ភ្នំពេញៈ លោក​ គង់ ច័ន្ទ​វាសនា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​តំណាង​អង្គភាព​ពាក់ព័ន្ធ​ចំណុះ​ក្រសួង​កសិកម្ម បន្ត​ចូលរួម​ឱ្យបាន​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​បង្កើនល្បឿន​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​របស់​ក្រសួង ស្របតាម​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ឆ្នាំ​ ២០២២-២០៣៥​។


​លោក​ គង់ ច័ន្ទ​វាសនា បាន​លើកទឹកចិត្ត​បែបនេះ ក្នុងពេលដែល​លោក​ដឹកនាំ​កិច្ចប្រជុំ​ក្រុម​​ការងារ​ជំរុញ​ឌី​ជី​ថ​លូ​ប​នីយកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​ ១២ ​ខែធ្នូ ដើម្បី​ពិនិត្យ​វាយតម្លៃ​ទៅលើ​លទ្ធផល​ការងារ​កន្លងមក និង​ដើម្បី​លើក​ទិសដៅ​អនុ​​វត្ត​បន្ត ដោយ​ផ្តោតលើ​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ឌី​ជី​​ថ​លូ​ប​នីយកម្ម​របស់​ក្រសួងកសិកម្ម ឱ្យបាន​រួចរាល់​នៅ​ដើមឆ្នាំ​ ២០២៤ ​ខាងមុខ​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​​កសិកម្ម​។​

​សូម​ជម្រាបជូន​ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេ​​សាទ ស្ថិតក្នុង​ចំណោម​ក្រសួង​ដំបូង​គេ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ចុះ​អនុស្សរណ​:​យោគ​​យល់​គ្នា​ជាមួយ​ក្រសួង​ប្រៃ​ស​ណី​យ៍ និង​ទូរគមនាគមន៍ លើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ឌី​ជី​​ថ​ល ដោយ​រដ្ឋមន្ត្រី​នៃ​ក្រសួង​ទាំង​ ២ បាន​ចុះហត្ថលេខា​លើ​អនុស្សរណ​:​នៃ​ការយោគយល់​នេះ កាលពី​ខែឧសភា ឆ្នាំ​ ២០២៣​។ ជាមួយគ្នានេះ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ក៏​ស្ថិត​ក្នុងចំណោម​ក្រសួង​នាំមុខគេ ក្នុង​ការជំរុញ​អនុវត្ត​គោល នយោបាយ​រដ្ឋាភិបាល​ឌីជីថល​ផងដែរ​៕