ភ្នំពេញៈ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី បានអះអាងថា ស.ស.យ.ក នឹងបន្តបុព្វហេតុ ការការពារ និងប្តេជ្ញារក្សាមិនឱ្យបាត់បង់នូវស្មារតី ២ ធ្នូ ដែលបន្សល់ទុកដោយយុវជនជំនាន់មុន និងបន្តការចូលរួមជាមួយសង្គមជាតិ ក្នុងការស្តារ កសាង និងបង្កើតសមិទ្ធផលនានា សម្រាប់កម្ពុជា និងប្តេជ្ញាចិត្តរក្សាឆន្ទៈដោយមោះមុត ក្នុងការតបស្នងជូនជាតិ និងប្រជាជន។
លោកបានអះអាងដូចនេះ ក្នុងកម្មវិធីប្រគំតន្ត្រី «កម្ពុជាក្នុងបេះដូងខ្ញុំ» អបអរខួបទី៤៥ នៃថ្ងៃកំណើត ស.ស.យ.ក. កាលពីល្ងាចថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅដោយមានការសាទរពីសំណាក់សមាជិក សមាជិកា ក្រុមគ្រួសារ ស.ស.យ.ក. និងសាធារណជនយ៉ាងច្រើនកុះករ។
លោក ហ៊ុន ម៉ានី បានថ្លែងថា សហភាពសហព័ន្ធយុវជនកម្ពុជា បានចាប់តាំងពីឆ្នាំ១៩៧៨ រហូតមកដល់សព្វថ្ងៃនេះ ដោយលោកសូមសម្តែងការដឹងគុណ និងអរគុណជូនចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគ្រប់រូបនៅទូទាំងប្រទេស។
ក្នុងនាមជាថ្នាក់ដឹកនាំនៃ ស.ស.យ.ក សូមវាយតម្លៃខ្ពស់ចំពោះការតាំងចិត្ត និងបេះដូងចំពោះកិច្ចខិតខំប្រឹងប្រែង ការលះបង់ ទាំងពេលវេលា និងកម្លាំងកាយចិត្ត ក្នុងការតបស្នងទៅជាតិ និងប្រជាជនកម្ពុជា។
លោកមានប្រសាសន៍ថា ៖ «អ្នកទាំងអស់គ្នា ជាភាពអស្ចារ្យរបស់ ស.ស.យ.ក. ហើយអ្នកទាំងអស់គ្នា ត្រូវដឹងថា មិនថា នៅទីណា ពេលណា សមិទ្ធផល និងភាពជោគជ័យរបស់ ស.ស.យ.ក. គឺជាកម្មសិទ្ធិរបស់អ្នកទាំងអស់គ្នា ស្មើៗគ្នា» ។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ថា ៖ «ការលះបង់ និងសកម្មភាពរបស់សមាជិក សមាជិកានីមួយៗ គឺជាគំរូ និងកម្លាំងចិត្តសម្រាប់យុវជនកម្ពុជាជំនាន់ក្រោយ។ ដូច្នេះ ចូរបន្តរួមដំណើរទាំងអស់គ្នា ក្នុងនាមជាគ្រួសារ ស.ស.យ.ក. ឆ្ពោះទៅកាន់ព្រះរាជាណាចក្រកម្ពុជា ដែលកាន់តែត្រចះត្រចង់សម្រាប់ប្រជាជនជំនាន់ក្រោយ»។
លោកក៏បានលើកឡើងដែរថា ស.ស.យ.ក. បានក្លាយជាវេទិកាមួយ ដែលផ្តល់ឱកាសដល់យុវជនគ្រប់រូបដែលមានចិត្ត និងគោលបំណងដូចគ្នាក្នុងការផ្តល់ក្តីស្រឡាញ់ លះបង់ពេលវេលា ធនធានផ្ទាល់ខ្លួន ដើម្បីសង្គមជាតិ និងប្រជាជន។
សូមបញ្ជាក់ថា ពិធីអបអរខួប ៤៥ឆ្នាំនេះ បានប្រព្រឹត្តទៅក្រោមប្រធានបទសំខាន់ៗចំនួន៣ មានដូចជា ភាសាបេះដូងដូនតា, គំរូវីរភាពរបស់ថ្នាក់ដឹកនាំ និងក្តីស្រឡាញ់សម្រាប់កម្ពុជា។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យកម្ពុជាលោក គិន ភា បានប្រាប់ថា អ្វីដែលអ្នកជំនាន់មុនបន្សល់ វាជាមរតកប្រវត្តិសាស្រ្ត ដែលយុវជនត្រូវចងចាំ ហើយពាក្យស្លោក «កម្ពុជាបេះដូងខ្ញុំ» គឺមានសារៈសំខាន់ណាស់សម្រាប់យុវជន ព្រោះជាពាក្យដែលបំផុសឱ្យមានចលនាជាតិនិយម ស្មារតីស្រឡាញ់ជាតិ ស្មារតីជួយជាតិ។
លោក បានបន្ថែមថា តែទោះបីយ៉ាងណាក៏ដោយអ្នកនយោបាយត្រូវតែចៀសវាងការយក និងបង្កើតពាក្យស្លោកដែលមានស្មារតីជាតិនិយមយកមកធ្វើជាការទាក់ទាញផលប្រយោជន៍នយោបាយ ដែលនេះអាចធ្វើឱ្យបាត់បង់ជំនឿពីពលរដ្ឋហើយវាមិនមែនជាវិធីល្អនោះទេ។
លោកថា ៖ «ពាក្យស្លោកដែលត្រូវបានបង្កើតឡើងត្រូវតែក្លាយជាឧត្តមគតិជាតិពិត ស្មោះត្រង់នឹងប្រទេសជាតិមាតុភូមិ»៕
វង្ស ដារាវ៉ាឌី