លោកឧបនាយក​រដ្ឋមន្រ្តី ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បានស្នើដល់​រដ្ឋបាល​រាជធានី-ខេត្ត​ទូទាំងប្រទេស ចាត់តាំង​រៀបចំ​ផ្សព្វផ្សាយច្បាប់ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ឱ្យបាន​ទូលំទូលាយ ជូន​ដល់ មន្ត្រីពាក់ព័ន្ធ​នៃមន្ទីរ អង្គភាព រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ អង្គការ​សង្គមស៊ីវិល និងសាធារណ​ជន​​ក្នុងដែន​សមត្ថកិច្ច​របស់ខ្លួន​ឱ្យបាន​ឆាប់រហ័ស និងឱ្យបានមុន​ច្បាប់​ចូលជាធរមាន។


លោក ស សុខា បានស្នើ​បែបនេះ​អំឡុងពេល​លោកអញ្ជើញ​អធិបតី​ពិធីបិទ​សិក្ខាសាលា​ផ្សព្វផ្សាយ ច្បាប់ស្តីពី​អត្រា​នុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលរៀបចំ​ដោយអគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្មនៃក្រសួង​មហាផ្ទៃ និងដោយមាន​កិច្ចសហការ​ពីអង្គការ Vital Strategies ព្រមទាំង​អង្គការ Global Health Advocacy Incubator (GHAI) ក្រោមជំនួយ​ឧបត្ថម្ភរបស់​មូលនិធិ Bloomberg Philanthropies កាលពីថ្ងៃ​ទី១៥ ខែធ្នូ ឆ្នាំ ២០២៣។ នេះបើតាម​ហ្វេសប៊ុក​របស់ក្រសួង​មហាផ្ទៃ។ 
 
នាឱកាសនោះ លោក ស សុខា បានបញ្ជាក់​ថា ៖«អភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងមេឃុំ ចៅសង្កាត់​ត្រូវផ្ដោតការយក​ចិត្តទុកដាក់​ក្នុងការដឹកនាំ សម្របសម្រួល​ជាមួយ​អង្គភាពជំនាញ​ពាក់ព័ន្ធ​ក្នុងដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បី​ត្រៀមលក្ខណៈ​ឱ្យបានល្អ​ក្នុងការអនុវត្ត​តាមតួនាទី​ភារកិច្ច​របស់​ខ្លួន ដែលបាន​កំណត់ក្នុង​ច្បាប់ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងលិខិតបទដ្ឋាន​ពាក់ព័ន្ធ​ឱ្យមាន​ប្រសិទ្ធភាពខ្ពស់»។

លោកបន្ត​ថា ចំពោះ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម ត្រូវផ្ដោត​ការយកចិត្តទុកដាក់បន្ត​សម្របសម្រួល សហការជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និងរដ្ឋបាល​ថ្នាក់ក្រោមជាតិ​ក្នុងការរៀបចំកិច្ចការអាទិភាព​នានា​ ដូចជាការ ពិនិត្យ​កែសម្រួល​សៀវភៅណែនាំស្តីពី​ការចុះបញ្ជី​អត្រានុកូលដ្ឋាន ឱ្យស្របទៅ​នឹងខ្លឹមសារ​ ដែលបានកំណត់ក្នុងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និង​អត្តសញ្ញាណកម្ម និងលិខិត​បទដ្ឋាន គតិយុត្ត​ក្រោមច្បាប់ ព្រមទាំង​ត្រូវរៀបចំ​វគ្គបណ្តុះបណ្តាល​ដល់មន្ត្រី​អត្រានុកូលដ្ឋាន​គ្រប់ថ្នាក់ និងអ្នកពាក់ព័ន្ធ​នានា ឱ្យបាន​រួចរាល់​មុន​ខែកក្កដា ឆ្នាំ២០២៤។ 


លោក ស សុខា ក៏ស្នើឱ្យពិនិត្យ​កែសម្រួល​ប្រព័ន្ធ និងនីតិវិធី​ផ្តល់សេវា​ចុះបញ្ជី​អត្រានកូលដ្ឋាន ចុះបញ្ជី​ស្នាក់នៅ និងសេវា អត្តសញ្ញាណកម្ម​ផ្សេងទៀត ដើម្បីធានាឱ្យ​ការផ្តល់​សេវា​ទាំងនេះកាន់តែ​មានភាព​ងាយស្រួល ឆាប់រហ័ស និងសិក្សាលទ្ធភាព​ក្នុងការរៀបចំ​ការផ្តល់សេវា​អត្រានុកូលដ្ឋាន សេវាចុះ​បញ្ជីស្នាក់នៅ និងអត្ត​សញ្ញាណកម្ម តាមយន្តការ​ច្រកចេញចូល​តែមួយនៅ​គ្រប់ថ្នាក់ ពោល​គឺថ្នាក់ឃុំ សង្កាត់។

បើតាមសេចក្តី​ប្រកាសព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បញ្ជាក់​ថា សិក្ខាសាលាផ្សព្វផ្សាយ​ច្បាប់ស្តីពី​អត្រានុកូលដ្ឋាន ខាងលើ បានរៀបចំឡើង​ក្នុងគោលបំណង​សំខាន់ៗ​ចំនួន២ គឺ១ ផ្សព្វផ្សាយ​ឱ្យមានការយល់ដឹង​កាន់តែ​ទូលំទូលាយ​អំពីខ្លឹមសារ​នៃច្បាប់​នេះ និងទី២ ពិនិត្យ និងពិភាក្សា​អំពីឱកាស បញ្ហាប្រឈម និងតម្រូវការ​នានា សម្រាប់​ជាមូលដ្ឋានរៀបចំ​លិខិត បទដ្ឋាន​គតិយុត្ត​ក្រោមច្បាប់ សំដៅ​ធានាដល់​ការអនុវត្តច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព។
 
អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​បញ្ជាក់ថា ការរៀបចំសិក្ខាសាលា​ផ្សព្វផ្សាយ​ថ្ងៃនេះ គឺជាសកម្មភាព​អាទិភាពមួយ​ដែលមានភាព​ចាំបាច់ និងត្រូវអនុវត្ត​ជាបន្ទាន់ ដើម្បី​ធានា​បានថាច្បាប់​នេះត្រូវបាន​អនុវត្ត​បានទាន់​ពេលវេលាកំណត់ និងមានប្រសិទ្ធភាព។ ប្រភពដដែល​បន្តថា សិក្ខាសាលានេះ បានធ្វើ​ឱ្យ​សិក្ខាកាម​យល់កាន់តែ​ច្បាស់​អំពីទិដ្ឋភាពរួម​នៃច្បាប់ ខ្លឹមសារសំខាន់ៗ និងទិសដៅ​ជាអាទិភាព ដើម្បី​ធានាប្រសិទ្ធភាព​ខ្ពស់ក្នុង​ការអនុវត្ត​ច្បាប់ ស្របតាម​តួនាទី និងភារកិច្ច​របស់​ស្ថាប័ន​ពាក់ព័ន្ធ​នីមួយៗ។ ទាំងនេះ គឺជាសមិទ្ធផល​ថ្មីមួយ​បន្ថែមទៀត​នៃការអនុវត្ត «ផែនការយុទ្ធសាស្ត្រ​ជាតិស្ដីពី​អត្តសញ្ញាណកម្ម ២០១៧-២០២៦» របស់រាជ​រដ្ឋាភិបាល​កម្ពុជា។  


សូមជម្រាបជូន​ថា ច្បាប់ស្តីពី​អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានប្រកាស​ឱ្យប្រើ​ដោយព្រះរាជ​ក្រម ចុះថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ និងត្រូវចូល​ជាធរមាន​នៅរយៈពេល ១២​ ខែ ក្រោយថ្ងៃ​ប្រកាស ពោលគឺ​នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។ 

ការដាក់​ឱ្យ​អនុវត្តច្បាប់​នេះ បានបង្ហាញ​ឱ្យឃើញ​ពីការប្តេជ្ញាចិត្ត​យ៉ាងមុតមាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការធ្វើទំនើបកម្ម ក៏ដូចជាការធ្វើ​ឱ្យប្រសើរឡើង​នូវប្រព័ន្ធ​ចុះបញ្ជី​អត្រា​នុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលអាច​ឆ្លើយតប​កាន់តែល្អ​ទៅនឹងតម្រូវការ​ចាំបាច់របស់​ប្រជាពលរដ្ឋ ស្របតាម​យុទ្ធសាស្ត្រ​បញ្ចកោណ​ដំណាក់កាលទី១ របស់រាជ​រដ្ឋាភិបាល៕