កំពង់ធំៈ រដ្ឋាភិបាល​ជប៉ុន​បានសម្រេច​ផ្តល់​គម្រោង​ជំនួយ​ថ្មី​មួយ ដែលមាន​ចំនួន​ទឹកប្រាក់​ស្មើនឹង ​៣​ សែន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​ការងារ​ជួស​ជុល​ឡើងវិញ និង​អភិវឌ្ឍ​ធនធាន មនុស្ស នៅ​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ក្នុង​ខេត្តកំពង់ធំ​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​រួម​រវាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ស្ថានទូត​ជប៉ុន​នា​ថ្ងៃទី​ ១២ ខែធ្នូ​។


​គម្រោង​នេះ​មាន​ឈ្មោះថា «​គម្រោង​អភិវឌ្ឍន៍​ធនធានមនុស្ស ក្នុងការ​ថែរក្សា និង​ជួសជុល​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក​»​។ នាពេល​កន្លងមក​រដ្ឋា​ភិ​បាល​ជប៉ុន ក៏បាន​ផ្តល់ជំនួយ​លើ​សកម្មភាព​នានា​ក្នុងការ​ថែរក្សា និង​ជួសជុល​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក​ផងដែរ ក្នុង​រូបភាព​ចម្បង​តាមរយៈ​គម្រោង​មូលនិធិ​ដៃគូ ដោយមាន​ទឹកប្រាក់​សរុប​ចំនួន ៦៣៨ ៩៦៧ ​ដុល្លារ​សហ​រដ្ឋ​អាមេរិក​។

​រដ្ឋាភិបាល​ជប៉ុន​បាន​ជួយ​លើ​សម្ភារ និង​ឧបករណ៍​ដេញ​ថ្លៃ​នានា សម្រាប់​ប្រើប្រាស់​លើ​ការងារ​ជួសជុល​ឡើងវិញ​ដែលមាន​រយៈពេល​ ៤ ​ឆ្នាំ ចាប់ពី​ឆ្នាំ ២០០៩ ដល់​ឆ្នាំ ​២០១២​។


ចាប់​ពី​ឆ្នាំ​ ២០២០ ដល់​ឆ្នាំ ២០២៤ រដ្ឋាភិបាល​ជប៉ុន បាននិងកំពុង​តែ​សាងសង់​អគារ​បណ្តុះបណ្តាល និង​ផ្តល់​សម្ភារ និង​ឧបករណ៍​មួយចំនួន​សម្រាប់​ការងារ​ជួស​ជុល​អភិរក្ស​នៅ​រមណីយដ្ឋាន​​សំបូរ​ព្រៃ​គុក​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​យើង​ជឿជាក់ថា តាមរយៈ​គម្រោង​ដែល​បាន​រៀប​រាប់​ទាំងនេះ ព្រមទាំង​គម្រោង​ជំនួយ​ថ្មី នឹង​ជួយផ្តល់​សមត្ថ​ភាព​ដល់​សិស្ស និង​អ្នកជំនាញ​វ័យក្មេង​កម្ពុជា បាន​រៀន​ជំនាញ​វិជ្ជាជីវៈ កម្រិត​ខ្ពស់ ព្រមទាំង​ទទួលបាន​ចំណេះដឹង​តាមរយៈ​កម្មវិធី​កសាង​សមត្ថភាព និង​ការ​បណ្តុះបណ្តាល​ការងារ​ដោយ​ការអនុវត្ត​ជាក់ស្តែង​»​។​


​ភាគី​ទាំង ​២ ​សង្ឃឹមថា គម្រោង​ជំនួយ​ថ្មី​នេះ នឹង​រួមចំណែក​ដល់​ការអនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព និង​រលូន ក្នុង​ការងារ​ថែរក្សា និង​ជួសជុល​តំបន់​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក​។​

​រមណីយដ្ឋាន​សំបូរ​ព្រៃ​គុក ត្រូវបាន​សាងសង់ឡើង​នៅ​សតវត្សរ៍​ទី​៦ និង​ដើម​សតវត្សរ៍​ទី​៧ ដោយ​ស្តេច​ឦសាន​វរ្ម័នទី១ នៅក្នុង​សម័យ​ចេនឡា​។

ប្រាសាទសំបូរព្រៃគុក ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​​ពិភពលោក​នា​ថ្ងៃទី ​៨ ខែកក្កដា ឆ្នាំ​ ២០១៧៕