ភ្នំពេញៈ សមាជិក​រដ្ឋសភា​បាន​បោះ​ឆ្នោត​ជា​ឯកច្ឆន្ទ​ផ្ដល់​សេចក្ដីទុកចិត្ត​ដល់​លោក ប្រាជ្ញ ចន្ទ បន្ត​ធ្វើជា​ប្រធាន​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (​គ​.​ជ​.​ប​) រួមជាមួយ​សមាជិក​ ​៨ ​នាក់​ផ្សេងទៀត​សម្រាប់​អាណត្តិ​ថ្មី​ដោយ​ទទួលបាន​ ១០១ ​សំឡេង​នៃ​សមាជិក​ដែល​បាន​ចូលរួម​ក្នុងសម័យ​​ប្រជុំ​រដ្ឋសភា​កាលពី​ម្សិលមិញ​។ 


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​​ធិ​ការដ្ឋាន​រដ្ឋសភា​ចេញផ្សាយ​នៅ​ថ្ងៃទី​ ១៣ ខែធ្នូ ឆ្នាំ​ ២០២៣​។​សេចក្ដីប្រកាស​ព័ត៌មាន​នេះ​បានឱ្យដឹងថា សមាសភាព​ជាប់ឆ្នោត​មាន លោក ប្រាជ្ញ ចន្ទ ជាប់​ជា​ប្រធាន គ​.​ជ​.​ប​, លោក ជឺ ចំណាន ជា​អនុប្រធាន​និង​សមាជិក ៧ ​នាក់​មាន លោក មាន ស​ទិ​, លោក ឌឹ​ម សុ​វណ្ណា​រុំ​, លោក សោម សូ​រី​ដា​, លោក ហេង ស៊ី​ឡេង​, លោក យិ​ច សមិទ្ធិ​, លោក ហ៊ែ​ល សារ៉ាត់ និង​លោក ហង្ស ពុទ្ធា​។​

​សេចក្តីប្រកាស​ព័ត៌មាន បាន​លើក​​ឡើង​ថា សមាសភាព​ថ្នាក់ដឹកនាំ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី​នៃ​នីតិកាល​ទី៧ ​រដ្ឋសភា​នេះ ត្រូវធ្វើ​សច្ចា​ប្រណិធាន​នៅ​ព្រះបរមរាជវាំង​ជាមុន​សិន មុន​ចូលកាន់​តំណែង​។  


​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប កាលពី​ម្សិលមិញ​បានឱ្យដឹងថា គ​.​ជ​.​ប គ្រោង​ធ្វើ​ពិធី​ប្រកាស​ចូលកាន់​តំណែង​អាណត្តិ​ថ្មី​នៅ​ថ្ងៃទី​ ១៤ ខែធ្នូ ក្រោម​ព្រះរាជក្រឹត្យ​។​

​ទន្ទឹមគ្នា​នេះដែរ គជប ក៏​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ដោយឡែក​ដែរ​ដោយ​ទទួលស្គាល់​ជា​ផ្លូវការ​នៃ​ការចុះបញ្ជី​គណបក្សនយោបាយ​ឈរឈ្មោះ​បោះ​​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​​ឆ្នោត​សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ឆ្នាំ​ ២០២៤ មាន​គណបក្ស​ប្រជាជន​កម្ពុជា មាន​បេក្ខជន ​១១៦​នាក់ ស្រី​ ២២ ​នាក់​។ គណបក្ស​ឆន្ទៈ​ខ្មែរ​មាន​បេក្ខជន ​១១៦ ​នាក់ ស្រី​ ២៣​។ គណបក្ស​កម្លាំង​ជាតិ មាន​បេក្ខជន​ ១១៦ ​នាក់ ស្រី​ ១៧ នាក់ និង​គណបក្ស​ហ្វ៊ុ​ន​ស៊ិនប៉ិច​មាន​បេក្ខជន​ ១១៦ ​នាក់ ស្រី​ ៧ ​នាក់​។​


​លោក សោម សូ​រី​ដា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គ​.​ជ​.​ប នឹង​បន្ត​អនុវត្ត​ទៅតាម​ច្បាប់​ស្តីពី​ការរៀបចំ និង​ប្រព្រឹត្តទៅ របស់ គ​.​ជ​.​ប និង​ច្បាប់​ស្តីពី​ការបោះឆ្នោត ដែលមាន​ជា​ធរមាន​ក្នុង​ការរៀបចំ​ការបោះឆ្នោត​សកល និង​អសកល រួមទាំង​ការបោះឆ្នោត​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។​

​លោក សោម សូ​រី​ដា ថ្លែងថា គ​.​ជ​.​ប សម្រាប់​អាណត្តិ​ថ្មី​នេះ នឹង​ខិតខំ​ប្រឹង​​ប្រែង​បំពេញការងារ ក្នុង​សមត្ថកិច្ច​របស់ខ្លួន ដែលជា​ស្ថាប័ន​ជាតិ​រៀបចំ​ចាត់ចែង​ការបោះឆ្នោត តាម​ការកំណត់​នៃ​រដ្ឋ​ធម្ម​នុ​ញ្ញ រួមជាមួយ​ច្បាប់ ស្តីពី​ការប្រព្រឹត្តទៅ​នៃ​ការរៀបចំ​ការបោះឆ្នោត និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ដែលមាន​ជា​ធរមាន​។​

​លោក សោម សូ​រី​ដា បាន​ថ្លែងថា​៖ «​ជាការ​តាំងចិត្ត​របស់​ខ្ញុំ គឺ​ធ្វើយ៉ាងណា​រៀបចំ​ចាត់ចែង​ការបោះឆ្នោត ឱ្យមាន​សេរីភាព ត្រឹមត្រូវ យុត្តិធម៌ និង​តម្លាភាព ស្របតាម​គោលការណ៍​លទ្ធិ​ប្រជា​ធិ​ប​​តេ​យ្យ​សេរី​ពហុបក្ស​»​។​

​លោក សំ គ​ន្ធា​មី នាយក​អង្គការ​ឃ្លាំ​មើល​ការបោះឆ្នោត​និក​ហ្វិ​ក នៅ​ថ្ងៃទី​ ១៣ ខែធ្នូ បាន​ប្រាប់​ឱ្យដឹងថា ការដែល​រដ្ឋសភា​កម្ពុ​ជា បោះឆ្នោតឱ្យ​លោក ប្រាជ្ញ ចន្ទ បន្ត​ធ្វើជា​ប្រធាន​គ​.​ជ​.​ប សម្រាប់​អាណត្តិ​ថ្មី​នេះ គឺ​ដោយសារ គណបក្ស​ប្រជាជន​កម្ពុ​ជាមាន​អាសនៈ​ច្រើនជាងគេ​នៅក្នុង​រដ្ឋសភា ហើយ​លោក​ប្រាជ្ញ ចន្ទ ក៏​ជា​សមាជិក របស់​គណបក្ស​នេះដែរ​។​

​លោក សំ គ​ន្ធា​មី ថ្លែងថា​៖ «​សមាជិក​គ​.​ជ​.​ប ទាំង​ ៩ ​រូប ដែល​មកពី​គណបក្ស​ដែលមាន​អាសនៈ​នៅក្នុង​រដ្ឋសភា (​គណបក្ស​ប្រជាជន​កម្ពុជា និង​គណ​បក្ស​ហ្វ៊ុ​ន​ស៊ិនប៉ិច​) និង​អង្គការ​សង្គម​ស៊ីវិល ក្រោម​ការដឹកនាំ​ដោយ លោក ប្រាជ្ញ ចន្ទ នឹងធ្វើ​ឱ្យមាន​ការប្រែប្រួល​ជា​វិជ្ជមាន ព្រោះ​សមាសភាព នៃ​សមាជិក គ​.​ជ​.​ប ទាំងនេះ មកពី​ចម្រុះ​គណបក្ស និង​អង្គការ​សង្គម​ស៊ីវិល​»​។​

​លោក គឹម​សួរ ភិ​រិ​ទ្ធ អ្នកនាំពាក្យ​គណ​បក្ស​ភ្លើងទៀន ថ្លែងថា គណបក្ស​នៅក្រៅ​រដ្ឋាភិបាល​សង្ឃឹមថា សមាសភាព​សមាជិក គ​.​ជ​.​ប នៃ​អាណត្តិ​ថ្មី​នេះ នឹងធ្វើ​ឱ្យមាន​ការប្រែប្រួល​មួយចំនួន ចំពោះ​ការរៀបចំ និង​ដំណើរការ​នៃ​ការបោះឆ្នោត​នៅពេល​ខាងមុខ ដើម្បី​ឱ្យមាន​តម្លាភាព ភាពត្រឹមត្រូវ និង​យុត្តិធម៌ សម្រាប់​គ្រប់​គណបក្ស​ដែល​ចូលរួម​ការបោះឆ្នោត​៕