ភ្នំពេញៈ កម្ពុជា​ និង​ប្រទេស​អា​ស៊ាន ​៩​ ផ្សេង​ទៀត ​បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​សា្ថន​ភាព​ និង​និន្នា​ការ​គ្រឿង​ញៀន​នៅក្នុង​បណ្តា​ប្រទេស​អាស៊ាន និ​ង​ពង្រឹង​កិ​ច្ចស​ហប្រតិ​បត្តិការ​បន្ថែម​ដើម្បី​ទប់ស្កាត់​ការ​ចរាចរ​គ្រឿង​ញឿន​ក្នុង​ចំណោម​ប្រទេស​អា​ស៊ាន​។​


​ការ​ត្រួត​ពិនិត្យ​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​លើក​ទី​៨ របស់​ក្រុម​ការងារ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​អាស៊ាន​ប្រចាំ​កំពង់​ផែ​តាម​ប្រព័ន្ធ​អន​ឡាញ​នា​ថ្ងៃទី​១៣ ​ខែធ្នូ ដែល​រៀបចំ​ដោយ​គណ​:​កម្ម​ការ​ជាតិ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​នៃ​ប្រទេស​ឡាវ ​ដែល​ជា​ប្រធាន​ប្តូរ​វេន​។​

​លោក​ ឃ​ន តារា​សម្បត្តិ ប្រធាន​នាយ​កដ្ឋាន​អនុវត្ត​ច្បាប់បាន​ដឹក​នាំ​ក្រុម​ការងា​ជំនាញ​មកពី​នាយក​ដ្ឋាន​ និង​មន្ទីរពិ​សោធន៍​ពាក់​ព័ន្ធនៃ​អគ្គ​លេខាធិ​ការ​ដ្ឋាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ចូល​រួម​កិច្ច​ប្រជុំ​នេះ​។​


​កិច្ច​ប្រជុំ​នេះ​មាន​សមាស​ភាព​ចូលរួ​ម​ពី​បណ្តា​ប្រទេស​សមា​ជិក​អា​ស៊ាន​ទាំង​១០ ដែល​រួមមាន​ប្រទេសប៊្រុយ​ណេ​, កម្ពុជា​, ឥណ្ឌូ​នេស៊ី​,ឡាវ​,ម៉ាឡេ​ស៊ី​,​មី​យ៉ាន់​ម៉ា​, ហ្វីលី​ពីន​, សិង្ហ​បុរី​, ថៃ និង វៀត​ណាម និង​មន្ត្រី​លេខាធិ​កា​រដ្ឋាន​
អា​ស៊ាន​។​

​យោង​តាម​សេចក្តី​ប្រកាស​របស់អគ្គ​លេខា​ធិ​ការ​ដ្ឋាន​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​បញ្ជាក់​នៅ​ថ្ងៃទី​១៣ ​ធ្នូ ថា​៖ «​កិច្ច​ប្រជុំ​ខាង​លើ​មាន​គោល​បំណង​ពិនិត្យ​សា្ថ​នភា​ព និង​និន្នា​ការ​គ្រឿង​ញៀន​នៅ​ក្នង​បណ្តា​ប្រទេស​អាស៊ាន​បញ្ហា​ប្រឈម​ក្នុង​សកម្ម​ភាព​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ​ករណី​សិក្សា​បទ​ល្មើស​គ្រឿង​ញៀន​តាម​ផ្លូវ​សមុទ្រ​[​និង​]​កិច្ច​សហ​ប្រតិប​ត្តិការ​នៅ​ថ្ងៃ​អនា​គត​»​។​


​កិច្ច​ប្រជុំ​នេះ​ក៏​ធ្វើ​បញ្ជី​បច្ចុប្បន្ន​នៃ​មន្ត្រី​ទំនាក់​ទំនង​របស់​ក្រុម​ការ​ងារ​នេះ​ផងដែ​រ​។​

​លោក ​យង់​ ពៅ អគ្គ​លេខាធិ​ការ​នៃ​រាជ​បណ្ឌិត្យស​ភាកម្ពុជា ​ថ្លែងថា​បញ្ហា​គ្រឿង​ញៀន​ឆ្លងដែន​នេះ​ក្នុង​បណ្តា​
រដ្ឋ​អាស៊ាន​នេះ​ជា​បញ្ហា​ធំ​ជា​ពិសេស​ទៅលើ​ប្រទេស​កម្ពុជា​តែម្ដង​។ ឥឡូវ​គ្រឿង​ញៀន​កំពុងតែ​រីក​សាយ​ភាយ​ទៅ​ដល់​ចុង​កាត់មា​ត់ញ​ក​។ នេះ​ជា​បញ្ហា​មួយ​ដែល​បំផ្លាញ​ខួរ​ក្បាល​មនុស្ស​បំផ្លាញ​សុខភាព​មនុស្ស​បំផ្លាញ​សេដ្ឋ​កិច្ច​របស់​កម្ពុជា ​ក៏​ដូច​ជា​អាស៊ាន​ដែរ​។​

​ជាមួយគ្នាលោក​ស្នើ​ឱ្យ​រដ្ឋ​សមាជិក​អាស៊ាន​​មាន​វិធាន​ការ​ជាក់​ស្តែង​ទៅលើ​បញ្ហា​គ្រឿង​ញៀន​នេះ​កុំឱ្យ​មានតែ​ការប្រជុំនិង​មាន​តែ​សារ​នយោ​បាយ​ប៉ុន្តែ​ការ​អនុវត្ត​ជាក់​ស្ដែង​មិនមាន​។​ មួយវិញទៀត​លោក​ក៏​សុំឱ្យ​រដ្ឋ​សមាជិក​អាស៊ាន​រក​សេណា​​រី​យោ​ក្នុង​ការ​អនុវត្ត​ជាក់​ស្ដែង​ដើម្បីទប់​ស្កាត់​ចរាចរ​ណ៍គ្រឿង​ញៀន​ក្នុង​អន្តរ​អាស៊ាន​នេះ​ទើប​អាច​ជួយ​សម្រាល​បន្ទុក​នៃ​ការរីក​រាល​ដាល​គ្រឿង​ញៀន​នៅ​គ្រប់​បណ្ដា​ប្រទេស​ទាំង​អស់​។
 
​លោក​ យង់ ពៅ ​បាន​បញ្ជាក់​ថា​៖«​គ្រឿង​ញៀន​នេះ​វា​គ្រោះ​ថ្នាក់​សឹង​តែ​នឹង​ស្មើ​ជំងឺ​កូ​វីដ១៩​ ដែរ​ពីព្រោះ​បើចូល​ក្នុង​ខ្លួន​មនុស្ស​ហើយ​វា​នៅ​ហ្នឹង​ហើយ​មិន​អាច​ផ្តាច់​បាន​។ មនុស្ស​នឹង​បាត់​បង់​បញ្ញា​ស្មារតី​កម្លាំង​ពលំ​សរីរាង្គ​កាយ​ ហើយ​ឈាន​ទៅ​ដល់​រីងរៃ ​ជំងឺ​រ៉ាំរ៉ៃ​ទៅ​ទៀត​។ អ៊ីចឹង​សូមឱ្យ​បណ្ដា​រដ្ឋ​សមា​ជិក​អាស៊ាន​ទាំង​អស់​មាន​វិធាន​ការ​ជាក់​ស្តែង​ជា​ជាង​គ្រាន់​តែ​ប្រជុំ​ហើយ​បង្កើត​សារ​នយោ​បាយ​គ្រាន់​តែ​ពីរោះ​ស្ដាប់​»​។​

​កាល​ពី​សប្តាហ៍​មុន លោក នេ​ត សាវឿន ឧបនា​យករ​ដ្ឋមន្ដ្រី និង​ជា​ប្រធាន​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ក្រើន​រំឭក​ជាថ្មី​ដល់​មន្ដ្រី​ទាំង​អស់​របស់​អគ្គ​លេខា​ធិ​ការ​ដ្ឋាននៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ត្រូវ​បង្កើន​ការ​សិក្សាស្រា​វជ្រាវ និង​ណែនាំ​ដល់​អាជ្ញា​ធរ​ថ្នាក់ក្រោ​ម​ជាតិ ​និង​ដឹកនាំ​អនុវត្ត​ការងារ​ផ្សព្វ​ផ្សាយ និង​អនុវត្ត​ច្បាប់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​។

​លោក​បាន​ប្រៀប​ប្រដូច​កា​រប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀ​ន​នៅ​កម្ពុជា​ ដូចគ្នា​ទៅនឹង​ការ​ប្រយុទ្ធ​ក្នុង​សមរ​ភូមិ​សង្គ្រាម​ដែរ​ដោយលោក​បាន​ផ្ដល់​អាទិ​ភាព​ខ្ពស់​លើ​ការងារ​ផ្សព្វ​ផ្សាយ​អប់រំ​ទៅកាន់​គ្រប់​មជ្ឈ​ដ្ឋាន​ ដែលជា​ចំណែក​មួយ​ដ៏​សំខាន់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​ស្រប​តាម​គោល​នយោ​បាយ​របស់
​រាជ​រដ្ឋាភិ​បាល​កម្ពុជា​។​

​លោក​បន្ត​ថា កា​រផ្សព្វ​ផ្សាយ​ អប់រំ​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​យល់​ដឹង​ពី​ផល​ប៉ះពាល់ ​និង​គ្រោះ​ថ្នាក់​នៃ​គ្រឿង​ញៀន ​និង​ល្បិច​កល​របស់​ក្រុម​ឧក្រិដ្ឋ​ជន​គឺជា​ការងារ​សំខាន់​ចាំ​បាច់​បំផុត​ក្នុង​នោះ​គឺត្រូវធ្វើ​ការកែ​ទម្រង់​យន្ដការ​ផ្សព្វ​ផ្សាយ អប់រំ​មួយ​ចំនួ​ន ដែល​មិន​ទាន់​មាន​ប្រសិទ្ធ​ភាពខ្ពស់ ​ដោយ​ត្រូវ​ប្រើប្រាស់​យន្ដ​ការ​ថ្មីៗ ធ្វើ​បែបណា​ឱ្យ​មហា​ជន​ទូទៅ​ឆាប់​ចាប់​អារ​ម្មណ៍ ទទួល​យក​បាន ​ពិសេស​ក្នុង​ចង្កោម​យុវ​ជន ​ដែល​ជា​មុខ​សញ្ញា​ងាយ​រង​គ្រោះថ្នា​ក់​។ 

​លោ​ក នេ​ត សាវឿន បាន​ថ្លែង​ថា «​ខ្ញុំ​ឃើញ​អាទិ​ភាព​ទី​១ គឺ​កិច្ចការ​ផ្សព្វ​ផ្សាយ​អប់រំ​ដោយ​ត្រូវ​រួម​សហកា​រ​គ្នា​ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​គុណភា​ព​ប្រជា​ពលរដ្ឋ​យើង​យល់ដឹ​ង​។ អគ្គលេខា​ធិ​ការដ្ឋា​ន​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន នាយ​កដ្ឋា​ន​ជំនាញ ​ត្រូវ​សិក្សា​ពី​ផែន​ការ ​ខ្លឹមសារ រក​វិធីសាស្ដ្រ​ថ្មី​ដែល​ពេញ​និយម​ងាយស្រួ​ល​ប្រ​ជាពលរដ្ឋ​តាមដា​ន​»៕