ភ្នំពេញៈលោ​ក​ទេសរ​ដ្ឋមន្ត្រី ថោង ខុន ប្រធាន​គណៈ​កម្មាធិកា​រ​ជាតិ​អូឡាំពិ​ក​កម្ពុជា (NOCC) បាន​លើក​ទឹ​កចិត្តនិង​ជំរុញ​គណៈ​កម្មា​ធិការ​ប្រតិ​បត្តិ​អាណត្តិ​ទី​២​របស់​សហ​ព័ន្ធ​កីឡា​ប៊ូ​លីង​កម្ពុជាឱ្យ​រៀបចំ​ផែនការ​យុទ្ធសា​ស្ត្រ​អភិវឌ្ឍន៍​ប្រភេទ​កីឡា​នេះ​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាពដើម្បី​ពង្រឹង​គុណភាព​កីឡាក​រ កី​ឡាការិនីដើម្បី​ចូល​រួម​ការប្រកួត​អន្តរជាតិជា​ពិសេស​ស៊ី​ហ្គេមលើ​ក​ទី​៣៣ ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​។​

​បើ​ទោះបី​ជា ​គណៈ​កម្មា​ធិការ​ប្រតិបត្តិ​អាណត្តិ​ទី​១​របស់​សហ​ព័ន្ធ​កីឡា​ប៊ូ​លីង​កម្ពុជាពី​ឆ្នាំ​២០១៩​ ដល់​ឆ្នាំ​២០២៣​ មាន​ពេល​វេលា​ប្រមាណ​២​ឆ្នាំក្នុង​ការ​បំពេញ​បេសក​កម្ម​ការងារ​រប​ស់ខ្លួន​ ព្រោះ​មាន​ការ​រំខាន​ដោយសា​រ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ ប៉ុន្តែ​លោក​ ថោង ខុន បាន​កោតសរ​សើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រប​ស់​សហ​ព័ន្ធ​នេះ​ដែល​បាន​ជំរុញ​ការ​អភិវឌ្ឍ​កីឡា​ប៊ូ​លីង​នៅ​កម្ពុជា ក្នុង​អាណត្តិ​ទី​១ ក្នុង​រយៈពេល​៤​ឆ្នាំ​មក​នេះ​។​

​ជាមួ​យគ្នា​នេះ ស​ហព័ន្ធ​កីឡា​ប៊ូ​លីង​កម្ពុជា​បាន​រៀបចំ​សន្និ​បាត​បញ្ចប់​អាណត្តិ​ទី​១និង​បន្ត​អាណត្តិ​ទី​២ ​ឆ្នាំ​២០២៤-២០២៧ ​នៅ​សាល​ប្រជុំ​នាយក​ដ្ឋាន​អប់រំ​កាយ​ និង​កីឡា​នៃ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំ​ពិក​កាលពី​ព្រឹក​ថ្ងៃទី​១៣​ ខែធ្នូ ​ហើយ​ជា​លទ្ធ​ផល​នៃ​ការបោះ​ឆ្នោត​​នោះ ​លោក លី សៀង​ហុង នៅតែ​បន្ត​ជាប់​ជា​ប្រធាន​សហ​ព័ន្ធ ចំណែក​លោក ​អ៊ុក សិទ្ធិ​ជាតិ លោក​ ជី​ សិលា លោក​ ប៉ែន វុទ្ធី និង​​លោក Leon Lim ជា​អនុ​ប្រធាន​ រីឯ​លោក ឃុន វ​ង្សឺ​នី ជា​អគ្គ​ហេរ​ញ្ញិក  ​លោក ឆាយ ​កៀក ជា​អគ្គ​លេខាធិ​ការ ​លោក សុខ អាង ជា​អគ្គ​លេខា​ធិការ​រង ​ចំណែក​លោក ឡា​ច ច័​ន្ទដារ៉ា​ អ្នកស្រី ​ឃួន​ ស្រីមុំ និង​អ្នក​ស្រី ​រុន សុភា​វី ជា​សមា​ជិក​។​


​ទន្ទឹ​មនឹង​នោះ ​លោក លី សៀង​ហុង បាន​អះ​អាង​ថា ការ​បំពេញ​ការងារ​រ​យៈ​ពេល​៤​ឆ្នាំក្នុង​អាណត្តិ​ទី​១បាន​ល្អ ដោយ​បាន​បន្ត​ពង្រឹង និង​ពង្រីក​អភិ​វឌ្ឍ​ចលនា​កីឡា​ប៊ូ​លី​ឱ្យ​មាន​ការរីក​ចម្រើន​ទៅមុខ​។ លោក​បាន​បញ្ជាក់ថា​​៖ «​ខ្ញុំ​សូម​​កោតស​រសើ​រ និង​វាយត​ម្លៃ​ខ្ពស់ ចំ​ពោះ​កិច្ចខិត​ខំ​ប្រឹង​ប្រែង​រប​ស់​គណៈ​កម្មាធិ​ការ​ប្រតិប​ត្តិ​សហព័​ន្ធ​កីឡា​ប៊ូ​លីង​កម្ពុជា ​សមាគ​ម ក្លិប​​កីឡា​ប៊ូ​លីង​នៅ​រាជ​ធានី ខេ​ត្ត និង​អ្នក​ពាក់​ព័ន្ធ​ផ្សេងៗ​ទៀត ដែល​ស​ហកា​រគ្នា​ពង្រឹង ​និង​ពង្រីក​វិស័យ​កីឡា​ប៊ូ​លីង​នៅ​កម្ពុជា ​ឱ្យ​មាន​កា​ររីក​ចម្រើន​ដូច​នៅ​បណ្តា​ប្រទេស​នានា នៅ​ក្នុង​តំបន់​»​។
 
​យ៉ាងណា​ក៏​ដោយ ​នៅក្នុង​អាណត្តិ​ទី​២​នេះ ​លោក​ ថោង ខុ​ន បាន​លើក​ទឹកចិ​ត្ត និង​ជំរុញ​សហ​ព័ន្ធ​កីឡា​ប៊ូ​លីង​កម្ពុជា ​ឱ្យ​ខិតខំ​​អភិវឌ្ឍ​កីឡា​ប៊ូ​លីង​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភា​ព និង​គុណ​ភាព​ថែម​ទៀត​ ដោយ​លោក​បាន​ផ្តល់​អនុសាសន៍​ណែនាំ​ចំនួន​៥​ចំណុច ទី​១ ​សហព័ន្ធ​កីឡា​ប៊ូ​លីង​កម្ពុជា ​ត្រូវ​រៀបចំ​ផែនកា​រ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​កីឡា​ប៊ូ​លីង ស​ម្រាប់​អាណត្តិ​ទី​២ ឆ្នាំ​២០២៣-​២០២៧​ ដោយ​កំណត់​ចក្ខុវិ​ស័យ បេ​សកកម្ម​ គោល​ដៅ​យុទ្ធ​សាស្ត្រ និ​ង​សូ​ចនាករ​វាស់​វែង​ឱ្យបា​ន​ច្បាស់លា​ស់​ជា​មួយ​យន្តកា​រ​អនុ​វត្ត​ យន្ត​ការ​ការ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ និង​ប្រភព​ធន​ធាន​សមស្រ​ប​។​

 ចំណុច​ទី​២ ត្រូ​វ​ពង្រឹង​អភិបាល​កិច្ច​​ល្អ ​សម្រាប់​សហ​ព័ន្ធ ​ដោយ​អនុ​លោម​ទៅ​តាម​គោល​ការណ៍​មូល​ដ្ឋាន​ជាស​កល​ ស្តីពី​អភិ​បាល​កិច្ច​ល្អ​របស់​គណៈ​កម្មាធិ​ការ​អូឡាំពិ​ក​អន្តរ​ជាតិ រួមមា​ន ត​ម្លាភាព​, គណ​នេយ្យភា​ព​, ដំណើរកា​រ​ប្រជាធិប​តេយ្យ​, សាមគ្គី​ភាព និង​ស្វ័យភា​ព ​ហើយ​ទី​៣ សហ​ព័ន្ធ​ ត្រូវ​រៀបចំ​អភិ​វឌ្ឍ​កម្មវិធី​ជ្រើសរើ​ស​អត្ត​ព​លិ​ក​ឆ្នើម ​សម្រាប់​អត្ត​ព​លិ​ក​យុវជន​ថ្នាល​ និង​អត្ត​ព​លិ​ក​កម្រិត​ខ្ពស់ ​ដើម្បី​ឈាន​ទៅ​ធ្វើការ​ប្រមូល​ផ្តុំ​ក្នុង​ក្រុម​ជម្រើស​ជាតិ ​ត្រៀម​ចូលរួម​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរ​ជាតិ ​ជាពិសេ​ស​ការ​ប្រកួត​ស៊ី​ហ្គេម ​ឆ្នាំ​២០២៥ នៅ​ប្រទេស​ថៃ​។​


​ជុំវិញ​ចំណុច​ទាំ​ងនេះ​ លោក ​ថោង ខុន បាន​បន្ថែម​ថា​៖ «​សម្រាប់​ការធ្វើ​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ យើង​មិន​បាន​ដាក់​កីឡា​ប៊ូ​លីង​ចូល​ទេ ​ដោយ​សារ​យើង​នៅ​ថ្មី​ពេក ​ប៉ុន្តែ​ស៊ី​ហ្គេម ឆ្នាំ​២០២៥ ​នៅ​ថៃ គឺ​មាន​ប្រភេទ​កីឡា​នេះដែរ ​អ៊ីចឹង​ការធ្វើ​មហា​សន្និ​បាត​នេះ វា​ត្រូវ​ពេល​ណាស់ ​ដែល​យើង​ត្រូវតែ​មាន​ការ​ខិតខំ​ប្រឹង​ប្រែង ​ពិសេស​ត្រូវមាន​ផែនការ​ច្បាស់​លាស់ ក្នុង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ​ព្រោះ​ការប្រ​កួត​កីឡា​អាស៊ី​ ឆ្នាំ​២០២៦ ​ម្ចាស់​ផ្ទះ​ជប៉ុន ក៏​កំពុង​សម្រប​សម្រួល​ឱ្យ​មាន​កីឡា​ប៊ូ​លីង​ផងដែរ ​ហេតុនេះ​​បើ​យើង​មានការ​សហ​ការ​ជិត​ស្និទ្ធ​ជាមួ​យ​ជប៉ុន គឺ​កីឡា​ប៊ូ​លីង អា​ច​នឹង​បញ្ចូល​ទៅក្នុ​ង​ការប្រ​កួត​កីឡា​អាស៊ាន​ បា​ន​»​។​

​ដោយ​ឡែក​​ចំពោះ​ចំណុច​ទី​៤ លោក ​ថោង ខុន បាន​ជំរុញ​​ឱ្យ​សហព័​ន្ធ ត្រូវ​ពង្រឹង និ​ង​ពង្រីក​ក្លិប​កីឡា​ប៊ូ​លីង​នៅ​កម្ពុជា​តាម​រយៈ​ការជំ​រុញ​បង្កើន​ការចូ​លរួ​ម​សម្រាប់​យុវជ​ន ជាមួយ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាស​ម្ព័ន្ធ​កីឡា​ប៊ូ​លីង​ទាំង​បរិមាណ​ និង​គុណ​ភាព ​ហើយ​ទី​៥ ត្រូវ​រៀបចំ​កម្ម​វិធី​បណ្តុះ​បណ្តាល​មន្ត្រី​បច្ចេក​ទេស និង​មន្ត្រី​រៀបចំ​ការ​ប្រកួ​ត ដើម្បី​ធានា​នូវ​ការរៀ​បចំ​ព្រឹត្តិ​ការណ៍​ប្រកួត​ជា​លក្ខណៈ​ជាតិ​ និង​អន្តរ​ជាតិ​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់ ​ដោយ​អនុលោ​ម​តាម​បទ​ប្បញ្ញ​ត្តិ​របស់​សហ​ព័ន្ធ​កីឡា​ប៊ូ​លីង​អន្តរ​ជាតិ​។​

​ជា​មួយ​ការ​ផ្តល់នូ​វ​អនុសា​សន៍​ណែនាំ​នេះ ​លោក ​ឆាយ កៀក​ អគ្គ​លេខាធិ​ការ​សហ​ព័ន្ធ​កីឡា​ប៊ូ​លីង​កម្ពុជា បាន​ថ្លែង​ថា​៖ «​ដូច​អ្វីដែ​ល​ឯក​ឧត្តម​ទេសរ​ដ្ឋមន្ត្រី​ ថោង ខុន ​ប្រធាន ​NOCC មានប្រ​សាស​ន៍ គឺ​យើង​ត្រូវ​រៀបចំ​ផែន​ការ​យុទ្ធ​សាស្ត្រ​ឱ្យ​បាន​ច្បាស់​លាស់ ​និង​ត្រូវ​ធ្វើ​សក​ម្មភាព​ឱ្យបា​ន​លឿន​បំផុត ​ដើម្បី​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​​២០២៥ ​ព្រោះ​យើង​មិន​ទាន់​មាន​ក្រុម​ជម្រើស​ជាតិ​ទេ ​អ៊ីចឹង​នៅ​ដើម​ឆ្នាំ​២០២៤ យើ​ង​នឹង​រៀបចំ​ការ​ប្រកួត​ជើងឯ​ក​ថ្នាក់ជា​តិ រួច​ស្នើសុំ​ទៅ​ក្រសួង​អប់រំ យុវជន ​និង​កីឡា ​ធ្វើការ​ប្រមូល​ផ្តុំ​ជា​ជម្រើស​ជាតិ​ ដើម្បី​ពង្រឹង​ការហ្វឹក​ហាត់​ដល់​អត្ត​ព​លិ​ករ​បស់​យើង​បុក​ទៅ​ឆ្នាំ​២០២៥​នោះ​តែ​ម្តង​»៕