​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ប្រតិភូ​ក្រុម​បេសកកម្ម​បារាំង​មកពី​ទីក្រុង​ប៉ារីស បាន​លើកឡើងថា ភាគី​ទាំង​ ២ នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា លើ​ការអភិវឌ្ឍ​វិស័យ​ធនធានទឹក និង​ឧតុនិយម ​ឱ្យ​កាន់តែ​ប្រសើរឡើង​បន្ថែមទៀត ដើម្បី​អភិវឌ្ឍន៍​វិស័យ​មួយ​នេះ​នៅ​កម្ពុជា​ឱ្យមាន​និរន្តរភាព​។


ការពង្រឹង​កិច្ចសហការ​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ជាមួយ​ប្រតិភូ​ក្រុម​បេសកកម្ម​បារាំង​ដឹកនាំ​ដោយ​លោក Matthieu Le Grix ប្រធាន​នាយកដ្ឋាន​ទទួលបន្ទុក​ការងារ​កសិកម្ម អភិវឌ្ឍន៍ជនបទ និង​ជីវចម្រុះ កាល​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​ ២០២៣​។ នេះ​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឱ្យដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​។

ឆ្លៀតឱកាស​នោះដែរ លោក ថោ ជេដ្ឋា បាន​សម្តែង​នូវ​ការស្វាគមន៍​ចំពោះ​ប្រតិភូ​ក្រុម​បេសកកម្ម​បារាំង​ដែល​បានមក​បេសកកម្ម​ការងារ ដើម្បី​ពិភាក្សា​អំពី​គម្រោង​អភិវឌ្ឍន៍​នានា​លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម​នៅ​កម្ពុជា​។ ជាមួយគ្នានេះ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់ទី​ភ្នាក់ងា​របា​រាំង​សម្រាប់​ការអភិវឌ្ឍ (AFD) ជាពិសេស​រដ្ឋាភិបាល​បារាំង​ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​ប្រទេស​កម្ពុជា​គ្រប់​កាលៈទេសៈ ពិសេស​លើ​វិស័យ​ធនធានទឹក និង​ឧតុនិយម​កម្ពុជា​។​


លោក​លើកឡើងថា​៖ «​ក្រសួង កំពុង​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​អភិវឌ្ឍន៍​វិស័យ​ធនធានទឹក និង​ឧតុនិយម ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ទឹក ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ ស្របតាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ នៃ​រដ្ឋសភា​ដែល​បានកំណត់​យក​ទឹកជា​វិស័យ​អាទិភាព​មួយ​ក្នុងចំណោម​អាទិភាព​គន្លឹះ​ចំនួន ៥ គឺ​មនុស្ស ផ្លូវ ទឹក ភ្លើង និង​បច្ចេកវិទ្យា​»​។

បន្ថែម​ពីនេះ លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ពី​កម្មវិធី​គ្រប់គ្រង​ធនធានទឹក និង​ផ្លាស់ប្តូរ​កសិកម្ម​នៅ​ប្រទេស​កម្ពុជា ជំហាន​ទី​១(WAT4CAM-1) ដែល​កំពុង​អនុវត្ត​នៅតាម​បណ្តា​ខេត្ត​មួយចំនួន បាន​ចូលរួមចំណែក​ក្នុងការ​ឆ្លើយតប​ទៅនឹង​បម្រែបម្រួល​អាកាសធាតុ និង​ជា​ចលករ​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច និង​ការកាត់បន្ថយ​ភាពក្រីក្រ​។


ក្រៅពីនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​ពី​ផែនការ​របស់​ក្រសួង​ដែល​បាននិងកំពុង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​វិស័យ​ធនធានទឹក និង​ឧតុនិយម​សម្រាប់​រយៈពេល ៥​ឆ្នាំ​ខាងមុខ​ផងដែរ​។

លោក Matthieu Le Grix បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​នា​ពេលកន្លងមក និង​បាន​ថ្លែង​នូវ​ការកោតសរសើរ​ដល់​ក្រុមការងារ​អនុវត្ត​កម្មវិធី រួមទាំង​ក្រុម​ទីប្រឹក្សាបច្ចេកទេស​ដែល​បាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព បើទោះបី​ជាមាន​បញ្ហា​ប្រឈម​ខ្លះៗ ដែល​ត្រូវ​បន្ត​ពិភាក្សា និង​ដោះស្រាយ​ក៏ដោយ​។

ទាក់ទិន​នឹង​រឿងនេះ​ដែរ លោក ផុន សុគន្ធ សមាជិកសមាគម​អ្នកផ្គត់ផ្គង់​ទឹកស្អាត​កម្ពុជា បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការបន្ត​ពង្រឹង​កិច្ចសហការ​នេះ ដែល​នឹង​រួមចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម ពិសេស​ទប់​ស្កាត​បញ្ហា​ប្រែប្រួល​អាកាសធាតុ​ដែល​បញ្ហា​ប្រឈម​មួយ​ក្នុង​វិស័យ​ធនធានទឹក​នៅ​កម្ពុជា​។

លោក​បន្តថា​៖ «​ខ្ញុំ​រំពឹងថា ការបន្ត​កិច្ចសហប្រតិបត្តិការ គឺជា​យន្តការ​មួយ​ជួយ​ធ្វើឱ្យ​វិស័យនេះ​កាន់​តែមាន​ការវិវឌ្ឍ​រីកចម្រើន​សម្រាប់​ពេលបច្ចុប្បន្ន និង​ទៅ​អនាគត ពិសេស​សម្រាប់​អន្តរាគមន៍​ពេល​មាន​គ្រោះមហន្តរាយ​បង្កឡើង​ដោយ​ធម្មជាតិ​នានា ដូចជា គ្រោះទឹកជំនន់ និង​គ្រោះរាំងស្ងួត​ជាដើម​»​។

តាមរយៈ​ជំនួប​នេះដែរ ក្រសួង​ធនធានទឹក ក៏បាន​ស្នើ​ដល់​ភាគី​បារាំង ពិសេស​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍ​(AFD) ព​ន្លឿ​ន​បញ្ចប់​ការងារ​ការសិក្សា​ស្ទឹង​ស្វាយចេក ដើម្បីឱ្យ​កម្ពុជា​និង​បារាំង អាច​ចុះហត្ថលេខា​លើ​ឯកសារ ហិរញ្ញប្បទាន ក្នុង​ត្រីមាស​ទី​១ នា​ឆ្នាំ​២០២៤ ខាងមុខ​។ លើសពីនេះ ក្រសួង​ក៏​ជំរុញ​ឱ្យ​ភាគី​បារាំង ផ្តល់​ជំនួយឥតសំណង​សម្រាប់​ការសិក្សា​គម្រោង​កម្មវិធី​ការគ្រប់គ្រង​ធនធានទឹក និង​ការផ្លាស់ប្តូរ​កសិកម្ម​នៅ​កម្ពុជា ហៅ​កាត់​ថា (WAT4CAM )​ជំហាន​ទី​២ បន្តទៀត​ផងដែរ​៕