ភ្នំពេញៈ​ ថ្នាក់ដឹកនាំ​កម្ពុជា ឡាវ និង​វៀតណាម បាន​ឯកភាពគ្នា​ក្នុង​ការបន្ត​រៀបចំ​លំ​ហាត់​រួម​ត្រី​ភាគី និង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ក៏ដូចជា​ការរួម​គ្នា​ក្នុងការ​ដោះ​​ស្រាយ​បញ្ហា​ប្រឈម​នានា សំដៅ​ធានាបាន​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​។​


​ការឯកភាព​គ្នា​នេះ បាន​ធ្វើឡើង​ក្នុងជំនួប​អាហារ​ពេលព្រឹក ពិភាក្សា​ការងារ​រវាង​នាយក​រដ្ឋ​​មន្ត្រី​កម្ពុជា​-​ឡាវ​-​វៀតណាម ក្នុងឱកាស​នៃ​ការចូលរួម​កិច្ចប្រជុំ​​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​អា​ស៊ាន​-​ជប៉ុន លើក​ទី​៥០ ចាប់ពី​ថ្ងៃទី ​១៥-១៩ ខែធ្នូ ឆ្នាំ ​២០២៣ នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

​យោងតាម​លទ្ធផល​នៃ​ជំនួប​អាហារ​ការងារ​ដែល​បាន​ផ្សព្វ​ផ្សាយ​តាមរយៈ​តេ​ឡេ​ក្រាម​របស់លោក​នាយករ​ដ្ឋ​មន្ត្រី​ហ៊ុន ម៉ា​ណែ​ត បានឱ្យដឹងថា ថ្នាក់ដឹកនាំ​​កម្ពុជា ឡាវ និង​វៀតណាម បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំង​ ៣​ ឱ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ រួមទាំង​ការ​ជំរុញ​អនុវត្ត «​កញ្ចប់​ទេសចរណ៍​ប្រទេស​ ៣  គោលដៅ​តែ ​១ (Three Countries One Destination Package)»​ ផងដែរ​។​


​លោក​បន្តថា ក្នុងជំនួប​នេះ​ថ្នាក់​ដឹកនាំ​ទាំង​ ៣ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ជំនួប​ជា​លក្ខណៈ​ត្រីភាគី នាឱកាស​នេះ​ដែល​រួមចំណែក​ដល់​ការថែរក្សា​មិត្ត​ភាពជា​ប្រពៃណី និង​ការបន្ត​លើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ៣ ឱ្យ​កាន់តែ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​គ្រប់​កម្រិត​។​

​វិស័យ​ទាំងនោះ រួមមាន​ជាអាទិ៍​៖ កិច្ច​សហ​ប្រតិ​​ប​ត្តិ​ការ​ក្នុង​វិស័យ​ថាមពល​, ការ​​ត​ភ្ជាប់​,​ការបន្ត​លើកកម្ពស់​ទំនាក់​ទំនង​ផ្នែក​ពាណិជ្ជកម្ម និង​វិ​និ​យោគ​, ការជំរុញ​អនុវត្ត​កិច្ច​សហ​​ប្រតិបត្តិការ​នៅក្នុង​វិស័យ​ទេ​ចរណ៍​ត្រីភាគី​កម្ពុជា​-​ឡាវ​-​វៀត​ណា​ម ​«​កញ្ចប់​ទេសចរណ៍​ប្រទេស​ ៣ គោលដៅ​តែ ​១»​ និង​ជាពិសេស​ការខិតខំ​លើកកម្ពស់​ជីវភាព​រស់​​នៅ​របស់​ពលរដ្ឋ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ប្រសើរឡើង​។​


​លោក ​ហ៊ុន ម៉ា​ណែ​ត បញ្ជាក់ថា​៖ «​ពាក់ព័ន្ធ​នឹង​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​ក្នុង​វិស័យ​ការពារជាតិ និង​សន្តិសុខ​, ថ្នាក់ដឹកនាំ​ទាំង ​៣ បាន​ឯកភាពគ្នា​ក្នុង​ការបន្ត​ការរៀបចំ​លំ​ហាត់​រួម​ត្រីភាគី និង​ការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​គ្រប់​ប្រភេទ ក៏ដូចជា​ការរួម​គ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រ​ឈម​នានា​សំដៅ​ធានាបាន​​សន្តិភាព ស្ថិរភាព និង​សន្តិសុខ ដែល​សុទ្ធសឹង​ជា​មូលដ្ឋាន​ដ៏​សំ​ខាន់​ក្នុង​ការជំរុញ​កំណើន​នៃ​ការអភិវឌ្ឍ​ប្រទេស​ទាំង​ ៣ កម្ពុជា​ឡាវ និង​វៀតណាម​»​។​

​លោក​ គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា​ថ្លែងថា ជំនួប​នៃ​ថ្នាក់ដឹកនាំ​ទាំង​ ៣​ នេះ គឺជា​រឿង​មួយ​ល្អ​ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ៣ ​ដែល​នៅ​ជិតខាង​គ្នា​។ ការ​ប្តេជ្ញាចិត្ត​របស់​មេដឹកនាំ​ទាំង​ ៣​ ដើម្បី​ធានា​សន្តិភាព ស្ថិរភាព សន្តិសុខ​នៅតាម​បណ្តោយ​ព្រំដែន​រួម​គឺជា​រឿង​មួយ​ដែលមាន​សារៈ​​សំខាន់​ណាស់​។​

​លោក​ថា​៖ «​បញ្ហា​សន្តិសុខ បញ្ហា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​នេះ ឬ​គ្រឿង​ញឿ​ន ឬ​ការជួញដូរ​មនុស្ស​នេះ​គឺ​ទាមទារ​ឱ្យមាន​កិច្ច​​សហការ​ជិតស្និទ្ធ​រវាង​ប្រទេស​ដែលមាន​ព្រំដែន​ជាប់​គ្នា​ដែលមាន​កម្ពុជា វៀតណាម និង​ឡាវ ដែល​នេះ​ខ្ញុំ​គិតថា ជា​រឿង​មួយ​ល្អ​»​។​

​មួយវិញទៀត​ការអភិវឌ្ឍ​ក៏​ដូចគ្នា​ដែរ​នៅពេលដែល​កម្ពុជា​អាច​រក្សាបាន​សុខសន្តិភាព ស្ថិរ​ភាព លុបបំបាត់​ឧក្រិដ្ឋកម្ម ការ​ជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស​មា​ន​ប្រសិទ្ធភាព នោះ​វា​ជា​លក្ខខណ្ឌ​អំណោយផល​ដល់​កិច្ចសហការ​សម្រាប់​ការអភិវឌ្ឍ​តាម​បណ្តោយ​ព្រំដែន លើកកម្ពស់​ទំនាក់ទំនង​ការផ្លាស់ប្តូរ​រវាង​ប្រជា​ជន និង​ប្រជាជន ហើយក៏​ជំរុញ​ដល់​ការវិនិយោគ ការផ្លាស់ប្តូ​រពា​​ណិ​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​៣​ដែល​នៅក្បែរ​ខាង​គ្នា​ផងដែរ​។​

​លោក​ គិ​ន ភា​ បញ្ជាក់ទៀតថា​៖ «​ប្រទេស​ដែល​នៅក្បែរ​ខាង​គ្នា​នេះ ការ​រស់​នៅ​ជាមួយគ្នា​ក្នុង​ភាពជា​អ្នក​ជិត​ខាង​ល្អ​មាន​កិច្ចសហការ​ដោយ​គោរព​លើ​គោលការណ៍ ជាពិសេស​កិច្ចការ​ផ្ទៃក្នុង​របស់​ផង​គ្នា ការគោរព​អធិបតេយ្យ បូ​រណ​​ភាព​ទឹកដី​របស់​ផង​គ្នា​ទៅវិញ​ទៅ​​មក​ខ្ញុំ​គិតថា ជា​រឿង​មួយ​ដែល​សំខាន់បំផុត​គឺ​គោលការណ៍​ប​ច្ច​សិលា​សន្តិ​សហ​វិជ្ជមាន (five principles of peaceful coexistence) ​ក្នុង​ភាពជា​អ្នក​ជិត​ខាង​ល្អ​នៃ​ប្រទេស​ទាំង ​៣»៕