ភ្នំពេញៈ ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​(​ក​.​អ​.​ក​.)​ ដែលជា​ស្ថាប័ន​ប្រតិបត្តិ​បំពេញ​មុខងារ​ជា​សេនាធិការ និង​ជា​ច្រកចេញចូល​តែមួយ​របស់​រាជរដ្ឋាភិបាល លើ​បេសកកម្ម​ដឹកនាំ និង​គ្រប់គ្រង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ ការវិនិយោគ​ឯកជន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​។​


​យោង​ព្រះរាជក្រឹត្យ​របស់ ព្រះ​​ករុណា​ព្រះបាទ​សម្តេចព្រះ​បរម​នាថ នរោត្តម សីហមុនី ចុះ​ថ្ងៃទី ៩ ខែធ្នូ ឆ្នាំ​ ​២០២៣ បានឱ្យដឹងថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ម៉ា​ណែ​ត ជា​ប្រធាន​ព្រមទាំង​មាន​អនុប្រធាន ១ ​រូប ឬ​ច្រើន​រូប និង​សមាជិក​មួយចំនួន​តាម​ការ​ចាំ​បាច់​។​

​ព្រះរាជក្រឹត្យ​បញ្ជាក់ថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា មាន​ភារកិច្ច​ជាច្រើន រួមមាន រៀបចំ​សេចក្តីព្រាង​គោលនយោបាយ យុទ្ធសាស្ត្រ ទិសដៅ និង​ផែន​ការ​សកម្មភាព​ដើម្បី​ជំរុញ​ការងារ កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍន៍​ស្របតាម​បរិ​យា​ការណ៍​ក្នុង​តំបន់​និង​សកលលោក​។ រៀបចំ​សេច​ក្តី​ព្រាង​ផែនការ​យុទ្ធសាស្ត្រ និង​វិធានការ​ជាក់ស្ដែង រយៈពេល​ខ្លី មធ្យម និង​វែង​សម្រាប់​ធ្វើជា​ផែនទី​ចង្អុល​ផ្លូវ​ក្នុងការ​ជំរុញ និង​ទាក់​ទាញ​ការ​វិនិយោគឯកជន ទាំង​ក្នុង និង​ក្រៅប្រទេស​។​


​អនុវត្ត​ការងារ​សម្របសម្រួលរ​វាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ជា​​មួយ​នឹង​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ព្រមទាំង​ជា​​មួយ​វិនិយោគិន ដើម្បី​តាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ការ​អនុ​​វត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ និង​វិធានការ​ពាក់ព័ន្ធ​នានា​ឱ្យមាន​ប្រសិទ្ធភាព​។​

​ទាក់ទង​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់ ក្នុង​គោលបំណង​ផ្សព្វ​ផ្សាយ​អំពី យុទ្ធសាស្ត្រ និង​បណ្តា​កម្មវិធី​អាទិភាព​របស់​រាជ​រដ្ឋា
​ភិ​បាល​ក្នុងការ​អភិវឌ្ឍ​ប្រទេស ដើម្បី​សម្របសម្រួល ការទទួល​និង​ការប្រើប្រាស់​ប្រកបដោយ​ស័ក្ដិសិទ្ធិ​ភាព​នូវ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ ស្របតាម​តម្រូវការ និង​អាទិភាព​របស់​ប្រទេសជាតិ ដោយ​ប្រកាន់​តួនាទី​ជា​ម្ចាស់​សម្រាប់​សម្រេច​លទ្ធផល​ជូន​ប្រទេសជាតិ​។​


​ពិនិត្យ​និង​ផ្ដល់​ការគាំទ្រ​ដល់​គម្រោង​របស់​ដៃគូ​អភិវឌ្ឍន៍ កំណត់​ទិសដៅ​ក្នុងការ​បែងចែក និង​ប្រើប្រាស់​ធនធាន​សាធារណៈ និង​ធនធាន​ឯកជន ក្នុង​កិច្ចការ​អភិវឌ្ឍន៍​កម្ពុ​ជា​ផ្តល់​កិច្ច​សម្រួល​ដល់ដៃ​គូ​អភិ​​វឌ្ឍន៍​ពិនិត្យ និង​សម្រេច​រាល់​គម្រោង​វិនិយោគឯកជន​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស និង​គម្រោង​របស់​ដៃគូ​អភិវឌ្ឍន៍​។​

​ប្រភព​ដដែល​បន្តថា​៖ «​កអក មាន​តួនាទី​ភារកិច្ច​ជំរុញ​ការ​ផ្សព្វ​ផ្សាយ និង​ការទាក់ទាញ​កា​រវិ​និ​​យោគ ដោយ​ផ្តោតលើ​វិស័យ និង​សកម្មភាព​វិនិយោគ ជា​អាទិភាព ដូច​មានចែង​ក្នុង​ច្បាប់​ស្ដីពី​វិ​និ​យោគ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​លិខិតបទដ្ឋាន គតិយុត្ត​ជាធរ​មាន ឬ​តាម​ការតម្រង់ទិស​ពី​ប្រមុខ​រាជរដ្ឋាភិបាល​»​។​

​លោក ហុង វណ្ណៈ អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការ​ចាប់អារម្មណ៍​ថា កន្លងមក​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​អនុវត្ត​ការងារ​ល្អ​រួចទៅហើយ ខណៈ​ព្រះរាជក្រឹត្យ​ថ្មី​នេះ គឺជា​ការបំពេញបន្ថែម​ឬ​ធ្វើ​បច្ចុប្បន្នភាព​ឱ្យ​ស្ថាប័ន​នេះ​កាន់​តែ​ប្រសើរឡើង ឆ្លើយតប​ទៅនឹង​ស្ថានភាព​ជាក់ស្តែង នៃ​ស្ថានការណ៍​អភិវឌ្ឍន៍​នៅ​កម្ពុជា​។​

​លោក​ថា​៖ «​ក្នុង​ព្រះរាជក្រឹត្យ​នេះ​ក៏បាន​កំណត់​ភារកិច្ច​សំខាន់ៗ​ច្បាស់​​លាស់​សម្រាប់​អនុវត្ត​។ អ៊ីចឹង ចំណុច​សំខាន់​ដែល​ខ្ញុំ​ចាប់អារម្មណ៍​គឺ​ការបង្កើត​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ នេះ​ជា​ចំ​ណុ​សំខាន់​ដែល​ប្រទេស​កម្ពុ​ជាមាន​តម្រូវ​ការឱ្យ​ឆ្លើយតប​ទៅនឹង​ឧត្តមភាព​ប្រកួត​ប្រជែង​នៅក្នុង​តំបន់ និង​ពិភព​លោក​»​។​

​លោក​បន្តថា​៖ «​ដូច្នេះ​ស្ថានភាព​កម្ពុជា​នាពេលនេះ គឺ​ការ​កៀរគរ សម្របសម្រួល និង​ការទាក់ទាញ​វិនិយោគិន​បរទេស សម្រាប់​មក​វិនិយោគ​នៅ​កម្ពុជា និង​ផ្តល់​ការលើកទឹកចិត្ត​ផ្សេងៗ​ដល់​វិនិយោគិន​ក្នុងស្រុក និង​ក្រៅ​ស្រុក​គឺជា​កិច្ចការ​សំខាន់​។ កន្លងទៅ​យើង​មាន​ក្រុមប្រឹក្សា​អភិ​​វឌ្ឍន៍​កម្ពុជា ប៉ុន្តែ​ការវិនិយោគ​របស់​យើង​មួយចំនួន​នៅ​កម្រិត​ធុន​តូច និង​មធ្យម​នៅឡើយ​»​។​

​ព្រះរាជក្រឹត្យ​ដដែល បានចែង​ទៀតថា ក​.​អ​.​ក​. មាន​ភារកិច្ច​ជំរុញ​លើកទឹកចិត្ត និង​ការពារ​ការវិនិយោគ​ឯកជន និង​ផ្ដល់​កិច្ច​​សម្របសម្រួល​ដល់​វិនិយោគិន ផ្តល់​សេវា​ថែទាំ​វិនិយោគ​ដោយ​ផ្អែកលើ​ឧ​ត្ត​មា​នុ​វត្ត​ន៍​ជាស​កល ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការសម្រួល​ការវិនិយោគ​។ 

​ទទួលបន្ទុក​ដឹកនាំ​កិច្ច​ការចរចា​កិច្ចព្រមព្រៀង​ស្តីពី​វិនិយោគ​ទ្វេភាគី ពហុភាគី ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ទទួលបន្ទុក​កិច្ចការ​វិនិយោគ​ផ្សេងៗ​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ស្របតាម​គោលការណ៍​និង​ការរៀបចំ​របស់​អាស៊ាន និង​សម្របសម្រួល​ការងារ​ស​ម្រា​ប់​យន្តការ​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​។ 

​ក​.​អ​.​ក មាន​ថវិកា​ដោយឡែក​ជា​ថវិកាជាតិ​សម្រាប់​ដំណើរការ​ការងារ​ហើយ​ការគ្រប់គ្រង និង​ចាត់ចែង​ប្រើប្រាស់​ថវិកា​របស់ ក​.​អ​.​ក ត្រូវអនុវត្ត​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​៕