កម្ពុជា និង​សហរដ្ឋអាមេរិក បានបញ្ជាក់​ជំហរ​សាជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​ក្នុង​ការពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ដែល​ផ្ដល់​ប្រយោជន៍​ទៅវិញទៅមក​លើ​វិស័យ​ផ្សេងៗ​រួមទាំង ពាណិជ្ជកម្ម និង​វិនិយោគ ជំនួយ​អភិវឌ្ឍន៍ និង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន​និង​ប្រជាជន​។


ការប្តេជ្ញា​នេះ ធ្វើឡើង​តាមរយៈ​ជំនួប​ពិភាក្សា​ក្នុង​ស្មារតី​មិត្តភាព​រវាង​លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តា​សោភា រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោកស្រី មេ​លី​សា ប្រោ​ន (Melissa A. Brown) ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក ទទួលបន្ទុក​ការិយាល័យ​កិច្ចការ​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក កាលពី​ថ្ងៃទី​ ១៤ ​ខែធ្នូ ឆ្នាំ ២០២៣ ក្នុងឱកាស​ដែល​លោកស្រី​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​កម្ពុជា​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​ជំនួប​។​

នាឱកាស​នោះដែរ លោក សុខ ចិន្តា​សោភា បានបង្ហាញ​នូវ​គោលនយោបាយ​ដែល​ផ្តោតលើ​ប្រជាពលរដ្ឋ និង​អាទិភាព​គន្លឹះ​របស់​រាជ​រដ្ឋាភិបាល​ថ្មី រួមមាន ការថែទាំ​សុខភាព ការអប់រំ​និង​បណ្ដុះបណ្តាល និង​ការបង្កើត​ការងារ​។ លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ដែល​បាន​ជួយ​គាំទ្រ​ដល់​វិស័យ​មួយចំនួន​ខាងលើ​។​


ទន្ទឹមនឹង​ទទួលស្គាល់​នូវ​កិច្ចសហប្រតិបត្តិការ​គួ​រ​ឱ្យ​ចាប់អារម្មណ៍​ជាច្រើន​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា លោកស្រី​ឧបការី​រង បាន​គូសបញ្ជាក់ថា សហរដ្ឋអាមេរិក​នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នោះ ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ និង​ស្វែងរក​កាលានុវត្តភាព​សម្រាប់​ភាពជា​ដៃគូ​ថ្មីៗ​បន្ថែមទៀត​។ លោកស្រី​បាន​ថ្លែង​សង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក​នឹង​ប្រកាន់យក​វិធីសាស្ត្រ​បែប​សន្ត​និយម​ចំពោះ​ទំនាក់ទំនង​សហរដ្ឋអាមេរិក​-​កម្ពុជា​។​

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​៖«​ភាគី​ទាំង​ពីរបាន​ផ្លាស់ប្តូរ​ទស្សនៈ​ស្តីពី​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​ប្រយោជន៍​រួម រួមទាំង​តួនាទី​របស់​កម្ពុជា​នាពេល​ខាងមុខ ជា​ប្រទេស​សម្របសម្រួល​សម្រាប់​ទំ​នាក់​ទំនង​ដៃគូ​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក​»​។


លោកស្រី​ឧបការី​រង បាន​សង្កត់ធ្ងន់ថា កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​របស់​កម្ពុជា​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​កន្លងមក និង​វិធីសាស្ត្រ​បែប​ស្ថាបនា​របស់​កម្ពុជា​ចំពោះ​វិបត្តិ​អ៊ុយ​ក្រែ​ន នឹង​បង្ក​ភាពងាយស្រួល​ដល់​កិច្ចសន្ទនា ហើយ​សហរដ្ឋអាមេរិក​ក៏​នឹង​ខិតខំ​ជួយ​គាំទ្រ​តួនាទី​របស់​កម្ពុជា ជា​ប្រធាន​នៃ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ឡើងវិញ​លើក​ទី​៥​នៃ​អនុសញ្ញា​ស្ដីពី​ការហាម​ប្រើប្រាស់ ការរក្សា​ទុក ការផលិត និង​ការផ្ទេរ​គ្រាប់មីន ផងដែរ​។​

កិច្ចពិភាក្សា​ខាងលើនេះ បានបញ្ជាក់​ជាថ្មី​នូវ​ការត្រៀមខ្លួន​រួចជាស្រេច​របស់​ភាគី​ទាំងពីរ​ក្នុង​ការបន្ត​កិច្ចសន្ទនា​ជាមួយគ្នា​លើ​ប្រធានបទ​ជាច្រើន រួមទាំង​ប្រធានបទ​ដែល​ភាគី​ទាំងពីរ​មាន​ទស្សនៈ​ផ្សេងគ្នា​។

ភាគី​ទាំង ២ ក៏បាន​គូសបញ្ជាក់​នូវ​សារៈសំខាន់​នៃ​តម្រូវការ​ឱ្យមាន​ការជឿ​ទុកចិត្ត និង​ការប្រាស្រ័យ​ទាក់ទង​គ្នា​ទៅវិញទៅមក​ក្នុងនាម​ជា​ដៃគូ​ផងដែរ​៕​