​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន ដើម្បី​អបអរសាទរ​ឆ្នាំ​ទី​៥០ នៃ​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​តូ​ក្យូ​ចាប់ពី​ថ្ងៃទី​ ១៦-១៨ ខែធ្នូ​ឆ្នាំ​២០២៣​។​


សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចុះ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ ២០២៣ បានឱ្យដឹងថា ការចូលរួម​របស់​ក​ម្ពុ​ជា តប​តាម​ការអញ្ជើញ​របស់លោក គី​ស៊ី​ដា ហ្វ៊ូមី​អូ នាយករដ្ឋមន្ត្រី​ជប៉ុន​។ អញ្ជើញ​អមដំណើរ​នាយករដ្ឋមន្ត្រី​កម្ពុជា​រួមមាន​លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និង ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ហង់ ជួនណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក សុខ ចិន្តា​សោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ព្រមទាំង​ថ្នាក់ដឹកនាំ​វិស័យ​ឯកជន​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា និង​សមាគម​ឧកញ៉ា​កម្ពុជា​មួយចំនួន​ផ្សេងទៀត​។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល លោក ហ៊ុន ម៉ា​ណែ​ត នឹងមាន​ជំនួប​កំពូល​ទ្វេភាគី​ជាមួយ​លោក គី​ស៊ី​ដា ហ្វ៊ូមី​អូ ដើម្បី​ពិភាក្សា​អំពី​ការពង្រឹង និង​ធ្វើឱ្យ​កាន់តែ​ស៊ីជម្រៅ​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា និង​ជប៉ុន ដើម្បី​ផលប្រយោជន៍​ជាក់ស្តែង​សម្រាប់​ប្រជាជន​ទាំងពីរ​។ ភាគី​ទាំងពីរ នឹង​ផ្លាស់ប្តូរ​ទស្សនៈ​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ ដែលជា​ក្ដីបារម្ភ​និង​ផលប្រយោជន៍​រួម​ផងដែរ​។


បន្ថែម​ពីនេះ នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​ធ្វើជា​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ ស្តីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន​សម្រាប់​គម្រោង​ចំនួន​បី ពាក់ព័ន្ធ​នឹង​ធារាសាស្ត្រ ការផ្គត់ផ្គង់​ទឹកស្អាត និង​រដ្ឋាភិបាល​អេឡិចត្រូនិក ព្រមទាំង​ឯកសារ​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត លើ​វិស័យ​ឌីជីថល ធនាគារ និង​ថាមពល​។

លោក ហ៊ុន ម៉ា​ណែ​ត ក៏​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កម្រិត​ថ្នាក់ដឹកនាំ​ប្រទេស​នៃ​សហគមន៍​បំ​ភាយ​ឧស្ម័ន​សូន្យ​អាស៊ី (AZEC) ដើម្បី​ពិភាក្សា​អំពី​គោលនយោបាយ​ស្ដីពី​អន្តរការណ៍​ថាមពល និង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឆ្ពោះទៅរក​ការកាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូន​នៅ​អាស៊ី​។


ក្នុងអំឡុងពេល​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ លោក ហ៊ុន ម៉ា​ណែ​ត នឹងមាន​ជំនួប​អាហារ​ការងារ​ពេលព្រឹក ជាមួយ​លោក សន​សៃ ស៊ីផា​ន់​ដន នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​លោក ផាម មិញ​ជិ​ញ នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ បន្ថែម​ពីនេះ​លោក​ក៏​នឹង​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ខ្មែរ​ដែល​រស់នៅ​ប្រទេស​ជប៉ុន​ផងដែរ​។

ប្រភព​ដដែល​ខាងលើ​បញ្ជាក់ថា ដោយឡែក​ពាក់ព័ន្ធ​កិច្ចប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​ជប៉ុន​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយទៀត​សម្រាប់​អាស៊ាន និង ជប៉ុន ដើម្បី​សម្រេចបាន​នូវ​គោលដៅ​រួម​ក្នុងការ​លើកកម្ពស់​សន្តិ​ភាព ស្ថិរភាព និង​វិបុលភាព នៅក្នុង​តំបន់ និង​ជំរុញ​នូវ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​អាស៊ាន​-​ជប៉ុន តាមរយៈ​ការចេញ​នូវ​សេចក្តីប្រកាស​ចក្ខុវិស័យ​រួម ស្តីពី​មិត្តភាព​និង​សហប្រតិបត្តិការ​អាស៊ាន​-​ជប៉ុន និង​ផែនការ អនុវត្ត​សេចក្តីប្រកាស​ចក្ខុវិស័យ​រួម ដែល​បាន​បង្កើតឡើង​ក្រោម​មូលបទ​សំខាន់ៗ​ចំនួន​៣​។ មូលបទ​ទាំង​៣​នោះ​រួមមាន (១) ដៃគូ​ចិត្ត​និង​ចិត្ត​គ្រប់​ជំនាន់ (២) ដៃគូ​សម្រាប់​សហ​បង្កើត​សេដ្ឋកិច្ច និង​សង្គម​នៃ​អនាគត និង (៣) ដៃគូ​សម្រាប់​សន្តិភាព និង​ស្ថិរភាព​៕