ភ្នំពេញៈ ផ្ទាំង​ក្រណាត់​ស្បៃ​ឬ​ក្រណាត់​សូត្រ​ដែល​រំលេច​ជា​ក្បាច់​រូប​ផ្កាចន្ទន៍​ក្បាច់​ភ្ញីទេស ភ្ញីភ្លើង​យ៉ាង​ស្រស់ស្អាត ​និង​រស់​រវើក​ត្រូវបាន​ប៉ាក់​ឌិន​ដោយ​ដៃ​ផ្ទាល់​របស់​អ្នកភូមិ​សំប៉ាន​លើ ស្រុក​ស្អាង ប្រហែល​ ៤០ ​គ្រួសារ​ហើយ​ផ្ទាំង​ក្រណាត់​ដែល​រំលេច​ពី​ចម្លាក់​វប្បធម៌​​ខ្មែរ​នេះ មិន​គ្រាន់តែ​អភិរក្ស​វប្បធម៌​ខ្មែរ​ប៉ុណ្ណោះ​ទេ ថែមទាំង​យកទៅ​ស្លៀក​ពាក់​តុបតែង​ខ្លួន​ដល់​ភ្ញៀវ​បរទេស​មួយចំនួន​ដែល​ចូល​ទស្សនា​ក្នុង​ប្រា​​សាទ​អង្គរវត្ត​ទៀតផង​។​


​របរ​ប៉ាក់​ឌិន​ស្បៃ​រចនា​តាមបែប​សិល្បៈ​ជា​របរ​តំណ​ពី​ដូនតា​របស់ អ្នក​​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល ហើយ​បច្ចុប្បន្ន​មាន​ប្រជាពលរដ្ឋ​ប្រហែល​ ៤០ ​គ្រួសារ​ ដែលមាន​ទាំង​ក្មេង​ចាស់​ប្រុស​ស្រី​កំពុងតែ​ធ្វើ​ហើយក៏​ដូចជា​បាន​ជួយ​អភិរក្ស​វប្បធម៌​ខ្មែរ​ដែរ​តាមរយៈ​ប៉ាក់​ឌិន​រចនា​ជា​ក្បាច់​ដ៏​វិចិត្រ​នេះ​។​

​អ្នកស្រី ទុយ សុ​ចាន់ អាយុ ៥៨ ​ឆ្នាំ រស់នៅ​ភូមិ​សំប៉ាន​លើ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្ដាល បាន​រៀប​រាប់​ថា ពី​ដើមឡើយ​អ្នកភូមិ​ភាគច្រើន​ជា​អ្នក​ប្រក​បរបរ​ធ្វើ​ចម្ការ​ដាំ​បន្លែ​លក់​និង​ខ្លះទៀត​មាន​របរ​ប៉ាក់​ឌិន​ស្បៃ​ដែលមាន​តាំងពី​ដូនតា​។ ប៉ុន្តែ​បច្ចុប្បន្ន​អ្នកភូមិ​បាន​វិ​វ​ឌ្ឍ​ជំនាញ​ប៉ាក់​ឌិន​ប្លែក​ពី​ជំនាន់​ដូនតា និង​អាច​រក​ចំណូល​បន្ថែម​ដែល​ម្នាក់ៗ​នាំគ្នា​ថែរក្សា និង រៀន​តៗ​បន្ត​គ្នា​រហូតមក​។​


​អ្នកស្រី​និយាយថា​៖ «​ខ្ញុំ​ដឹងថា របរ​ប៉ាក់​ឌិន​នេះ​មាន​តាំងពី​ដូនតា និង​ចេះ​តៗ​គ្នា​មិន​សាបសូន្យ​ទេ ហើយ​ម្យ៉ាង​ខ្ញុំ​មាន​អាយុ​ច្រើន​មិនអាច​ធ្វើ​ការងារ​បាន​ដូច​កាលពី​នៅមាន​កម្លាំង​ហេតុនេះ​ហើយក៏​ចេះតែ​ធ្វើទៅ ជា​ជាង​នៅផ្ទះ​ទំនេរ​។ ក្នុង ​១ ​ខែ​ខ្ញុំ​រកប្រាក់​បាន​ចន្លោះ​ពី​ ១០០​ ទៅ​ ២០០ ​ដុល្លារ​ដែរ​ហ្នឹង ហើយ​ខ្ញុំ​អាច​ចេះ​រចនា​ឆ្លាក់​ក្បាច់​ខ្មែរ​បាន​ទៀត​»​។​

​អ្នកស្រី​ឱ្យដឹងថា តាមពិតទៅ​របរ​ប៉ាក់​ឌិន​នេះ​ជា​ជំនាញ​ធ្វើ​ដោយ​ដៃ​សុទ្ធសាធ​ដូចនេះ​ត្រូវ​ទាមទារ​ឱ្យ​អ្នកធ្វើ​ហ្នឹង​មានចិត្ត​អំណត់ និង​ផ្ចិតផ្ចង់​ខ្លាំងណាស់​មិនអាច​ធ្វើ​ខ្ជីខ្ជា​ឱ្យតែ​រួចពីដៃ​បានទេ​។


ប៉ុន្តែ​ក៏​មិន​តម្រូវ​ថា មនុស្ស​ចាស់​ទើប​អាចធ្វើ​បានដែរ​ដែល​បច្ចុប្បន្ន​នៅក្នុង​ភូមិ​របស់​អ្នកស្រី​មាន​ក្មេងៗ​ស្រី​អាយុ​ជាង​ ១០ ​ឆ្នាំ មនុស្ស​វ័យ​ជំទង់ ហើយ​អ្នកមាន​អាយុ ​៦០ ​ឆ្នាំ ឬ​អាយុ​ច្រើនជាង​នេះ​ក៏​គាត់​អាច​អង្គុយ​ប៉ាក់​ឌិន​បានដែរ​សូម្បីតែ​ស្វាមី​របស់​អ្នកស្រី​អាយុ​ ៦០​ ឆ្នាំ ទៅហើយ ក៏​គាត់​អង្គុយ​ប៉ាក់​ឌិន​បានដែរ​។​

​បើតាម​អ្នកស្រី សុ​ចាន់ ការចាក់​ឌិន​កំណាត់​ស្បៃ​នេះ​គេ​យក​ដែក ឬ​ឈើ​ ៤​ ជ្រុង​ប៉ុនកដៃ​ក្មេង​ហើយ​កី​នេះ​គឺ​ប្រើ​សម្រាប់​លាត​ក្រណាត់​ស្បៃ​។ ចំពោះ​ការដំឡើង​កី​វិញ គឺ​អាស្រ័យ​ទៅតាម​អតិថិជន​បើ​គាត់​ត្រូវការ​ស្បៃ​ប្រវែង​ ២ ម៉ែត្រ ទៅ​ ២ ម៉ែត្រ​កន្លះ​ឬ​ ៣ ​ម៉ែត្រ និង​ទទឹង​កន្លះ​ម៉ែត្រ​ពោលគឺ​កី​អាច​ដំឡើង​ទៅតាម​ប្រវែង​ស្បៃ​ដែល​អតិថិជន​កុម្ម៉ង់​។ ចំពោះ​កម្ពស់​កី​ពី​ដី​វិញ​អាច​យក​ត្រឹម​កន្លះ​ម៉ែត្រ ព្រោះ​ងាយស្រួល​ក្នុងការ​អង្គុយ​ចាក់​មិន​ចុក​ចង្កេះ តែ​កី​នេះ​ក៏​អាចដាក់​នៅលើ​គ្រែ​បានដែរ និង​យកតែ​កម្ពស់ ​២ ​តឹក​អី​ពី​ផ្ទៃ​គ្រែ​បាន​ហើយ​។​

​អ្នកស្រី សុ​ចាន់ ប្រាប់ថា​៖ «​ការ​​រចនា​ចេញ​ជា​ក្បាច់​ម៉ូដ​ផ្សេងៗ​នេះ​មិនមែន​ខ្ញុំ​ជា​អ្នក​ប៉ាក់​ឌិន​ទេ​តែ​នៅលើ​កំណាត់​ស្បៃ​មាន​គូស​ដាន​ស្រាប់​ហើយ​យើង​ចាក់​តាម​នោះ​ទៅ​។ វា​អាស្រ័យ​លើ​អ្នកទិញ បើ​អ្នកទិញ​គេ​ចង់បាន​ក្បាច់​អី គឺ​ថៅកែ​ឌី​ហ្សា​ញ​តាម​ហ្នឹងហើយ​យកមក​ទម្លាក់​ឱ្យ​អ្នក​​ប៉ាក់​ឌិន​ធ្វើ​»​។​

​លោក អេង ហេង អាយុ ៣៦​ ឆ្នាំ ដែលជា​ម្ចាស់​អាជីវ​កម្មបាន​និយាយថា តាមពិតទៅ​លោក​ជា​កម្មករ​រោង​ចក្រ​កាត់ដេរ​ទេ ហើយ​នៅពេលនោះ​លោក​ឃើញ​ស្បៃ​ដែល​គេ​ដាក់តាំង​លក់​មាន​ប៉ាក់​ឌិន​ជា​ក្បាច់​ផ្សេងៗ​ល្អ​​ស្អាត លោក​ក៏​ចាប់អារម្មណ៍​។ បន្ទាប់មក​លោក​ក៏​ចាប់ផ្តើម​ធ្វើ​សាកល្បង​តែ​ការងារ​រោងចក្រ​ក៏​លោក​នៅតែ​ធ្វើ​បណ្តើ​រដែរ​។ រហូតដល់​ឆ្នាំ​ ២០១៣​ ដោយសារតែ​មុខរបរ​លោក​ចាប់ផ្តើម​មាន​អតិថិជន​ស្គាល់​បណ្តើរៗ​ហើយ​នោះ​លោក​ក៏​ឈប់​ពី​រោងចក្រ​ហើយ​ចាប់​អាជីព​នេះ​រហូតដល់​បច្ចុប្បន្ន​។​

​លោក​បន្តថា ចំពោះ​អាជីវកម្ម​ដែល​កំពុង​ប្រកប​នេះ​មិនមាន​ជាទី​តាំង​សិប្ប​កម្ម​អ្វី​ទេ ដោយ​គ្រាន់តែ​យក​ក្រណាត់​មក​រចនា​ជា​ទម្រង់​រូប​ក្បាច់​ភ្ញីទេស​ភ្ញី​ភ្លើង​ឬ​ក្បាច់ចម្លាក់​នៅតាម​ជញ្ជាំង​ប្រាសាទបុរាណ​ខ្មែរ​ហើយ​យក​ដើរ​ដាក់ឱ្យ​អ្នកភូមិ​ចាក់​ឌិន​ទៅតាម​ទម្រង់​មាន​ស្រាប់​។ លុះ​ពេល​ប៉ាក់​ឌិន​រួច​ទើប​ដើរ​ប្រមូលយក​មកវិញ តែ​ទម្រាំ​សម្រេច​ជា​ផលិតផល​មួយៗ គឺ​ត្រូវ​ចំណាយពេល​ប៉ាក់​ឌិន​ចន្លោះ​ពី ១ ​ខែ​ដល់ ២ ​ខែ ទើប​ធ្វើ​ហើយ ១ ​ឌិន​។​

​លោក​ អេង ហេង ប្រាប់ថា​៖ «​ក្រេ​​ណាត់​ស្បៃ​ដែល​ខ្ញុំ​ចាក់​ឌិន​នេះ សុទ្ធ​​សឹងតែ​បង្ហាញ​ពី​ក្បាច់ចម្លាក់​របស់​ខ្មែរ​ទាំងអស់ ហើយ​ខ្ញុំ​ធ្វើ​នេះ​ក៏​ចង់​អភិរក្ស​ស្នាដៃ​វប្បធម៌​ខ្មែរ​យើង​ដែរ​។ ផលិត​ផល​របស់ខ្ញុំ​នេះ ធ្វើ​ដោយ​ដៃ​ផ្ទា​ល់ពី​ប្រជាជន​ខ្មែរ ហើយ​ជា​ទម្រង់​សិល្បៈ​ចម្លាក់​បែប​ខ្មែរ​យើង​សុទ្ធ​ទៀត​»​។  

​បើតាម​លោក អេង ហេង ផលិត​​ផល​នេះ​មាន​អតិថិជន​កុម្ម៉ង់​ទិញ​ច្រើន​នៅ​ខេត្តសៀមរាប ព្រោះ​គាត់​យកទៅ​ជួល​ឱ្យ​ជនបរទេស​ពាក់ ពេល​ពួកគេ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត ឬក៏​យកទៅ​ប្រើ​ក្នុង​ពិធីមង្គលការ និង​ក្នុង​ពិធី​បុណ្យទាន​ផ្សេងៗ ឬក៏​ប្រើ​សម្រាប់​សម្តែង​សិល្បៈ​របាំ​ជាដើម​។ ក្រៅពី​ខេត្ត​សៀមរាប គឺ​នៅ​រាជធានី​ភ្នំពេញ​ដែល​អ្នក​សម្អាងការ​ត្រូវការ​ច្រើន​ដែរ​ដែល​ក្នុង​ ១ ​ក្រណាត់​ស្បៃ​មានតម្លៃ​ចន្លោះ​ពី ​១៣០ ​ដុល្លារ ដល់​ជាង ២០០ ដុល្លារ​។​

ក្រណាត់ឌិនដែលប៉ាក់តាមរចនាប័ទ្មវប្បធម៌ខ្មែរ។សហការី

​លោក​បញ្ជាក់ថា ចំពោះ​សាច់​ក្រណាត់​វិញ គឺ​លោក​ធ្វើបាន​គ្រប់​ប្រភេទ​មិន​ចំពោះតែ​ស្បៃ ឬ​ហូល​ផាមួង​សូត្រ​ស៊ឹង​អី​ទេ ឱ្យតែ​អតិថិជន​កុម្ម៉ង់ គឺ​ធ្វើបាន​ទាំងអស់​ព្រោះ​ការ​ប៉ាក់​ឌិន​នេះ​មិន​រើស​ក្រណាត់​ទេ​។​ចំពោះ​ក្រណាត់​ដែល​លោក​ដាក់ឱ្យ​អ្នកភូមិ​ធ្វើ គឺ​លោក​បាន​គូស​ចេញ​ជា​ទម្រង់​រួច ដូច្នេះ​អ្នកធ្វើ​គ្រាន់តែ​ចាក់​ឌិន​លើ​គំនូស​តែប៉ុណ្ណោះ​។​

​លោក​ ប៉ាង ផាន់​នី មេឃុំ​ព្រែក​​អំបិល​បានឱ្យដឹងថា នៅ​ភូមិ​មួយចំនួន​នៃ​ឃុំ​ព្រែក​អំបិល​ស្រុក​ស្អាង​មាន​របរ​ប៉ាក់​ឌិន​ស្បៃ​នេះ​តាំងពី​ដូនតា​ក៏ប៉ុន្តែ​ការ​ប៉ាក់​ឌិន​ពីមុន​ខុសពី​ប​ច្ចុ​ប្បន្ន  ​ព្រោះ​មនុស្ស​មាន​ការវិវឌ្ឍ​ធ្វើ​អ្វីដែល​ថ្មី​។ ចំពោះ​រចនាប័ទ្ម​បែប​ខ្មែរ​ឱ្យតែ​គាត់​ចម្លង​ចេញមក​ប្រាកដប្រជា​ថា​វា​ជា​រចនាប័ទ្ម​របស់​ខ្មែរ​ពិតប្រាកដ​គឺ​ល្អ​តែម្តង ដែល​ប្រជាពលរដ្ឋ​ចេះ​ថែ​​រក្សា​កេ​ដំណែល​វប្បធម៌​របស់​សម្បត្តិ​បេតិកភណ្ឌ​របស់​ខ្មែរ​ទេ​។​

​លោក​ថ្លែងថា​៖ «​តែ​បើសិនជា​ក្បាច់​​ក្បូរ​រចនា​ហ្នឹង​វា​មិនមែនជា​លក្ខណៈ​ខ្មែរ​ទេ​អាហ្នឹង​ខ្ញុំ​ក៏​អត់​គាំទ្រ​ដែរ​ទេ​ណា​។ បើ​គាត់​អភិរក្ស​វប្បធម៌​ខ្មែរ​យើង​បាន​បែបនេះ​ល្អ​ណាស់​ហើយ​»​។​

​លោកស្រី មួង សារឹម ប្រធាន​មន្ទីរ​​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកណ្តាលបានឱ្យដឹងថា មន្ត្រី​នៃ​មន្ទីរ​បាន​ចុះទៅ​ស្រង់​ស្ថិតិ​អំពី​ការងារ​នេះហើយ​ដែរ​។​

​លោកស្រី​ថ្លែងថា​៖ «​ខាង​ខ្ញុំ​គ្រាន់តែ​ដឹង​ពី​មុខរបរ​របស់គាត់​ហើយដោយ​សារ​គាត់​ធ្វើ​ល្អ ខ្ញុំ​ជួយ​គាំទ្រ​ជួយ​លើក​ទឹកចិត្ត​គាត់​ថា ឱ្យធ្វើ​មាន​លក្ខណៈ ប្រពៃណី​របស់​ខ្មែរ​»៕