀតណាម​អាច​វិនិយោគ​នៅ​កម្ពុជា និង​នាំចេញ​ទៅកាន់​ប្រទេស​ផ្សេង​។​

​លោក​ប្រាប់ថា​៖ «​ខ្ញុំ​មើលឃើញថា ប្រទេស​ទាំង ​២ មិនចាំបាច់​ប្រកួត​ប្រ​​ជែង​គ្នា​លើ​ការនាំចេញ​ផលិតផល​ទេ ប៉ុន្តែ​អាចបំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​បាន ដោយសារ​យើង​ពង្រីក​សក្តា​នុ​ពល​ដែល​មិនទាន់​យកមកប្រើ​ប្រាស់​នៅក្នុង​វិស័យ​ជាច្រើន ដូច្នេះហើយ​ក្រុមហ៊ុន​វៀតណាម អាច​វិនិយោគ​នៅទីនេះ រួច​ធ្វើការ​នាំចេញ ព្រោះ​យើង​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជា​ច្រើន ក្រោម​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ទ្វេភាគី​ជាមួយ​អាស៊ាន ជាមួយ​ចិន និង​កូរ៉េខាងត្បូង ព្រមទាំង​កិច្ច​ព្រម​ព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុង​​ជ្រោយ​ក្នុង​តំបន់់ ​(RCEP)»​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ក្នុង​វេទិកា​ជំរុញ​ការវិនិយោគ និង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​វៀតណាម កាលពី​ថ្ងៃទី ​១២ ខែធ្នូ​ថា ដោយមាន​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​យូរអង្វែង​ជាមួយគ្នា ដូច្នេះ​វា​ជា​ចំណុច​សំខាន់​មួយ ដែល​ប្រទេស​ទាំង ២ អាច​ពង្រឹង​បន្ថែមទៀត​លើ​គ្រប់​វិស័យ​។​

​លោក​ថ្លែងថា​៖ «​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុ​ជា មាន​ទំនាក់ទំនង​ការ​ទូត​ជាមួយគ្នា​ត្រឹម​រយៈពេល ៥៦ ឆ្នាំ​មកហើយ ប៉ុន្តែ​សម្រាប់​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ ២ គឺមាន​ដើម​​កំណើត​តាំងពី​យូរណាស់​មកហើយ និង​ត្រូវបាន​បន្ត​ពង្រឹង​ជានិច្ចកាល និង​តាមរយៈ​ការផ្លាស់ប្តូរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​យើង​ទាំង​ ២ និង​ទំនាក់​ទំនងជា​ប្រចាំ​នៃ​ប្រជាជន​បង្ហាញ​ឱ្យ​យើង​ឃើញ​ពី​ភាពជា​អ្នកជិតខាង​ល្អ មិត្តភាព ប្រពៃណី កិច្ច​សហប្រតិបត្តិ​ការ​គ្រប់​ជ្រុងជ្រោយ និង​ស្ថិរភាព​យូរ​អង្វែង​ឈរលើ​គោលការណ៍​ជឿ​ទុក​​ចិត្ត​គ្នា គោរព​គ្នា មិន​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​ដែល​គាំទ្រ​គ្នា​ទៅវិញ​-​ទៅមក​នៅក្នុង​ផ្នែក​សង្គម សេដ្ឋកិច្ច នយោបាយ និង​ការទូត​»​។​

​ក្នុង​វេទិកា​នេះ​ផងដែរ ប្រទេស​ទាំង​ ២ ក៏បាន​ឯកភាព​បើក​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​ហាណូយ មកកាន់​ខេត្ត​សៀមរាប ដែល​វា​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ប្រទេស​ទាំង​ ២ ក្នុងការ​ផ្លាស់​​ប្តូរ​ភ្ញៀវទេសចរ និង​វិនិយោគិន​៕