ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បាន​លើក​បង្ហាញ​នូវ​យន្តការ និង​យុទ្ធសាស្ត្រ មួយចំនួន ដើម្បី​រួមចំណែក ក្នុងការ​ទប់ស្កាត់​និង​កាត់បន្ថយ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ក្នុង​សន្និសីទ​កំពូល​បណ្តា​ភាគី នៃ​អនុសញ្ញា​ក្របខ័ណ្ឌ សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ លើក​ទី​ ២៨ (COP28) និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ដែល​ធ្វើឡើង​ពីថ្ងៃ​ទី ​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​ ១២ ខែធ្នូ​។


​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​ ១៣ ខែធ្នូ បាន​បញ្ជាក់ថា​៖ «​ការលើកឡើង​របស់លោក អ៊ាង សុផល្លែត គឺជា​ការនាំ​ជោគជ័យ​ថ្មី​បន្ថែមទៀត​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ ដើម្បី​ពង្រឹង​និង​ពង្រីក​ចំណង​ទំនាក់ទំនង​ល្អ សំដៅ​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​និង​ផ្នែក​នយោបាយ​ផងដែរ​»​។​

​លោក ​អ៊ាង សុផល្លែត ថ្លែងថា កម្ពុជា​បានធ្វើការ​ប្តេជ្ញាចិត្ត​ខ្ពស់ ដើម្បី​ធ្វើការ​ចូលរួមចំណែក ក្នុងការ​ទប់ស្កាត់​និង​កាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ ដោយបាន​នាំនូវ​កាដូ ដែលជា​យន្តការ និង​យុទ្ធសាស្ត្រ​សំខាន់​ចំនួន​ ៧​ ដាក់ជូន និង​ពិភាក្សា​ក្នុង​សន្និសីទ​ពិភព​លោក​របស់​សន្និសីទ​ក្របខ័ណ្ឌ សហប្រជាជាតិ​។​


​យន្តការ និង​យុទ្ធសាស្ត្រ​ទាំងនោះ​មានដូចជា​៖ ការលុបចោល​គម្រោង​រោងចក្រ​អគ្គិសនី ដើរ​​ដោយ​ធ្យូងថ្ម​ ៧០០MW ជំនួស​មកវិញ​ដោយ​រោងចក្រ​អគ្គិសនី ដើរ​ដោយ​ឧស្ម័ន LPG វិញ​, ប្រទេស​កម្ពុជា​អភិវឌ្ឍ​ថ្មី​នៃ​ទំនប់​ស្តុក​ទឹក ដើម្បី​ផលិត​ថាមពល​អគ្គិសនី​ស្អាត ១ ០០០​ មេ​ហ្គា​វ៉ា​ត់ ឱ្យបាន​មុន​ឆ្នាំ​ ២០២៨​។ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន បង្កើន​ថាមពល​កកើត​ឡើងវិញ ដែល​ភាគច្រើន​ជា​ថាមពល​ពន្លឺព្រះអាទិត្យ ថាមពល​វា​រី​អគ្គិសនី និង​ថាមពលខ្យល់ ឱ្យបាន​ដល់​កម្រិត ៧០%​។​

​លោក​​ សុផល្លែត បានបញ្ជាក់​ទៀតថា​៖ «​កម្ពុជា​ស្អាត តាមរយៈ​ការកាត់បន្ថយ ការបំពុល​បរិស្ថាន​ដោយ​ថង់​ប្លា​ស្ទិ​ក និង​សំណល់​រឹង​និង​រាវ ដែលមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​កម្ពុ​ជាជាង​ ៣ ​លាន​នាក់ និង​កំពុង​កើនឡើង​បន្តបន្ទាប់​,​យុទ្ធសាស្ត្រ​កម្ពុជា​បៃតង តាមរយៈ​ការដាំ​ដើម​ឈើ​យ៉ាងតិច ចំនួន​ ១ ​លាន​ដើម ក្នុង​មួយឆ្នាំ​ពង្រីក​គម្រប​ព្រៃឈើ បាន​ ៦០% ​នៅ​ឆ្នាំ​ ២០៥០»​។​


​លោក​ថា កម្ពុជា​បន្ត​មិន​អនុញ្ញាតឱ្យ​បង្កើត​រោងចក្រ​ផលិត​អ​គិ្គ​ស​នី ដោយ​ប្រើ​ធ្យូងថ្ម​នៅ​កម្ពុជា និង​បន្ត​មិន​អនុញ្ញាតឱ្យ​សាងសង់​វា​រី​អគ្គិ​ស​នី​កាត់​ទន្លេមេគង្គ​ឡើយ​។

ក្នុងនោះ​លោក​រដ្ឋមន្ត្រី ក៏បាន​បង្ហាញ​ពី​ការគាំទ្រ និង​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​លើ​សេចក្ដីប្រកាស​ជាស​កល ស្ដីពី​និរន្តរភាព​ប្រព័ន្ធ​ស្បៀង​វិស័យ​កសិកម្ម និង​សកម្មភាព​ឆ្លើយតប​នឹង​ការប្រែប្រួល​អាកាសធាតុ​ដែល​បាន​ផ្ដោតលើ​អាទិភាព​រួមមាន​៖​ ការលើកកម្ពស់​ជីវភាព​រស់នៅ របស់​សហគមន៍​មូលដ្ឋាន​,​ការ​តស៊ូ​មតិ​សម្រាប់​សន្តិសុខ​ស្បៀង និង​សុខុមាលភាព​អាហារូបត្ថម្ភ និង​ពង្រីក​ការអនុវត្ត​កសិកម្ម​ឆ្លាត​វៃ និង​យុទ្ធសាស្ត្រ​បញ្ចេញ​កាបូន​ទាប ជា​ធាតុ​ផ្សំ​សំខាន់​នៃ​ការ​សម្រប​ខ្លួន និង​កិច្ចខិតខំ​ប្រឹងប្រែង​កាត់បន្ថយ​អាកាសធាតុ​។​

​ជុំវិញ​រឿងនេះ លោកស្រី ផ្លឹ​ក ភី​រុំ អ្នកសម្របសម្រួល​បណ្តា​ញ​ជន​ជាតិ​ដើម​ភាគតិច ប្រចាំខេត្ត​មណ្ឌល​គី​រី​បាន​ថ្លែងថា ការដាក់ចេញ​យុទ្ធ​សាស្ត្រ​របស់​ក្រសួងបរិស្ថាន​បែបនេះ គឺជា​រឿង​ល្អ ដែល​វា​នឹង​ក្លាយជា​ត្រីវិស័យ​តម្រង់ទិស​យ៉ាងសំខាន់​សម្រាប់​លើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ ពិសេស​សហគមន៍​ជនជាតិភាគតិច ដែល​អាស្រ័យ​ផល​នឹង​ធនធានធម្មជាតិ​។​

​លោក​​ស្រី​បន្តថា​៖ «​ដើម្បីឱ្យ​យន្តការ និង​យុទ្ធសាស្ត្រ​នេះ​សម្រេច​ជោគជ័យ​បាន គឺ​ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន ខណៈ​ខ្ញុំ​ក៏​សូម​ស្នើឱ្យ​រាជរដ្ឋាភិបាល​ត្រូវតែ​ជជែក​និង​ពិភាក្សា​ជាមួយ​សហគមន៍ ព្រោះ​តំបន់​ការពារ​ធនធានធម្មជាតិ​ភាគ​ច្រើន​មាន​សហគមន៍​ជនជាតិដើម​ភាគតិច​ជា​អ្នកការពារ ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​សហ​គម​ន៍​មូលដ្ឋាន​ដែល​ងាយ​រងគ្រោះ​ដោយសារ ផលប៉ះពាល់​នៃ​ការ​​ប្រែប្រួល​អាកាសធាតុ​»​។​

​បើតាម​ក្រសួងបរិស្ថាន ស​ន្និ​​សីទ​កំពូល​បណ្តា​ភាគី នៃ​អនុ​សញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ លើក​ទី​២៨ (COP28) មាន​មេ​ដឹកនាំ​រដ្ឋ​ភាគី​ចំនួន ​១៩៦ ​ប្រទេស បុគ្គល​ល្បីៗ អ្នកវិទ្យាសាស្ត្រ តំណាង​អង្គការសហប្រជាជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល ប្រទេស​អ្នកសង្កេតការណ៍ អ្នក​សារ​​ព័ត៌មាន​ចូលរួម សរុប​ចំនួន​ជិត ​៧ ​ម៉ឺន​នាក់​។ 

​ក្នុងនោះ​កម្ពុជា និង​បណ្តា​ប្រទេស​ដែល​បាន​ចូលរួម ក៏បាន​អនុម័ត​សេចក្តីប្រកាស​រួម​ជា​ផ្លូវការ ស្តីពី​ប្រព័ន្ធ​ស្បៀង ដែលមាន​ភាព​ធន់​និរន្តរភាព​កសិកម្ម និង​សកម្មភាព​អាកាសធាតុ នៅក្នុង​ក្របខ័ណ្ឌ​នៃ​សន្និសីទ ​COP28​។​

​សារៈសំខាន់​នៃ​ប្រកាស​រួម​នេះ មាន​ខ្លឹមសារ​ស្របទៅនឹង​ការតាំង​ចិត្ត របស់​រដ្ឋាភិបាល​ស្តីពី​កសិកម្ម​វៃឆ្លាត ការកាត់បន្ថយ​ការបញ្ចេញ​កាបូន​និង​ការអភិវឌ្ឍ​ដោយ​ចីរភាព សំដៅ​ឈានទៅ​ទប់ស្កាត់​និង​កាត់​​បន្ថយ​ការប្រែប្រួល​អាកាសធាតុ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​៕