ភ្នំពេញៈ​ លោក​ លី ធុជ អនុប្រធាន​ទី​១ អាជ្ញា​ធរ​មីន​ បាន​អះអាង​ថា ​កម្ពុជា​ធ្វើជា​ប្រធាន​និង​ជា​ម្ចាស់ផ្ទះ​​នៃ​អនុ​សញ្ញា​អូ​តា​វ៉ាមិន​ត្រឹមតែ​ឆ្លុះ​បញ្ចាំង​ពី​ការ​លះបង់​របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​ការ​ប្តេជ្ញាចិ​ត្ត​រួមគ្នា​របស់​ប្រទេស​ជា​មិត្ត ​ដៃគូ​អភិវ​ឌ្ឍន៍ និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ដែល​នេះ​គឺជា​សមិទ្ធ​ផល​រួម​ក្នុង​ការរួម​ណែ​ក​ជំ​រុញឱ្យ​ពិភព​លោក​មួយ​ប្រកប​ដោយ​​សុវត្ថិ​ភាព និង​រួច​ចាក​ផុតពី​គំរាម​ដោយសា​រ​មីន​។​


​ការ​លើ​ក​ឡើ​ងរប​ស់លោក​ទេសរដ្ឋមន្ត្រី​ លី ធុជ បានធ្វើ​ឡើ​ងកា​លពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៣ ​នៅ​និវេសនដ្ឋា​ន​ឯកអ​គ្គរា​ជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជាក្នុ​ងឱ​កាស​ដែល​លោក​ធ្វើ​បទ​បង្ហាញ​ជូន​អង្គ​ទូត​ តំណាង​ស្ថាន​ទូត​ និង​ដៃគូ​អភិ​វឌ្ឍន៍​ប្រចាំ​កម្ពុជា​ ស្តី​ពី​ភាព​ជា​ប្រធាន ​និង​ម្ចាស់​ផ្ទះ​នៃ​អនុ​សញ្ញា​អូ​តា​វ៉ា ឆ្នាំ​២០២៤​។​

​លោក​លី ​ធុជ បា​នលើក​ឡើង​តាមរ​យៈ​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ថា ​លោក​បាន​ធ្វើ​បទ​បង្ហាញ​ជូន​ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​អភិវ​ឌ្ឍន៍​សកម្មភា​ព​មីន ស្តីពី​ភាពជា​​ប្រធាន និង​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ត្រួត​ពិនិ​ត្យ​ឡើងវិ​ញ​លើក​ទី​៥ នៃ​អនុ​សញ្ញា​អូ​តា​វ៉ា ឆ្នាំ​២០២៤​។​


​លោក​បាន​ថ្លែង​ថា៖«​ខ្ញុំ​បាន​ជម្រាប​ប្រាប់​ម្ចាស់ជំ​នួយ​ថា ​ការ​ជ្រើសតាំ​ង​កម្ពុជា​ជា​ប្រធាន​នៃ​អនុ​សញ្ញាគឺជា​​ការ
វា​យត​ម្លៃ​ខ្ពស់​របស់​សហ​គមន៍​អន្តរជា​តិ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​​រប​ស់រាជ​រដ្ឋាភិ​បាល​កម្ពុ​ជា ក្នុងកា​រ​ដោះ​ស្រាយ​បញ្ហា​មីន ​ក៏ដូចជា​សមត្ថ​ភាពរ​បស់​កម្ពុជា​ក្នុង​កា​រធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិកា​រណ៍​ដ៏​មាន​សារៈ​សំខាន់​ជាច្រើន​»​។

​លោក​ លី ធុជ បាន​បន្តថា​ ៖ «​​ភាពជា​ប្រធាន​របស់​កម្ពុជា មិន​ត្រឹមតែ​ឆ្លុះប​ញ្ចាំង​ពី​ការលះ​ប​ង់​របស់​កម្ពុជា​ ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​វា​បាន​ឆ្លុះ​បញ្ចាំង​ពី​ការប្តេជ្ញា​ចិ​ត្ត​រួមគ្នា​របស់​ប្រទេស​ជា​មិត្ត ​ដៃគូ​អភិវ​ឌ្ឍន៍ និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំងអ​ស់ ដែល​នេះ​គឺជា​សមិទ្ធ​ផល​រួម​ក្នុង​ការរួម​ណែ​ក​ជំ​រុញឱ្យ​ពិភព​លោក​មួយ ​ប្រក​បដោយ​សុវត្ថិ​​ភាព និង​រួច​ចាក​ផុតពី​គំរាម ​ដោយ​សារ​មីន​»​។ 


​សូម​បញ្ជាក់​ដែរ​ថា ​កម្ពុជា គឺជា​ប្រទេស​ដំបូង​គេ​បង្អស់​ស្ថិត​ក្នុង​តំបន់​អាស៊ី ​ដែល​ទទួលបា​ន​ការគាំ​ទ្រ និង​​សិទ្ធិ​ក្នុង​ការ​ធ្វើជា​ប្រធាន ​និង​ម្ចាស់​ផ្ទះ​នៃ​កិច្ចប្រ​ជុំ​ត្រួតពិ​និត្យ​ឡើងវិ​ញ​នៃ​អនុសញ្ញា​​អូ​តា​វ៉ា ដែល​កម្ពុជា​ប្រសិទ្ធ​នាម​ថា កិច្ច​ប្រជុំ​កំពូល​សៀ​មរាប​-​អង្គរ​ស្តីពី​ពិភព​លោក​មួយ​ដែល​គ្មាន​មីន​ដោយ​មាន​ប្រទេស​ប្រមាណ​២០០​និង​អ្នកចូ​លរួម​ប្រហែ​ល ៧០០នាក់​មកពី​ជុំវិញ​ពិភ​ពលោក​។​

​លោក​ លី​ ធុជ ​បាន​ឱ្យ​ដឹង​ថា​ កិច្ច​ប្រជុំ​កំពូល​សៀម​រាប​-​អង្គរ​ នា​ពេល​ខាង​មុខ ​អាជ្ញាធរ​មីន​កំពុង​បង្កើត​គណៈ​កម្មការ​អន្តរ​ក្រសួង និង​អនុ​គណៈក​ម្មការ​យ៉ាង​សកម្ម ​ដើម្បី​រៀបចំ​យុទ្ធ​សាស្ត្រ និង​សម្រប​សម្រួល​គ្រប់​ផ្នែក​ទាំង​អស់​នៃ​ព្រឹត្តិ​ការណ៍​នេះ​។ ការ​ធ្វើ​ផែន​ការ​យ៉ាង​ហ្មត់​ចត់​នេះ​ ត្រូវ​គិត​ចាប់​ពី​ផ្នែក​ដឹក​ជញ្ជូន ​រដ្ឋបាល ​សន្តិ​សុខ សុខ​ភាព បដិ​សណ្ឋារ​កិច្ច​ និង​ហិរញ្ញ​វត្ថុ ដោយ​ធានា​ថា​រាល់​ព័ត៌​មាន​លម្អិត​ទាំង​អស់​ត្រូវ​បាន​បំពេញ​តាម​តម្រូវ​ការ​ចាំ​បាច់​។​

​លោក​បាន​ថ្លែង​ថា ៖ «​ក្នុង​នាម​ជា​ប្រធាន ​កម្ពុ​ជាមាន​កា​រទទួល​ខុស​ត្រូវ​សំខាន់ៗ ​ដោយ​ធ្វើជា​អធិប​តី​កិច្ចប្រ​ជុំ​ទៀង​ទាត់​នៃ​គណៈ​កម្មាធិ​ការ​ចំនួន​៥​និង​ក្រុម​សម្រប​សម្រួល​សកល​ភាវូបនី​យកម្ម​នៃ​អនុ​សញ្ញា​ប្រកប​ដោយ​ភាព​ច្បាស់​លាស់ ​និង​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​»​។ 

​លោក លី​ ធុជ ថា ៖ «​ដើម្បី​ភាពជោ​គជ័​យ​ក្នុង​នាម​ជា​ប្រធាន ​និង​ម្ចាស់​ផ្ទះ​ឆ្នាំ​២០២៤ នៃ​អនុស​ញ្ញា ក្នុង​នាម​សម្តេច​ធិបតី​ ហ៊ុន ម៉ា​ណែ​ត ខ្ញុំ​បាន​ស្នើ​សុំឱ្យ​មាន​ការ​ចូល​រួម​គាំទ្រ​ប្រកប​ដោយ​សប្បុ​រស និង​ស្មោះ​ស្ម័គ្រ​ពី​ប្រទេស​ជា​មិត្ត ដៃគូ​អភិ​វឌ្ឍន៍ និង​គ្រប់​ភាគី​ពាក់​ព័ន្ធ​ ដែ​លជា​មិត្ត​ល្អ​របស់​កម្ពុជា​ ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង ​ជំរុញ​ការ​ប្តេជ្ញាចិ​ត្ត​រួមគ្នា​ឆ្ពោះ​ទៅរក​ការសម្រេច​បាន​នូវ​ការផ្លាស់ប្តូ​រ​​យូរអ​ង្វែង​នៅលើ​ឆាក​ស​កល​ក្នុង​ចក្ខុវិ​ស័យ​រួម​»​។​

​សូម​បញ្ជាក់ថា​ ក្នុង​កិច្ច​ប្រជុំ​កំពូល​សៀម​រាប​-​អង្គរ​ នឹងមា​ន​ការ​ត្រួត​ពិនិត្យ​ផែនកា​រ​សកម្មភា​ព​ទីក្រុង​អូ​ស្លូ​ឆ្នាំ​២០១៩ ​កែល​ម្អ​ផែន​ការ​យុទ្ធ​សាស្ត្រ និង​ការប​ង្កើត​សេចក្តី​ថ្លែង​ការណ៍​កម្រិត​ខ្ពស់​សៀម​រាប​-​អង្គរ​ និង​ផែន​ការ​សកម្ម​ភាព​សៀម​រាប​-​អង្គរ​ ៥​ ឆ្នាំ ដែល​ឯក​សារ​ទាំង​នេះ ​នឹង​ណែនាំ​ឱ្យ​រដ្ឋ​ភាគី ​និង​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់ យក​ទៅ​អនុវត្ត​សម្រាប់​រយៈ​ពេល ​៥ ​ឆ្នាំ ត​ទៅ​មុខ​ទៀត​ សម្រាប់​ឆ្ពោះ​ទៅ​រក​ពិភព​លោក​មួយ​ដែល​គ្មាន​មីន​៕