ភ្នំពេញៈ​ បុគ្គល​ស្វ័យ​និ​យោជន៍​និង​អ្នក​ក្នុងបន្ទុក​ជិត​ ៩ ​ម៉ឺន​នាក់ បាន​ចុះឈ្មោះ​ចូល​ជា​សមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម​ (​ប​.​ស​.​ស​.)​ តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត ក្រោយពេល​មន្ត្រី​នៃ​បេឡា​ជាតិ​នេះ បាន​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​របប​នេះ​ទៅដល់​អាជីវករ អ្នករត់​ម៉ូតូ​កង់​ ៣ និង​អ្នក​នៅក្នុង​បន្ទុក​។​


​លោក​ ហេង សុផាន់​ណា​រិ​ទ្ធ អគ្គនាយករង​បេឡា​ជាតិ​សន្តិ​សុខ​សង្គម (​ប​.​ស​.​ស​.)​ បានឱ្យដឹង​តាម​ហ្វេ​ស​ប៊ុ​កលោក​នៅ​ថ្ងៃទី ​១១ ខែធ្នូ​ថា បន្ទាប់ពី​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ស្តីពី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខ​​ភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត គិត​មក​ត្រឹម​ថ្ងៃទី ​១១ ខែធ្នូ ឆ្នាំ​ ២០២៣ មាន​អាជីវករ អ្នករត់​ម៉ូតូ​កង់ ​៣ អ្នករត់ម៉ូតូឌុប និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​.​សរុប​ប្រមាណ​ជា​ ៨៨ ០០៥​ នាក់ បាន​ចុះឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស​.​។​

​លោក​បាន​បន្តថា ក្នុងនោះ​បុគ្គល​ស្វ័យ​និ​យោជន៍ ​(​អាជីវ​ករ អ្នករត់​ម៉ូតូ​កង់​ ៣ អ្នករត់ម៉ូតូឌុប​)​ មាន​ចំនួន ៨៤ ៨៦៥​ នាក់ និង​អ្នក​ក្នុងបន្ទុក​សមាជិក ប​.​ស​.​ស​.​មាន​ចំនួន ៣ ១៤០​ នាក់​។​


​លោក​បញ្ជាក់ថា​៖ «​ប​.​ស​.​ស​.​នឹង​បន្ត​ពង្រីក​ការផ្សព្វផ្សាយ​របស់ខ្លួន​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត ធ្វើយ៉ាងណា​ឱ្យ​បង​​ប្អូន​ប្រជាពលរដ្ឋ កម្មករ​និ​យោ​​ជិត ពិសេស​ប្រជាពលរដ្ឋ​ដែលជា​អ្នក​ប្រកប​របរ​ផ្ទាល់ខ្លួន ទទួល​បានការ​យល់ដឹង​កាន់តែច្បាស់​និង​ស៊ីជម្រៅ​ស្តីពី​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ប្រកាស​ដាក់ឱ្យអនុវត្ត​នាពេលនេះ​»​។​

​បើតាម​លោក ហេង សុផាន់​ ណា​រិ​ទ្ធ តាមរយៈ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​របប​នេះ​អស់​ពេល​ជាង​ ២០ ​ថ្ងៃ​កន្លងមក ឃើញថា មាន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​បាន​​យល់ច្បាស់​ពី​អត្ថប្រយោជន៍​របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​នេះ​។​


​លោក វន់ ពៅ ប្រធាន​សមា​គម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) បាន​ថ្លែងថា វា​ជា​រឿង​ប្រសើរ​ដែល​មកទល់ពេលនេះ​មាន​បុគ្គល​ស្វ័យ​និ​យោជន៍​ជាច្រើន​បានមក​ចុះឈ្មោះ​ចូល​ជា​សមាជិក ប​.​ស​.​ស​.​ក្រោយពី​ក្រសួង​ការងារ និង​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បានដាក់​ចេញ​ផែនការ​ផ្សព្វផ្សាយ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រចិត្ត​ទៅដល់​ប្រជាពលរដ្ឋ​ជាង ​១ ​លាន​នាក់​។​

​លោក​បាន​បន្តថា ស្របពេល ប​.​ស​.​ស​. កំពុង​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ឱ្យ​បុគ្គល​ស្វ័យ​និ​យោជន៍​ទៅ​ចុះឈ្មោះ​ជា​សមាជិក​នេះដែរ ប​.​ស​.​ស​.​ខ្លួនឯង​ក៏ត្រូវ​ពង្រឹង​ការផ្ដល់សេវា​សុខាភិបាល​ឱ្យមាន​គុណភាព ជាពិសេស​ពង្រីក​មន្ទីរ​ពេទ្យ​ដែលជា​ដៃគូ​ឱ្យ​កាន់​​តែ​ច្រើន​ផងដែរ​។​

​លោក ​វន់ ពៅ បាន​បញ្ជាក់ថា​៖ «​អ្វីដែល​សំខាន់​យើង​ត្រូវ​រៀបចំ​កែលម្អ​មន្ទីរពេទ្យ​ទាំងអស់​ហ្នឹង​ឱ្យមាន​សេវា​ល្អ រហ័ស​ទាន់​​ចិត្ត ហើយ​ពង្រីក​មន្ទីរពេទ្យ​ដៃគូ​ឱ្យបាន​ច្រើន​ដើម្បី​បម្រើ​តម្រូវ​ការ​ដល់​អ្នក​ដែលមាន​បណ្ណ​ប​.​ស​.​ស​.​ជាពិសេស​បុគ្គល​ស្វ័យ​និ​យោជន៍​ដែល​រាជរដ្ឋាភិបាល​បាននិងកំពុង​ជំរុញ​ហ្នឹង​»​។​

​លោក​បាន​បន្ថែមថា ការជំរុញ​នេះ វា​ជា​ជំហាន​ថ្មី​មួយ​ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី៧ ​នេះ ក្នុងនោះ​មាន ប​.​ស​.​ស​.​និង​ក្រសួង​ការងារ​បាន​យកចិត្ត​ទុក​​ដាក់​ដល់​អ្នកសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​បុគ្គល​ស្វ័យ​និ​យោ​ជន៍ ក្នុងការ​រួមចំណែក​ជួយ​កាត់បន្ថយ​បន្ទុក​ការចំណាយ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សុខ​ភាព​របស់​អ្នក​ក្រៅ​ប្រព័ន្ធ​។​

​សូមបញ្ជាក់ថា របប​សន្តិ​សុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​តាម​របប​ភាគទាន​ដោយ​ស្ម័គ្រ​ចិត្ត​សម្រាប់​បុគ្គល​ស្វ័យ​និ​យោជន៍ និង​អ្នក​ក្នុងបន្ទុក​សមាជិក​ប​.​ស​.​ស​.​ត្រូវបាន​រាជរដ្ឋាភិបាល​ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ១៤ ខែវិច្ឆិកា ឆ្នាំ ​២០២៣ ​កន្លងទៅ​។​

​ក្រសួង​ការងារ បានរៀបចំ​ផែនការ​ផ្សព្វផ្សាយ​ពី​របប​នេះ​ឱ្យបាន​ចំនួន ៤ ០០០​ លើក ទៅកាន់​ក្រុម​គោលដៅ​សរុប​ប្រមាណ​ ១,២​ លាន​នាក់​ ដែល​គិត​មកទល់ ពេលនេះ​គឺ​ជាង ​២០ ​ថ្ងៃ​ហើយ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​រយៈ​ពេល ៣០​ ថ្ងៃ ដែល​បេឡា​ជាតិ​សន្តិសុខ​សង្គម​ត្រូវធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​៕