​ព្រះសីហនុៈ អាជ្ញាធរខេត្ត​ព្រះ​​សីហនុ បាន​បើក​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ទទួល​ការមកដល់​របស់​នាវា​ទេសចរណ៍​អាមេរិក​​ Westerdam​ ដែល​ដឹក​ភ្ញៀវទេសចរ​​ប្រមាណ ១ ៥០០​ នាក់ មក​ចូល​ចត​នៅ​ក្រុងព្រះសីហនុ នៅ​ថ្ងៃទី ​២៨ ខែធ្នូ ហើយក៏​ជាការ​រំឭក​ខួប​ ៣ ​ឆ្នាំ​ផងដែរ​ ដែល​នាវា​នេះ ត្រូវបាន​កម្ពុជា​អនុញ្ញាត​ឱ្យចូល​ចត​ក្នុង​គ្រា​ដែល​ប្រទេស​ដទៃ​មិន​អនុញ្ញាត​ឱ្យចូល​ចត​ដោយ​ព្រួយ​បារម្ភ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​ ១៩ ​កាលពី​ឆ្នាំ​ ២០២០​។​

​លោក ឡុង ឌី​ម៉​ង់ អភិបាលរង​ខេត្ត​ព្រះសីហនុ​ដែល​បាន​ដឹកនាំ​កិច្ចប្រជុំ​នេះ បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​១២ ខែធ្នូ​ថា សម្រាប់​នាវា​​ទេសចរណ៍ ​Westerdam​ នេះ នឹង​ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ព្រះ​​សីហនុ​នៅវេលា​ម៉ោង ​៨ ​ព្រឹក ថ្ងៃ​​ទី​ ២៨ ខែធ្នូ ឆ្នាំ​ ២០២៣​។ 


​ក្នុងនោះ​ភ្ញៀវទេសចរ​ខ្លះ​នឹងធ្វើ​ដំណើរ​កម្សាន្ត​នៅ​ឆ្នេរ​កោះរ៉ុង ភ្ញៀវ​ខ្លះ​ទស្សនា​នៅក្នុង​ក្រុងព្រះសីហនុ និង​មួយចំនួនទៀត​អាច​នឹងធ្វើ​​ដំណើរ​មកលេង​កម្សាន្ត​នៅ​រាជធានី​ភ្នំពេញ ឬ​ទៅ​កម្សាន្ត​នៅ​ខេត្តសៀមរាប​ជាដើម​។​

​លោក ឌី​ម៉​ង់​ ថ្លែងថា​៖ «​អ៊ីចឹង​ទេ​! ភ្ញៀវ​ទេសចរ​ទាំងអស់នោះ ដែល​មក​តាម​នាវា​ទេសចរណ៍ Westerdam នឹង​មកដល់​ប្រហែល​ ១ ៥០០ ​នាក់ ហើយ​ប្រហែលជា​ត្រឡប់​ទៅតាម​នាវា​វិញ​ប្រមាណ​ ៩០០ នាក់​។ អាជ្ញាធរខេត្ត​ព្រះសីហនុ​បាននិងកំពុង​ត្រៀម​រៀបចំ​ការទទួល​ភ្ញៀវទេសច​រទាំង​នេះ​ផង ហើយ​មិនតែប៉ុណ្ណោះ​ក៏​រំឭក​ខួប​រយៈពេល ​៣ ឆ្នាំ​ផងដែរ​នៃ​ការចូល​សំចត​របស់​នាវា​នេះ កាលពី​ឆ្នាំ ២០២០»​។​ 


នាវា WESTERDAM ដែល​ចូលចតនៅកំពង់ផែស្វយ័ត កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២០។ រូបថត SHS

​កាលពី​ ៣ ​ឆ្នាំមុន រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ក្រោម​ការដឹកនាំ​ដោយ​លោក​ហ៊ុន​ សែន អតីត​នាយករដ្ឋមន្ត្រី បានអនុញ្ញាត​ឱ្យ​នាវា​ Westerdam  ​ដែល​ដឹក​ភ្ញៀវទេសចរ​ជាង​ ២​ ពាន់​នាក់​ខណៈដែល​ប្រទេសមួយ​ចំនួន បាន​បដិសេធ​ចូល​ចត​ដោយ​​សារ​ព្រួយបារម្ភ​ពី​ការឆ្លង​ជំងឺ​កូ​វីដ​ ១៩​។ ព្រឹត្តិការណ៍​នេះ​បានធ្វើឱ្យ​ល្បី​រន្ទឺ​នៅ​ទូទាំង​ពិភពលោក​ដោយបាន​បង្ហាញ​ថា​ «​កម្ពុជា​ជា​ប្រទេស​តូច តែមាន​បេះដូង​ធំ​»​។​

​លោក ​ឡុង ឌី​ម៉​ង់​ បាន​សង្កត់ធ្ងន់​ទៀតថា​៖ «​ដោយ​មើលឃើញ​នូវ​ទង្វើ និង​ទឹកចិត្ត​សប្បុរស​របស់​ក​ម្ពុ​ជា​បែបនេះ​ទើប​នៅពេលនេះ នាវា​ទេសចរណ៍ Westerdam នេះ វិល​ចូលមក​កម្ពុជា​ម្តងទៀត ហើយក៏​បង្ហាញថា កម្ពុជា ជាពិសេស​ខេត្ត​ព្រះសីហនុ​ជា​គោល​ដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ និង​មាន​សក្តានុពល​វិនិយោគ​នៅក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​ ១៩»​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសច​រណ៍​អាស៊ី​ប៉ា​ស៊ី​​ហ្វិ​ក បានបង្ហាញ​ការស្វាគមន៍​ចំពោះ​វត្តមាន​របស់​នាវា​ Westerdam ដែល​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​នៅពេលនេះ​។ ទោះជា​យ៉ាងណា​កម្ពុជា មិនមែន​ទទួល​ស្វាគមន៍​ចំពោះតែ​នាវា​នេះ​មួយ​នោះទេ តែ​ជាក់ស្តែង នៅក្នុង​ឆ្នាំ ​២០២៣ ​នេះ កម្ពុជា​បាន​ស្វាគមន៍​នូវ​នាវា​ទេសចរណ៍​ជាច្រើន​ផង​ដែរ​។ 

​ជាមួយគ្នានេះ​លោក​ក៏បាន​ស្នើ​ដល់​រាជរដ្ឋាភិបាល គួរ​មានការ​លើកទឹកចិត្ត ដល់​នាវា​ទេស​​ចរណ៍​ផ្សេងទៀត ដែល​មកកាន់​កម្ពុជា ពីព្រោះថា កម្ពុ​ជាមាន​ភាពផុយស្រួយ​ណាស់​ចំពោះ​ការវិវឌ្ឍ​លើ​ផ្នែក​ទេសចរណ៍​នេះ​។​

​លោក​ស៊ីណាន​ថា​៖ «​ខ្ញុំ​លើក​​ទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល​ជំនួស​ឱ្យ​គ្រាន់តែ​រៀបចំ​ឱ្យមាន​រូបភាព​ធំ​ប៉ុន្តែ​គួរតែ​គិតពី​ខេត្ត​ព្រះសីហនុ ដែលជា​ម្ចាស់​ទីតាំង​គួរតែរៀបចំ​យុទ្ធសាស្ត្រ​ទាក់ទាញ នាវា​ទេស​ចរណ៍​នេះ ឱ្យបាន​ច្រើន ដោយ​ជំនួស​ដោយ​ការ​អង្គុយ​ជជែក​គ្នា និង​ការរៀបចំ​ទទួល ដោយ​ត្រូវ​ធ្វើយ៉ាងណា​ផ្សព្វផ្សាយ​ទាក់ទាញ​នាវា​ទេសចរណ៍​តាមរយៈ​កំពង់ផែ​ខ្លួន​ឱ្យបាន​ច្រើន​ជាងនេះទៀត ខណៈ​បន្តិចទៀតនេះ​កំពង់ផែ​ខេត្ត​កែប ផែ​កោះកុង​ក៏​នឹងត្រូវ​បើក​ដំណើរការ​ផងដែរ​»​។​

​សូម​រំឭក​ដែរ​ថា​នាវា​របស់​អាមេរិក Westerdam ដែលមាន​ភ្ញៀវ​ទេសចរ និង​នាវិក​ចម្រុះ​ជាតិ​សា​​សន៍​ជាង ​២ ២០០​ នាក់​បាន​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​ ១៣ ខែកុម្ភៈ ឆ្នាំ​ ២០២០ បន្ទាប់ពី​ទទួលបាន​ការ​អនុ​ញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ខណៈដែល​ប្រទេស​ចំនួន ​៤ និង​កោះ​ចំនួន ២ មិន​អនុញ្ញាតឱ្យ​នាវា​នេះ​ចូល​ចត ព្រោះតែ​សង្ស័យថា មនុស្ស​លើ​នាវា​នេះ មាន​ផ្ទុកមេរោគ​កូ​វីដ ​១៩​។ 

​បន្ទាប់ពី​អនុ​ញ្ញាត​ឱ្យ​នាវា​ទេសចរណ៍​នេះ​ចូល​ចត​លោក ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ទទួល​ភ្ញៀវទេសចរ​ចុះ​ពី​នាវា​ដោយផ្ទាល់​នៅ​ថ្ងៃទី​ ១៤ ខែកុម្ភៈ ឆ្នាំ​ ២០២០ ចំ​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់​ជាមួយ​ការប្រគល់​ជូន​ផ្កា​កុលាប​ថែម​ទៀតផង​។

លោក​ហ៊ុន សែន បាន​ថ្លែង​ក្នុងអំឡុង​ពេលនោះ​ថា ការសម្រេចចិត្ត​អនុញ្ញាតឱ្យ​នាវា​ទេសចរណ៍​ចូល​ចត​នេះ ក្រោម​ហេតុផល​មនុស្សធម៌ និង​បង្ហាញ​ពី​ការលុបបំបាត់​នូវ​ជំងឺ​ភ័យខ្លាច ដែល​កំពុង​កើតមាន​នៅលើ​ពិភព​​លោក​ហើយ​កម្ពុជា​គ្មាន​ឡើយ​ការរើសអើង​ពូជសាសន៍​៕