ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានទទួល​ជួប​ជា​មួយ​លោក ជុង អ៊ី​យ៉ុង (Chung Euiyong) ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​អចិ​ន្រៃ្ត​យ៍​នៃ​ស​ន្និ​​សីទ​អន្តរជាតិ​នៃ​បណ្ដា​គណបក្សនយោបាយ​នៅ​អាស៊ី​​ (ICAPP) និង​ជា​អតីតរដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ និង​គណៈ​ប្រតិភូ​កាលពី​ម្សិលមិញ​នៅ​វិមាន​សន្តិភាព​ក្នុងអំឡុងពេល​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ដោយបាន​អរគុណ ​ICAPP ​ដែល​តែងតែ​គាំទ្រ​ដំណើរការ​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​។ ភាគី​ទាំង​ ២​ បាន​ផ្លាស់ប្ដូរ​ទស្សនៈ​គ្នា​ទៅ​​វិញ​ទៅមក​លើ​វិស័យ​នយោបាយ លទ្ធិប្រជាធិបតេយ្យ និង​ការ​​អភិវឌ្ឍ​នៅ​កម្ពុជា​។​


​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ក្រុម​អ្នកនាំពាក្យ​របស់​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​បានឱ្យដឹងថា​៖ «​តាមរយៈ​ការធានាបាន​នូវ​សន្តិភាព ស្ថិរភាព​ន​យោ​​បាយ និង​លទ្ធិប្រជាធិបតេយ្យ​នេះ ព្រះរាជាណាចក្រ​កម្ពុ​ជាមាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​សម្រេចបាន​សមិទ្ធផល​ដ៏​ធំធេង​ជូន​ជាតិ និង​ប្រជាជន​កម្ពុជា​។ ឯកឧត្តម​ជឿ​ជាក់​ថា ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​សម្ដេច​​ធិបតី ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​ការអភិវឌ្ឍ​កាន់តែខ្លាំង​ក្លា​បន្ថែមទៀត ឆ្ពោះទៅ​សម្រេចបាន​នូវ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​ ២០៥០ ក្នុងការ​ប្រែក្លាយជា​ប្រទេស​មាន​ចំណូល​ខ្ពស់​»​។​

​លោក អ៊ីយ៉ុង បាន​ថ្លែង​ក្នុងជំនួប​ពិភាក្សា​ការងារ ជាមួយ​លោក ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​​កម្ពុជា នា​ព្រឹក​ថ្ងៃទី ​១៤ ខែធ្នូ ឆ្នាំ​ ២០២៣ នៅ​វិមាន​សន្តិភាព​។ នេះ​បើតាម​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​។


​ប្រភព​ដដែល​បានឱ្យដឹងថា ក្នុងឱកាស​នោះ លោក ជុង អ៊ី​យ៉ុង បាន​ថ្លែងអំណរគុណ​ចំពោះ នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​អនុញ្ញាតឱ្យ​រូបលោក និង​គណៈ​​ប្រតិភូ ចូលជួប​សម្តែង​ការគួរ​​សម និង​បានបង្ហាញ​ពី​ភាព​រីក​រាយ ពេល​លោក​ត្រឡប់​មកកាន់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សាជាថ្មី ព្រមជាមួយ​នឹង​ការ​​កត់សម្គាល់​អំពី​ការអភិវឌ្ឍ រីកចម្រើន​យ៉ាង​ឆាប់រហ័ស លើ​គ្រប់​វិស័យ​របស់​ប្រទេស​កម្ពុជា​។

លោក​ប្រធាន ICAPP​ បាន​ប្រាប់​អំពី​សកម្មភាព​ការងារ​សំខាន់ៗ​មួយចំនួន​របស់ ICAPP ក្នុងការ​​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​ទស្សនៈ រវាង​បណ្តា​គណបក្សនយោបាយ​នៅក្នុង​តំបន់​អាស៊ី ឱ្យ​លោក​ហ៊ុន​ ម៉ា​ណែ​ត​បានដឹង​។​


​មិនតែប៉ុណ្ណោះ លោក​ក៏បាន​សម្តែង ការកោតសរសើរ និង​អរគុណ ចំពោះ​កម្ពុជា ដែលជា​ប្រទេស​ទី១ បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​មហាសន្និបាត ICAPP លើក​ទី​១២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ជា​លើក​ទី​២ នា​ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ បន្ទាប់ពី​កម្ពុជា ធ្លាប់​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ នៃ​មហាសន្និបាត ICAPP លើក​ទី​៦ ម្តង​រួចមកហើយ កាលពី​ឆ្នាំ ២០១០ នៅ​រាជធានី​ភ្នំពេញ​។​

​លោក ហ៊ុន ម៉ា​ណែ​ត ថ្លែង​ដោយ​សម្ដែង​នូវ​កិច្ច​ស្វាគមន៍​ចំពោះ​វត្តមាន​លោក​ប្រធាន ICAPP និង​បាន​ចូលរួម​អបអរ​-សាទរ​ចំពោះ​រូបលោក ដែល​ទទួលបាន​សេចក្តីទុកចិត្ត ពី​សមាជិក​អចិ​ន្រៃ្ត​យ៍ ICAPP ក្នុងតួនាទី​ជា​ប្រធាន​អង្គការ ICAPP សាជាថ្មី​។​

​ជាមួយគ្នានេះ លោកនាយក​​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ក៏បាន​ថ្លែងអំណរគុណ ICAPP ដែល​បាន គាំទ្រ​ចំពោះ​ដំណើរការ​ប្រជាធិបតេយ្យ របស់​កម្ពុជា និង​បាន​បញ្ជូន​អ្នក​សង្កេត​​ការណ៍​បោះឆ្នោត មក​ចូលរួម​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​ក្នុង​បណ្តា​អាណត្តិ​កន្លងមក រហូតដល់​អាណត្តិ​ថ្មី​ទី​ ៧ នេះ​ផងដែរ​។​

​លោក ហ៊ុន ម៉ា​ណែ​ត ថ្លែងថា​៖ «​វត្តមាន និង​សេចក្តីថ្លែងការណ៍​របស់​អង្គការ ICAPP អំពី​ការពិត នៃ​ទិដ្ឋភាព​ជាក់ស្តែង ក្នុងការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺ​ពិតជា​បាន​ចូលរួមចំណែក​ក្នុងការ​ការពារ ធម្មានុរូប ភាព​ត្រឹម​ត្រូវ​យុត្តិធម៌ និង​អធិបតេយ្យ​ភាព​នៃ​ការបោះឆ្នោត​របស់​កម្ពុជា​»​។​

​លោកបញ្ជាក់ថា រាជ​​រដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​ចូល​​រួម​យ៉ាងសកម្ម​នៅក្នុង​អង្គការ ICAPP ដើម្បី​សម្រេចបាន​នូវ​បេសកកម្ម​រួម​សម្រាប់​តំបន់​អាស៊ី ដែលមាន​សន្តិភាព និង​វិបុលភាព ក៏ដូចជា​បាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​ការទទួល​ធ្វើជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា នៃ​មហា​​សន្និបាត ICAPP លើក​ទី​១២ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ នា​ខែវិច្ឆិកា ឆ្នាំ ​២០២៤ ខាងមុខនេះ​។

លោកបាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី ក្នុង​រយៈ​កន្លងមក​ក​ម្ពុ​ជា​សម្រេចបាន កំណើនសេដ្ឋកិច្ច និង​ការ​បន្ថយ​ភាពក្រីក្រ និង​ធានាបាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​ដំណើរការ​ប្រជាធិបតេយ្យ​យ៉ាង​គត់មត់​។​

​រាជរដ្ឋាភិបាល​ថ្មី នឹង​បន្ត​អនុវត្ត​គោលនយោបាយ​ដ៏​ត្រឹម​​ត្រូវ​នេះ ព្រម​ជាមួយនឹង​ការដាក់ចេញ​នូវ «​យុទ្ធសាស្ត្រ​បញ្ច​​កោណ​ដំណាក់កាល​ទី​១»,
«​កម្មវិធី​គោលនយោបាយ​អាទិ​ភាព​ចំនួន ៦» និង «​វិធានការ​គន្លឹះ​ចំនួន​ ៥» ដែល​សុទ្ធតែ​យក​ប្រជាជន​ជា​ស្នូល ក្នុងនោះ​មានដូចជា ការពង្រីក​សេវា​ថែទាំ​​សុខភាព​សាធារណ​: ការបណ្តុះ​​បណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​ចំនួន ១,៥ លាន​នាក់ ការលើកកម្ពស់​កម្មវិធី​ជាតិ​ជំនួយ​សង្គម ការ​អភិ​​វ​ឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​ការ​ពង្រឹងគុណភាព​សេវា​អប់រំ ជាដើម​។ នេះ​បើតាម​ការបញ្ជាក់​បន្ថែម​របស់លោក​នាយក​រដ្ឋ​​មន្ត្រី ហ៊ុន ម៉ា​ណែ​ត​៕