ភ្នំពេញៈ​ សំណើ​សុំប្រើ​ប្រាស់​ហ្វ្រេ​កង់ស៍​ 6GHz (6425-7125MHz) សម្រាប់​សេវា​ទូរ​ស័ព្ទ​ចល័ត​នៅ​កម្ពុជា​ត្រូវបាន​អនុ​ម័ត​ដោយ​កិច្ច​ប្រជុំ​នៅឯ​សន្និ​សីទ​ស្តីពី​វិទ្យុគម​នាគមន៍​ពិភព​លោក​ឆ្នាំ​ ២០២៣​ នៅប្រទេស​អេ​មី​រ៉ាត​អារ៉ាប់​រួម (UAE)​ដែល​មាន​ន័យ​ថា​កម្ពុជា​អាច​ប្រើប្រាស់​ហ្វ្រេ​កង់​​ស៍វិទ្យុ​សរុប 700MHz បន្ថែម​ទៀត ​សម្រាប់​សេវា​ទូ​រស័ព្ទ​ចល័តដែល​នឹង​រួម​ចំណែក​ជំរុញ​ដល់​ការ​កសាង​ហេដ្ឋា​រច​នាសម្ព័ន្ធ​ឌីជីថល​។​នេះ​បើ​តាម​ការ​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ប្រៃស​ណីយ៍​និង​ទូរគ​មនា​គមន៍ ​(​ក​.​ប​.​ទ​.) ពី​​ថ្ងៃទី ១៦ ខែធ្នូ​ឆ្នាំ ២០២៣​។​


​តាម​​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​បាន​ឱ្យ​ដឹង​ថា លោក ​ជាង សុ​ភ័​ក្រ អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​គ្រប់​គ្រង​ធនធា​ន​វិសាល​គម​ន៍​ហ្វ្រេ​កង់ស៍​វិទ្យុ​នៃ​ក​.​ប​.​ទ​.បាន​ដឹកនាំ​គណៈប្រ​តិភូ​ចូលរួម​សន្និ​សីទ​ស្តីពី​វិទ្យុគ​មនា​គមន៍​ពិភព​លោក​ឆ្នាំ​២០២៣ ​(World Radiocommunication Conference - WRC 2023) របស់​សហ​ភាព​ទូរគ​មនា​គមន៍​អន្តរ​ជាតិ(ITU)​ដែល​ត្រូវ​បាន​រៀបចំ​ទ្បើង​ចាប់​ពី​ថ្ងៃទី​២០ ​ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២៣ ​នៅ​ទីក្រុង​ឌូ​បៃនៃ​ប្រទេស​អេ​មី​រ៉ា​ត​អា​រ៉ាប់​រួម(UAE)​។​

​សូម​បញ្ជាក់​ថា សន្និ​សីទ WRC-23 ជា​កិច្ច​ប្រជុំ​សំខាន់​មួយ​របស់​សហ​ភាព​ទូរគម​នាគមន៍​អន្តរ​ជាតិ​ដែល​ជា​អង្គការ​មួយ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​វិស័យ​ទូរគម​នាគមន៍ដែល​តែង​រៀបចំ​ទ្បើង​រៀង​រាល់​៤​ឆ្នាំ​ម្តង​ដោយ​ការិយា​ល័យ​វិទ្យុ​គមនា​គមន៍នៃITUហើយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​បណ្តា​ប្រទេស​ជា​សមា​ជិក​សរុប១៨០​ និង​បណ្តា​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ធំៗ​ជា​ច្រើន​ផ្សេង​ទៀត​មកពី​ជុំវិញ​ពិភព​លោក​ផង​ដែរ​។​


​សន្និ​សីទ​នេះ​មាន​របៀប​វារៈ​ពិភាក្សា​ទៅលើ​ការងារ​សំខាន់ៗ​មួយ​ចំនួន​រួម​មាន​ការរៀបចំ​គោល​នយោ​បាយ​រួម​ស្តីពី​ការប្រើ​ប្រាស់​ហ្វ្រេ​កង់​ស៍​វិទ្យុ​សម្រាប់​សេវា​វិទ្យុ​គមនា​គមន៍​រ​យ​:​ពេល​៤​ឆ្នាំ​បន្ត​ទៀតនិង​កែ​សម្រួល​បទ​ប្បញ្ញត្តិ​វិទ្យុ​គម​នាគម​ន៍​និង​ការ​រៀបចំ​បែង​ចែក​ហ្វ្រេ​កង់​ស៍​វិទ្យុ​តាម​រយ​:​ការស្នើ​ពីរ​ដ្ឋ​សមា​ជិក​នានា​ស្រប​តាម​ការវិវឌ្ឍ​​នៃ​បច្ចេក​វិទ្យា និង​ពិភា​ក្សា​លើ​របៀប​វារៈ​សំខាន់ៗ​ជា​ច្រើន​ផ្សេង​ទៀត​។ 

​នៅ​ក្នុង​សន្និ​សីទ WRC-23 នេះ លោក ​ជាង សុ​ភ័​ក្រ និង​គណៈ​ប្រតិភូ ក​.​ប​.​ទ​. បាន​ចូលរួម​ពិភាក្សា​ការពារ​សំណើ​កែប្រែ​និង​កំណត់​ការ​ប្រើ​ប្រាស់​ហ្វ្រេ​កង់​ស៍​វិទ្យុ​នានា​ដែល​បណ្តា​ប្រទេស​សមា​ជិក​របស់​សហ​គម​ន៍​ទូរ​គមនា​គមន៍​អាស៊ី​ប៉ាស៊ី​ហ្វិកព្រម​ទាំង​បាន​ដាក់​សំណើ​ជា​ពិសេសដោយ​ឡែក​ពហុ​ប្រទេស​រួមជា​មួយ​ប្រទេស​មួយ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក​ក្នុងការ​កំណត់​ការ​ប្រើ​ប្រាស់​បន្ទារ​ហ្វ្រេ​កង់​ស៍​វិទ្យុ6GHzសម្រាប់​សេវា​ទូរ​ស័ព្ទ​ចល័តព្រមទាំង​ចូលរួម​តាម​ដាន​និង​ពិភាក្សា​រាល់​សំណើ​ដែល​លើក​ឡើង​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។​


​សេចក្តី​ប្រកាស​ព័ត៌​មាន​បាន​បញ្ជាក់​ថា​៖«​ជា​លទ្ធ​ផល សំណើ​ប្រើ​ប្រាស់​ហ្វ្រេ​កង់​ស៍ 6GHz (6425-7125MHz)​សម្រាប់​សេវា​ទូរ​ស័ព្ទ​ចល័ត​នៅ​កម្ពុជា​ត្រូវ​បាន​អនុម័ត​ដោយ​កិច្ចប្រជុំដែល​មាន​ន័យ​ថា​កម្ពុជា​អាច​ប្រើ​ប្រាស់​ហ្វ្រេ​កង់​ស៍​វិទ្យុ​សរុប 700MHz បន្ថែម​ទៀត​សម្រាប់​សេវា​ទូរ​សព្ទ​ចល័ត​ជំនា​ន់ទី​៥​ និង​ទី​៦»​។​

​ប្រភព​ដដែល​បាន​បន្ត​ថា ​ក្រៅពី​នេះ​លទ្ធ​ផល​សំខាន់ៗ​ផ្សេង​ទៀត​ដែល​សន្និ​សីទ​អនុម័ត​រួម​មាន​១-ការប្រើ​ប្រាស់​ហ្វ្រេ​កង់​ស៍​វិទ្យុ​សម្រាប់​សេវា​ទូរ​ស័ព្ទ​​ចល័ត​ដែល​ផ្តល់​ដោយផ្ទា​ល់​ពី​ផ្កាយ​រណបនិង​ស្ថានី​យ​ដែល​បង្ហោះ​នៅ​រយ​:​កម្ពស់​ខ្ពស់(២០​គីឡូ​ម៉ែត្រ​ពី​ផែន​ដី​)ដើម្បី​បំពេញ​បន្ថែម​តំបន់​ដែល​ពុំមាន​សេវា​ទូរ​ស័ព្ទ​​ចល័ត​។ ២- ហ្វ្រេ​កង់​ស៍​វិទ្យុ​បន្ថែម​សម្រាប់​ផ្កាយ​រណប​ទូរគ​មនា​គមន៍​ជា​ពិ​សេស​សម្រាប់​បច្ចេក​វិទ្យាIoT​តាម​ផ្កាយ​រណប​និង​ផ្កាយ​រណប​សម្រាប់​ផ្តល់​រូបភាព​ពី​អាកាស​និង​៣-នីតិវិធី​នានា​ដើម្បី​ការពារ​សេវា​ដែល​មាន​ស្រាប់​ពី​ការ​ឆ្លង​រំខាន​ពី​សេវា​ដែល​ត្រូវ​ប្រើ​ប្រាស់​ថ្មី​។​

​ក្រសួង​ប្រៃ​សណីយ៍​បញ្ជាក់​ថា​៖«​លទ្ធ​ផល​ទាំង​នេះ​នឹង​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​ជំរុញ​ដល់​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល​ដែល​គាំទ្រ​ដល់​ការ​អនុវត្ត​គោល​នយោ​បាយ​រដ្ឋាភិ​បាល​ឌីជីថល ​និង​ក្រប​ខ័ណ្ឌ​សេដ្ឋកិច្ច​និង​សង្គម​ឌីជី​ថល​នៅ​កម្ពុជា​»​។​

​រដ្ឋមន្ត្រី​ក្រសួង​ប្រៃ​សណីយ៍​និង​ទូរ​គមនា​គមន៍​លោក​ ជា វ៉ាន់​ដេ​ត ធ្លាប់​បាន​លើក​ឡើង​ថា​៖«​វិសាល​គម​ន៍ហ្វ្រេ​
កង់​ស៍​វិទ្យុ​ជា​ធនធា​ន​កម្រ​របស់​ជាតិ​មួយ​ដែល​ត្រូវមាន​ការ​យក​ចិត្តទុក​ដាក់​ខ្ពស់​ក្នុង​ការ​គ្រប់​គ្រង​ដើម្បី​ធ្វើយ៉ាង​ណា​ឱ្យ​ការប្រើ​ប្រាស់​ធនធាន​កម្រ​មួយ​នេះ​មាន​ប្រសិទ្ធ​ភាព ស័ក្តិ​សិទ្ធិ​ភាព ​ផ្តល់​ចំណូល​ជាតិ​និង​ចូលរួម​ចំណែក​ក្នុង​ការ​ជំរុញ​កំណើ​នសេ​ដ្ឋកិច្ច​ជា​អតិ​បរមា​»​។ 

​លោក​បាន​ថ្លែង​ថា ធនធាន​កម្រ​របស់​ជាតិ​នេះ​នឹង​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារច​នាស​ម្ព័ន្ធ​ទូរគ​ម​នាគមន៍​ដែល​គាំទ្រ​យ៉ាង​សកម្ម​ដល់​ការធ្វើ​បរិវត្ត​កម្ម​ឌីជីថល​តាម​រយៈ​ការប្រើ​ប្រាស់​ធន​ធាន​ដ៏​មាន​សារៈសំខាន់​នេះ​ក្នុង​ការ​ពង្រីក​វិសាលភា​ព​គ្រប​ដណ្តប់​នៃ​សេវា​ទូរ​ស័ព្ទ​និង​អ៊ីនធឺ​ណិត​ល្បឿន​លឿន គាំទ្រ​ដល់​ការប្រើប្រាស់​បច្ចេក​វិទ្យា​ឌីជី​ថល​ ដែល​ជា​យន្តការ​សំខាន់​ក្នុង​ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជី​ថល​នៅ​កម្ពុជា​៕