ភ្នំពេញៈ កម្ពុជា​-​ថៃ កំពុង​សិក្សា​ពិនិត្យ​លទ្ធភាព​ក្នុងការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​នៅក្នុង​វិស័យ​អធិការកិច្ច​ទ្វេភាគី រួមមាន​ទស្សនកិច្ច​ផ្លូវ​​ការផ្លាស់ប្ដូរ​បទពិសោធ​ន៍ ការ​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​មន្ត្រី និង​ជំនួយ​បច្ចេក​ទេស​លើ​ការរៀបចំ​សេចក្តីព្រាងច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​។​


​ការសិក្សា​ពី​ការគ្រោង​ចុះ​អនុ​ស្សរណៈ​រួមគ្នា​នេះ​បន្ទាប់ពី​មាន​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួង​អ​ធិ​​ការ​កិច្ច និង​លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា​ កាលពី​ថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ​​ ​២០២៣​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ជំនួប​។ 

​លោក​ ហួត ហាក់ បាន​ថ្លែង​កោតសរសើរ​ចំពោះ​ទំនាក់​​ទំនង​ការទូត​រវាង​ប្រទេស​ទាំង​ ២ ​ចាប់តាំងពី​ឆ្នាំ​ ១៩៥០ មក​ម្ល៉េះ និង​ថ្លែងអំណរគុណ​ដល់​ព្រះរាជាណាចក្រ​ថៃ ចំពោះ​ការ​ផ្តល់ជំនួយ​ជាច្រើន​ដល់​ប្រទេស​កម្ពុជា​នាពេល​កន្លងមក​។ ជា​​ពិសេស​ជំនួយ​នៅក្នុង​វិបត្តិ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​ ១៩ កន្លងមក ក៏ដូចជា​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ល្អប្រសើរ​លើ​គ្រប់​វិស័យ ដែលមាន​ជាអាទិ៍ វិស័យ​អប់រំ វប្បធម៌ ទេសចរណ៍ សុខាភិបាល ពាណិជ្ជកម្ម និង​វិនិយោគ​។​


​ជាការ​ឆ្លើយតប​លោក​ Cherdkiat ATTHAKOR បាន​ថ្លែង​​អំណរគុណ​ចំពោះ​លោក ហួត ហាក់ ដែល​បាន​អនុញ្ញាតឱ្យ​ក្រុម​ការងារ​ចូលជួប​ស្វែងយល់​ពី​
​បេសកកម្ម និង​ផែនការ​សកម្ម​ភាព​របស់​ក្រសួង​អធិការកិច្ច​នៅក្នុង​អាណត្តិ​ថ្មី​នេះ​។

​លោក​ក៏បាន​ជម្រាប​អំពី​តួនាទី​នៃ​ស្ថាប័ន​ថៃ ដែលមាន​សមត្ថ​​កិច្ច​ប្រហាក់ប្រហែល​នឹង​ក្រសួង​អធិការកិច្ច​គឺ (​ស្ថាប័ន Office of the Ombudsman) និង​អំពី​វេទិកា​អាស៊ី​អាគ្នេយ៍​ក្នុង​វិស័យ​អធិការកិច្ច (Southeast Asian Ombudsman Forum (SEAOF)​។​


​បើតាម​សេចក្តីប្រកាស​ព័​ត៌​មាន ជំនួប​ទ្វេភាគី​នេះ សម្រេចបាន​ផ្លែផ្កា​ជាច្រើន​ដោយ​ក្នុងនោះ​ស្ថានទូត​ថៃ​ប្រចាំ​កម្ពុជា បាន​ឯកភាព​ធ្វើជា​ស្ពាន​ភ្ជាប់​ទំនាក់ទំនង​រវាង​ក្រសួង​អធិការ​កិច្ច និង​ស្ថាប័ន Office of the Ombudsman របស់​ប្រទេស​​ថៃ​ដើម្បី​ចាប់ផ្តើម​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ទ្វេភាគី និង​សិក្សា​លទ្ធ​ភាព​អំពី​កិច្ចសហប្រតិបត្តិការ ពហុភាគី​នៅក្នុង​ក្របខ័ណ្ឌ Southeast Asian Ombudsman Forum (SEAOF) ដោយ​ចាត់តាំង​ក្រុមការងារ​ពិភាក្សា​លម្អិត​លើ​ផ្នែក​បច្ចេកទេស​ក្នុងពេល​វេលា​ឆាប់ៗ​ខាងមុខនេះ​។​

​ក្នុងឱកាស​នោះដែរ លោក​ ហួត ហាក់ រដ្ឋមន្ត្រី​អធិការកិច្ច ក៏បាន​ជម្រាបជូន​អំពី​ស្ថានភាព​នយោបាយ​របស់​ក​ម្ពុ​ជា​ដែលមាន​សភាព​ល្អប្រសើរ​លើ​គ្រប់​ទិដ្ឋភាព​រួមមាន នយោបាយ សង្គម សេដ្ឋកិច្ច ដែល​បង្ក​បរិ​យា​កាស​អនុគ្រោះ និង​អំណោយផល​ដល់​ការអភិវឌ្ឍ សង្គមជាតិ និង​ទាក់ទាញ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​។​

​ទន្ទឹមនឹង​នេះដែរ​លោក​រដ្ឋ​​មន្ត្រី​បាន​ជម្រាបជូន​ឯកអគ្គ​រាជ​​ទូត អំពី​ភាពចាំបាច់​ក្នុង​ការប្ដូរឈ្មោះ​ពី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​​ព្រឹទ្ធសភា និង​
​អធិការកិច្ច ទៅជា​ក្រសួង​អ​ធិ​ការ​កិច្ច ក្នុង​គោលដៅ​ឆ្លើយតប និង​ស្របទៅតាម​កម្មវិធី​ន​យោ​បាយ​របស់​រាជរដ្ឋាភិបាល​នីតិ​កាល​ទី​៧ នៃ​រដ្ឋសភា និង​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី១​។

​លោក​បញ្ជាក់ថា​៖ «​ស្នូល​នៃ​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​​កាល​ទី១ គឺ​ផ្តោតលើ​ការកែទម្រង់ ការពង្រឹង​អភិបាលកិច្ច និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ​ឱ្យ​ក្លាយជា​រដ្ឋបាល​សាធារណៈ​ដែល​ប្រកបដោយ​សមត្ថភាព​ខ្ពស់ ខ្លាំង វៃឆ្លាត និង​ស្អាតស្អំ​»​។​

​លោក ហួត ហាក់ ឱ្យដឹងទៀតថា ដើម្បី​ឆ្លើយតប​ទៅនឹង​ភារ​កិច្ច​ចម្បង​ខាងលើ​ក្រសួង​អ​ធិ​ការ​កិច្ច​មាន​ផែនការ​សកម្មភាព​មួយចំនួន​រួមមាន ការពង្រឹង​សមត្ថភាព​ស្ថាប័ន ការកសាង និង​អភិវឌ្ឍន៍ មូលធន​មនុស្ស ការរៀបចំ​ច្បាប់ និង​លិខិត​បទ​ដ្ឋា​ន​គតិយុត្ត​នៅក្នុង​សមត្ថកិច្ច​ក្រសួង ការថែរក្សា​បរិយាកាស​សុខដុម​នីយកម្ម​នៅក្នុង​ក្រសួង​និង​អង្គភាព​ចំណុះ​ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ​។ មន្ត្រី​កម្ពុជា​ថៃ​តែងតែ​ជួប​ពិភាក្សាគ្នា​ដើម្បី​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​ល្អប្រសើរ​៕