ភ្នំពេញៈ រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ​ស្ដីពី​មូលនិធិ​គន្ធ​បុ​ប្ឆា​កម្ពុជា​ដោយ​សម្រេច​តែងតាំង​សមាសភាព​អ្នកជំនាញ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល ប្រធាន​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​ភ្នំពេញ និង​ប្រធាន​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧ ទទួល​សិទ្ធិ​គ្រប់គ្រង និង​ចាត់ចែង​មូលនិធិ​ដែល​បានមកពី​ការឧបត្ថម្ភ និង​វិភាគទាន​ពី​គ្រប់​ប្រភព​ស្របច្បាប់​នានា ដើម្បី​ធានា​និរន្តរភាព និង​បម្រើ​គោលនយោបាយ​លើកកម្ពស់​សុខុមាលភាព​សង្គម​របស់​រាជរដ្ឋាភិបាល​នៅក្នុង​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​។​


លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចេញ​អនុក្រឹត្យ កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២៣ ដោយបាន​កំណត់ មូលនិធិ​គន្ធបុប្ផា​កម្ពុជា ជា​អក្សរ​កាត់ (​ម​.​គ​.​ក​.) ដែលមាន​ឈ្មោះ​ជា​អក្សរ​ឡាតាំង​ថា​CAMBODIAN  KANTHA BOPHA FOUNDATION (CKF) ។​

យោងតាម​អនុក្រឹត្យ​នេះ​បានឱ្យដឹងថា​៖ «​ម​.​គ​.​ក​. ជាបរ​ធន​បាល​កិច្ច ដើម្បី​កៀរគរ​អំណោយ ការឧបត្ថម្ភ​នានា និង​វិភាគទាន​នានា ក្នុងន័យ​ធ្វើ​ប្រក្រតីភាព​នៃ​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា ប្រកបដោយ​ចីរភាព​ហិរញ្ញវត្ថុ​សម្រាប់​ទ្រទ្រង់ ដែលមាន​លោក​អតីត​នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​ភរិយា ជា​ស្ថាបនិក ព្រមទាំង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ា​ណែ​ត និង​ភរិយា ជា​ប្រធានកិត្តិយស​។ 


អនុក្រឹត្យ​នេះ​បានឱ្យដឹងថា ក្រសួង​ដែល​ទទួល​សិទ្ធិ​គ្រប់គ្រង និង​ចាត់ចែង​បរ​ធន​(​មូលនិធិ​) មាន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​ជា​អនុប្រធាន រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អនុប្រធាន​កិត្តិយស និង​សមាជិក​មាន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ថវិកា​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ប្រធាន​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​ភ្នំពេញ និង​ប្រធាន​មន្ទីរពេទ្យ​ជ័យវរ្ម័ន​ទី​៧​។​

អនុក្រឹត្យ​នេះ មាន​គោលបំណង​ដើម្បី​ធានា​នូវ​និរន្តរភាព​មន្ទីរពេទ្យ​នេះ ដំណើរការ​ស្រប​នឹង​គោលនយោបាយ​លើកកម្ពស់​សុខុមាលភាព​សង្គម ដោយ​រក្សា​កម្រិត​បៀវត្សរ៍​សមរម្យ​សម្រាប់​បុគ្គលិក ដើម្បី​ធានាបាន​វិន័យ និង​ការយកចិត្តទុកដាក់​ខ្ពស់​របស់​បុគ្គលិក រក្សា​ប្រព័ន្ធ​ប្រតិបត្តិការ និង​ការគ្រប់គ្រង​ពិសេស​សម្រាប់​មន្ទីរពេទ្យ បន្ត​អនុវត្ត​គោលនយោបាយ​មិន​យកប្រាក់​កម្រៃ​សេវា​សម្រាប់​ការផ្តល់សេវា​ពិនិត្យ និង​ព្យាបាល​ទារក​និង​កុមារ និង​បន្ត​រក្សា និង​ពង្រឹងគុណភាព​ដែលមាន​ស្រាប់​របស់​មន្ទីរពេទ្យ​។​


​អនុក្រឹត្យ​នេះ​បានឱ្យដឹងថា​៖ «​ម​.​គ​.​ក​. ជាបរ​ធន​បាល​កិច្ច ដែល​បង្កើតឡើង ដើម្បី​ស្វែងរក​ជំនួយ​មនុស្សធម៌ មិន​ស្វែងរក​ប្រាក់កម្រៃ​ជា​ឯកជន មិន​ប្រកាន់ពូជសាសន៍ សាសនា និន្នាការ​នយោបាយ និង​បម្រើឱ្យ​ផលប្រយោជន៍​សាធារណៈ ហើយ ម​គក អាចមាន​ធនធាន​ពី​ប្រភព វិភាគទាន​ដំបូង​របស់​រដ្ឋាភិបាល​កម្ពុជា ការវិភាគ​ទាន​ប្រចាំឆ្នាំ​របស់​រាជរដ្ឋាភិបាល ដែល​បាន​គ្រោងទុក​ក្នុង​កញ្ចប់​ថវិកា​របស់​ក្រសួងសុខាភិបាល កម្រៃ​ពី​ថ្លៃ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ និង​អំណោយ ឬ​វិភាគទាន​សប្បុរសធម៌ ពី​មជ្ឈដ្ឋាន​ប្រភប​នានា​ដែល​ស្របច្បាប់​»​។​

លោក នុត សម្បត្តិ ប្រធាន​វិទ្យាស្ថាន​វេជ្ជសាស្ត្រ ជីវសាស្ត្រ និង​កសិកម្ម នៃ​រាជបណ្ឌិត្យសភាកម្ពុជា បាន​ថ្លែងថា អនុក្រឹត្យ​នេះ បញ្ជាក់​ពី​និរន្តរភាព​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​ដំណើរការ​ទៅមុខ​រយៈពេល​វែង ដោយ​សុវត្ថិភាព គុណ​តម្លៃ និង​ប្រសិទ្ធភាព​ការងារ ដើម្បី​មាន​ថវិកា​ទ្រទ្រង់​ដំណើរការ​។​

លោក ថ្លែងថា​៖«​កន្លងមក មន្ទី​ពេទ្យ​នេះ​បាន​ដើរតួនាទី​សំខាន់​ណាស់ ដែល​បាន​ជួយសង្គ្រោះ​កុមារ​កម្ពុជា​ពី​ជំងឺ​បាន​ច្រើន ជាពិសេស​សង្គ្រោះ​ពី​អត្រា​មរណៈ​បាន​ច្រើន ហើយ​ជា​កន្លែង​ប្រកាន់​តម្លាភាព មិនមាន​និន្នាការ​នយោបាយ វណ្ណៈ​មាន ឬ​ក្រ​ឡើយ ហើយ​ជា​កន្លែង​មនុស្សធម៌​មិន​យកប្រាក់​កម្រៃ​»​។ 

លោក​បន្តថា​៖«​មន្ទីរពេទ្យ​មនុស្សធម៌​ដែល​ព្យាបាល​ដោយ​ប្រើ​បេះដូង​នេះ ធ្លាប់​ផ្តួចផ្តើមឡើង​ ដោយ​លោក​វេជ្ជបណ្ឌិត Beat Richner​គាត់​បាន​លះបង់​ច្រើនណាស់ ដើម្បី​ដំណើរការ​មន្ទីរពេទ្យ​គន្ធបុប្ផា​នេះ​បាន លះបង់​ទាំង​ពេលវេលា​ផ្ទាល់ខ្លួន ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន លះបង់​ទាំង​ជីវិត​ខ្លួន​គាត់​ផង ដើម្បី​មន្ទីរពេទ្យ​នេះ​ដំណើរការ​ដល់​បច្ចុប្បន្ន​»៕