​ភ្នំពេញៈ ​ក្នុងចំណោម​ប្រទេស​ចំនួន​ ១៥៣ កម្ពុជា​បាន​ចូល​រួម​បោះឆ្នោត​គាំទ្រ​ការអនុម័ត​សេចក្តីសម្រេច​របស់​មហា​ស​ន្និ​បាត​អង្គការសហប្រជាជាតិ ​(UN) ​ដែល​ទាមទារ​ឱ្យមាន​បទ​ឈប់​បាញ់​ដោយ​មនុស្សធម៌​ជាបន្ទាន់​នៅ​តំបន់​ហ្គា​ហ្សា​របស់​ប៉ា​ឡេ​ស្ទី​ន ព្រមទាំង​ការដោះលែង​ចំណាប់ខ្មាំង​ទាំងអស់​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​ដែល​ការសម្រេច​នេះ​មាន​គោល​បំណង​ការពារ​ជន​ស៊ីវិល និង​អនុវត្ត​កាតព្វកិច្ច​ផ្លូវច្បាប់ និង​មនុស្សធម៌​។​


​កាលពី​ថ្ងៃទី ​១២ ខែធ្នូ មហា​សន្និបាត​អង្គការសហប្រជាជាតិ​បាន​បើក​សម័យប្រជុំ​ពិសេស​បន្ទាន់​ស្តីពី​ជម្លោះ​អ៊ី​ស្រា​អែល​-​ប៉ា​ឡេ​ស្ទី​ន ដែល​បានអូសបន្លាយ​
​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ ខណៈដែល​វិបត្តិ​នៅ​តំបន់​ហ្គា​ហ្សា​នៅតែ​កំពុង​បន្ត ហើយ​មិន​បង្ហាញ​សញ្ញា​នៃ​ការ​​ធូរស្រាល​ឡើយ​។​

​ក្នុងសម័យ​ប្រជុំ​នេះ ប្រទេស​ចំនួន​ ​១៨៦ បាន​បោះឆ្នោត​ទៅលើ​សេចក្តីសម្រេច​នេះ នៅឯ​មហាសន្និបាត​ UN ដោយមាន​សំឡេងគាំទ្រ​ចំនួន​ ១៥៣ ​ប្រទេស ខណៈ​សំឡេង​ប្រឆាំង​មាន ​១០ ​ប្រទេស រីឯ​សំឡេង​អនុបវាទ​មាន​ ២៣​ ប្រទេស​។ ប្រទេស​អ៊ីស្រា​អែល​និង​សហរដ្ឋអាមេរិក​បាន​បោះ​ឆោ្ន​ត​ប្រឆាំង​សេចក្តីសម្រេច​នេះ​ខណៈ​ប្រទេស​អាស៊ាន​ទាំង​ ១០ ចិន និង​រុស្ស៊ី​បោះឆ្នោត​គាំទ្រ រីឯ​ប្រទេស​អ៊ុយ​ក្រែ​ន និង​ចក្រភព​អង់គ្លេស​បោះឆ្នោត​អនុបវាទ​។​


UN បានបញ្ជាក់​នៅលើ​គេហ​ទំព័រ​របស់ខ្លួន​ថា​៖ «​រដ្ឋ​សមាជិក​បានអនុម័ត​សេចក្តីសម្រេច​ដោយ​ទាមទារ​ឱ្យមាន​បទ​ឈប់​បាញ់​មនុស្សធម៌​ជាបន្ទាន់ ការ​​ដោះលែង​ចំណាប់ខ្មាំង​ទាំងអស់​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខ​​ខណ្ឌ ព្រមទាំង​ធានាឱ្យមាន​លទ្ធភាព​ទទួល​បាន​មនុស្សធម៌​។ មហាសន្និបាត​បានអនុម័ត​ដោយ​សំឡេង​ភាគច្រើន គាំទ្រ​ដែលមាន​ ១៥៣​ សំឡេង ១០​ សំឡេង​ប្រឆាំង និង ​២៣ ​សំឡេង​អនុបវាទ​»​។​

​សេចក្តីសម្រេច​នេះ ក៏បាន​បញ្ជាក់​ឡើងវិញ​ពី​ការទាមទារ​របស់​មហា​សន្និបាត​ថា គ្រប់ភាគី​ទាំងអស់​ត្រូវ​អនុវត្តតាម​កាត​ព្វ​កិច្ច​របស់ខ្លួន​ក្រោម​ច្បាប់​អន្តរ​ជាតិ រួមមាន ច្បាប់​មនុស្សធម៌​អន្តរជាតិ «​ជាពិសេស​ទាក់ទង​នឹង​ការការពារ​ជន​ស៊ីវិល​»​។​


​លោក ប៉ែន បូ​ណា អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នា​ថ្ងៃទី​ ១៤ ខែធ្នូ​ថា កម្ពុជា​ក្នុងនាម​ជា​ប្រទេស​ដែល​បាន​ឆ្លងកាត់​បទពិសោធន៍​សង្គ្រាម​យ៉ាង​ជោកជាំ​ហើយ​បាន​ស្គាល់​ពី​សោកនាដកម្ម​នៃ​សង្គ្រាម​ហើយ​ឥឡូវ​បាន​ស្គាល់​សន្តិភាព​ពេញលេញ តាមរយៈ​ន​យោ​បាយ​ឈ្នះ​-​ឈ្នះ របស់​អតីត​លោកនាយក​មន្ត្រី ហ៊ុន សែន​។ កម្ពុជា​តែងតែ​ឈរ​នៅ​ខាង​សន្តិភាព​ហើយ​មិន​ចង់ឃើញ​សង្គ្រាម​កើត​វិល​មកវិញ​នៅលើ​ទឹកដី​កម្ពុជា​ក៏ដូចជា​សង្គ្រាម​កើត​នៅលើ​ទឹកដី​ណាមួយ​នៅក្នុង​ពិភពលោក​ទេ​។​

​លោក​បាន​ថ្លែងថា​៖ «​នៅក្នុង​ករណី​ដែល​វា​មាន​សង្គ្រាម កម្ពុជា​តែងតែ​បង្ហាញ​ជំហរ​ចង់ឱ្យមាន​ការចរចា​គ្នា​បញ្ចប់សង្គ្រាម​ដោយ​សន្តិវិធី គឺ​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ដូចដែល​មេដឹកនាំ​​កម្ពុជា​បានធ្វើ គឺ​មិនមែន​យក​សង្គ្រាម​ទៅ​បញ្ចប់សង្គ្រាម​ទេ​។​ កម្ពុជា​ក៏​មិន​ចង់ឃើញ​សង្គ្រាម​បំផ្លិចបំផ្លាញ​ហើយ​ដែលមាន​ការចាប់​មនុស្ស​ជា​ចំណាប់ខ្មាំង​អី​នេះ​ជាដើម​មិន​ចង់ឃើញ​ទេ ចង់ឃើញ​ទាំងអស់គ្នា​រស់នៅក្នុង​សុខសន្តិភាព​ដោយ​ជួបជុំ​គ្រួសារ​ដោយ​សុខ​សប្បាយ​សុភមង្គល​។ នេះ​គឺជា​ហេតុផល​ដែល​កម្ពុជា​បោះឆ្នោត​គាំទ្រ​ដំណោះស្រាយ​ការផ្អាក​ការបាញ់​គ្នា​ដោយ​មនុស្សធម៌ ហើយ​និង​ការដោះលែង​ចំណាប់ខ្មាំង​ទាំងអស់​នៅ​តំបន់​ហ្គា​ហ្សា​»​។​

​លោក យង់ ពៅ អគ្គលេខា​ធិ​ការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ថ្លែងថា លោក​ក៏មាន​ទស្សនៈ​ស្រប​នឹង​រាជរដ្ឋាភិបាល​កម្ពុជា​ដែរ​អំពី​សង្គ្រាម​នៅ​ហ្គា​ហ្សា​នេះ ដោយ​លោក​សាទរ​ការ​អនុ​ម័ត​សេចក្តីសម្រេច​របស់​មហា​សន្និបាត ​UN ​នេះ ពីព្រោះ​សង្គ្រាម​នៅ​ហ្គា​ហ្សា​នេះ គឺជា​សង្គ្រាម​មួយ​សាហាវ ដោយសារតែ​ដំបូង​ទី​ក្រុម​ហា​ម៉ាស់​បាន​បាញ់​ផ្លោង​សម្លាប់​ជនជាតិអ៊ី​ស្រា​អែល​ជាង ​១​ ពាន់​នាក់​។

ប៉ុន្តែ​ឥឡូវនេះ អ៊ី​ស្រា​អែល​ឆ្លើយតប​ធ្ងន់ធ្ងរ​សម្លាប់​ជនស្លូតត្រង់  ​ជន​ស៊ីវិល កុមារ ចាស់ជរា ស្ត្រី​មិន​ថា​មាន​ផ្ទៃពោះ ឬ​មិនមាន​ផ្ទៃពោះ រួមទាំង​កម្ទេច​មន្ទីរ​ពេទ្យ​ផង​។ នេះ​ហាក់ដូចជា​ការធ្វើ​សង្គ្រាម​សម្លាប់​ពូជសាសន៍​មួយ​ដោយ​ក្រុម​ហា​ម៉ាស់​ដែល​ហាក់ដូចជា​បំបាត់​ពូជសាសន៍​មួយ​នៅលើ​ផែនដី​។​

​លោក​ថ្លែងថា​៖ «​ដូច្នេះ​ក្នុងនាម​ខ្ញុំ​ជា​អ្នកតាមដាន​កិច្ចការ​នេះដែរ ហើយ​ជា​អ្នកជំនាញ​កិច្ចការ​នេះដែរ ខ្ញុំ​សាទរ​ជាមួយ​រាជរដ្ឋាភិបាល ហើយ​គាំទ្រ​ឱ្យមាន​បទ​ឈប់​បាញ់​ជាបន្ទាន់ និង​ដោយ​គ្មាន​លក្ខខណ្ឌ​នេះ​»​។​

​នៅ​ថ្ងៃទី​ ១៤ ខែធ្នូ លោក​នា​យក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​អបអរសាទរ​ខួប ​៦៨ ​ឆ្នាំ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​ UN កាលពី​ថ្ងៃទី​ ១៤ ធ្នូ ១៩៥៥ ដោយ​លោក​បាន​លើកឡើងថា UN​ គឺជា​អង្គការ​អន្តរជាតិ​ដែល​ធំជាងគេ​បំផុត​ក្នុង​ពិភពលោក​ត្រូវបាន​បង្កើតឡើង​តាំងពី​ថ្ងៃទី​ ២៤ ខែតុលា ឆ្នាំ​ ១៩៤៥ ក្រោយ​សង្គ្រាម លោកលើកទី២ ​ត្រូវបាន​បញ្ចប់ ​(១៩៣៩-១៩៤៥)​។​

​លោក​បាន​បង្ហោះ​សារ​នៅក្នុង​បណ្តាញ​សង្គម​របស់លោក​ថា គោលបំណង​របស់ ​UN គឺ​ការថែរក្សា​សន្តិភាព និង​សន្តិ​សុខ​អន្តរជាតិ លើកស្ទួយ​សហ​ប្រតិបត្តិការ​អន្តរជាតិ​ក្រោម​ច្បាប់​អន្តរជាតិ អភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច ចូលរួម​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ​ជា​សមាជិក និង​បញ្ចៀស​មិន​ឱ្យមាន​សង្គ្រាមលោក​។​

​លោក​បាន​លើកឡើងថា បន្ទាប់ពី​កម្ពុជា​បាន​ចូល​ជាស​មា​​ជិ​ក​ UN​ កម្ពុជា​បាន​ចូលរួម​យ៉ាងសកម្ម​នៅក្នុង​សកម្មភាព​ថែ​​រក្សា​សន្តិភាព ស្ថិរភាព ដោយ​លោក​បន្ថែមថា​៖ «​ដែល​ក្នុង​រយៈពេល​កន្លងទៅនេះ កម្ពុជា​របស់​យើង​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ក្រៅប្រទេស​ជាច្រើន​នាក់​ផងដែរ ក្នុងនោះ​កងទ័ព​ជា​ស្ត្រី​ទាំង​ទ័ព​បុរស ទៅកាន់​ប្រទេស​មួយចំនួន​ដូចជា ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ អាហ្រ្វក​​កណ្តាល ស៊ី​រី សាយ​ប្រឹស ម៉ាលី​។​ល​។​»​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា​៖ «​កងកម្លាំង​ទ័ព​មួក​ខៀវ​កម្ពុជា​ជា​កម្លាំង​ជំនាញ​ផ្នែក​វិស្វកម្ម កម្លាំង​ពេទ្យ​កម្រិត​ ២ កម្លាំង​បោសសម្អាត​មីន កម្លាំង​​អាវុធហត្ថ និង​កម្លាំង​កម្ទេច​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ហើយ​កាលពីពេល​ថ្មីៗ​នេះ កម្ពុជា​បានជា​ប់​ជា​ប្រទេស​នាំមុខគេ​ដែល​ផ្តល់ឱកាស​ឱ្យ​នារី​កងទ័ព​មួក​ខៀវ​ទៅ​ចូលរួម​បេសកកម្ម​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ក្រប​ខ័​ណ្ឌ​អង្គការសហប្រជាជាតិ​ផងដែរ​»៕