រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានធ្វើការជំរុញទៅកាន់ខេត្តមីយ៉ាហ្គីរបស់ជប៉ុន ឱ្យបង្កើនការជ្រើសរើសពលករជំនាញពីកម្ពុជាបន្ថែម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ឱ្យកាន់តែខ្លាំង។
បើតាមសេចក្តីប្រកាសរបស់ក្រសួងការងារ បានឱ្យដឹងថា ការជំរុញរបស់លោករដ្ឋមន្ត្រី ហេង សួរ បែបនេះ បានធ្វើឡើងក្នុងពេលទទួលជួបពិភាក្សាការងារជាមួយលោក Muri Yoshiiro អភិបាលខេត្តមីយ៉ាហ្គីរបស់ប្រទេសជប៉ុន កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣។
នាជំនួបនោះ លោក ហេង សួរ បានស្នើទៅកាន់លោកអភិបាលខេត្តមីយ៉ាហ្គី របស់ជប៉ុន ធ្វើការជំរុញសហគ្រាសនៅក្នុងខេត្តឱ្យជ្រើសរើសកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម។
លោកបានគូសបញ្ជាក់ថា៖ «ក្នុងខណៈពេលដែលខេត្តមីយ៉ាគី ទទួលបានការបង្កើតរោងចក្រថ្មីជាច្រើនក្នុងរយៈពេលថ្មីៗនេះ ដូច្នេះសូមអភិបាលខេត្ត ជួយបង្កើនការផ្សព្វផ្សាយ និងជំរុញសហគ្រាសនៅក្នុងខេត្តនេះឱ្យបង្កើនការជ្រើសរើសកម្មសិក្សាការី និងពលករជំនាញពីកម្ពុជាបន្ថែម»។
ទន្ទឹមគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់អភិបាលខេត្តមីយ៉ាហ្គីរបស់ប្រទេសជប៉ុនចំពោះការមើលថែរក្សាកម្មសិក្សាការី និងពលករជំនាញកម្ពុជាក្នុងខេត្តបានយ៉ាងល្អ ខណៈលោកថា ក្រសួងការងារ ក៏រីករាយនឹងសហការជាមួយខេត្តមីយ៉ាហ្គីក្នុងការបណ្តុះបណ្តាលជំនាញដើម្បីឱ្យចំតម្រូវការឧស្សាហកម្មរបស់ខេត្តផងដែរ។
ពាក់ព័ន្ធរឿងនេះដែរ លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នេះជារឿងល្អដែលក្រសួងការងារ បានធ្វើការពង្រឹងលើការលើកកម្ពស់វិស័យការងារពាក់ព័ន្ធនឹងជំនាញបច្ចេកទេស ដើម្បីបំពេញតម្រូវការការងារនាពេលបច្ចុប្បន្ន និងអនាគត ពិសេសជួយលើកកម្ពស់ជីវភាពជីវភាពពលរដ្ឋកម្ពុជាបន្ថែមទៀត។
លោកបន្តថា៖ «ការសហការគ្នារបស់ក្រសួងការងារ និងរដ្ឋាភិបាលជប៉ុនលើការពង្រីកកម្លាំងពលករជំនាញបន្ថែម ខណៈដែលប្រទេសទាំងពីរធ្លាប់បានសហការកន្លងរួចមកហើយ គឺជារឿងមួយល្អ ដែលវាអាចនឹងជួយចូលរួមគ្នាផ្គត់ផ្គង់កម្លាំងជំនាញចូលទីផ្សារការងារដែលកំពុងមានតម្រូវការខ្ពស់ថែមទៀត»។
ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ធ្លាប់បានឱ្យដឹងថា បច្ចុប្បន្ននេះមានកម្មសិក្សាការី និងពលករជំនាញខ្មែរកំពុងធ្វើការក្នុងប្រទេសជប៉ុនតាមរយៈក្រុមហ៊ុនបញ្ចូន សរុបចំនួន ២០ ៥៦១ នាក់ ក្នុងនោះ ស្រី ៩ ៥៨៧ នាក់។
ដោយឡែក នៅក្នុងខេត្តមីយ៉ាគីខាងលើនេះវិញ ក្រសួងការងារវិញ បានឱ្យដឹងថា មានកម្មសិក្សាការី និងពលករជំនាញរបស់កម្ពុជាចំនួន ១០៩ នាក់ ដែលកំពុងហាត់ការងារ និងបំពេញការងារនៅទីនោះ។
បន្ថែមពីនេះនៅក្នុងជំនួបខាងលើ លោក ហេង សួរ ក៏បានអញ្ជើញអភិបាលខេត្តជប៉ុន និងសភាពាណិជ្ជកម្មក្រុងសេនដៃ(Sendai) នៃខេត្តមីយ៉ាហ្គី មកទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងការបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងពិនិត្យលទ្ធភាពវិនិយោគនៅកម្ពុជាដែលជាប្រទេសមានសក្តានុពលថ្មីផងដែរ៕