ភ្នំពេញៈ​កម្ពុជា​តាម​រយៈ​ក្រសួង​សាធា​រណ​ការនិង​ដឹក​ជញ្ជូន​បាន​ស្នើ​ទៅ​កាន់​គណៈ​ប្រតិភូ​ស្ថា​ប័ន​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី (Infrastructure Asia) របស់​ប្រទេស​សិង្ហ​បុរីឱ្យ​ជួយ​ពិនិត្យ​លទ្ធ​ភាព​ក្នុង​ការ​បញ្ជូន​អ្នក​ជំនាញ​លើ​វិស័យ​ទឹក​កខ្វក់​មក​ប​ណ្តុះបណ្តាល​មន្ត្រី​-​សិស្ស​និស្សិត​ នៅ​វិទ្យាស្ថា​ន​តេ​ជោ​សែនសាធា​រណការ ​និង​ដឹក​ជញ្ជូន​។​


ការ​ស្នើ​របស់​ភាគី​កម្ពុជា ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ រស់ ​វណ្ណា ​រដ្ឋលេ​ខាធិការ​ក្រសួង​សាធា​រណ​ការ​ និង​ដឹក​ជញ្ជូន​និង ​លោក LavanThiru​ នាយក​ប្រតិ​បត្តិ​ស្ថា​ប័ន​ហេដ្ឋា​រចនា​សម្ព័ន្ធ​អាស៊ី​ប្រទេស​សិង្ហ​បុរីកាល​ពី​ថ្ងៃទី​១២ ​ខែធ្នូ​ ឆ្នាំ២០២៣​ ដោយមាន​ការ​ចូលរួម​ពី​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​មកពី​អគ្គនា​យក​ដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ​ ​។​ កិច្ច​ប្រជុំ​ពិភាក្សា​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​ស្វែង​រក​ធាតុ​ចូល​និង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​វាង​វិស័យ​ឯកជន​ ពាក់​ព័ន្ធ​ទៅនឹង​ការគ្រប់​គ្រង​ទឹក​កខ្វក់ ​និង​សំណល់​រឹង​ជា​មួយ​នឹង​វិស័យ​សា​ធា​រណៈ​នៅ​កម្ពុជា​។ នេះ​បើ​តាម​ក្រសួង​សា​ធារណ​ការនិង​ដឹក​ជញ្ជូន​។​

យោងតាមក្រសួងនេះបានឱ្យដឹងថា នា​ឱកាស​នោះ ​ លោក​រស់ វណ្ណា ​បាន​គូស​បញ្ជាក់​អំពី​វិស័យ​ទឹក​កខ្វក់​ និង​ចំណុច​ខ្លាំង​-​ខ្សោយ​ក្នុងការ​អនុវត្ត និង​ប្រមូល​-​គ្រប់​គ្រង​ទឹក​កខ្វក់​នៅ​កម្ពុជា​។ ជា​មួយគ្នា​នេះ លោក​បាន​ស្នើ​ឱ្យ​ភាគី​សិង្ហ​បុរី ​ពិនិត្យ​លទ្ធ​ភាព​ក្នុងការ​បញ្ជូន​អ្នក​ជំនាញ​លើ​វិស័យនេះ​ មក​បណ្តុះ​បណ្តាល​មន្ត្រី​ សិស្ស​និស្សិត នៅ​វិទ្យា​ស្ថាន​តេ​ជោ​សែន ​សាធារ​ណការ​និង​ដឹក​ជញ្ជូន​ផង​ដែរ​។​


ជា​ការ​ឆ្លើយ​តប​វិញ ​លោក LavanThiru ​នាយក​ប្រតិប​ត្តិ​ស្ថា​ប័ន​ហេដ្ឋារ​ចនា​សម្ព័ន្ធ​អាស៊ី​ប្រទេស​សិង្ហ​បុរី​បាន​ទទួល​យក​សំណើ​ខាង​លើ​ទៅពិនិត្យ​លទ្ធ​ភាព ​និង​បាន​ជម្រាប​អំពី​វគ្គ​បណ្តុះ​បណ្តាល​ខ្លីនៅ​ប្រទេស​សិង្ហ​បុរី ក្នុង​ឆ្នាំ​២០២៤​ ខាង​មុខ​ ដោយ​នឹង​មាន​រៀបចំ​លិខិត​ដាក់​មក​ក្រសួង​សាធា​រណការ និង​ដឹក​ជញ្ជូន​ ដើម្បី​អញ្ជើញ​មន្ត្រី​ជំនាញ​ចូល​រួម​នា​ឱកាស​នោះ​ថែម​ទៀត​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា វិ​ទ្យាស្ថាន​តេ​ជោ​សែនសាធា​រណ​ការ និង​ដឹក​ជញ្ជូន គឺ​ជា​គ្រឹះ​ស្ថាន​ឧ​ត្ត​ម​សិក្សា​សា​ធារណៈ​ដែល​កំពុង​បណ្តុះ​បណ្តាល​និស្សិត​លើ​ជំនាញ​ជា​ច្រើន​រួម​មាន ​ជំនាញ​សំណង់​ផ្លូវ​ថ្នល់​ ផ្លូវ​ល្បឿន​លឿន ​ស្ពាន ផ្លូវ​ដែក ​និង​សំណង់​កំពង់​ផែ​ ជំនាញ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ​ជំនាញ​សេដ្ឋ​កិច្ច និង​គ្រប់​គ្រង​ការដឹក​ជញ្ជូន​ផ្លូវ​គោក​ជំនាញ​គ្រប់​គ្រង​ភ័ស្តុ​ភា​រកម្ម និង​ខ្សែ​ច្រ​វា​ក់​ផ្គត់​ផ្គង់​និង​ជំនាញ​បើក​បរ​នាវា​ និង​ជំនាញ​ម៉ាស៊ីន​នាវា​។​


លោក ​សំរង់​ឌី ណា​ម៉ូ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៃ​វិទ្យា​ស្ថាន​តេ​ជោ​សែនសាធា​រណកា​រ និង​ដឹក​ជញ្ជូន ​ធ្លាប់​បាន​លើក​ឡើង​ថា ការ​គ្រប់គ្រងទឹក​កខ្វក់​នៅ​កម្ពុជា​នៅ​ជួប​បញ្ហា​ប្រឈម​ជា​ច្រើន​ដូច​ជា ​នៅ​ខ្វះ​ច្បាប់​ទម្លាប់ ​ផែន​ការ​មេ យុទ្ធ​សាស្ត្រ​ក្នុង​ការ​គ្រប់ទឹ​ក​កខ្វក់​ បទ​ដ្ឋាន​បច្ចេកទេ​ស ​ការវិ​និយោគ ​និង​ធន​ធាន​មនុស្ស​លើ​វិស័យ​នេះ​ជា​ដើម​។​

​លោក​បញ្ជាក់​ផងដែ​រ​ថា កម្ពុជា​ពិតជា​ត្រូវការ​ការ​សហ​ការ និង​ការគាំ​ទ្រ​ពី​ដៃគូ​អន្តរ​ជាតិ តាម​យៈ​ការវិនិ​យោគ ការ​បណ្តុះប​ណ្តាល​ជំនាញ​បច្ចេក​ទេស​បន្ថែម​ទៀតដើម្បី​ជំរុញ​វិស័យ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​កម្ពុជា​កាន់​តែមាន​ស្តង់ដា​និង​ធានា​និរន្តរ​ភាព​បរិ​ស្ថាន​នៅ​កម្ពុជា​៕