លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត​ឱ្យក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) របស់​ជប៉ុន ធ្វើការបណ្តាក់ទុន​វិនិយោគនៅ​កម្ពុជា ដោយនាំយក​បច្ចេកវិទ្យា​ទំនើបៗ  ខណៈក្រុមហ៊ុននេះ មានបំណង​ពង្រីកការវិនិយោគ​របស់ខ្លួន​មកកាន់​ប្រទេស​កម្ពុជា ជាពិសេសលើវិស័យ​កសិកម្ម។
 
លោក ហ៊ុន ម៉ាណែត បានលើកទឹកចិត្ត​បែបនេះ នាឱកាស​អនុញ្ញាត​ទទួលជួប និងសម្តែងការគួរសម​លោក គីម មូចូ (Kim Mujo) នាយកក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) ក្នុងឱកាសនៃ​ការចូលរួមកិច្ចប្រជុំ​កំពូលរំឭក​ខួបអនុស្សាវរីយ៍​អាស៊ាន-ជប៉ុន លើក​ទី៥០ នៅប្រទេសជប៉ុន។ នេះបើតាម​ហ្វេសប៊ុក​របស់លោក ហ៊ុន ម៉ាណែត។ 
 
ក្នុងឱកាសនៃ​ជំនួបនេះ លោក គីម មូចូ បានថ្លែងអំណរគុណ​ចំពោះនាយក​រដ្ឋមន្រ្តី​កម្ពុជា ដែលបានឆ្លៀតពេល​វេលាដ៏មមាញឹក​អនុញ្ញាតឱ្យ​រូបលោក និងសហការី ចូលជួបសម្តែង​ការគួរសម ព្រមទាំង​បានជម្រាបអំពី​សកម្មភាពនៃខ្សែ​ច្រវាក់​ផលិតកម្ម​ជាច្រើន​របស់ក្រុមហ៊ុន​ជាអាទិ៍ សម្លៀកបំពាក់ គ្រឿង​សំអាង គ្រឿង​ឧបភោគ-បរិភោគ ជាដើម។ 
 
ជាមួយគ្នានេះ លោកនាយក​ក្រុមហ៊ុន ក៏បានជម្រាបជូនលោក ហ៊ុន ម៉ាណែត ថា ដោយសម្លឹងមើលឃើញ​សក្តានុពល​អាជីវកម្មនៅ​ក្នុងប្រទេស​កម្ពុជា ក្រុមហ៊ុន Pharma Foods International Co., Ltd. (PFI) មានបំណង​ពង្រីកការវិនិយោគ​របស់ខ្លួន មកកាន់ប្រទេស​កម្ពុជា ជាពិសេស​លើវិស័យ​កសិកម្ម។ 
 
ជាការឆ្លើយតប លោក ហ៊ុន ម៉ាណែត បានស្វាគមន៍​ចំពោះលោក គីម មូចូ នាយក​ក្រុមហ៊ុន PFI ព្រមទាំង​សហការី និងបានបង្ហាញក្តីរីករាយ​ចំពោះគម្រោងរបស់​ក្រុមហ៊ុន​ក្នុងការបោះទុន​វិនិយោគនៅ​ក្នុងព្រះរាជាណាចក្រកម្ពុជា​នាពេលខាងមុខ។ 


លោកក៏បាន​វាយតម្លៃខ្ពស់​ផងដែរ ចំពោះក្រុមហ៊ុន​ដែលមានការប្រើប្រាស់​បច្ចេកវិទ្យា​ដ៏ទំនើបក្នុងការផលិតផលិតផល​ចេញពី​ស៊ុតមាន់ និងបានលើកទឹកចិត្ត​ឱ្យក្រុមហ៊ុន​ធ្វើការបណ្តាក់ទុន​វិនិយោគនៅកម្ពុជា ដោយនាំយក​បច្ចេកវិទ្យានេះ​ទៅជាមួយ ដើម្បីជាការផ្តល់​អត្ថប្រយោជន៍​ផ្ទាល់ដល់ប្រជាកសិករ​កម្ពុជា។ លោកបញ្ជាក់ទៀត​ថា មួយវិញទៀត ការច្នៃប្រឌិត​បង្កើតបច្ចេក​វិទ្យាថ្មីៗបែបនេះ គឺជាកាលានុវត្តភាព​ដ៏ចាំបាច់​ក្នុងការធានា​បាននូវសមត្ថភាព​ក្នុងការប្រកួត​ប្រជែងរបស់​កម្ពុជា​ផងដែរ។ 
 
គួរជម្រាបថា លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កំពុងដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញចូលរួមកិច្ច​ប្រជុំកំពូល​រំឭកខួប​អនុស្សាវរីយ៍​អាស៊ាន-ជប៉ុន ដើម្បី​អបអរសាទរ​ឆ្នាំទី៥០ នៃមិត្តភាព និងកិច្ច​សហប្រតិបត្តិការ​អាស៊ាន-ជប៉ុន ដែលប្រព្រឹត្តទៅ​នៅទីក្រុង​តូក្យូ​ចាប់ពីថ្ងៃទី ១៥-១៨ ខែធ្នូ​ឆ្នាំ២០២៣។ 

ក្នុងឱកាស​នៃកិច្ចប្រជុំ​កំពូល លោក ហ៊ុន ម៉ាណែត នឹងមានជំនួប​កំពូលទ្វេភាគី​ជាមួយលោក គីស៊ីដា ហ៊្វូមីអូ ដើម្បីពិភាក្សា​អំពីការពង្រឹង និងធ្វើឱ្យ​កាន់តែស៊ី​ជម្រៅនូវភាព​ជាដៃគូ​យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​រវាងកម្ពុជា និងជប៉ុន ដើម្បីផល​ប្រយោជន៍​ជាក់ស្តែង​សម្រាប់ប្រជាជន​ទាំងពីរ។
 
បន្ថែមពីនេះ នាយក​រដ្ឋមន្ត្រី​ទាំងពីរ នឹងធ្វើ​ជាសាក្សីក្នុង​ពិធីចុះហត្ថលេខា​លើលិខិត​ប្ដូរសារ ស្តីពីការផ្តល់​ហិរញ្ញប្បទាន​ឥតសំណង​របស់ជប៉ុន​សម្រាប់គម្រោង​ចំនួន៣ ពាក់ព័ន្ធ​នឹងធារាសាស្រ្ត ការផ្គត់ផ្គង់​ទឹកស្អាត និងរដ្ឋាភិបាល​អេឡិចត្រូនិក ព្រមទាំងឯកសារ​កិច្ចសហប្រតិបត្តិការ​ផ្សេងទៀត លើ​វិស័យ​ឌីជីថល ធនាគារ និងថាមពល៕