​ភ្នំពេញៈ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ ម៉ា​ណែ​ត ​ បាន​លើក​ឡើងថា​ រាជ​រដ្ឋាភិ​បាល​កម្ពុជាស្វាគមន៍​ជានិច្ច​ចំពោះ​ការ​បណ្តាក់​ទុន​វិនិ​យោគ​របស់​ក្រុម​ហ៊ុន​ក្នុង​វិស័យ​កសិ​កម្ម​នៅ​កម្ពុជា​ ខណៈ​ដែល​រាជរដ្ឋា​ភិបាល​កម្ពុជា​ កំពុង​ដាក់​ចេញ​ទិសដៅ​ក្នុង​ការ​ប្រែក្លាយ​កា​រប្រកប​របរ​កសិកម្ម​ជា​លក្ខណៈ​គ្រួសារ ​ទៅ​ជា​បែប​យុទ្ធ​សាស្ត្រដែលបម្រើ​ដល់​ការ​នាំ​ចេញ​។​


​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ថ្លែង​បែប​នេះ នៅពេ​ល​ជួប​ពិភាក្សា​ជា​មួយ​លោក​ ជិន បា​សឿង ​(Tran Ba Duong) ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន ​TRUONG HAI GROUP CORPORATION (THACO) និង​សហ​ការី​ក្នុង​អំឡុង​ពេល​ដែល​លោក​បាន​បំពេញ​ទស្សន​កិច្ច​ផ្លូវកា​រនៅ​រដ្ឋ​ធានី​ហាណូ​យ​ ប្រទេស​វៀត​ណាម ​កាល​ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៣​។​

​យោង​តាម​លទ្ធផ​ល​នៃ​ជំនួប​នេះ​ លោក​ ជិន បា​សឿង បាន​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ា​ណែ​ត ពី​សកម្ម​ភាព​អាជីវ​កម្ម​របស់​ក្រុម​ហ៊ុន​លោក​នៅ​កម្ពុជា ​ជាពិសេសការ​ដុះ​ដំណាំ​ហូប​ផ្លែ​,ដំណាំ​ឧស្សាហ​កម្ម​,រោងច​ក្រ​កែច្នៃនិង​ការ​ចិញ្ចឹម​សត្វ ​ព្រម​ជា​មួយ​នឹង​ទិស​ដៅ​ក្នុង​ការ​ពង្រីក​ការ​វិនិ​យោគ​បន្ថែម​ទៀត​ដើម្បី​រួម​ចំណែក​ក្នុងកា​រ​ជំរុញ​កំណើន​សេដ្ឋ​កិច្ចនិង​ការ​បង្កើត​ការ​ងារ​ជូន​ប្រជា​ពលរដ្ឋ​កម្ពុជា​។​


​ជា​ការ​ឆ្លើយ​តប​ លោកនា​យក​រដ្ឋម​ន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ស្វាគម​ន៍​និង​បាន​វាយត​ម្លៃ​ខ្ពស់​ចំពោះ​ការបណ្តា​ក់ទុន​​វិនិយោគ​របស់​ក្រុម​ហ៊ុន​ក្នុង​វិស័យ​កសិក​ម្ម​នៅ​កម្ពុជា​ស្រប​ពេល​ដែល​រាជរដ្ឋាភិ-
បាលកម្ពុជា​កំពុង​ដាក់​ចេញ​ទិសដៅ​ក្នុងកា​រ​ប្រែក្លា​យ​ការប្រ​កប​របរ​កសិក​ម្ម​ជា​លក្ខណៈ​គ្រួសារទៅ​ជា​បែប​យុទ្ធ​សាស្ត្រ បម្រើ​ឱ្យ​ការ​នាំចេ​ញ​។​

​នា​ឱកាស​នោះ​ លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​រំឭក​​ផងដែរ​ពី​វិធា​នការ​មុត​ស្រួច​មួយ​ចំនួនពា​ក់ព័ន្ធ​នឹង​កិច្ច​សម្រួល​ពាណិជ្ជ​កម្មនិង​វិនិ​យោគដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​វេទិកា​រាជរដ្ឋាភិ​បាល​-​ផ្នែក​ឯកជ​នលើក​ទី​១៩ ​កាលពី​ថ្ងៃទី​១៣ ​ខែវិច្ឆិកា ឆ្នាំ​២០២៣ ​កន្លង​ទៅ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ដែល​វិស័យ​ឯកជន​កំពុង​ជួប​ប្រទះ​នៅ​ក្នុង​ការធ្វើ​ធុរកិច្ច​ដោយ​សំដៅ​ធ្វើ​យ៉ាង​ណា​ទា​ក់ទាញ​និង​ជំរុញ​ការ​វិនិយោ​គ​បន្ថែម​ទៀតទាំង​ប្រភព​ក្នុង​ស្រុក និង​មកពី​បរទេស​។​


​ជា​មួយ​គ្នា​នោះដែ​រ ​នៅក្នុង​មហោស្រ​ព​ស្រូវ​-​អង្ករ​ អន្តរ​ជាតិ​វៀតណា​ម​-​ហាវ​យ៉ាង ឆ្នាំ​២០២៣  លោក ​យ៉ង​ សាំង​កុមារ រដ្ឋ​លេខា​ធិការ​​ក្រសួង​កសិកម្ម​ រុក្ខាប្រមា​ញ់ និង​នេសាទ ក៏បាន​ចូលរួ​ម​កម្មវិ​ធី​ជួប​ប្រជុំ​មួយជាមួ​យ​ឧបនាយក​រដ្ឋមន្ត្រី​​វៀតណាម​ដោយ​មាន​ការ​ចូល​រួម​ពី​រដ្ឋមន្ត្រី​កសិកម្ម​ប្រទេស​នេ​ប៉ាល់ វី​ណេ​ហ្សូ​អេ​ឡា វៀត​ណាម និង​តំណាង​ទូត​និង​អង្គ​ការ​អន្តរ​ជាតិដែល​បាន​ពិភាក្សា​ទាក់​ទង​លើ​ការ​សហ​ការ​ក្នុង​វិស័យ​ស្រូវ​អង្ករ​ផង​ដែរ​។​

​ថ្វី​ដ្បិត​តែ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិតពី​ការ​ជជែក​ពិភាក្សា​នោះ ​តែ​លោក ​យ៉ង ​សាំង​កុមារ ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​១៣​ ខែធ្នូ​ថា ៖ «​វា​ជា​កិច្ច​ពិភាក្សា​ដែល​មាន​សារៈ​សំខាន់​សម្រាប់​កម្ពុជាក្នុងការ​ចែក​រំលែក​ប​ទ​ពិសោធន៍​ទាក់​ទង​នឹង​វិស័យ​ស្រូវ​អង្ករ​ជា​មួយ​នឹង​បណ្តា​ប្រទេស​ប្រទេស​ទាំង​នេះ​»​។

​សូម​រំឭក​ដែរ​ថា ដំណើរ​ទស្សនកិ​ច្ច​រប​ស់លោក​នាយករ​ដ្ឋម​ន្ត្រី ហ៊ុន ម៉ា​ណែ​ត ទៅ​កាន់​វៀត​ណាម​នេះក៏​សម្រេច​បាន​នូវ​ការ​ចុះអនុ​ស្ស​រណៈ​មួយចំនួ​នខណៈដែ​ល​រដ្ឋាភិ​បាល​ប្រទេស​ទាំង​២​បាន​ប្តេជ្ញា​ចិត្ដបន្ត​ពង្រឹង​កិច្ចស​ហប្រ​តិបត្តិ​ការ​លើ​គ្រប់​វិស័យ ជាពិសេស​កិច្ច​សហ​ប្រតិប​ត្តិការ​លើ​វិស័យសេដ្ឋ​កិច្ច​ ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​២​ ដែល​វៀត​ណាម​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​។​

​លោក​ លឹម ហេង អនុប្រធា​ន​សភាពា​ណិជ្ជ​កម្ម​កម្ពុជា បាន​ប្រាប់​នៅ​ថ្ងៃទី​១៣ ខែធ្នូ ​ថា វៀត​ណាម​គឺជា​ដៃគូ​ពាណិជ្ជ​កម្ម​កម្ពុជា​ ដែល​មិនអា​ច​ខ្វះ​បាន​ ខ​ណៈ​​ប្រទេស​ភូមិ​ផង​របង​ជា​មួយ​កម្ពុ​ជាមួ​យ​នេះជា​ទី​ផ្សារ​ប្រមូល​ទិញ​វត្ថុ​ធាតុដើ​ម​កសិ​កម្ម​កម្ពុជា​ដ៏​ច្រើន​លើស​លប់​ក្នុង១ឆ្នាំៗ​។​

​លោក​បាន​បន្ថែម​ថា ប្រទេស​ទាំង២​មាន​ទំនាក់​ទំនង​ដ៏​យូ​រអង្វែ​ង​មក​ហើយ ​ជាពិសេស​ទំនាក់​ទំនង​ខាង​វិស័យ​ពាណិជ្ជ​កម្ម​និង​វិនិ​យោគ​ដែល​បន្ត​រឹងមាំ និង​សម្រេចបា​ន​នូវ​សមិទ្ធ​ផល​គួរកត់​សម្គា​ល់ ទាំង​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​ និង​កំណើន​វិនិយោគ​ដោយ​ផ្ទាល់​ពី​វៀត​ណាម​មក​កម្ពុជា​។ 

​លោក​បាន​បញ្ជាក់​ថា​៖«​នៅ​ក្នុង​វេទិកា​ជំរុញ​វិនិយោ​គនិង​ពាណិជ្ជក​ម្ម ​កម្ពុជា​-​វៀត​ណាម ឆ្នាំ​២០២៣ ​កាល​ពី​ថ្ងៃទី​១២ ធ្នូ​នោះ​ខាង​សភា​ពាណិជ្ជ​កម្ម​យើង បាន​ជំរុញ​លើក​ទឹក​ចិត្ត ​វិនិយោគិ​ន​វៀត​ណាម​បន្ត​វិនិយោគ​បន្ថែម​នៅ​កម្ពុជា និង​ស្វែងរ​ក​កាលានុ​វត្ត​ភាព​លើ​វិស័យ​សំខាន់ៗ​ រួម​មានកសិក​ម្ម ទេស​ចរ​ណ៍ ហេ​ដ្ឋារចនា​សម្ព័ន្ធ បច្ចេក​វិទ្យា និង​ការអ​ប់រំ​បណ្តុះប​ណ្តាល ដោយ​កម្ពុ​ជា​ មាននយោ​បាយ​លើក​ទឹកចិត្ត​វិនិ​យោគ ​ទីផ្សារ​ដ៏​ទូលំទូ​លាយ និ​ង​បរិ​យាកាស​អំណោយ​ផល ទៅ​ដ​ល់​ការ​វិនិ​យោគ​»៕​