អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានឱ្យដឹងថា ហិរញ្ញប្បទាន ចំនួន ៤២ លានដុល្លារ សម្រាប់កម្មវិធី​អេដស៍ និងរបេងនៅ​កម្ពុជា​សម្រាប់ ៣ ឆ្នាំ គឺឆ្នាំ២០២៤-២០២៦ គឺបានចុះហត្ថលេខា​រួចហើយ ដែលនឹងអាច​អនុវត្តបាន​ចាប់ពីដើម​ឆ្នាំ២០២៤ តទៅ ដើម្បី​ជំរុញការ​កាត់បន្ថយ​ឱ្យបានជាអតិបរមា ក្នុងការឆ្លង​រាលដាល​នៃជំងឺ​ទាំងពីរនេះ។


នេះបើតាម​សេចក្តីប្រកាស​ព័ត៌មានស្តីពីកម្ពុជា ​ក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល UNAIDS លើក​ទី៥៣ ដែលប្រព្រឹត្តទៅ​នៅថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០២៣ នាទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស។
 
នៅក្នុងសេចក្តី​ប្រកាសព័ត៌មាន​របស់អាជ្ញាធរ​ជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានឱ្យដឹង​ថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោកទេស​រដ្ឋមន្ត្រី អៀង មូលី ប្រធាន​អាជ្ញាធរជាតិ​ប្រយុទ្ធនឹង​ជំងឺអេដស៍ បានជួបពិភាក្សា​ការងារ​ជាមួយ លោក Mark Edington និងលោក Urban Weber នាយកខាងផ្តល់​ហិរញ្ញប្បទាន និងនាយក​ផ្នែក អនុវត្ត​កម្មវិធី​នៃមូលនិធិ​សកល (Global Fund) នៅទីស្នាក់ការ​របស់​មូលនិធិ​សកល។

 នៅក្នុងជំនួប​នេះ ភាគីទាំងពីរ បានអបអរសាទរ​ចំពោះ​លទ្ធផលល្អនៃ​កម្មវិធី​អេដស៍​នៅ​កម្ពុជា ដែលមិននាំ​ឱ្យ​មូលនិធិ​សកលជួប​លំបាក​អ្វីសោះ​ឡើយ និងបានបញ្ជាក់​ថា ហិរញ្ញប្បទាន ចំនួន ៤២ លានដុល្លារ​សម្រាប់​កម្មវិធី​អេដស៍ និងរបេង​នៅ​កម្ពុជាសម្រាប់​៣ឆ្នាំ គឺឆ្នាំ២០២៤ ២០២៥ និង២០២៦ បានចុះហត្ថលេខា​រួចហើយ ដែលភាគី​ទាំងពីរ នឹងអាចអនុវត្ត​បានចាប់ពី​ដើមឆ្នាំ២០២៤តទៅ ដើម្បី​ជំរុញការកាត់បន្ថយ​ឱ្យបាន​ជាអតិបរមា ក្នុងការឆ្លង​រាលដាល​នៃជំងឺ​ទាំងពីរនេះ ក្នុងរយៈពេល ៣ ឆ្នាំ​ខាងមុខ។
 
ដោយឡែកនៅ​ក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល UNAIDS លើកទី៥៣ (53rd UNAIDS PCB meeting)វិញ លោកទេស​រដ្ឋមន្ត្រី អៀង មូលី ដែលត្រូវបាន​អញ្ជើញ​ផ្តល់មតិ​ជាវាគ្មិន​ទីមួយ បានលើកឡើង​ចំនួន ៦ ចំណុចដែលទាក់ទងនឹង​សកម្មភាពការងារ​របស់កម្ពុជា​ការចូលរួម​ទប់ស្កាត់ការឆ្លង​រីករាលដាល​ជំងឺអេដស៍។
 
ចំណុចទាំង ៦ ដែលលោកទេស​រដ្ឋមន្រ្តីបានលើកឡើង រួមមានដូចជា ទី១ កម្ពុជា​បានរៀបចំ​កម្មវិធី​អេដស៍ ដោយយក​ប្រជាជន​ជាស្នូល គឺអ្នកផ្ទុក​មេរោគអេដស៍ និងប្រជាជន​ងាយរងគ្រោះ ជាស្នូល ជាត្រីកោណ​ដែលមាន អ្នកចេញ​គោលនយោបាយ អ្នកផ្តល់សេវា និងសហគមន៍​ធ្វើការរួមគ្នា។ ទី២ កម្ពុជា​ជាប្រទេស​តែមួយគត់​ដែលអង្គភាព​រដ្ឋាភិបាល​ធ្វើការ​យ៉ាងជិតស្និទ្ធ​ជាមួយសង្គមស៊ីវិល ជាពិសេស​អ្នកផ្ទុក​មេរោគអេដស៍ ប្រជាជន​គន្លឹះ ជាមួយ​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ពង្រឹងប្រព័ន្ធ​ជាតិ​ឆ្លើយតបនឹង​មេរោគអេដស៍។ ទី៣ កម្ពុជា​បានបង្កើន​ថវិកាបដិភាគ​ក្នុងមូលនិធិសកល​បានជាង ៦០% ដើម្បី​ទិញឱសថ​ប្រឆាំង​មេរោគអេដស៍ (៥ លាន​ដុល្លារអាមេរិក​ក្នុងមួយឆ្នាំ សម្រាប់​ឆ្នាំ២០២១ ២០២២ និង ២០២៣។ 


ទី៤ កម្ពុជា​កំពុងផ្តល់​អត្ថប្រយោជន៍​នៃកម្មវិធី​គាំពារ​សង្គម​ដល់អ្នក​ផ្ទុកមេរោគ​អេដស៍ និង ប្រជាជន​គន្លឹះ ទី៥ កម្ពុជា​បានសម្រេច​គោលដៅ ៩០-៩០-៩០ រួចហើយ​នៅឆ្នាំ២០១៧ មុនកាលកំណត់ (ឆ្នាំ២០២០) និង ទី៦ ចំពោះ​គោលដៅ​បញ្ចប់​អេដស៍៩៥-៩៥-៩៥ កម្ពុជា​សម្រេចបាន ៨៦-៩៩-៩៨ បានន័យ​ថា កម្ពុជា​បានសម្រេច​គោលដៅ ២ លើ​គោលដៅ ៣ រួចទៅហើយ​គឺ ៖ ៩៥ទី២ និង ៩៥ ទី៣។ 

ជាមួយគ្នា​នោះដែរ នាយិកា​ប្រតិបត្តិ UNAIDS លោកសី Winnie Byanyima បានលើក​សរសើរកម្ពុជា និងបានវាយតម្លៃ​ថា កម្មវិធី​អេដស៍​នៅកម្ពុជា​អាចជាគំរូ​មួយក្នុង​ពិភពលោក ជាពិសេស​ការយកចិត្ត​ទុកដាក់​ផ្តល់ការគាំទ្រ​ដល់អ្នកផ្ទុក​មេរោគអេដស៍ និងបើកទ្វារ​ឱ្យ​សង្គមស៊ីវិល​ចូលរួម​ឆ្លើយតប​មេរោគអេដស៍​នៅគ្រប់​លំដាប់ថ្នាក់។ 


លោកស្រីបានបញ្ជាក់​ថា៖«ការផ្ដល់​អត្ថប្រយោជន៍ កម្មវិធី​គាំពារ​សង្គម​ដល់អ្នកផ្ទុក​មេរោគអេដស៍ និងប្រជាជន​គន្លឹះ ជាគោលនយោបាយ​ប្រសើរបំផុត ដែលកម្រ​មាននៅក្នុង​ពិភពលោក»។

លោកស្រី​ នាយិកា​ប្រតិបត្តិយល់​ថា៖«កម្ពុជា​អាចឈានទៅ​សម្រេចគោលដៅ​បញ្ចប់​អេដស៍ ៩៥-៩៥-៩៥ ព្រោះថា​បានសម្រេច គោលដៅ ៩៥ ពីររួចហើយ នៅខ្វះតែ ៩៥ ទីមួយ​ប៉ុណ្ណោះ។ ហើយកម្ពុជា​ពិតជា​អាចឈោង​ចាប់បាន​ជោគជ័យ​បញ្ចប់​អេដស៍ ប្រសិនបើ​ខិតខំ​ទាក់ទាញ ប្រជាជនគន្លឹះ ជាពិសេស​យុវវ័យ​អាយុ​ក្រោម ៣០ ឆ្នាំ អ្នករួមភេទដូចគ្នា​ឱ្យមក​ទទួល​សេវា​ការពារ​ថែទាំ ព្យាបាល ចាប់ផ្តើម​ពីមកធ្វើ​តេស្តឈាម និងប្រើវិធី​បង្ការ​ឱ្យ​ខ្លាំងក្លា​ថែមទៀត»៕