លោកស្រី​ មុត ចរិយា បាន​បង្កើត​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក ខេត្ត​ស្ទឹង​ត្រែង​ដែលជា​ទឹកដី​កំណើត​របស់​លោកស្រី​។


នៅក្នុង​ពេលដែល​មានកា​រ​រីក​រាល​ជំងឺ​កូ​វីដ​ ១៩ បានធ្វើឱ្យ​លោកស្រី​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងខ្លាំង និង​បាន​បោះបង់​អាជីព​ជា​ឈ្មួញកណ្តាល ដែល​ប្រមូល​ទិញ​ផល​កសិកម្ម​ពី​កសិករ​ហើយ​ត្រឡប់​មកលេង​ស្រុកកំណើត​មួយរយៈ​ពេល​ធំ​។ នៅ​គ្រានោះ​ហើយ​ដែល​លោកស្រី​បាន​ប្រើ​ប្រាស់​វិបត្តិ​ឱ្យ​ក្លាយជា​កាលានុវត្តភាព​ក្នុងការ​បង្កើត​អាជីវកម្ម​ថ្មី​មួយ​គឺ «​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយ​ចន្ទី​ស្ទឹងត្រែង​»​ ជាមួយនឹង​ដើម​​ទុន ២ ​ម៉ឺន​ដុល្លារ​។​

​សិប្បកម្ម​របស់លោក​ស្រី បានរួម​ចំណែក​ជួយ​កសិករ តាមរយៈ​ការទិញ​គ្រាប់ស្វាយចន្ទី​ក្នុងតម្លៃ​សមរម្យ​ដើម្បី​ផលិត​នៅក្នុង​ស្រុក ដែល​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​បាន​ចំនួន ​៤៥ ​នាក់​។ ចាប់​ផ្តើមដំបូង ដើមទុន​ត្រឹម​ ២ ម៉ឺន​ដុល្លារ​កាលពី​ ២ ​ឆ្នាំមុន កើន​ដល់ ​១​ លាន​ដុល្លារ ក្នុងឆ្នាំនេះ លោកស្រី មុត ចរិយា មាន​គោលដៅ និង​មហិច្ឆតា ក្នុង​ការនាំ​គ្រាប់ស្វាយចន្ទី ដែល​ដាំ​ដុះ កែច្នៃ និង​នាំ​ចេញពី​កម្ពុជា ទៅ​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​នានា​នៅ​ទូទាំង​ពិភពលោក​។ នេះ​ជា​បទសម្ភាសន៍​រវាង​អ្នកសារព័ត៌មាន​អ្នកនាង​វណ្ណ សុជាតា ជាមួយនឹង​លោកស្រី មុត ចរិយា ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖


​ជាដំបូង សូម​លោកស្រី ជួយ​ជម្រាប​ពី​ដំណើរការ​នៃ​ការបើក​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ស្ទឹងត្រែង​របស់លោក​ស្រី ចាប់​ផ្តើម​ពី​ពេលណា​មក​? ហើយ​មូល​ហេតុអ្វី​?

​ចាស​សូម​អរគុណ​! សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ស្ទឹងត្រែង​របស់ខ្ញុំ​បានចាប់ផ្តើម​បើក​ដំណើរ​​ការ កាលពី​ខែតុលា ឆ្នាំ​ ២០២១ ដែល​រហូតមក​ទល់នឹង​ពេលនេះ​មាន​រយៈពេល​ ២ ​ឆ្នាំ​ហើយ​។​


​មូលហេតុ​ដែល​ជំរុញ​ឱ្យ​យើង​បើក​សិប្ប​កម្មនេះ ដោយសារតែ​វិបត្តិ​កូ​វីដ ​១៩ ព្រោះថា នៅពេលដែល​កូ​វីដ ​១៩ បានកើត​ឡើង យើង​បាន​ផ្អាក​មុខរបរ​រកស៊ី​រប​ស់​យើង​នៅ​សៀមរាប និង​សម្រាក​ការងារ​នៅ​ភ្នំពេញ ខណៈ​កូនៗ​របស់ខ្ញុំ​ក៏បាន​ផ្អាក​ការសិក្សា​របស់​ពួកគេ​ដែរ ហើយក៏​បានសម្រេច​មក​លេង​ស្រុកកំណើត​របស់ខ្ញុំ​នៅ​ខេត្តស្ទឹងត្រែង​។​

​ពេលដែល​យើង​មកដល់​ទីនេះ យើង​បាន​មើលឃើញថា មាន​ការដាំដុះ​គ្រាប់ស្វាយចន្ទី​ច្រើន និង​មានតម្លៃ​ទាប ក្រោយ​មក​យើង​បាន​ស្រាវជ្រាវ​មើល​ទីផ្សារ​នៅតាម​បណ្តា​ប្រទេស​ផ្សេងៗ ឃើញ​គេ​មានការ​ផលិត​ដែរ និង​លក់បាន​ក្នុងតម្លៃ​ថ្លៃ​ជាង​យើង​។ 

​ពេលនោះ វា​ស្រប​ពេលដែល​យើង​បាន​ផ្អាក​ការងារ និង​អាជីវ​​កម្ម​របស់​យើង​ផង​នោះ ខ្ញុំ​គិត​រក​មធ្យោបាយ​ដើម្បី​កែប្រែ​ស្ថានភាព​គ្រួសារ​របស់ខ្ញុំ​នៅ​អំឡុងពេល​មាន​វិបត្តិ​នោះ​។ ពេលនោះ ខ្ញុំ​ក៏​សម្រេចចិត្ត​ចាប់ផ្តើម​អាជីវកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​នេះ ដោយ​សារ​តែ​យើង​យល់ថា មិន​ត្រឹមតែ​អាចជួយ​កែប្រែ​ស្ថានភាព​ក្នុង​គ្រួ​​សារ​យើង​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​អាចជួយ​ដល់ទី​ផ្សារ​កសិករ​រប​ស់​យើង ឱ្យទទួល​បាន​តម្លៃ​សមរម្យ តាម​រយៈ​ការកែច្នៃ ដោយ​មិនចាំបាច់​លក់​គ្រាប់​ឆៅ​ឱ្យគេ​ទាំងអស់​។​

​ក្រោយមក​ខ្ញុំ​បានចាប់ផ្តើម​ស្រាវជ្រាវ​ពី​ឯកសារ​ផ្សេងៗ និង​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ជាមួយ​អង្គការ​នានា​រួមទាំង​សមាគម​ស្វាយចន្ទី​កម្ពុជា​ពី​ការ​​កែច្នៃ​គ្រាប់ស្វាយចន្ទី​ប្រកបដោយ​គុណភាព បន្ទាប់ពី​រៀន​បាន​ត្រឹម​​តែ ១​ ខែ យើង​ក៏បាន​ចាប់ផ្តើម​ដំណើរការ​អាជីវកម្មរ​បស់​យើង​តែម្តង​។​

​តើ​សិប្បកម្ម​របស់លោក​ស្រី បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅពេលណា និង​បាន​នាំចេញ​ទៅកាន់​ប្រទេស​ណាខ្លះ​?

​យើង​បាន​ឃើញថា នៅ​ខេត្ត​របស់​យើង ​(​ស្ទឹងត្រែង​) មានការដាំ​ដុះ​ស្វាយចន្ទី​ច្រើន ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ទីផ្សារ​អន្តរជាតិ​វិញ​តើ​មាន​គេ​ស្គាល់​គ្រាប់​​ស្វាយចន្ទី​របស់​កម្ពុជា ច្រើន​ហើយ​ឬ​នៅ​? ហេតុដូច្នេះ​យើង​ក៏បាន​ចាប់ផ្តើម​ស្រាវជ្រាវ នៅលើ​ទីផ្សារ​អន្តរជាតិ ថា​តើ​គ្រាប់​ស្វាយចន្ទី​ដែល​កែច្នៃ​រួច នៅលើ​ទីផ្សារ​អន្តរជាតិ​លក់បាន​ក្នុងតម្លៃ​ប៉ុន្មាន​? តើ​ចន្ទី​គេ​បាន​កែ​ច្នៃ​យ៉ាងដូចម្តេចខ្លះ​?

​ហើយ​យើង​រកឃើញថា ចន្ទី​របស់គេ​បាន​កែច្នៃ​ទៅជា​ច្រើន​ប្រភេទ ច្រើន​រសជាតិ​កែច្នៃ​ទៅជា​បង្អែម កែច្នៃ​ទៅជា​នំ ជាដើម ដោយឡែក​ចន្ទី​របស់​យើង មិនទាន់​មានការ​កែច្នៃ​អ្វី​ច្រើន​នៅឡើយ​ទេ គឺ​លក់​ចេញទៅ​តែ​គ្រាប់​ស្រស់​តែម្តង ដែល​នេះ​ធ្វើឱ្យ​អន្តរជាតិ មិនបាន​ស្គា​ល់ពី​គុណភាព​ស្វាយចន្ទី​របស់​យើង​ហើយ​ធ្វើឱ្យ​យើង​បាត់បង់​តម្លៃបន្ថែម​។​

​បន្ទាប់មក​យើង​បាន​គិតថា តើ​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​បង្កើន​ចំណូល​ដល់​កសិករ បង្កើន​ការ​​ងារ​នៅក្នុង​សហគមន៍​របស់​យើង​ហើយ​អាចជួយ​ដល់​មុខមាត់​ប្រទេស​របស់​យើង​ដែរ​។ ដូច្នេះ យើង​ក៏​ចាប់ផ្តើម​ស្វែងរក​ទីផ្សារ​ស្វែងរក​បច្ចេកទេស​បន្ថែម​ជា​បន្តបន្ទាប់ ដែល​មកដល់​ពេល​នេះ​យើង​បាន​កែច្នៃ​គ្រាប់ស្វាយ​​ចន្ទី​របស់​យើង​ទៅជា​ច្រើន​រស​​ជាតិ និង​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អតិថិជន​។​

​នៅក្នុង​រយៈពេល​ ២ ​ឆ្នាំ​មកនេះ​ គ្រាប់ស្វាយចន្ទី​របស់លោក​ស្រី​ដែល​បាន​កែច្នៃ​ចេញ​ជាច្រើន​រសជាតិ​នោះ តើ​ទទួល​បានការ​គាំទ្រ​កម្រិតណា​ដែរ​ពី​អតិថិជន ទាំង​ក្នុង​ទីផ្សារ​ជាតិ និង​អន្តរជាតិ​? ហើយ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ណាខ្លះ​?

​ក្នុង​រយៈពេល​ ២​ ឆ្នាំ​មកនេះ យើង​ទទួលបាន​ការគាំទ្រ​ច្រើន​គួរសម ជាពិសេស​ពី​ខាង​ទីផ្សារ​អន្តរជាតិ ដោយសារតែ​យើង​ផលិត​បាន​គ្រាប់ស្វាយចន្ទី​ដែលមាន​ច្រើន​រសជាតិ ក្រៅពី​រស​ជាតិ​របស់​ខ្មែរ​យើង​។ យើង​បាន​ផ្ញើ​លក់​នៅ​ទីផ្សារ​អង់គ្លេស អាមេរិក អាល្លឺម៉ង់ ជប៉ុន កូរ៉េ អូស្ត្រាលី ខណៈដែល​បារាំង យើង​ក៏បាន​ផ្ញើ​ឱ្យគេ​ធ្វើតេស្ត​រសជាតិ​របស់​យើង​ដែរ​។ អ្វីដែល​សំខាន់បំផុត ផលិតផល​របស់​យើង​បាន​នាំយកទៅ​ធ្វើតេស្ត​នៅ​សហរដ្ឋ​អា​មេ​រិ​ក ដើម្បី​ធ្វើតេស្ត Nutrition និង​បាន​តេស្ត​រកសារ​ធាតុគីមី​នៅ​ជប៉ុន ទើប​មាន​គេ​ទទួលស្គាល់​ពី​គុណភាព​របស់​យើង​ច្រើន​បែបនេះ​។​

​ដោយសារតែ​យើង​ទើបតែ​ចាប់ផ្តើម ដូច្នេះ​បរិមាណ ដែល​យើង​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​នៅមាន​ចំនួន​តិច​​តួច​នៅឡើយ​ទេ ខណៈដែល​នៅ​ខែធ្នូ ឆ្នាំ​២០២៣​ នេះ យើង​នាំចេញ​ទៅកាន់​ទីផ្សារ​ហុងកុង​មួយទៀត ដែល​វា​នឹង​ក្លាយជា​ទីផ្សារ​ដ៏​ធំជាងគេ​របស់​យើង​នៅក្នុងពេល​ឆាប់ៗ​នេះ​។​

ក្រៅពីនេះ តើ​លោកស្រី​មាន​គម្រោង​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ណា​ទៀត​ទេ​?

​យើង​ក៏មាន​គម្រោង​នាំ​ចេញទៅ​ទីផ្សារ​ចិន នៅ​ឆ្នាំក្រោយ និង​ទីផ្សារ​ហូ​ឡង់ ១​ ទៀតផង​ដែរ​។ ចំណែក​ទីផ្សារ​អាមេរិក​វិញ​យើង​ទើបតែ​ត្រឡប់​មកពី​រៀបចំ​ឃ្លាំង​នៅ​ទីនោះ​ហើយ ដោយសារតែ​ទីផ្សារ​ប្រទេស​នេះ គេ​តម្រូវឱ្យ​យើង​មាន​ឃ្លាំង​ស្តុក ទើប​គេ​អនុ​ញ្ញាត ខណៈ​យើង​មាន​ទីផ្សារ​ស្រាប់​ហើយ​នៅ​ទីនោះ ហើយ​ទីផ្សារ​អាមេរិក​នេះ នឹង​ក្លាយជា​ទីផ្សារ​ធំជាងគេ​របស់​យើង​នៅ​ឆ្នាំ​ ២០២៤​។​

​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​របស់លោក​ស្រី ទើបតែ​ដំណើរការបាន​ត្រឹម​រយៈពេល ​២ ​ឆ្នាំ​ប៉ុណ្ណោះ តើ​មាន​កត្តា​ចម្បង​អ្វី​អាច​វាយលុក​ទីផ្សារ​ក្រៅប្រទេស​បាន​លឿន​បែបនេះ​?

​ការផ្សព្វផ្សាយ​ឱ្យបាន​ច្រើន គឺជា​ចំណុច​ដ៏​សំខាន់ ដែល​ជំរុញ​ឱ្យ​ទីផ្សារ​អន្តរជាតិ​ស្គាល់​ពី​ផលិត​​ផល​របស់​យើង​បាន​លឿន​បែបនេះ​។ ហេតុអ្វី​បាន​គេ​ស្គា​ល់ពី​ស្វាយចន្ទី​របស់​យើង​ច្រើន នៅក្នុង​រយៈពេល​ ២​ ឆ្នាំ​ចុង​ក្រោយនេះ​? គឺ​ខ្ញុំ និង​កូនស្រី បានធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ ដើម្បី​ចូលរួម​ការតាំងពិព័រណ៍​នានា ដូចជា​នៅ​អាល្លឺម៉ង់ អាមេរិក​ជាដើម​។ ជាពិសេស ថ្មីៗ​នេះ យើង​បាន​ទៅ​ចូលរួម​សន្និសីទ​ស្វាយចន្ទី​ពិភពលោក​នៅក្នុង​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម ជាមួយនឹង​សមាគម​ស្វាយចន្ទី​កម្ពុជា​។ 

​នៅពេលនោះ មានតែ​ខ្ញុំ​ទេ ដែល​យក​គ្រាប់ស្វាយចន្ទី​របស់​យើង​ទៅ ហើយ​នៅពេល ដែល​យើង​បានធ្វើ​បទ​បង្ហាញ​ឱ្យគេ​ឃើញថា គ្រាប់ស្វាយចន្ទី​របស់​យើង​បាន​ផលិត​ច្រើនជាងគេ​លំដាប់​ទី​២ បន្ទាប់ពី​ប្រទេស​កូ​ឌី​វ័រ និង​បានបង្ហាញ​ពី​គ្រាប់ស្វាយ​ចន្ទី​របស់​យើង​ផង​នោះ គេ​មានការ​ភ្ញាក់ផ្អើល​ថា ហេតុអ្វី​គ្រាប់​ស្វាយចន្ទី​របស់​យើង​ធំ​ម្ល៉េះ​។

​តាំងពី​ពេលនោះ​មក នៅពេលដែល​គេ​ឃើញ​គ្រាប់ស្វាយចន្ទី របស់​យើង​គេ​តែង​និយាយថា Cambodia Cashew រហូតដល់​យើង​បាន​អូសទាញ​ឱ្យមាន​ការរៀបចំ​សន្និសីទ​ស្វាយចន្ទី​ពិភពលោក​នៅ​កម្ពុជា​យើង នា​ខែកុម្ភៈ ឆ្នាំក្រោយ ដែល​នេះ​ជា​មោទនភាព​របស់​យើង ព្រោះថា ពិភពលោក​នឹង​ស្គាល់​ស្វាយចន្ទី​យើង​កាន់តែច្រើន​។​

​គ្រាប់ស្វាយចន្ទី​ស្រស់​របស់​កម្ពុ​ជាជាង ​៩០ ​ភាគរយ​ត្រូវបាន​នាំ​ចេញទៅ​ប្រទេស​វៀតណាម ខណៈ​ដែលមាន​ត្រឹមតែ​ ៥ ​ទៅ ​១០ ​ភាគរយ​ប៉ុណ្ណោះ ដែល​ត្រូវបាន​កែច្នៃ​។​

​តើ​ក្នុងនាម​ជា​ម្ចាស់​សិប្បកម្ម​ស្វាយចន្ទី និង​ជា​ស្ត្រី​ម្នាក់ ដែលមាន​អាជីវកម្ម​ក្នុង​ដៃ តើ​លោកស្រី​មានការ​លើកទឹកចិត្ត​បែបណា​ដល់​អ្នក​កែច្នៃ​ដទៃទៀតក្នុងការ​ជំរុញ​ការនាំចេញ​ស្វាយ​ចន្ទី​កែច្នៃ​របស់​កម្ពុជា​ យើង​ទៅ​ក្រៅប្រទេស​ឱ្យបាន​កាន់តែ​ច្រើនជាង​ការនាំចេញ​គ្រាប់​ស្រស់​?

​នៅក្នុង​ប្រទេស​កម្ពុជា យើង​គ្រប់គ្នា​សុទ្ធតែ​បានដឹង​រួចហើយ​ថា អ្នក​កែច្នៃ​គ្រាប់ស្វាយចន្ទី​មាន​តិចតួច​ប៉ុណ្ណោះ ដែល​មិនអាច​គ្រប់​ទៅតាម​តម្រូវការ​ទីផ្សារ​គ្រួសារ​នោះទេ​។ ជាការ​ពិតណាស់ គ្រាប់ស្វាយចន្ទី ជា​ផលិត​​ផល​ដែលមាន​ទីផ្សារ​ខ្លាំងណាស់ ប៉ុន្តែ​កម្ពុជា​យើង​នៅ​ខ្វះ​បច្ចេក​​ទេស​ក្នុង​ការផលិត ខ្វះ​ទុន​វិ​និ​​យោគ ព្រោះថា គ្រាប់ស្វាយចន្ទី​ត្រូវការ​បច្ចេកទេស និង​ដើមទុន​ផលិត​ធំ​ណាស់ ក្នុងការ​កែច្នៃ​វា​។ ដូច្នេះ​ទីផ្សារ​មិន​ខ្វះ​ទេ គឺ​ខ្វះ​កម្លាំង​ទុន និង​បច្ចេកទេស​ផលិត​ប៉ុណ្ណោះ​។​

​បើសិនជា​អ្នកវិនិយោគ​មិន​ថា​ក្នុងស្រុក ឬ​ក្រៅ​ស្រុក​ទេ ដែល​គាត់​មាន​ចំណាប់អារម្មណ៍​ក្នុង​វិស័យ​ស្វាយចន្ទី​នេះ ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​វិនិយោគ​លើ​ការកែច្នៃ ផលិត​គ្រាប់ស្វាយចន្ទី​នេះ​សម្រាប់​នាំចេញ ព្រោះថា វា​ជា​ផលិតផល​ដែលមាន​សក្តានុពល​ខ្លាំង​នៅលើ​ទីផ្សារ​អន្តរជាតិ និង​ជា​ឱកាស​ដែល​យើងទាំងអស់គ្នា អាច​នាំ​គ្រាប់ស្វាយចន្ទី​របស់​យើង​ទៅកាន់​ពិភពលោក​ឱ្យគេ​បាន​ស្គាល់​ដែរ​។​

តើ​អ្វី​ទៅ​ដែលជា​ទស្សនវិស័យ និង​គោលដៅ​បន្តបន្ទាប់​ទៀតរបស់​លោកស្រី ​ដើម្បី​ធ្វើឱ្យ​ស្វាយ​ចន្ទី​របស់​កម្ពុជា កាន់តែ​ទទួល​បាន​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​នៅលើ​ឆាក​អន្តរជាតិ និង​អាច​ក្លាយជា​អធិរាជ​ស្វាយចន្ទី​ដូចដែល​រាជរដ្ឋាភិបាល​បានកំណត់​?

​ទស្សនវិស័យ​របស់​ពួកយើង​នោះ គឺ​យើង​ចង់​នាំចេញ​គ្រាប់​​ស្វាយចន្ទី​ ដែល​ផលិត​នៅក្នុង​ស្រុក​ខ្មែរ មាន​រសជាតិ​ដើមពី​ស្រុក​​ខ្មែរ​ទៅកាន់​ទីផ្សារ​ពិភពលោក ឱ្យ​ពួកគេ​ស្គាល់​ទាំង​គុណភាព និង​ប្រភពដើម និង​ជួយ​ជំរុញ​ដល់​សេដ្ឋកិច្ច​របស់​ប្រជាកសិករ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​។

​ក្នុង​រយៈពេល​ ២ ​ឆ្នាំ ​ដែល​យើង​មកនេះ យើង​បាន​ជួយ​កែប្រែ​ជីវភាព​របស់​ពលរដ្ឋ​នៅក្នុង​សហគមន៍​របស់​យើង​បាន​ច្រើន ដោយ​កាលពីមុន ពួកគាត់​បានធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការ​នៅ​ប្រទេសជិតខាង ដែល​បាន​ប្រាក់​កម្រៃ​តិច​។ តែ​ក្រោយពី​យើង​បានមក​បើក​សិប្បកម្ម​នៅទីនេះ ពលរដ្ឋ​ក្នុង​សហគមន៍​យើង​ភាគ​ច្រើន គឺ​លែង​ធ្វើ​ចំណាកស្រុក​ទៀតហើយ​។ យើង​បាន​ជួយ​បណ្តុះបណ្តាល​ដល់​ពួកគាត់​ច្រើន លើ​ចំណេះដឹង​បរិស្ថាន និង​ការ​​អភិវឌ្ឍ​សមត្ថភាព​ភាសា​ជាដើម​។​

​អ្វីដែល​សំខាន់​បុគ្គលិក​របស់​យើង​នៅទីនេះ គឺ​ទទួលបាន​អត្ថ​ប្រយោជន៍​សង្គម ដូចជា ប​.​ស​.​ស មាន​ថ្ងៃ​ឈប់សម្រាក​ទូទៅ តាមច្បាប់​ការងារ ដើម្បី​បង្ហាញថា សិប្បកម្ម​របស់​យើង​គឺ​គោរព​បាន​យ៉ាង​ខ្ជាប់ខ្ជួន​ទៅតាម​ច្បាប់ និង​គោរព​សិទ្ធិមនុស្ស​បាន​យ៉ាង​ត្រឹមត្រូវ ជាពិសេស​យើង​បាន​លើកកម្ពស់​ស្ត្រី ខណៈដែល​ស្ត្រី​ដែល​បម្រើ​ការងារ​នៅ​កន្លែង​សិប្បកម្ម​របស់​យើង​មាន​ដល់ ​៨០ ​ភាគរយ​៕