កំពត​: បរិយាកាស​នៅក្នុង​បរិវេណ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តកំពត បន្ទាប់ពី​ការវះកាត់​មាត់​ឆែប លាយឡំ​ដោយ​សម្រែក​ស្រែកយំ និង​ភាព​ស្ងៀមស្ងាត់​របស់​កុមារ​នៅក្នុង​ដៃ​បីត្រកង​របស់​ម្ដាយ​។​


​ស្ថិតនៅក្នុង​បន្ទប់វះកាត់ ដែលមាន​គ្រែ​ ២ ដោយ​គ្រែ​ម្ខាង​ក្រុម​គ្រូ​ពេទ្យ​ជំនាញ​ជនជាតិ​ជប៉ុន​ ៣-៤ នាក់​ កំពុងតែធ្វើការ​វះកាត់​ទារក​តូច ខណៈ​ក្រុមគ្រូពេទ្យ​ខ្មែរ​ម្ខាង​ទៀត កំពុងតែ​វះកាត់​ក្រអូមមាត់​ខាងក្នុង​របស់​ទារក​អាយុ​ ១​ ខួប ពួកគេ​កំពុង​មមា​​ញឹក​បំពេញ​កិច្ចការ​រៀងៗ​ខ្លួន​។

គ្រូពេទ្យ​ម្នាក់​កាន់​ឧបករណ៍​បូមទឹក​ចេញពី​មាត់ និង ២​ នាក់​ទៀត​កា​ន់ក​ន្រៃ្ត​និង​អំបោះ​ដេរ ចាប់ផ្ដើម​ដេរ​ភ្ជាប់​ក្រអូមមាត់​ខាងក្នុង​របស់​ទារក ដែល​ចំ​​ណាយ​ពេល​ប្រមាណ​ពី​ ១-២​ ម៉ោង អាស្រ័យ​លើ​អាការ​របស់​កុមារ​នីមួយៗ​។​


​លោក ខុន ស៊ី​ណេង អាយុ​ ៣៨ ឆ្នាំ និង​អ្នកស្រី អាត ស៊ីណា អាយុ ៣៥ ​ឆ្នាំ មានកូន​ពៅ​ទី​៣ ជា​ស្រី អាយុ​ ៥ ​ខែ កើតមក​មាន​មាត់​ឆែប​ពី​កំណើត បាន​ស្កាត់​តាំងពី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ រហូតដល់​ក្រុង​កំពត ខេត្តកំពត ក្រោយ​បានដឹង​ព័​ត៌​​មាននៃ​ការវះកាត់​កូន​ឆែប​តាម​ទូរស័ព្ទដៃ ពេល​មាន​អង្គការ​ប្រកាស​ស្វែងរក​កុមារ​ឆែបមាត់​ទៅ​ទទួល​ការវះកាត់​ដោយ​ឥតគិតថ្លៃ ហើយ​អ្នកស្រី​បាន​ចុះឈ្មោះ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​។​

​ឪពុក​ម្ដាយ​រូបនេះ​បានឱ្យដឹងថា​៖ «​ក្រោយ​ការវះកាត់ និង​សម្រាក​ពេទ្យ​ ១ ​យប់ យើង​អាច​នាំ​គាត់​ទៅផ្ទះ​បាន និង​មក​ទទួល​ការព្យាបាល​ម្ដង​​ទៀត រយៈពេល​ ១ ​អាទិត្យ​ក្រោយ​។ ប៉ុន្ដែ​ដោយសារ​ផ្ទះ​យើង​នៅ​ឆ្ងាយ​ពេក យើង​សម្រាក​នៅផ្ទះ​បងប្អូន​នៅ​ភ្នំពេញ​សិន​»​។​


​ពួកគេ​បាន​បន្ដថា ពួកគេ​មាន​ទំនុក​ចិ​ត្ដ​ក្រុមគ្រូពេទ្យ​ជំនាញ​ចំពោះ​ការវះកាត់​កូន​របស់ខ្លួន ជាពិសេស ការ​​វះកាត់​ស្អាត មិន​ចំណាយ​ប្រាក់ និង​ទទួលបាន​អាហារ​ថែម​ទៀត​។​

​ជា​លើក​ទី​៣ នៃ​ការវះកាត់​មាត់​ឆែប និង​ក្រអូមមាត់​ដែលមាន​អាការ​ឆែប​ធំ កូនស្រី​របស់លោក នី ម៉ាន់​យ៉េ​ស និង​ភរិយា បម្រើ​ការងារ​នៅ​រោងចក្រ នៃ​ស្រុក​កៀនស្វាយ​។ ពួកគេ​បាន​និយាយថា កូនស្រី​របស់​ពួកគេ​វះកាត់​អញ្ចាញ និង​ធ្វើ​ច្រមុះ​ឱ្យមាន​ស្លាប និង​ក្ដោងច្រមុះ​ឡើងវិញ​។

ពួកគេ​បានឱ្យដឹងថា ការវះកាត់​លើកដំបូង​ត្រូវធ្វើ​លើ​បបូរមាត់ និង​បន្ដ​ដេរ​ក្រអូម​ខាងក្នុង ហើយ​លើក​ទី ​៣ ដេរ​ចន្លោះប្រហោង​តូច​ត្រង់​បរិ​វេណ​ច្រមុះ​ខាងក្នុង​។ កុមារី​តូច​នេះ ត្រូវបាន​វះកាត់​តាំងពី​ឆ្នាំ​ ២០២១ រហូតដល់​ពេលនេះ​កុមារី​មាន​អាយុ​ ២ ​ឆ្នាំ ៨ ​ខែ ដោយ​ទទួលបាន​ការវះកាត់​ ៣​ ដង​។​

​ពួកគេ​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​ក្រោយ​ការវះកាត់​លើក​ទី​ ៣ គាត់​ត្រូវ​រង់ចាំ​ដល់​រយៈ​ពេល ​៧ ​ឆ្នាំ​ទៀត ទើប​បន្ដ​វះកាត់​លើក​ទី​ ៤ គឺ​ត​អញ្ចាញ​។ ក្រៅពី​រូប​សម្រស់​របស់គាត់​ខាងក្រៅ ការវះកាត់​នេះ​ធ្វើឱ្យ​និយាយ​ច្បាស់​ដូច​កូនក្មេង​ដទៃ​»​។​

​មកពី​ខេត្តរតនគិរី អ្នកស្រី ដឹក ច​ន្ធូ ជា​អ្នកស្រែ​ចម្ការ មានកូន​ប្រុស អាយុ​ជិត ៤ ​ខែ ដែល​ទទួល​ការវះកាត់​មក​វះកាត់​មាត់​ឆែប​នៅ​ក្រុង​កំពត​លើកទីមួយ សម្រាប់​កូន​ដំបូង​របស់​អ្នកស្រី​។​

ហេង ជីវ័ន

​ស្ដ្រី​ដែល​កំពុងតែ​លួង​កូន​ពី​អ​ការឈឺចាប់​ដោយ​ការ​ដេរ​បបូរមាត់ បាន​និយាយថា ដោយសារតែ​អ្នកស្រី​ឆ្លងទន្លេ​នៅ​មន្ទីរ​ខ្មែរ​-​សូ​វៀត ឬ​ពេទ្យរុស្ស៊ី ខាង​មន្ទីរ​បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ប្រាប់​អំពី​ការកំណត់​យក​កូន​មាត់​ឆែប​មក​វះកាត់​។​

​អ្នកស្រីបាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​កូនប្រុស​នេះ កាត់​តាម​ឪពុក​របស់គេ ដោយ​ប្ដី​ខ្ញុំ​ក៏មាន​មាត់​ឆែប​ដែរ​។ ទោះបី​គាត់​បាន​ដេរ តែ​ការវះកាត់​សម័យ​គាត់​នោះ​មិន​បានល្អ ហើយ​ពេលនេះ​ក៏​រហែក​ថ្នេរ​។ ខ្ញុំ​ទើបតែ​ដឹងថា អង្គការ​ផ្ដល់​ការ​​វះកាត់​ដល់​មនុស្សពេញវ័យ​ដែរ កុំ​អី​ខ្ញុំ​នាំ​គាត់​មក​ដែរ​»​។

​ស្រដៀង​គ្នា​ដែរ អ្នកស្រី ស្រី​ ជីវ៉ា អាយុ ២៤ ​ឆ្នាំ មកពី​ស្រុក​អង្គរជ័យ ខេត្ដ​កំពត មាន​បញ្ហា​ឆែបមាត់ និង​កូនប្រុស​ទី២ ដែល​បច្ចុប្បន្ន​អាយុ​ជិត​ ១ ​ខួប មាន​អាការ​ដូចគ្នា និង​ទទួលបាន​ការវះកាត់​កូនប្រុស បានទទួល​ការវះកាត់​ជា​លើក​ទី​២ ដោយ​លើក​ទី១ ធ្វើ​នៅ​សៀមរាប ជាមួយ​អ្នកស្រី​ផ្ទាល់ ដោយសារ​អាការ​នៅ​មិនទាន់​ស្អាត​ល្អ​។

​នៅក្នុង​ប្រតិបត្តិ​ការវះកាត់​ចុងក្រោយបង្អស់​របស់​អង្គការ Smile Cambodia មន្ទីរពេទ្យបង្អែក​ខេត្តកំពត ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​សម្រាប់​គ្រួសារ​ដែលមាន​កូនតូចៗ​មាន​បញ្ហា​មាត់ និង​ក្រអូម​ឆែប​។

​អង្គការ Smile Cambodia ថ្មីៗ​នេះ​បានបញ្ចប់​បេសកកម្ម​វះកាត់​ដោយ​ជោគជ័យ​នៅ​ខេត្តកំពត ចាប់ពី​ថ្ងៃទី​ ៤ ដល់​ថ្ងៃទី ​៦ ខែធ្នូ ឆ្នាំ​ ២០២៣ ដែល​ពួកគេ​បានធ្វើការ​វះកាត់​មនុស្ស​ជាច្រើន​នាក់​ដែលមាន​អាការ​បបូរមាត់​ឆែប និង​ក្រអូម​ឆែប​។​

​លោក ចាន់ កុក​ឆ​យ អនុ​ប្រធាន​អង្គការ Smile Cambodia បាន​និយាយថា​៖ «​ខ្ញុំ​រីករាយ សូមជម្រាបថា ពួក​​យើង​បានធ្វើ​ការវះកាត់​កុមារ និង​មនុស្សពេញវ័យ​ចំនួន​៤០​ នាក់ អំឡុង​បេសកកម្ម​វះកាត់​រយៈ​​ពេល ៣ ​ថ្ងៃ​របស់​យើង​នៅ​ខេត្តកំពត​។ វា​ជា​បេសកកម្ម​ដ៏​ជោគ​ជ័យ​មួយ ខណៈដែល​ការ​វះ​​កាត់​ទាំងអស់​ដំណើរ​ការល្អ ហើយ​អ្នកស្ម័គ្រចិត្ត​ជប៉ុន និង​អ្នកស្ម័គ្រចិត្ត​ក្នុងស្រុក​សប្បាយរីករាយ​ក្នុង​ការជួយ​ឱ្យ​ពួកគេ​អាច​ញញឹម​ជាថ្មី​»​។

​បេសកកម្ម​នេះ គាំទ្រ​ដោយ​សប្បុរសជន និង​អ្នកស្ម័គ្រចិត្ត​ពេទ្យ​មកពី​ប្រទេស​ជប៉ុន និង​កម្ពុជា បានធ្វើ​ឡើង​នៅ​មន្ទីរ​​ពេទ្យ​បង្អែក​ខេត្តកំពត​។​

​អង្គការ Smile Cambodia ប្តេជ្ញា​ជួយ​កុមារ​ក្រីក្រ សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជប៉ុន និង​ក្នុងស្រុក ដើម្បី​ផ្តល់​ការ​វះ​កាត់​ផ្លាស់​ប្តូរជីវិត​ទាំងនេះ​។ អង្គការ​សូម​អរគុណ​អ្នក​ស្ម័គ្រ​​ចិត្ត​ទាំងអស់​សម្រាប់​ការរួម​ចំ​​ណែ​ក​ដ៏​សំខាន់​របស់​ពួកគេ​។​

​លោក កុក​ឆ​យ បានឱ្យដឹងថា បញ្ហា​ហ្ស៊ែ​ន​តំណរ​ពូជ​គឺជា​កត្ដា​រួមផ្សំ​មួយ​ប៉ុន្ដែ​មាន​ហេតុ​​ផល​ជាច្រើន រួមទាំង ការ​ប៉ះ​ពាល់​ផ្ទាល់​ជាមួយ​សារធាតុ​គីមី​មួយចំនួន ហើយ​បញ្ហា​នេះ​ត្រូវបាន​កត់សម្គាល់ឃើញ​មាននៅ​ប្រទេស​វៀតណាម​ដែលមាន​ប្រជាជន​ឆែបមាត់​ច្រើន​។​

​លោក ចាន់ កុក​ឆ​យ ប​ច្ចុ​ប្បន្ន​មាន​អាយុ ៦៣​ ឆ្នាំ ធ្លាប់ជា​នាយក​ប្រតិ​ប​ត្ដិ​ធនាគារ​នៅ​កម្ពុជា ជាពិសេស​ធនាគារ​វឌ្ឍនៈ​។ អាជីព​របស់លោក​ដែលមាន​រយៈពេល​ជាង ៣០​ ឆ្នាំ បានចាប់ផ្តើម​នៅ​ធនាគារ​សាធារណៈ​នៅ​ប្រទេស​ម៉ាឡេស៊ី វៀតណាម និង​កម្ពុជា​។

កាល​នៅ​ប្រទេស​វៀតណាម លោក កុកឆ​យ បាន​ពើបប្រទះ​មនុស្ស​ឆែបមាត់​ជាច្រើន​។ បទពិសោធន៍​នេះ​បាន​ជំរុញ​រូបលោក​ធ្វើ​អ្វី​ម្យ៉ាង ដែលនាំឱ្យ​លោក​ផ្តល់​មូលនិធិ​ផ្ទាល់ខ្លួន​សម្រាប់​ការព្យាបាល​បុគ្គល​ទាំងនេះ ជា​ទង្វើ​នៃ​ចិត្ត​សប្បុ​រស​ដែល​បាន​ផ្លាស់​ប្តូរជីវិត​របស់​ម​នុស្ស​ ១០​ នាក់​។​

​វិភាគទាន​របស់លោក​ដែលមាន​ចាប់ពី​ ១ ០០០-២ ០០០​ ដុល្លារ ក្នុង​មនុស្ស​ម្នាក់ បាន​ជួយ​សម្រួល​ដល់​ការចូលរួម​ដំណើរការ​វះកាត់​ដែល​ត្រូវការ​ច្រើន​នៅ​ប្រទេស​វៀតណាម​។​

​លោក​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​បន្ទាប់មក ខ្ញុំ​បានមក​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ ​២០០២ ដែល​ស្ថាបនិក​នៃ Operation Smile USA មាន​បេសកកម្ម​នៅទីនេះ ហើយ​បាន​ទាក់ទង​ខ្ញុំ​ដើម្បី​ចាប់ផ្តើម Smile Cambodia​។ គ្មាន​នរណាម្នាក់​ចង់​ធ្វើ​កិច្ចការ​នេះ​ទេ ដូច្នេះ​ខ្ញុំ​បានទទួល​យក​អ​ម្រែ​ក​នេះ​ដើម្បី​ដំណើរការ​អង្គការ​ក្នុងនាម​ជា​អនុប្រធាន​។ ការផ្លាស់ប្តូរ​របស់គាត់​ពី​អាជីព​ធនាគារ​ដ៏​ជោគ​ជ័យ ទៅជា​ការចាប់ផ្តើម Smile Cambodia បង្ហាញ​ពី​ការយក​ចិត្ត​ទុកដាក់​របស់ខ្ញុំ​ចំពោះ​បុព្វ​ហេតុ​សង្គម និង​ការអភិវឌ្ឍ​សហគមន៍​»​។​

​លោក កុក​ឆ​យ ថ្លែងបន្តថា​៖ «​ការចូលរួម​របស់ខ្ញុំ​ជាមួយ Smile Cambodia ជា​អង្គ​ការដែល​ផ្តល់​ការថែទាំ​វះកាត់​ដោយ​ឥតគិតថ្លៃ​ដល់​កុមារ​មាន​បញ្ហា​បបូរមាត់ និង​ក្រអូមមាត់​ឆែប​នៅ​កម្ពុជា បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​ផ្តល់​អំណោយ​ដល់​សហគមន៍ និង​គាំទ្រ​គំនិត​ផ្តួចផ្តើម​ផ្នែក​សុខភាព និង​សុខុមាលភាព​សង្គម​»​។​

​បង្កើតឡើង​ក្រោម​កិច្ច​ព្រម​​ព្រៀង​ជាមួយ​ក្រសួង​សុខា​ភិ​បាល​ក្នុង​ឆ្នាំ​ ២០១៥ អង្គការ​បាន​ចាប់​ដៃគូ​ជាមួយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​ដើម្បី​ធ្វើការ​វះកាត់​ប្រចាំខែ​នៅ​មជ្ឈមណ្ឌល​ស្នាមញញឹម ដោយ​លើក​​កម្ពស់​លទ្ធភាព​ទទួល​បានការ​ថែទាំ​សុខភាព​សម្រាប់​កុមារ​ដែល​រង​ផលប៉ះពាល់​។ គិត​ត្រឹម​ខែធ្នូ ឆ្នាំ ២០២៣ យុទ្ធនា​ការ ​Operation Smile Cambodia និង​អង្គការ Smile Cambodia បានផ្តល់​ការ​វះ​កាត់​ដោយ​ឥតគិតថ្លៃ​ដល់​មនុស្ស​ជិត​ ៦ ០០០​ នាក់​។

ហេង ជីវ័ន

​លោកគ្រូ​ពេទ្យ ទា សុខ​ឡេង មកពី​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ អំឡុងពេល​វះកាត់​ថា ទារក​តូចៗ​អាចធ្វើ​ការវះកាត់​ក្រអូមមាត់​ខាង​​ក្នុង​ពី​ចន្លោះ​អាយុ ​១​ ខួប​ដល់​ ២ ​ខួប ព្រោះនេះ​ជា​ដំណាក់​កាលដែល​កុមារ​ចាប់ផ្ដើម​រៀន​និយាយ ហើយ​ការវះកាត់​អំឡុង​អាយុ​នេះ អាចធ្វើឱ្យ​កុមារ​និយាយ​ច្បាស់ នៅពេល​គាត់​ធំ​ឡើង​។

​លោក វេជ្ជបណ្ឌិត នូ សា​រុំ ប្រធាន​ផ្នែក សោ​ភ័​ណ្ឌ​ស​ល្យ​សាស្ត្រ​នៃ​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា មកពី​មន្ទីរពេទ្យ​ព្រះ​កេតុ​មាលា វេជ្ជបណ្ឌិត រស់ សុខ​ហៀ​ង មកពី​មន្ទីរពេទ្យ​មិ​ត្ដ​ភាព​ខ្មែរ​-​សូ​វៀត វេជ្ជបណ្ឌិត អ៊ុំ សី​ហា មកពី​មន្ទីរពេទ្យ​ព្រះ​កេតុ​មា​លា រួមទាំង​ក្រុមគ្រូពេទ្យ​មកពី​មន្ទីរពេទ្យ​កុមារ​ជាតិ​។​

​ក្នុងនាម​ជា​ផ្នែក​សំខាន់​មួយ​របស់​អង្គការ Smile Asia ជា​បណ្តាញ​សប្បុរសធម៌​ឯករាជ​ទូទាំង​ពិភពលោក អង្គការ Smile Cambodia សហការ​ក្នុងការ​ដោះស្រាយ​បញ្ហា​បបូរ​មាត់ និង​ក្រអូមមាត់​ឆែប​។ Smile Asia ដោយមាន​ការ​​ចូលរួម​ពី Smile Cambodia បានធ្វើ​ប្រតិបត្តិការ​ក្នុងប្រទេស​ចំនួន​២០​ប្រទេស ដោយ​ធ្វើការ​​វះកាត់​ទទួលបាន​ជោគជ័យ​ជាង ៧៥ ០០០ ​នាក់​។​

​លោក កុក​ឆ​យ ថ្លែងថា លោក​កំពុងធ្វើការ​អំពាវនាវ​យ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​ឪពុក​​ម្តាយ​របស់​កុមារ​ដែលមាន​បញ្ហា​បបូរមាត់ និង​ក្រអូមមាត់​ឆែប នៅ​ទូទាំងប្រទេស​ដោយ​លោក​ជំរុញ​ឱ្យ​ពួកគេ​នាំ​កូន​អាយុ ​៣ ខែ​មក​ព្យាបាល​។​

​លោក កុក​ឆ​យ បាន​ថ្លែង​ឱ្យដឹង​បន្ថែមទៀតថា​៖ «​អន្តរា​គម​ន៍​ទាន់ពេល​គឺមាន​សារៈ​សំខាន់​ព្រោះ​វា​ជួយ​បង្កើន​ឱ​កាស​របស់​កុមារ​ទាំងនេះ​ដឹក​នាំ​ជីវិត​ធម្មតា ទាំង​រូបរាង និង​សមត្ថភាព​សំឡេង​»​។​

​លោក​និយាយថា​៖ «​ការ​ព្យាបាល​បញ្ហា​បបូរមាត់ និង​ក្រអូមមាត់​ឆែប​តាំងពី​តូច​អាច​ពង្រឹង​លទ្ធផល​បាន​យ៉ាងខ្លាំង លើកកម្ពស់​គុណភាព​ជីវិត​របស់​កុមារ​នៅពេល​ពួកគេ​ធំធាត់​។ អ្នក​ដឹងថា បើ​អ្នក​គ្រាន់តែ​ធ្វើ​អ្វីមួយ អ្នក​អាច​ផ្លាស់​ប្តូរជីវិត​របស់​ម​នុស្ស​ម្នាក់​។ អ្នកផ្តល់​ឱ្យ​ពួកគេ​នូវ​ពន្លឺជីវិត​ថ្មី ដូច្នេះ​សម្រាប់​ខ្ញុំ នេះ​គឺជា​ការ​​ពេញចិត្ត​ខ្លាំងណាស់​»​។​

​លោក​បាន​បន្ថែមថា ការ​គាំទ្រ​ពី​ប្រធាន លោកស្រី ពេជ្រ​ ច័ន្ទ​មុនី និង​លទ្ធភាព​នៃ​ការធ្វើការ​ជាមួយ​អង្គការ​របស់​ភរិយា​លោកនាយក​រដ្ឋមន្ដ្រី នៃ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ដ TIDA ដែល​ផ្តោតលើ​ការព្យាបាល​ធ្មេញ និង​វេជ្ជសាស្ត្រ​។​

​លោកថ្លែងថា​៖ «​ដូច្នេះ​សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា វា​ជា​ក្តីសង្ឃឹម​របស់ខ្ញុំ​ដែល​យើង​អាចធ្វើ​បន្ថែមទៀត​។ បើ​យើង​មាន​អ្នកជំងឺ​ច្រើនជាង​នេះ ខ្ញុំ​នឹង​អាច​ប្រមូល​គ្រូពេទ្យ​ពី​បរទេស​មក​កាន់តែច្រើន​។ ខ្ញុំ​មានការ​ប្តេជ្ញាចិត្ត​ពីស​ហការី Smile Asia របស់ខ្ញុំ​។ ប្រសិនបើ​មាន​អ្នកជំងឺ​ពី ២០០-៣០០​ នាក់ ក៏​មិន​អី​ដែរ យើង​នឹង​អាចធ្វើ​ការវះកាត់​ទ្រង់ទ្រាយ​ធំ​បាន​»៕