​ភ្នំពេញៈ ក្នុង​រយៈពេល​ជាង​ ៣០​ ឆ្នាំ ​គិត​ចាប់ពី​ឆ្នាំ​ ១៩៩២ ដល់​ឆ្នាំ​ ២០២៣ សហភាព​អឺរ៉ុប​បាន​បើក​ផ្តល់​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​ចំនួន ​១ ៥១៨​ លាន​ដុល្លារ ដើម្បី​គាំទ្រ​ការអនុវត្ត​គម្រោង​ក្នុង​វិស័យ​សំខាន់ៗ​រួមមាន វិស័យ​កសិកម្ម បរិស្ថាន ឧស្សាហកម្ម អប់រំ ពាណិជ្ជកម្ម និង​វិស័យ​ឯកជន​។​


​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី​ ១២ ខែធ្នូ ឆ្នាំ​ ២០២៣ ស្តីពី​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ឈៀង យ៉ាណា​រ៉ា ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស អនុប្រធាន​ទី ​២ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយនឹង​លោក Igor Driesmans​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ដែល​ទើបតែ​តែងតាំង​ថ្មី​។​

​ក្នុងជំនួប​នេះ​ក៏​ដើម្បី​ពិភាក្សា​ពី​វឌ្ឍនភាព​នៃ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​រវាង​កម្ពុជា និង​សហភាព​អឺរ៉ុប​ផងដែរ ក៏ដូចជា ផ្លាស់ប្តូរ​យោបល់ និង​បទពិសោធន៍​ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការអភិវឌ្ឍ​ន៍ និង​ភាពជា​ដៃគូ​នាពេល​អនាគត​។​


​បើតាម​សេចក្តីប្រកាស​ព័ត៌មាន លោក ​Igor Driesmans បានលើកឡើង​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុជា និង​វឌ្ឍនភាព​ដែល​សម្រេចបាន​ក្នុង​កិច្ចអភិវឌ្ឍន៍​នៅ​កម្ពុជា ខណៈ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក៏បាន​បន្ត​ផ្តល់​កិច្ចសហការ និង​ភាពជា​ដៃគូ​យ៉ាង​ល្អប្រសើរ​កន្លងមក​។​

​លោក​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ក៏បាន​លើកឡើង​ពី​វឌ្ឍនភាព​នៃ​ដំណើរ​ការ​យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប​ឆ្នាំ​ ២០២១-២០២៧,​ កម្មវិធី​ណែនាំ​ពហុ​ឆាំ្ន​របស់​សហភាព​អឺរ៉ុប​ថ្មី ឆ្នាំ ​២០២១-២០២៧ និង​គំនិត​ផ្តួចផ្តើម ​Team Europe ព្រម​ទាំង​ចក្ខុវិស័យ​របស់​សហភាព អឺរ៉ុប​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ជាមួយ​កម្ពុជា​នៅពេល​អនាគត​។​


​លោក​បាន​បញ្ជាក់ថា​៖ «​សហភាព​​អឺរ៉ុប​បាន​បើក​ផ្តល់​ហិរញ្ញប្បទាន​សហ​​ប្រតិបត្តិការ​ចំនួន​ ៨២​ លាន​អឺរ៉ូ ដែល​សមមូល​នឹង ​៨៨ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០២៣ ដើម្បី​គាំទ្រ​ការអនុវត្ត​គម្រោង​ក្នុង​វិស័យ​សំខាន់ៗ​រួមមាន វិស័យ​កសិកម្ម  ​បរិស្ថាន ឧស្សាហកម្ម  ​អប់រំ ពាណិជ្ជកម្ម និង​វិស័យ​ឯកជន​»​។​

​លោក​ឈៀង យ៉ាណា​រ៉ា ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​ជា​អនុ​​ប្រធាន​ទី​ ២ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ (CDC)​ ថ្លែងអំណរគុណ​ចំពោះ​សហភាព​អឺរ៉ុប​ដែល​បាន​បន្ត​ប្ដេជ្ញា​ផ្ដល់​ការគាំទ្រ​ដល់​កម្ពុជា ពិសេស​សមិទ្ធ​​ផល​សម្រេចបាន​នៅក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​រួម​របស់​អឺរ៉ុប​ស្ដីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​សម្រាប់​កម្ពុជា ឆ្នាំ​ ២០២១-២០២៧ និង​កម្មវិធី​ណែនាំ​ពហុ​ឆ្នាំ​របស់​សហភាព​អឺរ៉ុប​សម្រាប់​កម្ពុជា ឆ្នាំ​ ២០២១-២០២៧ ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សង្គម​​សេដ្ឋកិច្ចកម្ពុជា​។​

​លោក​បាន​បញ្ជាក់ថា​៖«​តំណាងឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា យើង​សូម​កោត​​សរសើរ​ចំពោះ​សហភាព​អឺរ៉ុប​សម្រាប់​គំនិត​ផ្តួចផ្តើម​ក្រុម​អឺរ៉ុប ​(Team Europe's Initiatives) ដែលជា​យន្ត​ការសំខាន់ ក្នុង​ការជួយ​គាំទ្រ​ប្រទេស​កំពុងអភិវឌ្ឍន៍ រួមទាំង​ប្រទេស​កម្ពុជា ក្នុងការ​ទាក់ទាញ​ការវិនិយោគ​ប្រកប​ដោយ​ចីរភាព ជាពិសេស​ការរួម ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​​ឆ្លើយតប​ទៅនឹង​ការទប់ស្កាត់​ការរីក​​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩»​។​

​ជាមួយគ្នានេះ​ភាគី​ទាំង​ ២ ក៏បាន​បង្ហាញ​ជំហរ​មុតមាំ និង​ការ​ជឿជាក់ថា ចំណង​ការទូត និង​ភាពជា​ដៃគូ​ក្នុង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​សហភាព
​អឺរ៉ុប​នឹងត្រូវ​បាន​បន្ត​ពង្រឹង និង​ពង្រីក​កាន់តែ​ល្អប្រសើរ​នាពេល​អនាគត​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដាច់ដោយឡែក​មួយទៀត នៅក្នុង​ថ្ងៃ​ដដែល​នោះ លោក ឈៀង យ៉ាណា​រ៉ា ក៏បាន​ដឹកនាំ​មន្ដ្រីជាន់ខ្ពស់​នៃ​គណៈ​ក​ម្មា​ធិ​ការ​សហប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​នៃ​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ​(​គ​.​ស​.​ហ​) ​លើ​សេចក្តី​​ព្រាង​យុទ្ធសាស្ត្រ​ស្តីពី​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការអភិវឌ្ឍន៍ និង​ភាពជា​ដៃគូ ឆ្នាំ ​២០២៤-២០២៨​។​

​សេចក្តីព្រាង​យុទ្ធសាស្ត្រ​នេះ​ត្រូវបាន​រៀបចំឡើង ស្របតាម​ការវិវឌ្ឍ​នៃ​បរិការណ៍​កិច្ចសហប្រតិបត្តិកា​រ​អភិវឌ្ឍន៍ ពិសេស​ការផ្លាស់ប្ដូរ​ពី​ស័ក្ដិសិទ្ធិ​ភាព​នៃ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ទៅជា​ស័ក្តិសិទ្ធិ​ភាព​ក្នុង​កិច្ចអភិវឌ្ឍន៍ ហើយ​មាន​សង្គតិភាព​ជាមួយនឹង​យុទ្ធ​​សាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ​១ មុំ​ទី​ ៤ ​នៃ​បរិស្ថាន​គ្របដណ្ដប់​ដែល​បាន​តម្រង់ទិស​គោលនយោបាយ​នៅក្នុង​ការពង្រឹង​ស័ក្តិសិទ្ធិ​ភាព​នៃ​កិច្ច​សហ​​ប្រតិបត្តិ​ការអភិវឌ្ឍ​ន៍ និង​ភាពជា​ដៃគូ​ប្រកបដោយ​បរិ​យាប​ន្ន​។​

​នៅក្នុង​កិច្ចប្រជុំ​នោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏បាន​ស្នើឱ្យ​ក្រុមការងារ​រៀបចំ​យុទ្ធសាស្ត្រ​បន្តធ្វើ​ការកែលម្អ​ដោយ​ដាក់បញ្ចូល​មតិយោបល់រ​បស់​អង្គប្រជុំ​ដើម្បីឱ្យ​ឯកសារ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​មុន​ដាក់​ស្នើសុំ​ការអនុម័ត​ពី​នាយករដ្ឋមន្ត្រី​។​

​សូម​បញ្ជាក់ដែរថា រាជរដ្ឋាភិបាល បានរៀបចំ និង​អនុវត្ត​យុទ្ធសាស្ត្រ​ស្តីពី​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ភាពជា​ដៃគូ​ចំនួន​២​លើក​សម្រាប់​ឆ្នាំ​ ២០១៤-២០១៨ និង​ឆ្នាំ ​២០១៩-២០២៣ រួចមកហើយ បន្ទាប់ពី​ការអនុវត្ត​ប្រកប​ដោយ​ជោគជ័យ​លើ​ក្របខ័ណ្ឌ​យុទ្ធ​សាស្ត្រ​សម្រាប់​គ្រប់គ្រង​កិច្ច​សហ​​ប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​៕