ភ្នំពេញៈ​គណៈ​កម្មា​ធិការ​ជាតិ​សម្រប​សម្រួល​ព័ត៌​មាន​និង​សាធា​រណ​មតិ​(​គ​.​ស​.​ព​.​ស​)បាន​បើក​សិក្ខា​សាលា​លើក​ដំបូង​របស់​ខ្លួន​ដើម្បីប្រមូល​ធាតុ​ចូល​សំខាន់ៗ​ពី​តួអង្គ​ពាក់​ព័ន្ធ​ ជជែក​ពិភាក្សា​គ្នា​ពី​បញ្ហា​ប្រឈម​ ចែករំលែក​ប​ទពិសោធ​ន៍​ល្អៗ​ជូន​ដល់​សិក្ខា​កាម​នៅតាម​ក្រសួង ​ស្ថាប័ន ​រាជធានី​ ខេត្ត​ ដើម្បី​ពង្រឹង​ការងារ​លើ​ផ្នែក​ព័ត៌​មាន ក្នុង​បំណង​អនុវត្ត​ភារ​កិច្ច​ជាក់​ស្តែង​ឱ្យមានប្រសិទ្ធ​ភាព​ខ្ពស់​។​


​សិក្ខា​សាលា​លើក​ទី​១ របស់ គ​.​ស​.​ព​.​ស ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​១៣​ ខែធ្នូ ឆ្នាំ​២០២៣​ នៅ​អគារ​មិត្ត​ភាព​នៃ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ក្រោម​អធិបតី​ភាព​លោក ស្វាយ ស៊ីថា ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស និង​ជា​ប្រធាន​របស់ ​គ​.​ស​.​ព​.​ស និង​វត្តមាន​វាគ្មិន​កិត្តិ​យស​លោក​នេ​ត​ ភក្ត្រា ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ លោក​ប៉ែន ​បូ​ណា ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយ​ករដ្ឋមន្ត្រី​។សិក្ខា​សាលា​នេះ​ក៏មាន​ការ​ចូលរួម​ពី​អ្ន​កនាំ​ពាក្យ មន្ត្រី​ទទួ​លបន្ទុក​ព័ត៌​មាន និង​បណ្តាញ​សង្គមនៅ​តាម​បណ្តា​រាជ​ធានី​ខេត្ត​សរុប​ប្រមាណ ២០០ ​​នាក់​។ នេះ​បើ​យោង​តាម​ខ្លឹម​សារ​ផ្សព្វ​ផ្សាយ​ដោយ​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិ​បាល​។​

​ប្រភព​ដដែល​បាន​ឱ្យដឹ​ងថា ​នៅក្នុង​សិក្ខា​សាលានេះ ​លោក​ ស្វាយ ស៊ីថា លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​ព័ត៌​មាន​ដែល​ដើរ​តួនាទី​និង​ដំណើរ​ការ​អភិវឌ្ឍ​ប្រទេស​ ខណៈ​ស្ថាប័ន​ព័ត៌​មាន​រដ្ឋាភិ​បាល​ជា​សេនាធិ​ការ​ចូល​រួម​ថែរក្សា​សុខ​សន្តិ​ភាព ស្ថិរ​ភាព​នយោ​បាយ និង​ស្ថិរ​ភាព​សង្គម ​ជាពិសេសការគ្រប់​គ្រង ការ​ពារ ​ឆ្លើយ​តប បក​ស្រាយ និង​ពន្យល់​ដល់​មជ្ឈ​ដ្ឋាន​មហា​ជន​ឱ្យ​ជ្រាប​ពី​ការពិត​។​


​ជាមួយគ្នានេះលោក​បានលើក​ឡើងពី​កង្វល់​ជុំវិញ​ទំនើប​កម្ម​បច្ចេក​វិទ្យា​ព័ត៌​មាន​មួយ​ចំនួន​នៅ​យុគ​សម័យ​ឌីជីថល​នេះ ​ដែល​ជះ​ឥទ្ធិពល​ដល់​ការងារ​ព័ត៌មាន និង​សា​ធារណ​មតិ តួយ៉ាង​ភាព​ជឿនលឿ​ន​នៃ​បច្ចេ​កវិទ្យា​សិប្ប​និម្មិត​ ហៅ​កាត់​ថា AI ដែល​ជា​បញ្ហា​ប្រឈម​ទាំង​សម្រាប់​កម្ពុជា ​និង​បណ្តា​ប្រទេស​នានា​ក្នុង​ពិភព​លោក​ រួមទាំង​សហរដ្ឋ​អាម​រិ​ក និង​អឺរ៉ុប​ផង ដែល​ទាម​ទារ​បង្កើន​ការ​យ​កចិត្តទុ​កដាក់​និង​ប្រុង​ប្រយ័ត្ន​។​

លោក​ ស្វាយ​ ស៊ីថា ​បាន​បញ្ជាក់ថា​​៖«​ក្រោម​គំនិត​ផ្តួចផ្តើម​ដ៏​ខ្ពង់ខ្ព​ស់​បំផុត​របស់​ស​ម្តេច​មហា​បវរ​ធិប​តី ហ៊ុន ម៉ា​ណែ​ត គ​.​ស​.​ព​.​ស​. ត្រូវ​បាន​បង្កើតឡើ​ង​ក្នុង​នាម​ជា​យន្តកា​រដើម្បី​សម្រប​សម្រួល​ សហ​ការ​ និង​ធ្វើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ ពង្រឹង​ស្តង់​ដា​នៃ​ការ​អនុវត្ត​ការងារ ​តម្រង់​ទិស​និង​ផ្តល់​ជា​អនុ​សាសន៍ ដើម្បី​តម្រង់ទិ​ស​ការងារ​ព័ត៌មាន​និង​សាធា​រណ​មតិ​ឱ្យ​កាន់តែ​មាន​ដំណើរ​ការ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ជាពិ​សេស​ដើម្បី​បង្កើត​បាន​ជា​ចលនា​ជាតិ​មួយ​សម្រាប់​បង្កើត​សេចក្តី​សុខ​សាន្ត​របស់​ប្រជា​ពលរដ្ឋ​»​។​


​លោក​ទេសរ​ដ្ឋមន្ត្រី​ក៏បាន​សង្កត់​ធ្ងន់​ពី​ភាពចាំ​បាច់​ក្នុងការ​បង្កើត​ច្រកចេញ​-​ចូលមួ​យ​ដែលមា​ន​កិច្ចសហ​ការ​លើ​ផ្នែក​ព័ត៌មាន​ និង​សា​ធារ​ណៈ​ រវាង គ​.​ស​.​ព​.​ស និង​បណ្តា​ក្រសួង ​ស្ថាប័ន​ រាជ​ធានី​-​ខេត្ត​ ដើម្បី​ប្រមូល​កម្លាំង​សរុប​សម្រេច​គោល​ដៅ​រួម​។​

​ជា​មួយ​គ្នានេះដែ​រ លោក​នេ​ត ភក្ត្រា ជា​អនុប្រ​ធាន​ទី​១ នៃ គ​.​ស​.​ព​.​ស បាន​ជំរុញ​ឱ្យ​សិក្ខា​កាម​ទាំង​អស់ ​ពង្រឹង​យន្ត​ការ​ព័​ត៌មាន​និង​សាធា​រណៈ​មតិ តាម​យុទ្ធ​សាស្ត្រ​បែប​ប្រមូល​កម្លាំង​សរុប ​ម​ធ្យោ​យ​បាយ​រួម ក្នុង​នាម​រដ្ឋាភិ​បាល​តែ​មួយ ​ជា​ក្រុម​តែ​មួយ ​ប្រើ​សំឡេង​តែ​មួយ ​ភាសា​តែ​មួយ​ ដើ​ម្បី​សម្រេច​គោល​ដៅ​រួម​។​ លោក​ក៏​លើក​ទឹកចិត្ត​ឱ្យមាន​ការ​ខិតខំ​ស្រាវជ្រាវ ​ប្រមូល​ចងក្រ​ង​ព័ត៌មាន​ពាក់​ព័ន្ធ​ក្រសួង ​ស្ថាប័ន ​រាជធានី ​ខេត្ត ​ផងដែរ​ ធានា​ជំរុញ​ការ​ផ្សព្វផ្សា​យ​រហូត និង​មាន​ប្រសិទ្ធ​ភាព លើ​គ្រ​ប់ម​ធ្យោ​យ​បាយ ទាំង​នៅលើ​បណ្តាញ​សង្គម​។​

​លោក​បានសង្កត់​ធ្ងន់​ថា​៖«​ការងារ​ព័ត៌​មាន និ​ង​សាធារណមតិ​​មាន​ភាព​ចាំបាច់​ណាស់​សម្រាប់​បម្រើ​ចិត្តសា​ស្ត្រ ​និង​ការ​គ្រប់​គ្រង​សតិ​អារម្ម​ណ៍​ប្រជា​ពលរដ្ឋ​ក្នុង​បរិបទ​នៃ​កា​ររី​កចម្រើន​នៃ​បច្ចេក​វិទ្យា​ព័ត៌​មានដែល​ក្រសួង​ស្ថាប័ន​ទាំង​អស់​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ និង​ត្រូវ​តែ​ខិតខំ​ពង្រឹង​នូវ​យន្ត​ការ​ដ៏​សំខាន់​នេះ​ ដែលជា​កម្លាំង​រួម​សម្រាប់​បំពេញ​ភារ​កិច្ច​ផ្សព្វ​ផ្សាយ ​បំភ្លឺ និង​ការ​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​»​។​

​ចំណែកលោក​ប៉ែន បូ​ណា ​ប្រធាន​អង្គភាព​អ្នកនាំពា​ក្យ​រាជរដ្ឋា​ភិបាល​ និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ គ​.​ស​.​ព​.​ស​. ក៏បានលើក​ឡើង​ដែរថា គណៈក​ម្មាធិការ​ជាតិ​នេះ ​បង្កើ​តឡើង​ក្នុង​គោលបំ​ណង​ជួយ​សម្របស​ម្រួល​ធានា​ដល់​ព័ត៌​មាន​ដែល​ផ្តល់​ទៅ​ប្រជា​ពលរដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធភា​ព ​មានន័យ​ជារួម​ដល់​ក្រុម​អ្នកនាំ​ពាក្យ​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ ស​ហការ​គ្នា ចែ​ករំលែក​ព័ត៌មា​ន​គ្នា តា​មដា​ន​ព័ត៌​មាន ​និង​ឆ្លើយ​តប​ទៅ​អ្នក​សារ​ព័ត៌​មាន ​និង​ប្រជា​ជន​ប្រកប​ដោយ​ការ​ពិត​ និង​មាន​ប្រសិទ្ធ​ភាព​។​

ពាក់ព័​ន្ធ​នឹងសាធារ​ណមតិ​​វិញ លោក​ថា មន្ត្រី​នៅតាម​​ក្រសួង​ ស្ថាប័ន ​នានា ត្រូវ​តាម​ដាន​ និង​ពិនិត្យ​មើល​មតិ ឬ​សំណូម​ពរ​របស់​ប្រជាព​លរដ្ឋ ព្រ​មទាំង​សម្របស​ម្រួល ​ដើម្បី​ឈាន​ទៅរក​កា​រដោះ​ស្រាយ និង​ឆ្លើយត​ប​ឱ្យមាន​ប្រសិទ្ធ​ភាព ​ស្រប​នឹង​ការរីក​លូតលា​ស់​នូវ​បច្ចេ​កវិទ្យា​ព័ត៌មា​ន ជាពិសេស​បណ្តាញ​សង្គម​។​

លោក​ថា​៖«​កន្លង​មក មាន​គេ​ថា អ្នកនាំ​ពាក្យ​និយាយ​តែ​ការ​ពារអត់​ការ​ពិត​ទេ ​តែ​ខ្ញុំ​ចង់​ប្តូរ​ទ្រឹស្តី​ហ្នឹង​វិញ គឺ​អ្នក​នាំពា​ក្យ​យក​ការពិត​ទៅ​ការពារ​រដ្ឋាភិ​បាល បាន​ន័យ​ថា រដ្ឋាភិ​បាល​ធ្វើការ​ងារ​ច្រើន​ ប៉ុន្តែ​មាន​ព័ត៌មាន​ខ្លះ​បំផ្លើស​បង្ខូច​អ៊ីចឹង​អ្នក​នាំ​ពាក្យ​ត្រូវ​យក​ការពិត​ទាំង​ហ្នឹង​មក​និយាយ​ដើម្បី​បន្សាប​ព័ត៌មាន​មិន​ពិតនិង​ពន្យល់​ប្រជា​ពលរដ្ឋ​»​។​

​ចំណែក​ លោក​ ​ណុប វី នាយក​ប្រតិបត្តិ​សម្ព័ន្ធ​អ្នកសា​រព័​ត៌មាន​កម្ពុជា ​(Camboja)​ បានថ្លែង​ថា​ គណៈ​កម្មាធិ​ការ​ជាតិ​សម្រប​សម្រួល​ព័ត៌មាន​និង​សាធារ​ណមតិ ​គួរ​ផ្តោត​លើ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​ពី​ខាង​រដ្ឋាភិ​បាល​ឱ្យបាន​ទូលំ​ទូលាយ​ជា​មួយ​ការ​ពង្រឹង​ការ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ស្នើ​សុំ​ព័ត៌មាន​ប្រកប​ដោយ​គុណ​ភាពពី​សំណាក់​សា​ធារណជ​ន​។​

លោក​ថ្លែង​ថា​៖«​ការឆ្លើ​យ​តប​ទៀតសោ​ត​គួរតែ​ផ្តោត​ទៅលើ​មូលដ្ឋា​ន​នៃ​ការគោ​រព​សិទ្ធិ​មនុស្ស សេរី​ភាព​ជា​មូល​ដ្ឋាន​និង​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​។ ជា​មួយ​គ្នានេះ​គ​.​ស​.​ព​.​ស គួរតែ​ផ្តោតលើ​​ការជំរុញ​ឱ្យ​មានច្បា​ប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ឱ្យបាន​ឆាប់​រហ័ស​ និង​ការធា​នា​អំពី​លម្ហ​នៃ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពី​គ្រប់​មជ្ឈ​ដ្ឋាន​ផង​ដែរ​»៕