សៀមរាបៈ​ក្នុង​ឱកាស​ដឹក​នាំ​ក្រុ​មការងារ​ចុះ​ទស្សន​កិច្ច និង​ចូលរួម​ពិធី​ផ្សព្វ​ផ្សាយ​ឯកសារ​ស្តីពី​ស្តង់​ដា​សា​លារៀន​គំរូនៅ​វិទ្យា​ល័យ​អង្គរ​ ខេត្ត​សៀម​រាប ​កាល​ថ្ងៃទី​១២ ​ខែធ្នូ ​លោក ហង់​ជួន ណា​រ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន និង​កីឡា​បាន​ជំរុញ​ឱ្យ​គណៈ​គ្រប់​គ្រង​សាលា​ទាំង​អស់​ត្រូវ​បន្ត​ឆន្ទៈ​សិក្សា​ស្រាវ​ជ្រាវ​ បំពាក់​បំប៉ន​សមត្ថ​ភាព​ជា​ប្រចាំ ដើម្បី​អាច​ផលិត​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណ​ភាព​បន្ថែម​ទៀត​។​


​លោក​បាន​លើក​ឡើង​ថា ​ដើម្បី​ពង្រឹង​គុណ​ភាព​អប់រំ គឺ​ទាម​ទារ​ការ​យក​ចិត្តទុក​ដាក់​លើ​កត្តា​សំខាន់​ចំនួន​ ៤ គឺ សាលា​រៀន គ្រូ​បង្រៀន សិស្ស​ និង​គ្រួសារ​។​ហេតុ​ដូច្នេះ​គណៈ​គ្រប់​គ្រង​សាលា​ត្រូវ​បន្ត​ឆន្ទៈ​សិក្សា​ស្រាវ​ជ្រាវ​បំពាក់​បំប៉ន​សមត្ថ​ភាព​ជា​ប្រចាំ​ ដើម្បី​អាច​ផលិត​ធន​ធាន​មនុស្ស​ប្រកប​ដោយ​គុណ​ភាព​ត្រូវ​នឹង​សម័យ​កាល​។​

​លោក​ ហង់​ជួន ណា​រ៉ុ​ន បាន​បញ្ជាក់​នថា​៖«​សារៈ​សំខាន់​នៃ​ការ​វិនិយោ​គ​លើ​ធនធាន​មនុស្ស​ឱ្យ​រឹងមាំ ​ជា​កត្តា​ចម្បងជំ​រុញឱ្យ​ប្រទេស​មួយ​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន​ទៅមុខ​បាន​ ខណៈ​មរតក​អគារ​សិក្សា​ស្តង់​ដា​តេ​ជោ​ដែល​បាន​សាង​សង់​ឡើង​នៅ​ទូទាំង​ប្រទេស​ក្នុង​រយៈ​ពេល​ជាង​២​ទសវត្ស​រ៍មក​នេះក៏​កំពុង​ត្រូវ​បាន​ប្រើ​ប្រាស់​បម្រើ​ជា​ប្រយោ​ជន៍​ដល់​សហ​គមន៍​ក៏ដូច​ជា​ចូល​រួម​ចំណែក​ពង្រឹង​គុណ​ភាព​អប់រំ​នៅ​កម្ពុជា​ជាច្រើន​ឆ្នាំ​ទៅមុខ​ទៀត​ផងដែរ​»​។​


​ប្រធាន​សហ​ព័ន្ធ​សេវា​អប់រំ​កម្ពុជា​លោក​ គង់ សំនៀង ​នៅ​ថ្ងៃទី​១៣ ខែធ្នូ បាន​បង្ហាញ​ការ​គាំទ្រ​ទៅ​លើ​យុទ្ធសា​ស្ត្រ​ថ្មី​របស់​ក្រសួង​អប់រំ​ក្នុង​ការ​ជំរុញ​គណៈ​គ្រប់​គ្រង​សា​លា​ត្រូវ​ពង្រឹង​សមត្ថ​ភាព​ជា​ប្រចាំ​ដើម្បី​ឱ្យមាន​កា​រកសាង​សមត្ថ​ភាព​សិស្សានុ​សិស្ស​បន្ថែម​ទៀត​ ដោយ​លោក​ថ្លែង​ថា​ បើ​យុវជន​មាន​សមត្ថ​ភាព​នឹង​ក្លាយ​ជា​ធន​ធាន​សំខាន់​ ឆ្លើយ​តប​ដល់​ការ​ជំរុញ​កំណើន​សេដ្ឋ​កិច្ច​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ដើម្បីឱ្យ​យុវជន​ល្អ ​ស្អាត ​ក្លាយជា​មូលធន​មួយ​បាន គឺ​ទាល់​តែ​យើង​ត្រូវ​ផ្តោត​ខ្លាំង​ទៅលើ​ការ​ពង្រឹង​សមត្ថ​ភាព​អ្នក​បណ្តុះ​បណ្តាល​យុវជន​ឱ្យ​ខ្លាំង​ដែរ ​ព្រោះ​ជា​កាតាលី​ករ​សំខាន់​មួយ​ឈាន​ទៅ​ពង្រឹង ក៏​ដូច​ជា​ជួយ​កសាង​សមត្ថ​ភាព​សិស្សានុ​សិស្ស​នៅ​តាម​សាលា​នានា​ ដែលជា​ធនធាន​មនុស្ស​មួយ​ដែល​មាន​គុណ​ភាព​ឱ្យ​ស្របតាម​សម័យ​កាល​ឌីជី​ថល​ទៅ​បាន​»​។​


​បើ​តាម​ក្រសួង​អប់រំ នៅ​ក្នុង​គោលន​យោ​បាយ​របស់​រដ្ឋា​ភិ​បាល​នីតិ​កាល​ទី ៧​នេះ ​បាន​កំណត់​យក​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជា​វិស័យ​អាទិ​ភាពដែល​ក្នុង​នោះ​មាន​វិធាន​គន្លឹះ៤គឺការ​ពង្រឹង​អភិ​បាល​កិច្ច​សាលា​រៀន​,ការ​ពិនិត្យកែ​សម្រួល​ និង​រៀបចំ​កម្ម​វិ​ធីសិក្សា និង​សកម្ម​ភាព​ក្រៅ​ម៉ោង​សិក្សា​, ការ​យក​ចិត្តទុក​ដាក់​លើ​សុខ​ភាព​របស់​សិស្ស ​និង​ភាពជា​ដៃគូ​រដ្ឋ និង​សហ​គមន៍​ដើម្បី​លើក​កម្ពស់​ការ​អប់រំ​។​

​ក្រៅ​ពីនេះ ​ដើម្បី​អភិវឌ្ឍ​សមត្ថ​ភាព​ធន​ធាន​មនុស្ស​កម្ពុជា​ឱ្យមាន​លទ្ធ​ភាព​ ក្រសួង​អប់រំ​ក៏​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ស្តង់​ដា​សាលា​គំរូ ​ចំនួន៥ ​ក្នុងនោះ​រួម​មាន​ ទី​១-លទ្ធ​ផល​សិក្សា​របស់​សិស្ស​  ទី​២-​ការ​បង្រៀន​និង​រៀន ទី​​៣-ការ​ចូល​រួម​របស់​ស​ហគ​មន៍ ​ទី​៤-ដំណើរ​ប្រតិ​បត្តិកា​រ​និង​រដ្ឋ​បាល​សា​លារៀ​ន និង​ទី​៥-គណនេយ្យ​ភាព​របស់​សា​លារៀ​ន​ដែល​ត្រូវ​បាន​ដាក់​ចេញ​តប​តាម​អនុ​សាសន៍​របស់​លោកនាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ា​ណែ​ត​។​

​ក្រសួង​មាន​ការ​ជឿ​ថា តាម​រយៈ​ស្តង់​ដា​សាលា​គំរូ​នេះ​នឹង​ឈាន​ទៅ​លើក​កម្ពស់​គុណ​ភាព​អប់រំ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត ​៕