កំពង់ឆ្នាំងៈ​ អង្គការ​ស៊ី​ប៉ា​គ្រោង​បើក​ដំណើរការ​បណ្ណា​ល័យ​ចល័ត​ប្រភេទ​ទូក​ ១ បន្ថែម​ទៀត​ នៅ​ភូមិ​ឃុំ​ផាត់​សណ្តាយ ​ស្រុក​កំពង់​ស្វាយ ​ខេត្ត​កំពង់​ធំ នៅ​ខែ​មករា ​ឆ្នាំ​ ២០២៤​ ខាងមុខ ដើម្បី​ពង្រឹកការ​អានដល់កុមារ​និង​អ្នក​រស់​នៅ​តាម​ដង​ទន្លេសាបឱ្យកាន់តែទូលាយ បន្ទាប់​ពី​បាន​បើក​ប​ណ្ណាល័យ​ប្រភេទ​នេះ​ ១ ​កន្លែងរួច​មក​ហើយ​នៅ​ស្រុក​កំពង់​លែង ​ខេត្ដ​កំពង់​ឆ្នាំង​ ​ ។​


​លោក​ ខាំ ថា​ន ប្រធាន​កម្មវិធី​បណ្ណា​ល័យ​ចល័ត​របស់​អង្គការ​ស៊ី​ប៉ាបាន​ឱ្យដឹង​ថា  អង្គការ​ស៊ី​ប៉ា​​រួម​នឹង​អ្នកគាំ​ទ្រ​ថវិកា គ្រោង​នឹង​បើក​សម្ពោធ​ដាក់ឱ្យដំណើរ​ការ​ជា​ផ្លូវ​ការ​នូវ​បណ្ណាល័​យ​ទូក​ចល័ត​១​បន្ថែម​ទៀត នៅ​ឃុំ​ផាត់​សណ្តាយ​ នា​ខែ​មករា ​ឆ្នាំ​ក្រោយ​ ដោយ​នៅ​ទីនោះ​នឹង​ផ្ដល់​ឱកាស​ដល់​ប្រជា​ជន​ដែល​កំពុងធ្វើ​ការ​និង​រស់​នៅ​តាម​ដង​ទន្លេ​សាប​បាន​ស្វែង​យល់​ពី​ប្រធាន​បទ​ផ្សេងៗ​តាម​រយៈ​ការ​អាន​សៀវ​ភៅ​ពី​បណ្ណា​ល័យ​ចល័ត​។​

លោក​ខាំ ថា​ន បាន​ថ្លែងថា ៖ «​នៅក្នុង​គម្រោង​បណ្ណាល័យ​ចល័ត​របស់​ស៊ី​ប៉ា​គឺ​យើង​មានគោលបំណង​ចង់​បង្កើត​ទម្លាប់​ការអាន​នៅក្នុង​ចំណោម​កុមារនិង​មនុស្ស​ទូទៅដែល​ភាគច្រើន​គាត់​កំពុងតែ​រស់នៅ​តាម​ជនបទ តាម​ភូមិ សហគមន៍​ផ្សេងៗ​ឱ្យ​គាត់​មានឱកាស​នៅក្នុង​ការទទួលបាន​សៀវភៅ​នៅក្នុង​ការអាន ការសិក្សា តាមរយៈ​មធ្យោបាយចល័ត​របស់​យើង​ផ្សេងៗ​»​។​


​លោក​បាន​បន្តថា​៖ «​ក្រៅពី​សារៈ​សំខាន់​នៃ​ការ​អាន​ កុមារ​គាត់​ទទួល​បាន​ការអប់រំ​ផ្សេងៗ​ទៀត​ទៅលើ​ប្រធាន​បទ​ផ្សេងៗ ​ដូច​ជា គាត់​មាន​ឱកាស​នៅក្នុង​ការ​យល់​ដឹង​ទៅលើ​ផ្នែក​សុ​វត្ថិភាព​ចរា​ចរណ៍ កា​រអប់រំ​ផ្នែក​បរិ​ស្ថាន​ អនា​ម័យ  សុខភាព​ អាហា​រូបត្ថម្ភ ហើយក៏​យើង​មានប​ញ្ចូល​កម្ម​វិធី​ដូចជា Yoga អី​ផ្សេងៗ ដើម្បី​ជួយ​គាត់​បន្ថែម​ទៅ​លើ​ចំណេះ​ដឹង​ទូទៅ​»​។

គួរ​រំឭក​ដែរ​ថា ​កាល​ពី​ខែកក្កដា​ ឆ្នាំ​២០២០​ អង្គ​ការ​ស៊ី​ប៉ា​ក៏ធ្លាប់​បាន​បង្កើត​បណ្ណា​ល័យ​ចល័ត​ប្រភេទ​ទូក​១​ផង​ដែរ ​នៅ​ក្នុ​ងឃុំ​ផ្លូវទឹក ស្រុក​កំពង់​លែង ​ខេត្ដ​កំពង់​ឆ្នាំង​ ដើម្បី​លើក​ក​ម្ពស់​ការ​អាន​ដល់​អ្នក​ដែល​រស់​នៅ​តាម​ទន្លេសាប។​ 


​បើតាម​លោក​ ខាំ ថា​ន​​ នៅតាម​​បណ្ណា​ល័យ​ចល័ត​របស់​អង្គ​ការ​ស៊ី​ប៉ានី​មួយៗ​មាន​សៀវភៅ​ចម្រុះ​ចន្លោះ​ពី​៥០០​ក្បាល​រហូត​ទៅ​ដល់​ ៣ ០០០​ក្បាល​ដែល​សៀវ​ភៅ​ទាំង​នោះមា​នទៅតា​ម​កម្រិត​អាយុ ​តាម​វ័យ​ទាំង​កុមារ​ ទាំង​មនុស្ស​ពេញ​វ័យ​ដែល​អាច​ជ្រើស​រើស​អាន​ផ្ទាល់​នៅ​ពេល​បណ្ណា​ល័យ​ចល័ត​ទៅ​ដល់​ទីតាំង​។មួយ​ទៀត​គាត់​អាច​ខ្ចី​សៀវ​ភៅ​ជា​រៀងរាល់​សបា្តហ៍​ដើម្បី​យកទៅ​អាន​នៅ​តាម​ផ្ទះ​និង​អាច​ផ្លាស់​ប្តូរ​សៀវ​ភៅ​ថ្មី​រៀង​រាល់​សប្តាហ៍​បាន​។ 

​គួរ​បញ្ជាក់​ថា គិត​ត្រឹម​ឆ្នាំ​២០២៣​នេះ បណ្ណា​ល័យ​ចល័ត​របស់​អង្គការ​ស៊ី​ប៉ា​មាន​ចំនួន​១៤ ​ដោយ​ក្នុង​នោះ​មាន​រថ​យន្ត​ចល័ត​ចំនួន ៩ ​គ្រឿង​ រ៉ឺម៉ក​Passapp​ច្នៃ​ជា​បណ្ណា​ល័យ​ចល័ត​ចំនួន​៣​គ្រឿង​  បណ្ណា​ល័យ​ទូក​ចំនួន​១​គ្រឿង និង​បណ្ណា​ល័យ​ម៉ូតូ​ចំនួន ​១គ្រឿ​ង ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ភូមិ​និង​សហ​គមន៍​គោលដៅ​​ចំនួន​១០៦​ទីតាំង ​នៅក្នុង​រាជ​ធានី​ភ្នំពេញ​និង​ខេត្ត​ចំនួន​៧​នៅ​ក្នុង​ប្រទេស​
កម្ពុ​ជា រួម​មាន ​ខេត្ត​តាកែវ​ កំពង់​ស្ពឺ ​កណ្តាល​ កំពង់​ឆ្នាំង​ សៀម​រាប និង​ខេត្ត​រតនគិរី​ ដែល​ធ្វើកា​រ​ផ្ទាល់​ជាមួយ​ជន​ជាតិ​ដើម​ភាគ​តិច​ទំពួន​ និង​ចា​រ៉ា​យ ​រួម​ជាមួយ​នឹង​ខេត្តកំ​ពង់ធំ​ ដែល​ត្រៀម​នឹង​បើក​ដំណើរ​ការ​នៅក្នុង​ឆ្នាំ​២០២៤​ ទៅ​ដល់​អ្នក​ទទួល​ផល​ជាង១៧ ​០០០​នាក់ ៕កុសល សិរី​កន្យា