​ភ្នំពេញៈ កម្ពុជា​-​វៀតណាម បាន​ឯកភាព​ដាក់ចេញ​ទិស​​ដៅ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ឱ្យ​ទទួលបាន​លទ្ធផល​ផ្លែផ្កា​បន្ថែមទៀត ដើម្បី​ផល​ប្រ​យោ​ជន៍​សម្រាប់​ជាតិ និង​ប្រជាជន​នៃ​ប្រទេស​ទាំង ​២ ជាពិសេស​វិស័យ​នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល អប់រំ ការពារជាតិ និង​សន្តិសុខ​ជា​ដើម​។ ការឯកភាព​នេះ ត្រូវបាន​សម្រេច​ឡើង​នាឱកាស​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​ដឹកនាំ​គណៈប្រតិភូ​ទស្សន​កិច្ច​ជា​ផ្លូវការ​ទៅកាន់​ប្រទេស​វៀតណាម​រយៈពេល​ ២ ​ថ្ងៃ ចាប់​​ពីថ្ងៃ​ទី​ ១១ ដល់ទី​ ១២ ខែធ្នូ ឆ្នាំ​ ២០២៣ តប​តាម​ការអញ្ជើញ​របស់លោក ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី នៃ​សាធារណ​​រដ្ឋ​សង្គមនិយម​វៀតណាម​។​


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ ចុះ​ថ្ងៃទី ​១២ ខែធ្នូ បានឱ្យដឹងថា​៖ «​ទស្សនកិច្ច​នេះ បាន​នាំមក​នូវ​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​សម្រាប់​កិច្ច​​សហប្រតិបត្តិ​ការប្រកប​ដោយ​ផ្លែផ្កា​រវាង​ប្រទេស​ទាំង​ ២ កម្ពុជា​-វៀតណាម និង​បានសម្រេច​លទ្ធផល​យ៉ាង​ធំធេង ទាំង​លើ​ទិដ្ឋភាព​នយោបាយ ការទូត និង​លើ​ទិដ្ឋភាព​សេដ្ឋកិច្ច វិនិយោគ និង​ពាណិជ្ជកម្ម​»​។​

​ក្នុងជំនួប​ទ្វេភាគី​រវាង​លោក ហ៊ុន ម៉ា​ណែ​ត និង​លោក ផាម​ មិញ​ជិ​ញ ភាគី​វៀតណាម បានបង្ហាញ​សុទិដ្ឋិនិយម​ខ្ពស់​ថា តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​កម្ពុ​ជានា​ឱ​កាស​នេះ ទំនាក់ទំនង​ទ្វេភាគី​នឹង​កាន់តែ​រីកចម្រើន​រឹងមាំ ស្របតាម​ស្មារតី​នៃ​ភាពជា​អ្នក​ជិត​ខាង​ល្អ មិត្ត​ភាពជា​ប្រពៃណី កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង​ជ្រោយ និង​ស្ថិរភាព​យូរអង្វែង​។​


​លោក ផាម មិញ​ជិ​ញ ក៏បាន​បង្ហាញ​ការ​ជឿជាក់ថា ក្រោម​ការ​ដឹកនាំ​របស់លោក ហ៊ុន ម៉ា​ណែ​ត កម្ពុជា​នឹង​កាន់តែ​អភិវឌ្ឍ​ខ្លាំង​ក្លា​ទៅមុខ​បន្ថែមទៀត ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​ឆ្នាំ​ ២០៣០ ក្លាយជា​ប្រទេស​ដែលមាន​ចំ​​ណូ​ល​មធ្យម​កម្រិត​ខ្ពស់ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ ជាក់​ជាមិនខាន​។​

​ជា​កិច្ច​ឆ្លើយតប លោក ហ៊ុន​ ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ដែល​បានទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ​។​


​លោក​ក៏បាន​បញ្ជាក់​ពី​គោល​នយោបាយ​ការបរទេស​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ឈរលើ​និរន្តរភាព និង​សង្គតិភាព ហើយ​ទំនាក់ទំនង​កម្ពុជា​-​វៀតណាម ក៏​នឹង​បន្ត​ពូន​ជ្រំ​ចំណងមិត្តភាព និង​ពង្រឹងពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ស្ថាប័ន​គ្រប់​កម្រិត ទាំង​ក្នុង​អង្គនីតិប្បញ្ញត្តិ និង​អង្គនីតិប្រតិបត្តិ ក៏ដូចជា​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន សំដៅ​ធានាបាន​ផលប្រយោជន៍​ទៅវិញទៅមក សម្រាប់​ប្រជាជាតិ​ទាំង​ ២​។​

​ក្រៅពីនេះ នាយករដ្ឋមន្ត្រី ទាំង​ ២ បាន​បន្ត​ផ្លាស់ប្តូរ​យោ​ប​ល់​គ្នា​អំពី​ស្ថានភាព​ប្រទេស​ទាំង ​២ ពាក់ព័ន្ធ​នឹង​ទិដ្ឋភាព​នយោបាយ សង្គម និង​សេដ្ឋកិច្ច ព្រមទាំង​បាន​ពិភាក្សា និង​វាយ​តម្លៃ​លើ​លទ្ធផល​នៃ​កិច្ច​សហ​​ប្រតិបត្តិការ ទ្វេភាគី​ក្នុង​រយៈ​កាល​កន្លងមក​។​

​លោក ហ្ស​ង់ ហ្រ្វង់​ស្វ័​រ​តាន់ រដ្ឋ​មន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​នាយ​ប់​ថ្ងៃទី ​១២ ធ្នូ បន្ទាប់​​ពី​អមដំណើរ​នាយករដ្ឋមន្ត្រី​ធ្វើ​មាតុភូមិនិវត្តន៍​វិញ​ថា ប្រទេស​ទាំង ​២ ​ជា​អ្នកជិតខាង​ជា​មិត្ត​នឹង​គ្នា និង​មាន​ទំនាក់ទំនង​គ្នា ៥៦ ​ឆ្នាំ​មកហើយ ដែល​ប្រទេស​ទាំង​ ២ ​យល់ឃើញថា ដើម្បី​ប្រយោជន៍ រៀងៗ​ខ្លួន គឺ​ត្រូវតែ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ជាពិសេស​សេដ្ឋកិច្ច​។​

​លោក ហ្ស​ង់ ហ្រ្វង់​ស្វ័​រ​តាន់ បាន​បញ្ជាក់ថា​៖ «​នៅលើ​វិស័យ​នយោបាយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បញ្ជាក់​ពី​ការមិន​ផ្លាស់ប្តូរ​នៃ​នយោបាយ​ការ​បរ​​ទេស​របស់​កម្ពុជា​នៅ​ចំពោះមុខ​វៀតណាម គឺ​បន្ត​ថែរក្សា​មិត្ត​ភាពជា​ប្រពៃណី សាមគ្គីភាព កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុង​​ជ្រោយ និង​យូរអង្វែង​រវាង​គ្នា​និង​គ្នា​»​។​

​លោក ហ្ស​ង់ ហ្រ្វង់ស្វ័​រ​តាន់ បាន​ថ្លែង​បន្តទៀតថា​៖«​ទស្សន​​កិច្ច​ណា​ក៏​ដូច​ទស្សនកិច្ច​ណា​គោលដៅ​ចម្បង​របស់​សម្តេច ហ៊ុន ម៉ា​ណែ​ត គឺ​ស្វែងរក​ប្រ​​យោជន៍​សេដ្ឋកិច្ច​មក​ចិញ្ចឹម​ម៉ា​ស៊ីន​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​ឱ្យ​បន្ត​អូសទាញ​ទៅរក​ភាពរុងរឿង​»​។​

​ជុំវិញ​ដំណើរ​ទស្សនកិច្ច​នេះ លោក យង់ ពៅ អគ្គលេខាធិការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែង ដោយ​យល់ឃើញថា ដោយសារ​ប្រទេស​កម្ពុជា​-​វៀត​ណា​ម ជាប់​ព្រំដែន​គ្នា ដូច្នេះ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុង​​ជ្រោយ លើ​គ្រប់​វិស័យ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​ប្រ​​យោជន៍​ប្រជាជន​ទាំង ​២​។​

​លោក​បាន​បន្តថា​៖«​ពីព្រោះ​ប្រទេស​ជាប់​គ្នា បើសិន​ជាមាន​បញ្ហា​ជាមួយគ្នា​នឹង​បង្កឱ្យមាន​អសន្តិសុខ បង្ក​ការរាំងស្ទះ​ទៅដល់​ការអភិវឌ្ឍ សង្គម និង​បញ្ហា​ន​យោ​យ​បាយ​ជាដើម​»​។​

​លោក យង់ ពៅ បាន​បន្តថា​៖ «​ប្រទេស​ទាំង​ ២ មិន​ត្រឹម​តែមាន​ព្រំដែន​ជាប់​គ្នា​ទេ គឺជា​ប្រទេស​ដែលមាន​ចំណង​មិត្ត​ភាព​ជាមួយគ្នា​ទៅលើ​ទិដ្ឋភាព​តាំងពី​សម័យ​ប្រវត្តិសាស្ត្រ​ដែល​ប្រទេស​ទាំង​២​បាន​ជួយ​ជ្រោ​ម​ជ្រែង​គ្នា​ទៅវិញទៅមក​ហើយ​ប្រទេស​ទាំង​ ២ ​មិនអាច​កាត់​​ផ្តាច់​គ្នា​បាន ដូច្នេះ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ទ្វេភាគី​គ្រប់​ជ្រុងជ្រោយ​ពិត​ជាមាន​សារៈសំខាន់​»​។​

​លោក​អគ្គលេខាធិការ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា  ​ក៏បាន​ថ្លែង​ដោយ​យល់ថា ប្រទេស​ទាំង ២ ​គួរ​ដោះស្រាយ​ចំណុច​មួយចំនួន​ដែល​មិនទាន់​យល់​គ្នា និង​មិន​មាន​តុល្យភាព​ខណៈដែល​ប្រជា​ជនកម្ពុជា​បាន​កត់​ចំណាំទុក និង​ចង់ឃើញ​មាន​ដំណោះ​ស្រាយ​សមស្រប​។

​លោក​ថា​៖«​ប្រជាជន​បាន​កត់​ចំណាំទុក ឧទាហរណ៍ អន្តោ​ប្រ​វេស​ន៍​វៀតណាម​ខុសច្បាប់​នៅ​កម្ពុជា បញ្ហា​ដែល​វៀតណាម​សង់​ប៉ុស្តិ៍​ដោយ​មិន​ស្របច្បាប់​តាម​បណ្តោយ​ព្រំដែន​ក្នុងដំណាក់កាល​កូ​វីដ ​១៩ ជាដើម និង​បញ្ហា​មួយចំនួនទៀត ដែល​ទាំងអស់នេះ​ប្រទេស​ទាំង​ ២ ​ត្រូវតែ​ដោះស្រាយ​ជាមួយគ្នា កុំ​ឱ្យមាន​មន្ទិល​ដែល​រំលោភ​ទៅដល់​សន្ធិសញ្ញា​អន្តរ​ជាតិ ក៏ដូចជា​រំលោភ​ទៅដល់​សេចក្តីទុកចិត្ត​ទៅលើ​កិច្ច​សហ​ប្រតិបត្តិការ​រវាង​គ្នា​»៕