ភ្នំពេញៈ មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៣ ដែលមណ្ឌលនេះ បង្កើតឡើងក្នុងគោលបំណងផ្តល់សេវាជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលប្រទេសថៃ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចុះថ្ងៃទី១៥ ខែធ្នូ បានឱ្យដឹងថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងឱ្យនាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីមណ្ឌលនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៦។
សេចក្តីប្រកាសបានឱ្យដឹងថា៖ «មណ្ឌលនេះ បង្កើតឡើងក្នុងគោលបំណងផ្តល់សេវា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ថែទាំសុខភាព អប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បំណិនជីវិតដល់ជនរងគ្រោះ និងងាយរងគ្រោះដោយអំពើជួញដូរមនុស្សប្រកបដោយសុខសុវត្ថិភាព និងគ្មានការរើសអើងជាតិសាសន៍ និងពិការភាព»។
ក្រសួងបានឱ្យដឹងទៀតថា តាមរយៈកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសថៃ ក្រសួងសង្គមកិច្ច បានទទួលជំនួយឥតសំណងពីរដ្ឋាភិបាលថៃនូវអគារមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត សម្រាប់ជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដែលបានសាងសង់អស់ទឹកប្រាក់សរុប ២ ១៩៩ ៩២០ ដុល្លារអាមេរិក លើផ្ទៃដីទំហំសរុប៩ ៧៦៨ម៉ែត្រការ៉េ មានទីតាំងនៅភូមិប្រជាធម្មខាងកើត សង្កាត់អូឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ដែរថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ហើយបញ្ចប់ជាស្ថាពរនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដែលជាជំនួយរបស់រាជរដ្ឋាភិបាលថៃ។
លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានប្រាប់ឱ្យដឹងថា មជ្ឈមណ្ឌលនេះ នឹងប្រើប្រាស់សម្រាប់ទទួលពលករចំណាកស្រុកមកពីប្រទេសថៃ ក្នុងការកំណត់អត្តសញ្ញាណកម្ម និងផ្តល់សេវាសង្រ្គោះបឋម។
លោកបានបន្ថែមថា ក្រៅពីនេះ មណ្ឌលនេះ ក៏ប្រើប្រាស់ក្នុងគោលបំណងផ្តល់សេវាដូចជា ការស្នាក់នៅបណ្តោះអាសន្ន ការហូបចុក ការថែទាំសុខភាព និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយអំពើជួញដូរមនុស្ស ប្រកបដោយសុខសុវត្ថិភាព និងគ្មានការរើសអើងជាតិសាសន៍ណាឡើយ។
ជាមួយគ្នានេះដែរ លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក បានឱ្យដឹងដែរថា នៅពេលដែលជនរងគ្រោះដោយអំពើជួញដូរមនុស្ស ត្រូវបានរំដោះត្រឡប់មកវិញ អ្វីដែលជនរងគ្រោះត្រូវការបំផុតនោះ គឺសេវាសង្គម និងសេវាយុត្តិធម៌ ខណៈដែលកន្លងមកនេះ ជនរងគ្រោះហាក់បីដូចជាទទួលបានសេវាទាំងនេះ ខ្វះខាត និងនៅមិនទាន់ដោះស្រាយឱ្យមានប្រសិទ្ធភាពពីសំណាក់ក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ។
លោកបានថ្លែងថា៖ «ការមានមណ្ឌលស្តារនីតិសម្បទាហ្នឹង វាជារឿងមួយជួយបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងអ្វីដែលជាសេចក្ដីត្រូវការរបស់ជនរងគ្រោះដោយទទួលរងនូវអំពើជួញដូរ ហើយត្រូវបានរំដោះមកស្រុកកំណើតវិញ ក្នុងការជួយគាត់លើការស្នាក់នៅ អាហារហូបចុក ជាពិសេសគឺការបណ្ដុះបណ្ដាលជំនាញមួយ ដែលជាមុខរបរអាចចិញ្ចឹមជីវិតបាន»។
លោក នី សុខា សង្ឃឹមដែរថា ក្រោយពីដាក់សម្ពោធមណ្ឌលនេះជាផ្លូវការហើយ នឹងធ្វើឱ្យជនរងគ្រោះដោយអំពើជួញដូរមនុស្ស បានទទួលនូវសេវាទាំងអស់នោះឆ្លើយតបទាន់ពេលវេលា និងមានប្រសិទ្ធភាពផងដែរ។
សូមបញ្ជាក់ថា មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត ត្រូវបានប្រារព្ធពិធីប្រគល់-ទទួលជានិមិត្តរូប កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ក្រោមអធិបតីភាពលោកហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីនៃប្រទេសថៃ៕