ភ្នំពេញៈ​ នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ (CARDI)​ បានឱ្យដឹងថា សាកលវិទ្យាល័យ Queensland ប្រទេស​អូស្ត្រាលី និង​វិទ្យាស្ថាន CARDI កំពុង​ជំរុញ​ការបណ្តុះបណ្តាល​ដល់​អ្នក​ផ្តល់​សេវាកម្ម ដ្រូន​សម្រាប់​ការបាញ់​ថ្នាំ​កសិកម្ម ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព និង​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ថ្នាំពុល​កសិកម្ម​។​


​លោក​ ឡោ ប៊ុណ្ណា នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ​(CARDI) បានឱ្យដឹង​នៅ​ថ្ងៃទី​ ១៧ ខែធ្នូ ឆ្នាំ​ ២០២៣​ ថា សាកលវិទ្យាល័យ Queensland ប្រទេស​អូស្ត្រាលី បាន​បញ្ជូន​អ្នកជំនាញ​បច្ចេកទេស​របស់ខ្លួន​មកជួយ​បណ្តុះបណ្តាល​ពី​ការប្រើ​ប្រា​ស្រ់​ដូន​សម្រាប់​ការបាញ់​ថ្នាំ​កសិកម្ម​ដែល​ត្រូវ​បានរៀបចំ​នៅ​កម្ពុជា​កាលពីដើម​ខែធ្នូ ឆ្នាំ​ ២០២៣​។​​

លោក​បាន​ប្រាប់ថា ការប្រើ​ប្រាស់ដ្រូន​​សម្រាប់​ការបាញ់​ថ្នាំ​កសិកម្ម​នៅ​មិនទាន់មាន​ការសុំច្បាប់​បាន​ត្រឹមត្រូវ ដូចនេះ​វិទ្យា​ស្ថាន​បានផ្តល់​វគ្គ​បណ្តុះបណ្តាល​នេះ ក្នុង​គោលបំណង​ឱ្យ​ការប្រើប្រាស់​ថ្នាំ​ប្រកបដោយ​ប្រសិទ្ធ​​ភាព​,​ សុវត្ថិភាព និង​ផលចំណេញ​សេដ្ឋកិច្ច និង​ពេលវេលា ដោយ​វគ្គ​បណ្តុះបណ្តាល​នេះ​បានផ្តល់​ចំណេះដឹង​ដល់​អ្នកផ្តល់​សេវាកម្ម​បាញ់​ថ្នាំដ្រូន​ និង​មន្ត្រី​កសិកម្ម​ខេត្ត ស្រុក និង​កសិករ​។​


​លោក​ ឡោ ប៊ុណ្ណា បាន​បន្ថែមថា តាមរយៈ​វគ្គ​បណ្តុះបណ្តាល​នេះ អ្នកផ្តល់​សេវាកម្មដ្រូន​ មន្ត្រី​កសិកម្ម និង​កសិករ​បាន​រៀន​សូត្រ​ពី​ការប្រើប្រាស់​បច្ចេក​វិ​ទ្យ្រា​ដូន និង​បង្កើន​ចំណេះដឹង​ក្នុងការ​គ្រប់គ្រង​ស្មៅ​ចង្រៃ​ដើម្បី​ធ្វើការ​កម្ចាត់​ស្មៅ​ប្រកបដោយ​ប្រសិទ្ធភាព​ក្នុង​ផលិតកម្ម​ស្រូវ​នៅ​កម្ពុជា​។​

​លោកនាយក​វិទ្យាស្ថាន​បាន​បញ្ជាក់ថា​៖ «​ការប្រើប្រាសដ្រូន​សម្រាប់​ការបាញ់​ថ្នាំ​កសិកម្ម​មានការ​កើនឡើង​ចាប់ពី​ឆ្នាំ​​ ២០២១​ មកទល់​បច្ចុប្បន្ន​។ វគ្គប​ណ្តុះ​បណ្តាល​នេះ​គឺជា​ផ្នែក​មួយ​របស់​គម្រោង​បច្ចេកទេស​គ្រប់គ្រង​ស្មៅ​ចង្រៃ​សម្រាប់​ប្រព័ន្ធ​ផលិត​កម្ម​ស្រូវពង្រោះ​ដោយ​ប្រើប្រាស់​គ្រឿងយន្ត​កសិកម្ម​នៅ​ប្រទេស​កម្ពុជា និង​ឡាវ ដែលជា​គម្រោង​សហការ​រវាង​វិទ្យាស្ថាន​កា​ឌី​និង​សាកលវិទ្យាល័យ​ Queensland ប្រទេស​អូស្ត្រាលី ដែលមាន​រយៈពេល​ ៥ ​ឆ្នាំ ចាប់ពី​ឆ្នាំ ​២០២១ ដល់​ឆ្នាំ​ ២០២៥»​។​


​លោក ​ជា សារ៉េត ប្រធាន​កា​រិ​​យា​ល័យ​ស្រាវជ្រាវ​អភិវឌ្ឍន៍​​សេដ្ឋកិច្ចសង្គម​នៃ​វិទ្យាស្ថាន CARDI​ ដែល​បាន​ដឹកនាំ​ការងារ​បណ្តុះបណ្តាល​ផ្ទាល់​បានឱ្យដឹង​បន្ថែមថា ក្នុង​រយៈពេល​ ២ ​ថ្ងៃ​គឺ​ថ្ងៃទី​ ៤ ​និង​ទី​ ៥ ខែធ្នូ កន្លង​ទៅ​មាន​អ្នកផ្តល់​សេវាកម្មដ្រូន​ មន្ត្រី​កសិកម្ម និង​កសិករ ចូល​រួម​ប្រមាណ​ជាង​ ៦០ ​នាក់ សម្រាប់​ខេត្តព្រៃវែង និង​តាកែវ​។​

​លោក​បានឱ្យដឹងថា បច្ចុប្បន្នអ្នកផ្តល់​សេវាកម្មដ្រូន​​មាន​កំណើន​គួរឱ្យកត់សម្គាល់ ដោយ​ក្នុង​ ១ ​ស្រុក​មាន​ពី​ ៥​ ទៅ​ ៦ ​សេ​វា​កម្ម ខណៈ​អ្នកបម្រើ​សេវាកម្ម​មួយ​មាន ដ្រូន​​ចន្លោះ​ពី​ ២​ ទៅ ​៣​ គ្រឿង និង​មាន​ខ្លះ​មិនបាន​សុំច្បាប់​ប្រើ​ឱ្យបាន​ត្រឹមត្រូវ​ទេ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អ្នកផ្តល់​សេវាកម្មដ្រូន​ មន្ត្រី​កសិកម្ម និង​កសិករ​ក្នុង​ការជំរុញឱ្យ​គាត់​គិតគូរ​ពី​សុវត្ថិភាព​នៃ​ការប្រើ​ប្រាស់ដ្រូន​សម្រាប់​បាញ់ថ្នាំ​កសិកម្ម ជាពិសេស​ធ្វើ​យ៉ាង​ណា​ប្រើប្រាស់​បច្ចេក​វិ​ទ្យ្រា​ដូន​ឱ្យមាន​ប្រសិទ្ធភាព​ដោយ​ត្រូវ​ប​ង្ហ្រោះ​ដូន​បាញ់ថ្នាំ​នៅពេលណា ហោះ​ខ្ពស់​កម្រិតណា ដើម្បីឱ្យ​ចំណេញ​ខាង​សេដ្ឋកិច្ច​»​។​

​លោក​បាន​បន្ថែមថា បច្ចុប្បន្នខាង​វិទ្យាស្ថាន​ CARDI​ មិនទាន់មាន​អ្នកជំនាញ​បច្ចេកទេស​អាច​ចេះ​ប្រើ​បច្ចេក​វិ​ទ្យ្រា​ដូន​នៅឡើយ​ទេ ទើប​វិទ្យាស្ថាន​តាមរយៈ​គម្រោង​បច្ចេកទេស​គ្រប់គ្រង​ស្មៅ​ចង្រៃ​សម្រាប់​ប្រព័ន្ធ​ផលិតកម្ម​ស្រូវពង្រោះ​ដោយ​ប្រើប្រាស់​គ្រឿង​​យន្ត​កសិកម្ម​នេះ​បាន​បើក​វគ្គ​​បណ្តុះបណ្តាល​ឡើង​ដើម្បី​ជា​ប្រ​យោជន៍​ដល់​អ្នកផ្តល់​សេវាកម្មដ្រូន​​សម្រាប់​បាញ់ថ្នាំ​និង​បណ្តុះ​បណ្តាល​ប្រជាកសិករ​៕