ភ្នំពេញៈ មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា​ (​ស៊ីម៉ាក់​)​ និង​អង្គការ​ APOPO ​ប្រចាំ​កម្ពុជា​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​និង​ភាពជា​ដៃគូ​លើ​គម្រោង​សមាហរណកម្ម​កណ្តុ​រហិត​រក​មីន ​និង​សុនខ​ស្រាវជ្រាវ​បច្ចេកទេស ដែលមាន​ថវិកា​ជំនួយ​ជិត​ ៤០​ ម៉ឺន​ដុល្លារ​អាមេរិក​។​


​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​កិច្ចសហប្រតិបត្តិការ​រ​វាង​ភាគី​ទាំង​ ២​ បានធ្វើ​ឡើង​នៅ​ថ្ងៃទី ​១៣ ខែធ្នូ ឆ្នាំ ​២០២៣ ​ដោយ​លោក​ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា និង​លោក Michael Raine ប្រធាន​អង្គការ​ APOPO ​ប្រចាំ​កម្ពុជា​។​

​យោងតាម​ហ្វេ​ស​ប៊ុ​ក​របស់​អង្គភាព​ស៊ីម៉ាក់​បានឱ្យដឹងថា គម្រោង​សមា​​ហ​រណកម្ម​កណ្តុ​រហិត​រក​មីន​ និង​សុនខ​ស្រាវជ្រាវ​បច្ចេកទេស​នេះ​មាន​ថវិកា​ជំនួយ​ចំនួន ៣៨៧ ១៦៧​ ដុល្លារ​អាមេរិក​ ដែល​នឹង​ចាប់ផ្តើម​អនុវត្ត​គម្រោង​ចាប់ពី​ខែមករា ដល់​ខែធ្នូ ឆ្នាំ​ ២០២៤​។​


​គម្រោង​នេះ​មាន​ផែនការ​បោសសម្អាត​ផ្ទៃដី​សរុប​ចំនួន ​៩៨០០០ ០០០ ​ម៉ែត្រការ៉េ​ក្នុង​ខេត្តសៀមរាប ខេត្តព្រះវិហារ និង​ខេត្តមណ្ឌលគិរី​។​

​តាមរយៈ​គម្រោង​នេះ​លោក ហេង​ រតនា បាន​ថ្លែងឱ្យដឹងថា រដ្ឋាភិបាល​នៃ​ប្រទេស​បែលហ្ស៊ិក​បាន​ផ្តល់នូវ​ជំនួយ​មកឱ្យ​អង្គការ APOPO ដែល​អង្គការ​នេះ​ជា​អង្គការ​របស់​ជនជាតិ​បែលហ្ស៊ិក​ផងដែរ​។​


​លោក​បាន​បញ្ជាក់ថា​៖ «​យើង​បាន​សហការគ្នា​ក្នុងការ​ស្នើសុំ​រដ្ឋាភិបាល​បែលហ្ស៊ិក​ដើម្បី​គាំទ្រ​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា​តាំងពី​ឆ្នាំ​ ២០២១​ ដល់​ឆ្នាំ​ ២០២៦ ដោយ​គាត់​សន្យា​ផ្តល់​ក្នុង​ ១ ​ឆ្នាំ​ប្រមាណ​ជាង​កន្លះ​លាន​ដុល្លារ ប៉ុន្តែ​គាត់​ចូលរួម​កិច្ចសហប្រតិបត្តិការ​នេះ​ជាមួយនឹង​ដៃគូ​អ្នកផ្តល់ជំនួយ​ដទៃទៀត​ដែល​ផ្តល់​មកឱ្យ​អង្គការ​ APOPO ហើយ​មក​សហការ​ជាមួយនឹង​អង្គភាព​ស៊ីម៉ាក់​»​។​

​លោក​ ហេង រតនា បាន​បន្ថែមថា អង្គភាព​ស៊ីម៉ាក់​និង​អង្គការ​ APOPO បាន​សហប្រតិបត្តិការ​ជា​ដៃគូ​ជាមួយគ្នា​ជិត ​១០ ​ឆ្នាំ​មកហើយ​លើក​ណ្តុ​រហិត​មីន​នេះ ដែល​ក្នុង​រយៈពេល​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ អង្គភាព​បាន​បោសសម្អាត​ផ្ទៃដី​បាន​ចំនួន​ជាង​ ៣ ០០០ ​ហិកតា និង​កម្ទេចចោល​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​បាន​ចំនួន​ប្រមាណ​ជាង​ ៥១ ០០០ ​គ្រាប់ ដែល​ផ្ទៃដី​ត្រូវ​រំដោះ​មីន​មាន​ទំហំ ៣០០ ​ហិកតា ​ក្នុង​គម្រោង​ ១ ​ឆ្នាំៗ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ជា​កិច្ច​សហប្រតិបត្តិការ​ជាមួយនឹង​អង្គការ ​APOPO ​នេះ​យើង​មិនមែន​ធ្វើ​តែ​លើ​ការ​បោសសម្អាត​មីន​នៅ​កម្ពុ​ជាមួយ​មុខ​ទេ យើង​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ដៃគូ​ដទៃទៀត ដូចជា​ការបញ្ជូន​សុនខ​របស់​យើង​ទៅ​ប្រទេស​តួ​ក​គី ទៅ​បណ្តា​ប្រទេស​នៅ​អាហ្រ្វិ​កណ្តាល​ដោយ​យើង​បាន​សហការគ្នា​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​ទាំងអស់នោះ​បញ្ជូន​ជំនាញ​ដើម្បី​ជួយ​គាំទ្រ​ដល់​បណ្តា​ប្រទេស​ទាំងអស់នោះ​ផងដែរ​»​។​

​មិនតែប៉ុណ្ណោះ​ក៏មាន​អ្នកដោះមីន​មួយចំនួន​ក៏បាន​ហ្វឹកហ្វឺន​នៅ​កម្ពុជា​តាមរយៈ​អង្គការ​ APOPO ​នេះដែរ​ក្នុងនោះ​មានការ​ហ្វឹកហ្វឺន​ទៅដល់​ប្រទេស​ចំនួន​ ៣​ ដែលជា​ប្រទេស​មាន​បញ្ហា​គ្រាប់មីន ដូចជា ប្រទេស​អ៊ុយ​ក្រែ​ន ប្រទេស​ហ្ស​ក​ដង់ និង​ប្រទេស​សេ​ណេ​​ហ្គា​ល់​ដែល​បាននិងកំពុង​ហ្វឹកហ្វឺន​នៅ​វិទ្យាស្ថាន​បច្ចេកទេស​កំចាត់​មីន​ខេត្តកំពង់ឆ្នាំង​។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក ហេង រតនា​។​

​លោក​បាន​ថ្លែងថា​៖ «​អង្គការ​ APOPO​ គឺជា​ដៃគូ​មួយ​យ៉ាងសំខាន់​នៅក្នុង​ការ​​សហការគ្នា​ក្នុងការ​ព​ន្លឿ​ន​ល្បឿន​បោសសម្អាត​មីន​នៅ​កម្ពុជា​ផង​ក៏ដូចជា​ការងារ​សហកា​រ​ក្នុង​កិច្ចការ​បច្ចេកទេស​នេះ​ជាមួយនឹង​បណ្តា​ប្រទេស​ដោះមីន​ផងដែរ​»​។​

​បើតាម​អង្គភាព​ស៊ីម៉ាក់ កាលពី​ខែមេសា​កន្លងទៅ សុនខ​ដែលមាន​ជំនាញ​ស្វែងរក​មីន​សរុប​មាន​ជាង​ ២០០ ​ក្បាល​ ដែលមាន​ទាំង​កំពុង​ប្រតិបត្តិការ​និង​មាន​ទាំង​កំពុង​ទទួល​ការហ្វឹកហាត់​ដើម្បីឱ្យ​ក្លាយជា​សុនខ​ដែលមាន​ជំនាញ​ស្វែងរក​មីន​បន្ថែមទៀត​៕