ភ្នំពេញៈ​ នាយក​ក្រុម​ហ៊ុន Pfizer មានបំ​ណង​ចង់​អនុវត្ត​គម្រោង​ជា​មួយ​ក្រសួងសុ​ខាភិបា​លតាម​រយៈ​ការ​លក់​​ឱសថ​ និង​វ៉ាក់​សាំង​របស់​ខ្លួន​ក្នុង​តម្លៃ​ទាបដោយ​មិន​គិតពី​​ប្រាក់​ចំណេញ បន្ទាប់ពី​កន្លង​មក​ក្រុម​ហ៊ុន​នេះបាន​រួម​ចំណែក​គាំទ្រ​ប្រព័ន្ធ​ថែទាំ​សុខ​ភាព​នៅ​កម្ពុជា ដូច​ជា​ផ្ដល់​វ៉ាក់​សាំង​កូ​វីដ​១៩ ជា​ដើម​។​


​ការ​បង្ហាញ​បំណង​អនុវត្ត​គម្រោង​បែ​បនេះតាម​រយៈ​ជំនួប​ពិភាក្សា​ការងា​រ​រវាង​លោក​ ឈាង រ៉ា រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិ​បាល​ជាមួយ​លោក Nirutti Pradubyati នាយក​ក្រុម​ហ៊ុន Pfizer ផ្នែក​កិច្ច​ការ​វេជ្ជ​សាស្ត្រ​ប្រចាំ​ប្រទេស​ថៃ និង​តំបន់​ឥណ្ឌូ​ចិនកាល​ពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២៣​។ នេះ​បើ​យោង​តាម​ក្រសួង​សុខាភិ​បាល​។​

​បើតាម​ក្រសួង ​ក្នុង​ជំនួប​នេះ​ លោក​នាយក​ក្រុមហ៊ុន​Pfizer បាន​ថ្លែង​អំណ​រគុណ​ដល់​ក្រសួង​សុខាភិ​បាលដែល​បាន​អនុញ្ញាត​ឱ្យ​ប្រតិភូ​ក្រុម​ហ៊ុន Pfizer បាន​ជួ​បពិភាក្សា​កា​រងារ​លើ​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុង​វិស័យ​សុខាភិ​បាល ពាក់​ព័ន្ធ​នឹង​ការ​ផ្ដួច​ផ្ដើម​អនុវត្ត​គម្រោង ​Accord for a Healthier World ដែល​ជា​គម្រោង​ផ្តោត​លើ​ការ​កាត់​បន្ថយ​គម្លាត​សម​ធម៌​សុខ​ភាព​។​


​លោក​បញ្ជាក់​ថា​៖ «​គម្រោង ​Accord for a Healthier World ដែលជា​គម្រោង​ផ្តោត​លើ​ការ​កាត់​បន្ថយ​គម្លាត​សម​ធម៌​សុខ​ភាព​តាម​រយៈ​ការ​លក់​ជូន​នូវ​ឱសថ​និង​វ៉ាក់​សាំង​របស់​ក្រុម​ហ៊ុន ​Pfizer​ ក្នុង​តម្លៃ​ទាបនិង​មិន​គិតពី​ប្រាក់​ចំណេញ​»​។ 

​ជាកា​រ​ឆ្លើ​យតប លោក ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុ​ខាភិបាល​​បានស្វា​គមន៍​កិច្ច​សហប្រ​តិបត្តិការ​ពា​ក់​ព័ន្ធ​នឹង​គំនិត​ផ្តួច​ផ្តើម​របស់​ក្រុម​ហ៊ុន Pfizer ក្នុង​វិស័យ​សុខា​ភិបាល​ ក៏ដូចជា​ការ​ផ្តល់​ជំនួ​យឬ​ការផ្គត់​ផ្គង់​ឱសថ​និង​វ៉ាក់​សាំង​ដល់​កម្ពុជា​ប្រកប​ដោយ​គុណ​ភាព សុវត្ថិ​ភាព ប្រសិទ្ធ​ភាព និរន្ត​រភា​ព និង​សមធម៌​។ យ៉ាង​ណាមិ​ញ​លោក​ផ្តល់​ជា​អនុ​សា​ស​សន៍និង​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុ​នមាន​ការ​ពិភាក្សា​ជាមួយ​ក្រុម​ការងារ​បច្ចេក​ទេស​ជាមុន​សិនមុន​នឹងចាប់​ផ្ដើម​អនុវត្ត​គម្រោង​នេះ​។ 


​លោក​ថ្លែង​ថា​៖«​សូម​លើក​ទឹកចិ​ត្ត​ឱ្យ​ក្រុមហ៊ុនPfizerត្រូវតែ​ពិភាក្សា​កិច្ច​សហ​ការ​នេះ​ជាមួយ​ក្រុម​ការងារ​បច្ចេក​ទេស ​ជា​ពិសេស​ត្រូវ​តែ​គិត​គូរនិង​ចាប់​ផ្តើម​គម្រោង​សាក​ល្បង​(Pilot Project)ជាមួ​យ​មន្ទីរ​ណាមួ​យ​ជា​មុន​សិន ​មុន​នឹង​បន្ត​គម្រោង​នៅ​ទូទាំង​ប្រទេស​»​។​

​បើ​តាម​លោក​ ឈាង រ៉ា កន្លង​មក​ក្រុម​ហ៊ុនPfizer បានរួម​ចំណែក​គាំទ្រ​ដល់​ប្រព័ន្ធ​ថែទាំ​សុខភា​ព​នៅ​កម្ពុជា ដូចជា​ការ​មក​ដល់​នៃ​វ៉ាក់​សាំង​កូ​វីដ​១៩ (​វ៉ាក់សាំង Pfizer)​តាមរ​យៈ COVAX Facility ក្នុង​ដំណាក់​កាល​នៃ​ការ​រីក​រាល​ដាល​ជាស​កល​នៃ​ជំងឺ​ឆ្លង​កូ​វីដ​១៩​។​

​ជុំវិញ​រឿង​នេះ លោ​ក នុត សម្បត្តិ​ ប្រធាន​វិទ្យា​ស្ថាន​វេជ្ជ​សាស្ត្រជីវ​សាស្ត្រ និង​កសិ​កម្មនៃ​រាជ​បណ្ឌិតស​ភា​កម្ពុជា បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៤​ ខែធ្នូ​ថា ក្រុម​ហ៊ុន Pfizer គឺជា​ក្រុម​ហ៊ុន​លំដាប់​អន្តរ​ជាតិ​មួយ​ដែល​ផលិត​ឱសថ​និង​វ៉ាក់​សាំង​ដ៏​ល្អនិង​មាន​គុណភា​ព​។ លោក​បន្តថា​ ប្រសិន​បើ​​គម្រោង​របស់​ក្រុម​ហ៊ុន​នេះបាន​ចាប់​ដៃគូ​ជាមួយ​ក្រសួង​សុខាភិ​បាល​កម្ពុជានោះ​វា​ជួយ​បម្រើឱ្យ​​សេវា​សុខាភិបា​ល​កាន់​តែ​ល្អប្រ​សើរ​ក៏ដូចជា​មាន​តម្លៃ​ទាបទទួល​យក​បាន និង​គ្រប​ដណ្ដប់​បាន​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ប្រទេស​។​

​លោក​ថ្លែង​ថា​៖«​ខ្ញុំ​ជឿថា​ប្រសិន​បើ​គម្រោង​នេះ​បាន​ចាប់​ដៃគូ​ជាមួយ​ក្រសួង​សុខាភិ​បាល​យើង​ពិត​មែន​នោះ​វា​ជួយ​ធ្វើឱ្យ​សេវា​សុខាភិ​បាល​យើង​កាន់​តែ​ល្អ​ប្រសើរ​ដោយ​សារ​យើង​មាន​ដៃគូ​ដែល​មាន​ឱសថនិង​វ៉ាក់​សាំង​ល្អ​យក​មក​ព្យា​បាល​ ខ​ណៈដែល​វា​មាន​តម្លៃ​ថោក​ ហើយ​ប្រសិទ្ធ​ភាព​អាច​ទទួល​យ​ក​បាន​ទៀត​»​។​

​បន្ថែម​ពី​នេះ ក៏​នឹង​ធ្វើ​ឱ្យ​វិស័យ​សុខាភិ​បាលមាន​ការ​រីក​លូត​លាស់សេវា​ល្អ​ជាពិសេស​ឈាន​ទៅ​ជា​វិស័យ​សុខាភិ​បាល​មួយ​ស្មើ​មុខ​ស្មើ​មាត់​អន្តរ​ជាតិ ​ដោយ​សារ​មាន​ឱសថ ​និង​វ៉ាក់​សាំង​ដែល​មាន​តម្លៃ​ទាប ​សម្រាប់​ជួយ​ព្យាបាល​ប្រជា​ពលរដ្ឋ​។​

​សូមប​ញ្ជាក់​ថា ក្នុង​អាណត្តិ​ទី​៧​នេះ​អាទិភាព​សំខាន់ៗ​វិស័យ​សុខាភិ​បាល​មាន​ចំនួន៣​អាទិភាព​ រួមមាន​ទី​១ ការ​ព​​ង្រឹងគុណ​ភាព​សេវា​នៅ​មណ្ឌល​សុខភាព​ទាំង​អស់​តាម​រយៈ​ការព​ង្រឹង​ហេ​ដ្ឋា​សម្ព័ន្ធ​សុខាភិ​បាលការ​ផ្គត់​ផ្គង់​ឱសថ និង​បំពាក់​សម្ភារ​បរិក្ខារ​ចាំ​បាច់​ធ្វើឱ្យ​លទ្ធភាព​ក្នុង​ការផ្តល់​សេវា​ពេញ​២៤​ម៉ោង​។​២ការ​ព្រ​ងឹ​ង​គុណ​ភាព​សេវា​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុកនិង​មន្ទីរ​ពេទ្យ​ខេត្ត​តាមរ​យៈ​ការ​ពង្រឹងសេវា​សង្គ្រោះ​បន្ទាន់
ICU,Emer​ge​ncy, Surgeryនិង​មន្ទីរ​ពិសោធន៍​ជាដើ​មនិង​អាទិ​ភាពនិង​ទី​៣​ការព​ង្រឹង​ធន​ធាន​មនុស្ស​តាមរ​យៈ​ការ​ពង្រឹង​​ភាព​ជាអ្ន​កដឹក​នាំនិង​នវានុ​វត្តន៍ដល់​ថ្នាក់​ដឹក​នាំ និង​មន្ត្រី​រាជ​ការ​គ្រប់​លំដាប់​ថ្នាក់​៕