កំពង់ចាម: ស្លឹកគ្រៃ​ធ្លាប់តែ​ត្រូវបាន​ដាំ​នៅក្បែរ​របង​របស់​អ្នកភូមិ សំបូរ​មាន​ជ័យ នៅពេលនេះ បានប្រែក្លាយ​ទៅជា​ប្រភព​ចំណូល​ដ៏​សំខាន់​សម្រាប់​សហ​គម​ន៍ ដោយសារ​ការសាងសង់​ប្រឡាយ​បេតុង​ថ្មី​មួយ​ដែល​គាំទ្រ​ដោយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។​


​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សំខាន់​នេះ​បានធ្វើឱ្យ​បដិវត្តន៍​ការអនុវត្ត​កសិកម្ម​នៅក្នុង​សហគមន៍​កសិកម្ម​សំបូរ​មានជ័យ ធ្វើឱ្យ​ប្រព័ន្ធធារាសាស្ត្រ​កាន់​តែមាន​ប្រសិទ្ធភាព និង​ជំរុញ​ទិន្ន​ផលដំណាំ​កាន់តែច្រើន​។​

​លោក ​ផុត សារិទ្ធ​ សមាជិក​សហគមន៍ បានឱ្យដឹងថា​៖ «​នៅពេល​ដើម​ស្លឹកគ្រៃ​ងាយស្រួល​ដាំ និង​អាច​ដាំ​បាន​នៅ​គ្រប់​ទីកន្លែង ប្រជាពលរដ្ឋ​រួមទាំង​ចាស់ៗ កាន់តែច្រើន​នាំគ្នា​ដាំ​ខណៈ​អ្នក​បង្កបង្កើនផល​ស្រូវ​បង្កើន​បរិមាណ​ដី​ដាំ ដោយ​​សារ​តែមាន​ប្រភពទឹក​គ្រប់គ្រាន់​»​។​


​លោក​ សារិទ្ធ ឱ្យដឹងថា ពីមុនមក ស្រូវ​ប្រឈម​នឹង​តម្លៃ​ផង​ហើយ​នៅពេល​ខ្វះ​ទឹក​លោក​ទទួលផល​ស្រូវ​ ​១ ហិកតា ៣ តោន ខណៈ​ទទួលបាន​ប្រឡាយ​ស្រោច​ស្រព​ទឹក​គ្រប់គ្រាន់ លោក​ទទួលបាន​ផល​ចន្លោះ​ពី ៤​ ទៅ​ ៦ ​តោន​។ ក្រោយ​សហគមន៍​ត្រូវបាន​បង្កើតឡើង ធ្វើឱ្យ​ជីវ​​ភាព​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង​ដោយសារតែ​ការជួយ​ចំ​គោលដៅ​របស់ ​ADB រួមជាមួយ​រាជរដ្ឋាភិបាល​។​

​អ្នកស្រី​ ម៉ម គីម​ហុង ប្រធាន​គណៈ​​កម្ម​ការត្រួតពិនិត្យ​នៅ​សហគមន៍​កសិកម្ម​សំបូរ​មានជ័យ​ឱ្យដឹងថា អ្នកស្រី​ទទួល​ស្គាល់​ថា ប្រឡាយទឹក​បេតុង​នេះ​ផ្ដល់​អត្ថ​ប្រយោជន៍​ច្រើន ដែល​កន្លងមក​សូម្បីតែ​ការធ្វើដំណើរ​លើ​ដងផ្លូវ ក៏​ប្រជាពលរដ្ឋ​ជួប​ការលំបាក​ខ្លាំង​ដែរ​។ ក្រោយ​ទទួលបាន​ផ្លូវថ្នល់​និង​ប្រឡាយទឹក​ពី ADB សហគមន៍​ធ្វើស្រែ​ចម្ការ​បាន​ផល​ល្អ​។ កន្លងមក​ការបង្កបង្កើន​ផល​ស្រូវ​ធ្វើ​តែម្ដង​ក្នុង​មួយឆ្នាំ ហើយ​ដើម​ស្លឹកគ្រៃ​ក៏​មិនមាន​វត្ដ​មាន​ដែរ​។ «​បច្ចុប្បន្ននេះ​ដំណាំ​ស្រូវ យើង​អាច​ដាំ​ពី​ ២​ ទៅ​ ៣ ​ដង ហើយ​យើង​បង្វែរ​ពី​ដំណាំ​ខ្លះមក​ដាំ​ស្លឹកគ្រៃ យើង​ប្រមូល​ផល ​២ ​ដង​ក្នុង​មួយឆ្នាំ​»​។​


​ការរីកចម្រើន និង​ការបណ្តាក់ទុន​របស់​ស​ហគ​មន៍​ក្រោយពី​បាន​សិក្សា​ភាពចាំបាច់​ក្នុង​តំបន់ ដោយមាន​ការខ្វះខាត​លើ​ទុន​សម្រាប់​ផលិត​ផលិតផល​កសិកម្ម និង​បច្ចេកទេស​កសិកម្ម ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​សំបូរ ឃុំ​សូ​ភាស ស្រុក​ស្ទឹងត្រង់​ខេត្ដ​កំពង់ចាម​បាន​ផ្ដួចផ្ដើម​បង្កើត​សហ​គម​ន៍​កសិកម្ម​សំបូរ​មានជ័យ​នេះ ដោយបាន​ចុះបញ្ជី​នៅ​មន្ទីរ​កសិកម្ម​ខេត្ដ​កំពង់​​ចាម​កាលពី​ខែធ្នូ ឆ្នាំ ​២០១០​។

សហគមន៍​ចាប់ផ្ដើម​ជាមួយ​សមាជិក​ដំបូង​សរុប​ ៨៨ នាក់ ​(​ស្ដ្រី ៥០ ​នាក់​)​ ខណៈ​បច្ចុប្បន្ន​សហគមន៍​មាន​សមាជិក​ជិត ​២ ​ពាន់​នាក់ ជាមួយ​វត្ដ​មាន​ស្ដ្រី​ជាង ៨០០ នាក់​។​

​លោក ផេ​ន វុទ្ធី សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​សហគមន៍​ឱ្យដឹងថា ការចាប់ផ្ដើម​ជាមួយ​ទុន​តែ​ជាង​ ៨ លាន​រៀល​របស់​សមាជិក ៨៨ នាក់ បច្ចុប្បន្ន ទុន​របស់​ពួកគេ​បាន​កើន​ដល់​ជាង ៣ ពាន់​លាន​រៀល​ដោយមាន​ភាគហ៊ុន​សរុប ១៧ ៣៧៦ ហ៊ុន​។ បច្ចុប្បន្ន សហគមន៍​កសិកម្ម​សំបូរ​មានជ័យ បង្កើត​មុខរបរ​បង្កបង្កើនផល​ស្រូវ ស្រូវពូជ ប្រេង​ស្លឹកគ្រៃ ស្មៅ King Grass ដំណាំ​ឪឡឹក ចេក ម្នាស់​ទៅកាន់​ផ្សារ​ទំនើប​ម៉ាក្រូ​។​

​លោក វុទ្ធី ឱ្យដឹងថា​៖ «​សម្រាប់​ទីផ្សារ​ស្លឹកគ្រៃ ១​ ឆ្នាំ​សហ​គ​មន៍​លក់បាន​ជាង ​១ ៥០០​ តោន ​ជាពិសេស រយៈពេល​នៃ​ការផ្គត់ផ្គង់​បាន​កើនឡើង​ពី​ត្រឹម ៦ ​ខែ​ទៅដល់​ ១១ ខែ​ក្នុង​ ១ ឆ្នាំ​។ សហគមន៍​ក៏បាន​ផ្គត់ផ្គង់​ជីធម្មជាតិ សម្ភារ​កសិកម្ម បន្លែ ត្រី និង​សាច់​ទៅតាម​សា​លា​រៀន​ថែមទៀត​។ ចំពោះ​សេវាកម្ម សហគមន៍​មាន​សេវា​ដឹកជញ្ជូន សេវា​ឥ​ណ្ឌ​ទាន សេវា​វេរ​ប្រាក់ និង​ទីផ្សារ​ស្លឹក​គ្រៃ​»​។​

​ការគាំទ្រ​ដោយ​គម្រោង TSSD-AF របស់ ADB សហគមន៍​ទទួលបាន​ឃ្លាំង​ស្ដុក​ស្រូវពូជ ក្នុង​ឆ្នាំ ​២០១៤ ទំហំ​ ៨ គុណ ១២​ ម៉ែត្រ ប្រឡាយទឹក​បេតុង ៨៧៥ ម៉ែត្រ បច្ចេកទេស​ផលិត​ស្រូវពូជ ទីផ្សារ​ស្រូវពូជ ដំណើរ​ទស្សនកិច្ច​សិក្សា ផ្ដល់​ម៉ាស៊ីនបូមទឹក​ជាដើម​។

លោក វុទ្ធី បន្ដថា​៖ «​ថ្មីៗ​នេះ គម្រោង​របស់ ADB បាន​កសាង​ប្រឡាយទឹក​បេតុង​ដែល​បានផ្ដល់​អត្ថប្រយោជន៍​ដល់​សហគមន៍​យ៉ាងច្រើន​។ មុនពេល​គម្រោង​មិនទាន់​មកដល់ រាល់​ដំណាំ​កសិកម្ម​យើង​បានធ្វើ​ទាំងអស់​តែងតែ​ជួប​បញ្ហា​ខ្វះ​ទឹក​ដោយ​សារ​ប្រឡាយ​ដី​មិនអាច​បង្ហូរទឹក​សម្រាប់​ការស្រោចស្រព​បាន​ឆ្ងាយ​ឡើយ​»​។​

​ការចូលរួមចំណែករ​បស់ ADB ចំពោះ​ការធ្វើ​ពិពិធ​កម្ម​កសិកម្ម​ TSSD-AF ជា​គំនិត​ផ្តួចផ្តើម​ដ៏​សំខាន់​មួយ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយ​ផ្តោតលើ​ការលើកកម្ពស់​ផលិតភាព​កសិកម្ម និង​ការកែលម្អ​លទ្ធភាព​ទទួលបាន​ទីផ្សា​រ ដោយ​ផ្តោតលើ​ឃុំ​គោលដៅ​ចំនួន​ ២៧០ ​ក្នុង​ខេត្ត​ចំនួន​ ៧​ គឺ​បន្ទាយ​​មានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ ព្រៃវែង សៀមរាប និង​ត្បូងឃ្មុំ​។ បើតាម ADB បន្ទាប់ពី​ការស្តារ​ប្រឡាយ​ធន់​នឹង​អាកាសធាតុ សមាជិក​សហគមន៍​បាន​ពង្រីក​ការអនុវត្ត​កសិកម្ម​របស់​ពួកគេ​ដើម្បី​រួមបញ្ចូល​ដំណាំ​ផ្សេងទៀត​ក្រៅពី​ស្រូវ​។​

​គំនិត​ផ្តួចផ្តើម​នេះ​ជា​គំរូ​នៃ​ការធ្វើ​ពិពិធ​កម្ម​កសិកម្ម ការ​សម្រប​ខ្លួន​ទៅនឹង​អាកាសធាតុ និង​ការផ្គត់ផ្គង់​ជីវភាព​រស់នៅ​។ បើ​គ្មាន​ការស្តារ និង​កសាង​ប្រឡាយ​បេតុង​ថ្មី​នេះ​ទេ ទឹក​ដែល​ហូរ​ពី​បឹង ជា​ប្រភពទឹក​របស់​សហគមន៍​នឹងត្រូវ​បាន​បឺត​ចូលទៅក្នុង​ដី និង​មិនអាច​ហូរ​បាន​ឆ្ងាយ​ទេ​។ នេះ​បើ​យោងតាម លោកស្រី Jyotsana Varma នាយិកា​ ADB ប្រចាំ​កម្ពុជា​។

ប្រឡាយ​បេតុង​ថ្មី​ដែល​ផ្តល់​ទឹកបាន​ពេញ​មួយឆ្នាំ អនុញ្ញាតឱ្យ​កសិករ​ក្នុង​សហករណ៍​កសិកម្ម​អាចធ្វើ​ពិពិធ​កម្ម​ដំណាំ​របស់​ពួកគាត់​បន្ថែម​ពី​ស្រូវ ទៅ​ស្លឹកគ្រៃ ស្វាយចន្ទី ដំឡូង​មី ដូង និង​ដំណាំ​ជាច្រើន​ផ្សេងៗ​ទៀត​។​

​លោកស្រី​ឱ្យដឹងថា​៖ «​វា​បាន​បង្កើត​ក្រុម​ផលិត​កសិផល​ជាក់លាក់ ដូចជា​ក្រុម​ផលិត​ពូជស្រូវ ក្រុម​អ្នក​ផលិត​ស្លឹក​គ្រៃ និង​ក្រុម​ដំណាំ​ដទៃទៀត​។ ក្រុម​នីមួយៗ​មាន​បណ្តាញ​ទីផ្សារ​សម្រាប់​លក់​ផលិតផល​របស់​ពួកគាត់ ដោយមាន​ការផលិត​និង​ផែន​ការលក់​ត្រឹមត្រូវ​ដោយ​ផ្អែកលើ​តម្រូវការ​ទីផ្សារ​»​។ ការធ្វើ​កសិកម្ម​តាម​កិច្ចព្រមព្រៀង​ត្រូវបាន​បង្កើតឡើង​សម្រាប់​ក្រុម​នីមួយៗ ដែល​អនុញ្ញាតឱ្យ​សមាជិក​នៃ​ក្រុម​ដឹង​ជាមុន​ពី​តម្លៃ​ផលិតផល​ដែល​ខ្លួន​នឹង​ផលិត​ដើម្បី​លក់​ចេញ​។​

មន្ត្រី ADB ជួបពិភាក្សា​ជាមួយសមាជិក​សហគមន៍​​សំបូរមានជ័យពីថ្ងៃទី​ ៧ ខែធ្នូ។ហុង រស្មី

​ឥទ្ធិពល​លើ​គ្រួសារ និង​អនាគតកាល​ប្រឡាយ​បេតុង​ថ្មី​នេះ​ផ្តល់​ផល​​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ៩០៥ គ្រួសារ ដែល​ពួកគេ​ដាំ​ដំណាំ​តាម​តម្រូវការ​ទីផ្សារ ភាគច្រើន​គឺ​ស្លឹក​គ្រៃ ដំណាំ​ជី ខ្ញី ពោត​ផ្អែម ឪឡឹក ដូង និង​ដំឡូង​មី​។

លោកស្រី Varma ថ្លែងថា​៖ «​គម្រោង​នេះ​មានតម្លៃ​ប្រមាណ ២៣ ​ម៉ឺន​ដុល្លារ​ (​ថវិកា ADB)​ ដែល​រួមបញ្ចូល​ថ្លៃ​ប្រឡាយ​បេតុង ឃ្លាំង និង​ថ្នាល​ស​ម្ងួ​ត​។ គម្រោង​នេះ​បានប្រែក្លាយ​សហករណ៍​កសិកម្ម​ទៅជា​អង្គការ​សហគមន៍​ដំណើរ​ការ​ប្រកបដោយ​ប្រសិទ្ធភាព​បំផុត​មួយ​ក្នុងប្រទេស​កម្ពុជា​។​ ​សហករណ៍​មាន​ឯកទេស​ខ្ពស់​ក្នុង​ផលិតកម្ម​កសិកម្ម និង​ទីផ្សារ​ផលិតផល​»​។ 

​លោកស្រីបាន​លើកឡើងថា សមាជិក​ទាំងអស់​ពេញចិត្ត​នឹង​ដំណើរការ​របស់​សហករណ៍ ហើយ​បាន​បង្កើន​ជីវភាព​របស់​ពួកគេ ជាពិសេស​តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​ដំណាំ​។ 

​ដើម្បី​បង្កើន​ឱកាស​ផលិតកម្ម សហគមន៍​បាន​សំណូមពរ​ដល់​ម្ចាស់​គម្រោង បន្ដ​ជួយ​សាងសង់​ប្រឡាយទឹក​បេតុង​បន្ថែមទៀត ប្រវែង ១ ៥០០ ម៉ែត្រ​។ លោក​ វុទ្ធី ថា​៖ «​ប្រសិនបើ​យើង​ទទួលបាន​ប្រឡាយ​បេតុង​ ១ ៥០០ ម៉ែត្រ​ទៀត ប្រជាជន​នៅ​តំបន់​នេះ​បង្ក​​បង្កើន​ផល​ស្រូវ និង​ស្លឹកគ្រៃ​អត់​មាន​ពេល​សម្រាក​ទេ​។ យើង​អាច​បង្កើន​ទិន្នផល​ស្រូវ​ពី ៣០០ តោន ទៅដល់ ៥០០ តោន​ក្នុង​ ១ ឆ្នាំ​»៕