ភ្នំពេញៈ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​លើកឡើងថា ការវិនិយោគ និង​ការ​ផ្តល់ឱកាស ក៏ដូចជា​អំណាច​ឱ្យ​យុវជន​អភិវឌ្ឍ​សក្តានុពល​របស់ខ្លួន​បាន​ពេញលេញ ក្នុងការ​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​លើ​គ្រប់​វិស័យ គឺ​នឹង​ធ្វើឱ្យ​យុវជន​នឹង​ក្លាយទៅជា​អ្នកដឹកនាំ​ជាតិ​សំខាន់ៗ​នាពេល​អនាគត​។​


​លោក​បានលើកឡើង កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២៣ ក្នុង​ពិធី​បើក​កម្មវិធី បោះជំរំ​យុវជន​ជា​សកល​លើក​ទី​៩ ក្រោម​ប្រធានបទ «​ការអភិវឌ្ឍ​យុវជន​ក្រោម​ដំបូល​សន្តិភាព​» នៅលើ​ទឹកដី​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ 

​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ជំរំ​យុវជន​ជាស​កល នៅ​ថ្ងៃទី​១៣ ខែធ្នូ​បានឱ្យដឹងថា លោក ហង់​ជួន ណា​រ៉ុ​ន បាន​ដុត​ភ្លើង​គប់​បើក​កម្មវិធី បោះជំរំ​យុវជន​ជា​សកល​លើក​ទី​៩ ដែល​ភ្លើង​គប់​នេះ ជា​សញ្ញា​មួយ​ក្នុងចំណោម​និមិត្តរូប​នៃ​ការ​បោះជំរំ និង​ការជួបជុំ​ជាមួយនឹង​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​សម្រាប់​សមាជិក​ជំរំ​គ្រប់រូប​។​


ប្រភព​ដដែល​បន្តថា វា​ប្រៀបបាន​ទៅនឹង​ការរួបរួម​គ្នា​នូវ​កម្លាំង​របស់​យុវជន​កម្ពុជា ដែល​បាន​នឹង​កំពុង​បោះជំហាន​ទៅមុខ​យ៉ាងរឹងមាំ មោះមុត និង​ស្វាហាប់ ពី ១​ជំនាន់​ទៅ ១​ជំនាន់​ប្រកបដោយ​ភាព​ទទួលខុសត្រូវ​ខ្ពស់ និង​ការត្រៀមខ្លួន ដើម្បី​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​នាពេល​អនាគត​។ 

លោក ហង់​ជួន ណា​រ៉ុ​ន បាន​ថ្លែងថា ភ្លើង​គប់​ជំរំ​នេះ បង្ហាញ​ពី​ក្ដីសង្ឃឹម បំណងប្រាថ្នា ទំនុកចិត្ត និង​ជំនឿ​យ៉ាង​មុត​របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​របស់​ក្រសួង​អប់រំ ក៏ដូចជា​ថ្នាក់ដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា ទៅលើ​យុវជន​-​យុវនារី​ជំនាន់​ក្រោយ ក្នុង​ស្មារតី​អន្តរ​ជំនាន់​។​


លោក​បាន​បញ្ជាក់ថា​៖ «​យុវជន​ត្រូវ​ទទួលបាន​បរិបទ​ស​ម​ស្រប ការវិនិយោគ ឱកាស​ចូលរួម និង​ការផ្តល់អំណាច ដែល​អាចឱ្យ​យុវជន​អភិវឌ្ឍ​សក្តានុពល​ខ្លួន​បាន​ពេញលេញ ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ​លើ​គ្រប់​វិស័យ និង​ក្លាយទៅជា​អ្នកដឹកនាំ​ជាតិ​សំខាន់ៗ​នាពេល​អនាគត ក្នុង​ដំណើរ​ឈានទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០ និង​ឆ្នាំ​២០៥០»​។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ ចំពោះ​ក្រុមការងារ​ទាំងអស់ ដែល​បាន​បញ្ចេញ​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត រៀបចំ​ការបោះ​ជំរំ​យុវជន​ជាស​កល​លើក​ទី​៩​នេះ​ឡើង ប្រកបដោយ​គុណភាព ក្នុងន័យ​លើកកម្ពស់​គុណ​តម្លៃ​រប​ស់​យុវជន​ក្នុងការ​អភិវឌ្ឍ​សង្គមជាតិ​។​

ក្រោយពី​បើក​កម្មវិធី​ហើយ នៅ​ថ្ងៃ​បន្តបន្ទាប់​ទៀត ទាំង​យុវជន​ស្ម័គ្រចិត្ត ព្រមទាំង​ប្រតិភូ​ជំរំ បានមក​ស្ដាប់​ការធ្វើ​បទ​បង្ហាញ​របស់​អាជ្ញាធរ​មូ​ល​ដ្ឋា​ន ក៏ដូចជា​ចុះ​ទស្សនកិច្ច​សិក្សា​តាម​សហគមន៍​ក្នុងស្រុក​បន្ទាយស្រី ក្នុង​គោលបំណង​ដើម្បី​ឈ្វេងយល់​ពី​ជីវភាព​រស់នៅ និង​ការប្រកប​របរ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​បន្ទាយស្រី​ផងដែរ​។​

សូម​រំឭក​ដែរ​ថា ការបោះ​ជំរំ​យុវជន​ជា​សកល​លើក​ទី​៨ បានធ្វើ​ឡើង​កាលពី​ខែធ្នូ ឆ្នាំ​២០២២ ក្រោម​ប្រធានបទ «​ការអភិវឌ្ឍ​យុវជន​ក្នុងសង្គម​ឌីជីថល​៖ តារា​រះ​នា​ទិសឧត្តរ​» នា​ជើងភ្នំ​គូលែន ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

ការបោះ​ជំរំ​យុវជន​ជា​សកល​លើក​ទី​៨ បានរៀបចំ​ឡើង​ដោយ​គណៈកម្មការ​អន្តរក្រសួង ដែលមាន​ក្រសួង​អប់រំ យុវជន និង​កីឡា​ជា​អ្នកដឹកនាំ ធ្វើឡើង​ក្នុង​គោលបំណង​អភិវឌ្ឍន៍​សមត្ថភាព និង​បណ្តុះបណ្តាល​យុវជន​លើ​ជំនាញ​បច្ចេកវិទ្យា​ព័ត៌មាន និង​ឌីជីថល ដើម្បី​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​កំណែទម្រង់​វិស័យ​អប់រំ​បែប​ឌីជីថល​ក្រោម​ក្របខ័ណ្ឌ​នៃ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា (២០២២-២០៣៥)​។ 

សូមបញ្ជាក់ថា ការបោះ​ជំរំ​យុវជន​ជាស​កល គឺជា​គំនិត​ផ្តួចផ្តើម​របស់លោក ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា ណាចក្រ​កម្ពុជា ហើយ​ការ​បោះជំរំ​យុវជន​ជាស​កល ត្រូវបាន​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​២០១០ រហូតមកដល់​បច្ចុប្បន្ន​ដែល​ឆ្នាំនេះ កម្មវិធី​បោះជំរំ​យុវជន​សកល ត្រូវបាន​រៀបចំឡើងរ​យៈ​ពេល ៦​ថ្ងៃ ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២៣ ដែលមាន​យុវជន​ស្ម័គ្រចិត្ត និង​ប្រតិភូ​ជំរំ​ចូលរួម​សរុប​ជាង ២០០​នាក់​៕