ភ្នំពេញៈ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហមុនី បានចេញ​ព្រះរាជក្រម​ប្រកាស​ឱ្យប្រើ​ប្រាស់​ច្បាប់​ស្តីពី​ហិរញ្ញ​វត្ថុ​សម្រាប់​ការគ្រប់គ្រង​ក្នុង​ឆ្នាំ ​២០២៤ បន្ទាប់ពី​រដ្ឋសភា​បានអនុម័ត​កាលពី​ថ្ងៃទី ​១៦ ខែវិច្ឆិកា ឆ្នាំ​ ២០២៣ ហើយ​ដែល​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វ​​គ្រប់​លើ​ទម្រង់​និង​គតិ​ច្បាប់​នេះ​ទាំងស្រុង​កាលពី​ថ្ងៃទី​ ២៤ ខែវិច្ឆិកា ឆ្នាំ​ ២០២៣​។​


​ច្បាប់​នេះ​មាន ​៥ ​ជំពូក និង ១៤ ​មាត្រា បានទទួល​ការ​ឯក​​ភាព​ពី​គណៈរដ្ឋមន្ត្រី​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​កាលពី​ថ្ងៃទី ​២៧ ខែតុលា ឆ្នាំ​ ២០២៣​។ គោល​ដៅ​សំខាន់​នៃ​ច្បាប់​នេះ​គឺ គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី១ របស់​រាជរដ្ឋាភិបាល ជាពិសេស​អនុវត្ត​អាទិភាព​គោលនយោបាយ​សំខាន់ៗ និង​វិធាន​ការកែទម្រង់​ជាក់ស្តែង​នានា​ដែល​ត្រូវបាន​ដាក់ឱ្យអនុវត្ត​ជា​បន្តបន្ទាប់​។​

​លោក​ ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា លោក មិនទាន់បាន​អាន​ច្បាប់​នេះ​នៅឡើយ​ទេ ប៉ុន្តែ​លោក​ថា ជាទូទៅ​ច្បាប់​ដែល​ចេញ​នេះ​គឺ​ដើម្បី​មាន​ជា​បទដ្ឋាន​គតិយុត្ត​សម្រាប់​ការប្រើប្រាស់​ថវិកា​របស់​រដ្ឋ​និង​ការ​ចំណាយ​សាធារណៈ​របស់​រដ្ឋ ព្រមទាំង​ធ្វើការ​គ្រប់គ្រង​ប្រភព​ចំណូល​របស់​រាជរដ្ឋាភិបាល​ដែលមាន​ចំណូល​សារពើពន្ធ ចំណូល​ពន្ធគយ​និង​ចំណូល​មិន​មែន​សារពើពន្ធ​។​ជាមួយគ្នា​នោះ ច្បាប់​នេះ​ក៏​ធ្វើ​តុល្យការ​លើ​ចំណូល​និង​ចំណាយ​ធ្វើយ៉ាងណា​ឱ្យមាន​ភាព​សុក្រឹត​។​


​លោក​បាន​បន្ថែមថា ច្បាប់​នេះ​ក៏​សម្រាប់​ជាការ​ពិនិត្យ​ពិច័យ​ទៅលើ​គម្រោង​ផ្សេងៗ​របស់​ស្ថាប័ន​សាធារណៈ​ទាំង​​អស់​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ការចំណាយ​របស់ខ្លួន​ពោលគឺ​ចំណាយ​ណា​ដែល​មិនចាំបាច់ ត្រូវតែ​ទុក​ដោយឡែក ហើយ​លើក តែ​ចំណាយ​ណា​ចាំបាច់​ដែល ត្រូវជា​អាទិភាព​សម្រាប់​សេវា​សង្គម ការអភិវឌ្ឍ​ធនធានមនុស្ស ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​បច្ចេកវិទ្យា​ជាដើម ដែល​ឆ្លើយ​តប​ទៅនឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​បាន​ថ្លែងថា​៖ «​ការដែល​ធ្វើ​ច្បាប់​នេះ គឺ​គ្រាន់តែ update បន្តៗ​គ្នា​ពី​ឆ្នាំ​ ២០២២ ហើយ​បន្ថែម​នូវ​ខ្ទង់ចំណាយ​សរុប​ជាមួយនឹង​ការសិក្សា​លទ្ធ​ភាព និង​ estimate ទៅលើ​ចំណូល​របស់​រាជរដ្ឋាភិបាល​ដែល​នឹង​អាច​ទទួលបាន​នៅក្នុង​ឆ្នាំ​ ២០២៤​ នេះ​»​។​


​យោងតាម​ឯកសារ​ខ្លឹមសារ​សង្ខេប​អំពី​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​ ២០២៤ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានឱ្យដឹងថា ក្របខ័ណ្ឌ​ថវិកា​នេះ​មាន​គោលដៅ​ធានា​រក្សា​សមិទ្ធផល​នៃ​ការអភិវឌ្ឍ​ទាំងពួង​ដែល​សម្រេចបាន​នៅក្នុង​នីតិកាល​មុនៗ​កន្លងមក ជាពិសេស​ការ​​រក្សា​ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សន្តិភាព និង​អធិបតេយ្យ​របស់​កម្ពុជា​ក្នុងឋានៈ​ជា​រដ្ឋ​មួយ​ដែលមាន​ឯករាជភាព​ពេញ​បរិបូណ៌ និង​ការ​ខំប្រឹង​ងើបឈរ​ឡើង​ដើម្បី​ធ្វើជា​ម្ចាស់​លើ​ជោគវាសនា​របស់ខ្លួន​ដោយ​ខ្លួនឯង​ទាំង​នៅក្នុង​អតីតកាល បច្ចុប្បន្ន និង​តទៅ​អនាគត​។​

​ប្រភព​ដដែល​បានឱ្យដឹងថា ច្បាប់​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់​​គ្រង ឆ្នាំ​ ២០២៤ អាច​សន្និដ្ឋានថា ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព​មួយ​សម្រាប់​ឱ្យ​រាជរដ្ឋាភិបាល​អាចឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម និង​ហានិភ័យ​ផងទាំងពួង ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ប្រកាន់យក​នូវ​ជំហាន​នៃ​ការអនុវត្ត​ «​គោលជំហរ​ពង្រឹង​ប្រសិទ្ធភាព​ថវិកា​» ​ដោយ​ផ្តោត​ការយកចិត្តទុកដាក់​ជាពិសេស​លើ​មនុស្ស សមត្ថភាព​ស្ថាប័ន ការកែទម្រង់រដ្ឋបាល​សាធារណៈ និង​ការកែ​​ទម្រង់​រចនាសម្ព័ន្ធ​ដែលមាន​អភិបាលកិច្ច​ជា​ស្នូល​។  

​ប្រភព​បញ្ជាក់ថា ច្បាប់​នេះ​អាច​ប្រសិទ្ធ​នាម​បាន​ថា​ជា​៖ «​ថ​វិ​កា​យុទ្ធសាស្ត្រ​នៃ​ការរក្សា​សមិទ្ធផល​ដែល​សម្រេចបាន​ដោយ​លំបាក និង​ការបន្ត​បុកគ្រឹះ​ថ្មីៗ​ក្នុងការ​បោះជំហាន​ឆ្ពោះទៅ​សម្រេច​គោល​ដៅ​សំខាន់ៗ នៃ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី១ ​របស់​រាជរដ្ឋាភិបាល សំដៅ​បន្ត​រក្សា​សន្តិភាព ស្ថិរភាព និង​ទ្រទ្រង់​ដំណើរ​វិវឌ្ឍន៍​តទៅ​មុខ ឥតឈប់ឈរ​របស់​ក​ម្ពុ​ជា​លើ​វិថី​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​គុណភាព និង​ចីរភាព​ឆ្ពោះទៅ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​ ២០៥០»​។​

​យោងតាម​ខ្លឹមសារ​ច្បាប់​នេះ ការប្រមូល​ចំណូល​បង់​ចូល​ថវិកា​ជាតិ​ដែលមាន​ចំណូល​សារពើពន្ធ ចំណូល​មិនមែន​សារពើពន្ធ និង​ចំណូល​ផ្សេងៗ​សរុប​ចំនួន ២៩ ៨៩៥ ៩៨០​ លាន​រៀល​។ ចំណែក​ទឹកប្រាក់​ជា​អតិបរមា​នៃ​ឥណទាន​ចំណាយ​ថវិកា​ថ្នាក់ជាតិ​សម្រាប់​ឆ្នាំ​ ២០២៤ ​ត្រូវ​កំណត់​ស្មើនឹង ៣៤ ៤៩៧ ៤៤៤​ លាន​រៀល​។ រីឯ​ការអនុម័ត​យល់​ព្រមឱ្យ​រដ្ឋា​ភិ​បាល​ខ្ចីប្រាក់​ពី​គេ គឺ​ក្នុង​កម្រិត​ ១ ៧០០ ០០០ ០០០ SDR ដែល​ការខ្ចី​ក្នុង​កម្រិត​នេះ​ត្រូវមាន​មាន​លក្ខណៈ​ជាការ​ខ្ចី​សម្បទាន​ហើយ​ត្រូវ​សង​វិញ​ជាមួយ​ការ​ប្រាក់​អនុគ្រោះ​៕