​ភ្នំពេញៈ​រដ្ឋ​បាល​ជល​ផល​នៃ​ក្រសួង​កសិ​កម្ម ​រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​អំពាវ​នាវ​ដល់​អ្នក​នេសាទ​កុំ​ប្រើ​ឧបក​រណ៍​នេសាទ​ដែល​រាំង​ស្ទះ​ដល់​ការ​ធ្វើ​ចរាចរណ៍​ត្រី ​ចេញពី​បឹង​ទន្លេ​សាបទៅ​ទន្លេមេ​គង្គ​លើដើម្បី​ស្វែង​រក​ចំណី ទី​ជម្រក​ និង​ការ​បន្ដ​ពូជ​ជាដើម​។​


​ការ​អំពាវ​នាវ​បែប​នេះ​ធ្វើឡើ​ង​តាម​តា​មរយៈ​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋ​បាល​ជលផ​លចុះ​ថ្ងៃទី​១៣​ ខែធ្នូ ​ដោយបាន​លើក​ឡើង​ថា តាម​លក្ខណៈ​ជីវ​សាស្ត្រ ​ប្រភេទ​ត្រី​មួយ​ចំនួន​ធ្វើ​ចរាចរណ៍​យ៉ាង​គំហុក ​ចេញ​ពី​បឹង​ទន្លេ​សាប តាម​ដង​ទន្លេ​សាប​ទៅ​តំបន់​ទន្លេ​មេគង្គ​លើ​ដើម្បី​ស្វែង​រក​ចំណី ​ទីជម្រក ​និង​បន្ត​ពូជ​ ចា​ប់ពី​ខែធ្នូ​នេះ​ ខណៈ​ទឹក​បឹង​ទន្លេ​សាប​ហូរ​ចេញ​ក្នុង​ល្បឿន​លឿន​។​

​ប្រភព​ខាង​លើ ​បាន​ឱ្យ​ដឹង​ទៀត​ថា យោង​តាម​ស្ថាន​ភាព​បែប​នេះ ​រដ្ឋបាល​ជល​ផល​ ស្នើ​ដល់​ប្រជា​ពល​រដ្ឋ កុំ​ធ្វើ​នេសាទ ​ដោយ​ប្រើ​ឧបក​រណ៍​ដែល​រាំង​ស្ទះ ​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ត្រី និង​អំពាវ​នាវ​ដល់​ប្រជា​នេសាទ ​និង​អ្នក​ពាក់​ព័ន្ធចូលរួម​អនុ​វត្ត​ឱ្យមាន​ប្រសិទ្ធ​ភាព ដើម្បី​ធានា​និរន្តរ​ភាព​នៃ​ធន​ធាន​ជល​ផល​។​


​លោក​ អ៊ុក វិបុល ប្រធាន​នាយក​ដ្ឋាន​អភិរក្ស​ជល​ផលនៃ​ក្រសួងក​សិក​ម្ម រ​ក្ខា​ប្រមាញ់ ​និង​នេសាទ ​បាន​ឱ្យដឹង​នៅ​ថ្ងៃទី​១៤ ​ខែធ្នូ​ថា ​ឧបករណ៍​នេសាទ​ដែល​រដ្ឋ​បាល​ជល​ផល​ហាមឃា​ត់​គឺមាន​ទាំង​ការប្រើ​ឧប​ករណ៍​នេសាទ​ស្រប​ច្បាប់​ និង​ឧបករ​ណ៍​នេសាទ​ខុស​ច្បាប់​ជាពិ​សេស​របាំង​ព្រួល​ដែល​បិទ​ជិត​ផ្លូវ​ត្រី ហើយ​បាន​ដាក់​នៅ​តាម​តំបន់​ផ្លូវ​ត្រី​ធ្វើ​ចរាចរណ៍​បំផ្លាស់​ទី​ចេញ​ពី​បឹង​ទន្លេ​សាប​ ទៅ​ទន្លេ​មេគង្គ​លើ​។ លោក​បន្តថា​ ជាពិសេ​ស​ក្នុង​តំបន់​កដប​ នៅ​ខេត្ត​កំព​ង់ឆ្នាំង​ គឺមាន​ព្រែក​ច្រើន​ណាស់​ជុំវិញ​បឹង​ទន្លេសា​ប ​ហើយ​ប្រសិនបើ​អ្នក​នេសាទ​ដាក់​របាំង​ព្រួល ​ដូច្នេះ​ទាំង​ត្រី​តូច និង​ត្រី​ធំ ​មិន​អាច​ធ្វើ​ការ​បំផ្លាស់​ទី​ចុះមក​បាន​នោះ​ទេ​។​

​លោក​បញ្ជាក់​ថា​៖ «​ប្រសិន​បើ​យើង​ដាក់​របាំង​ទប់​ស្កាត់​នៅ​តាម​ព្រែក​តូចៗ​ហ្នឹង​ដែល​បង្អាក់​ការធ្វើ​ចរាច​រណ៍​របស់​ត្រី គឺ​យើង​អាច​នឹង​មាន​ហានិភ័​យ​នៅ​ឆ្នាំ​ក្រោយ​ជួប​ប្រទះ​នូវ​បញ្ហា​បរិមាណ​ត្រី​នៅ​ទន្លេ​សាប​ថយ​ចុះ​ ពីព្រោះ​ដោយ​សារ​ត្រី​ទាំង​អស់​មិនអា​ច​ឡើង​ទៅ​ពង​កូន​នៅ​តំបន់​ខាងលើ​បាន​ទេ ​អ៊ីចឹង​ពុំមាន​ព​ង ពុំមាន​កូន​ត្រី​ធ្លាក់​ពីលើ​ចូល​មក​ទន្លេ​សាប​វិញ​បាន​ទេ​»​។​


​បើ​តាម​លោក ​អ៊ុក វិបុល ​ ត្រី​ដែល​បំផ្លាស់​ទី​មកនេះ​ ភាគច្រើ​ន​ជា​ត្រី​ចម្រុះ ​ប៉ុន្តែ​ទន្ទឹម​នឹង​នោះ ក៏មាន​ត្រី​មួយ​ចំនួន​ដូចជា ត្រី​ក្អែក​ ត្រី​ត្រសក់ ​ក៏ដូច​ជា​ត្រី​រង​គ្រោះថ្នា​ក់​មួយ​ចំនួន​មាន ត្រី​គល់​រាំង ​ត្រី​រាជ ​និង​មាន​ប្រភេទ​ត្រី​ផ្សេងទៀ​ត បើតាម​ការ​ប៉ា​ន់ស្មាន គឺមាន​ប្រភេទ​ត្រី​ប្រមាណ​ជា ២០០​ ប្រភេទ ​ដែល​ធ្វើ​ចរាចរណ៍​​ពី​ទន្លេ​សាប​នៅ​ខែធ្នូ​នេះ ​ដើម្បី​ឡើង​ទៅ​ពង​កូន​នៅ​ផ្នែក​ខាង​ទន្លេមេ​គង្គ​លើ​។ ជាពិសេស​ក្នុង​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ដែល​មាន​អន្លង់​នៅ​តាម​ដង​ទន្លេ​មេគង្គ​ចំនួន ៩៧ ​អន្លង់​ ដែលជា​អន្លង់​ពង​កូន និង​ទីជម្រក​របស់​ប្រភេទ​ត្រី​ទាំង​អស់​នេះ​។

​លោក​បាន​អះ​អាង​ថា នៅតាម​ដង​ទន្លេមេ​គង្គ ​គឺជា​ប្រភព​នៃ​ការបន្ត​ពូជ​ត្រី ​មាន​ន័យថា ​ទម្លាក់​ទាំង​ពង ​ទម្លាក់​ទាំង​កូន​មក​ទន្លេ​សាប​ ដូច្នេះ​ត្រី​វា​នឹង​ធំធាត់​នៅ​ទន្លេ​សាប​។ លោក​បន្ថែម​ថា អា​ស្រ័យ​ហេតុ​នេះហើយ​បាន​ជា​រដ្ឋ​បាល​ជល​ផល​បារម្ភ ពី​ការ​ប្រើប្រា​ស់​ឧបក​រណ៍​នេសាទ​ទាំង​របាំង​ព្រួល​ឫស្សី ​ទាំង​សំណាញ់​ សម្រាប់​​ប្រើ​ទប់​ស្កាត់​នៅតា​ម​ព្រែក​តូចៗ​ចេញ​ពី​ទន្លេសា​ប មិន​អាច​ឱ្យ​ត្រី​មក​បំផ្លាស់​ទី​ទៅ​ទន្លេមេ​គង្គ​លើ​បាន​៕