​ភ្នំពេញៈ ក្រសួងសុខាភិបាល បានប្រកាស​រកឃើញ​ជំងឺ​អុត​ស្វា​ដែលជា​វីរុស​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់ទៀត​លើ​បុរស​អាយុ ​២៨​ ឆ្នាំ​ម្នាក់ នៅ​ភ្នំពេញ​ខណៈ​បុគ្គលិក​សុខាភិបាល បាននិងកំពុង​សហកា​រ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ស្វែងរក​ករណី​សង្ស័យ និង​អ្នក​ប៉ះពាល់​ ដើម្បី​ទប់ស្កាត់​ការចម្លង​បន្តទៅ​អ្នក​ដទៃទៀត​ក្នុង​សហគមន៍​។​


​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួង​​សុខាភិបាល នៅ​ថ្ងៃទី​ ១៣ ខែធ្នូ ឱ្យដឹងថា យោងតាម​លទ្ធផល​ទទួល​បាន​ពី​វិទ្យាស្ថាន​ជាតិ​សុខ​ភាព​សាធារណៈ នៅ​ថ្ងៃទី​ ១២ ខែធ្នូ​បាន​បញ្ជាក់ថា មាន​ករណី​ជំងឺ​អុត​ស្វា កើត​លើ​បុរស​ម្នាក់ ដែលមាន​ទីលំនៅ​ក្នុងភូមិ​ប៉េសេ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។

​ក្រសួង​បញ្ជាក់ថា៖ «​នៅ​ថ្ងៃទី​ ៣០ ខែវិច្ឆិកា បុរស​នេះ​ចាប់ផ្តើម​មាន​រោគសញ្ញា នៅ​ប្រដាប់ភេទ​បន្ទាប់មក​រាលដាល​ដល់​ក​ខាងស្តាំ ថ្ពាល់ កំភួនដៃ និង​ជើង​ហើយ​បាន​ស្វែងរក​ការពិគ្រោះ​ជំងឺ​នៅ​មន្ទីរពេទ្យ និង​ត្រូវ​បញ្ជូនមក​ធ្វើតេស្ត​នៅ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ នៅ​ថ្ងៃទី​ ១១ ខែធ្នូ ឆ្នាំ​ ២០២៣​។ បន្ទាប់ពី​ទទួលបាន​លទ្ធផល​វិជ្ជមាន​វីរុស​អុត​ស្វា អ្នកជំងឺ​បានដាក់​ឱ្យនៅ​សម្រាក​ព្យាបាល​ដាច់ដោយឡែក​នៅក្នុង​មន្ទីរពេទ្យ​បាន​យ៉ាង​ត្រឹមត្រូវ​»​។​


​ជាមួយគ្នានេះ ក្រុម​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​ថ្នាក់ជាតិ និង​រាជធានី​ភ្នំពេញ​បាននិងកំពុង​សហការ​ជាមួយ​អាជ្ញា​ធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ដែល​អង្កេត​ស្រាវជ្រាវ​យ៉ាងសកម្ម​ស្វែង​​រក​ប្រភព​ចម្លង និង​ស្វែងរក​ករណី​សង្ស័យ និង​អ្នក​ប៉ះពាល់​ដើម្បី​ទប់ស្កាត់​ការចម្លង​បន្តទៅ​អ្នក​​ដទៃទៀត​ក្នុង​សហគមន៍​ព្រមទាំង​ធ្វើ​យុទ្ធនា​ការអប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ដែល​កើតហេតុ​ខាងលើ​។​

​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា ចំពោះ​របៀប​ចម្លង​នៃ​វីរុស​អុត​​ស្វា គឺ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ទៀត តាមរយៈ​ការរួម​ភេទ​គ្រប់​ទម្រង់ ជាមួយ​អ្នកមាន​ជំងឺ​អុត​ស្វា និង​ការប៉ះពាល់​ដោយផ្ទាល់​នឹង​កន្លែង​មាន​ដំបៅ ទឹក​សារពាង្គកាយ ទឹកមាត់​តំណក់​តូចៗ​តាមផ្លូវ​ដង្ហើម និង​សម្ភារ​ប្រើប្រាស់​ដែល​ប្រឡាក់ប្រឡូស​ជាមួយនឹង​វីរុស រួមមាន​សម្លៀកបំពាក់ ពូក កន្សែង ឬ​សម្ភារ​ស្លាប​​ព្រា ចាន កែវ​ទឹក​។​


​ប្រធាន​មន្ទីរ​សុខាភិបាល​រាជ​ធានី​ភ្នំពេញ​លោក ងី មាន​ហេង បាន​ថ្លែងប្រាប់​បន្ថែម​នៅ​ថ្ងៃទី ១៣ ខែធ្នូ​ថា វីរុស​អុត​ស្វា​ដែល​រកឃើញ​ថ្មី​នេះ​បានកើត​លើ​បុរស​ខាងលើ​ដែល​រស់នៅ​បន្ទប់​ជួល​ម្នាក់ឯង និង​ពុំទាន់​មានគ្រួសារ​នៅឡើយ​ទេ​។ បុគ្គលិក​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​បន្ត​ស្រាវជ្រាវ​ករណី​សង្ស័យ​ពាក់​ព័ន្ធ ប៉ុន្តែ​ពុំទាន់​ទទួលបាន​លទ្ធ​ផល​នៅឡើយ​ទេ​។​

​លោក​ ងី មាន​ហេង បញ្ជាក់ថា​៖ «​ឆ្នាំមុន ជំងឺ​អុត​ស្វា​នេះ​កើតមាន​ ១ ​ករណី​លើ​ជនបរទេស គឺជា​ករណី​នាំចូល ប៉ុន្តែ​ជំងឺ​ដែល​កើត​ឡើងលើ​ជនជាតិខ្មែរ​នេះ យើង​កំពុង​សាកសួរ​បន្ថែម​»​។​

​ក្រសួងសុខាភិបាល ក៏បាន​ណែនាំ​ពី​វិធានការ​បង្ការ​ការចម្លង​ជំងឺ​អុត​ស្វា រួមមាន​អនុវត្ត​ការរួម​ភេទ​ដែលមាន​សុវត្ថិភាព​ដោយ​ប្រើប្រាស់​ស្រោមអនាម័យ និង​ចៀសវាង​មាន​ដៃគូ​រួមភេទ​ច្រើន​។ ចៀសវាង​ការប៉ះពាល់​ផ្ទាល់​ដូច​ជា​ឱប ថើប ម៉ាស្សា និយាយ​ជិតគ្នា​ជាមួយ​អ្នក​ដែលមាន​ចេញ​រោគសញ្ញា​ជំងឺ​អុត​ស្វា ឬ​ផ្ទៃ​នៃ​ទីតាំង ដែល​អ្នកមាន​ជំងឺ​អុត​ស្វា​ប្រើប្រាស់​។​

​បុគ្គល​ដែល​សង្ស័យ ឬ​បញ្ជាក់ថា មាន​ជំងឺ​អុត​ស្វា ត្រូវតែ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​រហូតដល់​ក្រមរ​ជ្រុះ​អស់ ហើយ​បុគ្គល​ដែល​ផ្តល់​ការថែទាំ​អ្នកជំងឺ​អុត​ស្វា ត្រូវតែ​ប្រើប្រាស់​វិធានការ​ការពារ​ខ្លួន​ឱ្យបាន​សមស្រប​។​

​ក្រសួងសុខាភិបាល ក៏បាន​ណែនាំ​ចំពោះ​បុគ្គលិក​សុខាភិបាល ឱ្យចូល​រួម​លើកកម្ពស់​ការយល់​​ដឹង និង​ការអប់រំ​អ្នក​កំដរ​អ្នកជំងឺ ព្រមទាំង​អនុវត្ត​ការបង្ការ និង​ត្រួត​ពិនិត្យ​ការចម្លង​រោគ​នៅក្នុង​មន្ទីរ​ពេទ្យ ឬ​មណ្ឌល​សុខភាព​ស្រប​​តាម​លក្ខណៈ​បច្ចេកទេស​។ ជា​ពិសេស​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ការប៉ះពាល់ និង​តំណក់​ទឹកតូចៗ ដោយ​ប្រកាន់​ខ្ជាប់ខ្ជួន​ចំពោះ​អនាម័យ​ដៃ ឧបករណ៍​ការ​​ពារ​ផ្ទាល់ខ្លួន ការចាប់​កាន់​បរិក្ខារ​វេជ្ជសាស្ត្រ​ដែលមាន​មេរោគ ការ​បោកគក់​កាកសំណល់​ដែល​ឆ្លង​មេរោគ​ឱ្យបាន​ត្រឹមត្រូវ ព្រមទាំង​ការសម្អាត និង​សម្លាប់​មេរោគ​។​

​សូម​រំឭកថា ក្រសួងសុខាភិបាល កាលពី​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២២ បានប្រកាស​រកឃើញ​ជំងឺ​អុត​ស្វា (Monkeypox) លើ​បុរស​ជនជាតិ​នី​ហ្សេ​រី​យ៉ា​ម្នាក់​ដែលជា​ករណី​នាំចូល​ពី​ប្រទេស​ថៃ​៕​