ភ្នំពេញៈ ​អគ្គនាយកដ្ឋាន​កិច្ច​គាំពារ​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​ពិភាក្សា​ទិសដៅ​ការងារ​ក្នុង​ឆ្នាំ​២០២៤ លើ​ការពង្រឹង ពង្រីក បង្កើត និង​អនុវត្ត​ប្រព័ន្ធគ្រប់គ្រង​សំណល់ ការពង្រឹង​និង​ទំនើបកម្ម​ការគ្រប់គ្រង​គុណភាព​បរិស្ថាន​រួមមាន​ទឹក ដី ខ្យល់ សំឡេង និង​រំ​ញ័រ ព្រមទាំង​ជំរុញ​ការអនុវត្ត​គោលនយោបាយ​គ្រប់គ្រង​សំរាម​សំណល់​ជាដើម​។​
​ការដាក់ចេញ​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់​អគ្គនាយកដ្ឋាន​កិច្ច​គាំពារ​បរិស្ថាន​នេះ​ធ្វើឡើង​តាមរយៈ​សិក្ខាសាលា​បូកសរុប​លទ្ធផល​ការងារ​កិច្ច​គាំពារ​បរិស្ថាន​ឆ្នាំ​២០២៣ និង​ទិសដៅ​ការងារ​ឆ្នាំ​២០២៤ របស់ខ្លួន នៅ​ថ្ងៃទី​១៣ ខែធ្នូ  ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព​លោក​ទា ជុប និង​លោក សា​បូ អូ​ហ្សា​ណូ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​តំណាង​ពី​អង្គភាព​ចម្រុះ​ក្រសួងបរិស្ថាន មន្ទីរ​បរិស្ថាន​រាជធានី​ខេត្ត ដៃគូ​ជាតិ អន្ដរជាតិ និង​វិស័យ​ឯកជន​។ 
​យោងតាម​ខ្លឹមសារ​ប្រកាស​ពី​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​១៣ ខែធ្នូ លោក​ដា​ញ់ សេរី អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន បាន​លើកឡើងថា ការធ្វើសិក្ខាសាលា​នេះ​មាន​គោលដៅ​ផ្សព្វផ្សាយ​លទ្ធផល​ការងារ​ដែល​សម្រេចបាន​ក្នុង​ឆ្នាំ​២០២៣​កន្លងមក និង​ពិនិត្យ​ពិភាក្សា​លើ​បញ្ហា​ប្រឈម និង​ការកំណត់​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៤​ខាងមុខ​ឱ្យស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ បរិស្ថាន​២០២៣-២០២៨​។​
​លោក​បាន​បញ្ជាក់ថា អគ្គនាយកដ្ឋាន​មាន​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន​៣ ដើម្បី​លើកកម្ពស់​សុខភាព​សាធារណៈ អភិរក្ស​ជីវចម្រុះ និង​ការទប់ស្កាត់​ការបំពុល​បរិស្ថាន ក្នុងនោះ​មាន​៖ ការពង្រឹង​ពង្រីក បង្កើត និង​អនុវត្ត​ប្រព័ន្ធគ្រប់គ្រង​សំណល់​, ការពង្រឹង និង​ធ្វើ​ទំនើបកម្ម​ការគ្រប់គ្រង​គុណភាព​បរិស្ថាន​និង​ការជំរុញ​ការអនុវត្ត​គោលនយោបាយ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​។​
​លោក​ទា ជុប រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​កោតសរសើរ​ចំពោះ​ការងារ​របស់​អគ្គនាយក​ដ្ឋា​ន​គាំពារ​បរិស្ថាន​លើ​បុព្វហេតុ​ការពារ​បរិស្ថាន អភិរក្ស​ជីវៈចម្រុះ គ្រប់គ្រង​ធនធានធម្មជាតិ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព ជាពិសេស​ការលើកកម្ពស់​សុខភាព​សាធារណៈ​។​
​លោក​បាន​លើកឡើងថា​៖ «​ក្រសួងបរិស្ថាន​បាននិងកំពុង​ខិតខំ​យកចិត្តទុកដាក់​ដោះស្រាយ បញ្ហា​ប្រឈម និង​តម្រង់​ទិសលើ​ការងារ​គ្រប់គ្រង​កិច្ច​គាំពារ​បរិស្ថាន និង​ធនធានធម្មជាតិ ការអភិរក្ស​ជីវៈចម្រុះ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត ក៏ដូចជា​ការចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ជាស​កល​នានា ដើម្បី​បុព្វហេតុ​ពិភពលោក និង​មនុស្សជាតិ​»​។​
​លោក​បន្តថា ក្នុងចំណោម​ភារកិច្ច​ជា​អាទិភាព​របស់​ក្រសួង កិច្ច​គាំពារ​បរិស្ថាន គឺជា​កិច្ចការ​ដ៏​មាន​សារៈសំខាន់​មួយ ដែល​ក្រសួងបរិស្ថាន​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​។ 
​លោក​ហេង គឹមហុង ប្រធាន​ផ្នែក​កម្មវិធី​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN) យល់ថា បញ្ហា​គ្រប់គ្រង​សំរាម កាកសំណល់ ជា​រឿង​សំខាន់​ដែល​ត្រូវ​គិតគូរ​ពិចារណា​ឱ្យបាន​ខ្លាំង ដោយសារ​បរិបទ​សំរាម និង​សំណល់​នៅ​កម្ពុជា នៅ​ជា​រឿង​អាទិភាព ហើយ​ជា​រឿង​ចម្បង​ដែល​ត្រូវមាន​ដំណោះស្រាយ​ល្អ​មួយ​។​
​លោក​ថ្លែងថា​៖ «​យើង​ត្រូវ​ចាត់ទុក​ការគ្រប់គ្រង​សំរាម និង​កាកសំណល់ ជា​កង្វល់​រួម និង​មាន​ការចួលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​មិន​ថា ពលរដ្ឋ រដ្ឋាភិបាល ដោះស្រាយ​រួមគ្នា ដោយ​ដាក់ចេញ​នូវ​គោលនយោបាយ និង​យន្តការ​ច្បាប់ តួយ៉ាង​ការ​ផាក​វិន័យ​ជាដើម កុំឱ្យ​មានការ​ចោល​សំរាម​ពាស​វាស​ពាសកាល​»​។​
​ចំពោះ​ការបំពុល​បរិស្ថាន លោក​ហេង គឹមហុង លើកឡើង​ក្តីបារម្ភ​ផងដែរ ជាពិសេស​ការបង្ហូរ​កា​ក​សំណល់​គីមី តួយ៉ាង​សំណល់​ឧស្សាហកម្ម សំណល់​ជីវសាស្ត្រ ជាដើម ដែល​ត្រូវមាន​យន្តការ​ការពារ​ត្រឹមត្រូវ ជាពិសេស​ការចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន​។ សម្រាប់​គុណភាព​ទឹក​វិញ លោក​ទឹកចិត្ត​ឱ្យ​រដ្ឋាភិបាល​ធ្វើការ​គ្រប់គ្រង​ប្រព័ន្ធ​កខ្វក់​ឱ្យបាន​ត្រឹមត្រូវ ដែលជា​ភ្នាក់ងារ​រំខាន​សុខុមាលភាព​ប្រជាជន​។​
​សូមជម្រាបថា កិច្ចពិភាក្សា​ក្នុង​សិក្ខាសាលា​ដដែល​នោះ ជាការ​ប្រមូល​ធាតុ​ចូល និង​ជា​ដំណោះស្រាយ​ដើម្បី​កំណត់​ទិសដៅ​គាំពារ​បរិស្ថាន សម្រាប់​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​វិស័យ​បរិស្ថាន និង​ទិសដៅ​ការងារ​បន្ត​របស់​ក្រសួងបរិស្ថាន ដែល​នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២៣ ខាងមុខនេះ​៕